បុគ្គលិក​ក្រុមហ៊ុន​អឹមហ្វូន​បន្ត​ធ្វើ​បាតុកម្ម

បុគ្គលិក​ក្រុមហ៊ុន អឹមហ្វូន (Mfone) ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែ​មេសា បាន​បន្ត​​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​​ពីមុខ​ក្រុមហ៊ុន ដែល​មាន​ទីតាំង​ផ្ទះ​លេខ ៧២១ តាម​មហា​​វិថី​ព្រះមុនីវង្ស ក្នុង​ខណ្ឌ​ចំការមន បន្ត​ទៀត ដើម្បី​​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះ​ស្រាយ​វិវាទ​​ការងារ។

បុគ្គលិក​រដ្ឋបាល​ធ្លាប់​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន អឹមហ្វូន ជាង ១៨​ឆ្នាំ លោក ម៉ា សាមឿន បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ជួប​ជុំ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មេសា ថា ដរាបណា​​​​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​មិន​ជួយ​ដោះ​​ស្រាយ​ទេ ​ពួកគេ​មាន​គម្រោង​ដើរ​ហែ​ក្បួន​លើក​បដា​ទៅ​តវ៉ា​ដល់​មុខ​តុលាការ​សាលា​ដំបូង ស្ថានទូត​មួយ​ចំនួន មាន​ថៃ ជា​ដើម ពិសេស​នឹង​ទៅ​ប្រមូល​ផ្តុំ​គ្នា​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​លោក​ជួយ​​បើក​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​​ដល់​ពួកគេ ឲ្យ​ស្រប​តាម​ច្បាប់​ការងារ នៅ​គ្រា​ថៅកែ​បាន​បិទ​ទ្វារ​ក្រុមហ៊ុន​​​នោះ។

តំណាង​បុគ្គលិក​ក្រុមហ៊ុន អឹមហ្វូន ឲ្យ​ដឹង​ថា មាន​លក្ខខណ្ឌ​ចំនួន ៥​ចំណុច ដែល​បុគ្គលិក និង​កម្មករ​ក្រុមហ៊ុន អឹមហ៊្វូន ទាមទារ រួម​មាន ស្នើ​ផ្ដល់​ប្រាក់​​​ជួស​​ជុល​ការ​ជូន​ដំណឹង​​មុន ផ្ដល់​ប្រាក់​បណ្ដេញ​​ចេញ​ពី​ក្រុមហ៊ុន ផ្ដល់​ប្រាក់​សង​ជំងឺ​ចិត្ត ផ្តល់​ប្រាក់​ជួស​ថ្ងៃ​ឈប់​សំរាក​​​ប្រចាំ​ឆ្នាំ និង​ប្រាក់​ឈ្នួល​ចុង​ក្រោយ។

បុគ្គលិក​និង​កម្មករ​ក្រុមហ៊ុន អឹមហ្វូន នៅ​ទូទាំង​ប្រទេស​សរុប​មាន​ជាង ១​ពាន់​នាក់។ វិវាទ​នេះ​បាន​ចាប់​ផ្ដើម​តាំង​​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។