ព្រះចៅអធិការវត្តម៉ុងរ៉េអាល់ (Montreal) ប្រទេសកាណាដា (Canada) ព្រះតេជគុណ ហុក សុវណ្ណ ជូនពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជួបតែសេចក្តីសុខចម្រើន ជៀសផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធីបង្ការការឆ្លងនៃជំងឺកាចសាហាវមួយនេះ។ បន្ថែមពីនេះព្រះតេជគុណ ស្នើសុំឲ្យ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនិងប្រទេសជាតិជាធំតាមរយៈការផ្សះផ្សារជាតិ និងបញ្ឈប់ការចាប់ចងធ្វើបាបប្រជាពលរដ្ឋខ្លួនឯងតទៅទៀត៖ «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ តាមប្រពៃណីជាតិខ្មែរស្របតាមព្រះពុទ្ធសាសនា ថាឲ្យយើងដុះខាត់ចិត្ត បើឆ្នាំចាស់មិនល្អ ឆ្នាំថ្មីកាន់ចិត្តឲ្យល្អ ធ្វើអំពើល្អ កុំសាងអំពើបាប។ ទី២ អ្នកកាន់អំណាចខ្មែរកុំឲ្យជិះជាន់ប្រជារាស្ត្ររបស់ខ្លួនកុំធ្វើអ្វីឲ្យខុសប្រយោជន៍ជាតិ រក្សាបូរភាពទឹកដី ឯករាជ្យភាពឲ្យបានគង់វង្ស។ យើងកុំបៀតបៀនគេ គណបក្សណាក៏ដោយឲ្យមានសមភាពបើមានទំនាស់គ្នាពីមុនៗមកដល់ឆ្នាំថ្មីនេះ ត្រូវរ៉ូវគ្នាវិញហើយគណបក្សសង្គ្រោះជាតិដែលយើងរំលាយគេត្រូវឲ្យគេវិញហើយឈប់ចាប់គេដាក់គុកដោយខុសច្បាប់ »។
គិតមកទល់ពេលនេះមានសកម្មជនគណបក្សសង្គ្រោះជាតិនិងសកម្មជនសង្គមជាង ៧០ នាក់ហើយកំពុងជាប់ឃុំក្នុងពន្ធនាគារដោយភាគច្រើនជាប់ចោទពីបទរួមគំនិតក្បត់និងញុះញង់ជាដើម។ ចំណែកអ្នករិះគន់តាមបណ្ដាញសង្គមពាក់ព័ន្ធនឹងជំងឺកូវីដ១៩វិញ អាជ្ញាធរក៏បានចាប់ឃុំខ្លួនមនុស្សជាង ៣០ នាក់ផងដែរ ក្រោមបទចោទប្រកាន់ផ្សេងៗគ្នាចាប់តាំងពីដើមខែមករា មក។
នៅប្រទេសបារាំងឯណោះវិញព្រះតេជគុណ រស់ ប៊ុនថន គង់នៅវត្តធម្មរង្សីទីក្រុងប៉ារីស (Paris) មានថេរដីកាថា សេចក្តីប៉ងប្រាថ្នារបស់ព្រះអង្គ គឺចង់ឲ្យប្រទេសជាតិមានការរីកចម្រើន គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ព្រះអង្គស្នើសុំឲ្យក្រុមមេដឹកនាំប្រទេសសព្វថ្ងៃប្រកាន់ខ្ជាប់នូវសីលធម៌ល្អ បញ្ឈប់ការរើសអើង និងប្រព្រឹត្តអំពើល្អ ដល់ពលរដ្ឋទាំងអស់ដើម្បីឲ្យពួកគេទទួលបាននូវសេចក្តីសុខ សុវត្ថិភាព និងសុភមង្គលក្នុងគ្រួសារ៖ « ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះអាត្មាសូមជូនពរដល់បងប្អូនខ្មែរទាំងអស់ទទួលបាននូវសេចក្តីសុខចម្រើន ឆាប់បានសេរីភាពនិងប្រជាធិបតេយ្យដូចប្រទេសទាំងឡាយក្នុងពិភពលោក ដែលគេមានសិទ្ធិនិងសេរីភាព។ ហើយសូមឲ្យមេដឹកនាំខ្មែរទម្លាក់នូវអស្មិមានៈយល់ថា ជីវិតអត់ទៀងជីវិតមិនឋិតឋេរជីវិតកាន់តែចាស់ជរាទៅជាធម្មតា ដូចនេះ មានតែអំពើល្អ សេចក្តីសុខមេត្តាធម៌ ដល់ប្រជាពលរដ្ឋរបស់ខ្លួនឯងទេ ទើបនាំមកនូវសេចក្តីសុខចម្រើនដល់ប្រជាពលរដ្ឋនិងប្រទេសជាតិយើង »។
ប្រជាពលរដ្ឋខ្មែរម្នាក់ទៀតនៅប្រទេសស្វីស (Switzerland) លោកឆេង គឹមថៃ មានប្រសាសន៍ថា លោកតែងតែតាមដានព័ត៌មានជាប់ជានិច្ចអំពីស្ថានការណ៍នយោបាយនៅកម្ពុជា ជាពិសេសបច្ចុប្បន្ននេះ គឺការរាលដាលនៃជំងឺកូវីដ១៩ ដែលបណ្តាលឲ្យមានអ្នកស្លាប់និងអ្នកឆ្លងកាន់តែច្រើនឡើងៗ។ លោកសូមជូនពរឲ្យពលរដ្ឋខ្មែរជួបតែសេចក្តីសុខជៀសផុតពីជំងឺឆ្លងកាចសាហាវនេះ៖ «ខ្ញុំ សូមជូនពរដល់បងប្អូនខ្មែរយើងទាំងនៅក្នុងនិងក្រៅប្រទេសនិងគ្រប់ទិសទីក្នុងពិភពលោក សូមឲ្យបានជួបនូវពុទ្ធពរទាំង ៤ ប្រការ គឹអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។ ម៉្យាងវិញទៀតក៏សូមញាតិញោមពុទ្ធបរិស័ទទាំងអស់មានសេរីសួស្តី ជ័យមង្គល សុភមង្គល ជាពិសេសឲ្យជៀសផុតពីរោគកាចសាហាវនេះ គឺជំងឺកូវីដ១៩នេះ »។
ចំណែកពលរដ្ឋខ្មែរអាមេរិកាំងម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វរនីញ៉ា (California) លោកស្រី ហ្យេម៊ី ម៊ាច ក៏បានប្រាប់អាស៊ីសេរីផងដែរថា ក្រៅពីសូមបួងសួងសុំឲ្យប្រជាពលរដ្ឋខ្មែរទទួលបានសេចក្តីសុខគ្រប់ៗគ្នាជៀសផុតពីជំងឺកូវីដ១៩ លោកស្រីចង់ឲ្យប្រទេសកម្ពុជាមានការរួបរួមគ្នាគ្រប់គណបក្សទាំងអស់ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទៅ៖ « ក្នុងរដូវចូលឆ្នាំថ្មីនេះ នាងខ្ញុំសូមជូនពរឲ្យបងប្អូនខ្មែរនៅកម្ពុជារដូវចូលឆ្នាំថ្មីនេះ យើងចូលឆ្នាំនៅតាមផ្ទះដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺកូវិដ១៩។ សូមជូនពរ សុំឲ្យមានសុវត្ថិភាព ជៀសផុតពីជំងឺកាចសាហាវនេះជាពិសេសចង់ឲ្យប្រទេសកម្ពុជាមានការផ្សះផ្សារជាតិដើម្បីសេរីភាពនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋទាំងអស់ »។
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែរម្នាក់ទៀត រស់នៅប្រទេសកាណាដាលោក ពុទ្ធ វ៉ាន់ណារីន មានប្រសាសន៍ថា ទោះបីជាលោកមករស់នៅក្រៅប្រទេសជាង ៤០ឆ្នាំក៏ដោយ លោកនៅតែគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋខ្មែរនៅក្នុងប្រទេសជានិច្ច។ លោកបន្តថា ដោយសារបច្ចុប្បន្ននេះជំងឺកូវីដ១៩ កំពុងរាលដាលខ្លាំងលោកផ្តល់យោបល់ថា ពលរដ្ឋគួរតែនាំគ្នាទៅចាក់វ៉ាក់សាំងទៅ បើទោះបីជាវ៉ាក់សាំងរបស់ចិនមានប្រសិទ្ធភាពទាបជាងនៅប្រទេសលោកខាងលិចក៏ដោយ យ៉ាងហោចណាស់ក៏អាចការពារខ្លួនបានខ្លះដែរ៖ « ក្នុងឱកាសចូលឆ្នាំខ្មែរនេះ ខ្ញុំបាទ សូមជូនពរដល់ប្រជាជនទាំងអស់រស់នៅស្រុកខ្មែរឲ្យសុខសប្បាយឲ្យជៀសផុតពីគ្រោះថ្នាក់ជាពិសេសគឺជំងឺកូវីដ១៩ ដោយសារជំងឺនេះជាជំងឺកាចសាហាវ។ ខ្ញុំយល់ថា បងប្អូនគួរតែចាក់វ៉ាក់សាំងនេះទៅគឺថាមិនបានអី ក៏បានការពារខ្លួនបន្តិចបន្តួចដែរ ពីព្រោះដោយសារកូវីដនេះជារឿងសំខាន់ ដូចនេះសូមបងប្អូនថែរក្សាខ្លួនទៅថ្ងៃមុខ»។
ប្រជាពលរដ្ឋខ្មែរដែលមករស់នៅក្រៅប្រទេសប្រាប់ថា បើទោះបីពួកគេទទួលបានសេចក្តីសុខ សុភមង្គល និងមានអ្វីៗគ្រប់បែបយ៉ាងក៏ដោយ ក៏បងប្អូនខ្មែរមិនដែលភ្លេចប្រទេសកំណើតរបស់ខ្លួននោះទេ ជាពិសេស គឺចង់ឲ្យប្រទេសជាតិរីកចម្រើនពិតប្រាកដ ដូចប្រទេសដែលពួកគេកំពុងរស់នៅ។ ពួកគេសំណូមពរ សុំឲ្យមេដឹកនាំ ឬ អាជ្ញាធរគ្រប់ជាន់ថ្នាក់គិតគូរពីស្ថានភាពលំបាករបស់ពលរដ្ឋ ចែករំលែកដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ដើម្បីឲ្យពួកគេ មានស្ថានភាពរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានផ្ទះសម្បែងស្នាក់នៅ មានការងារធ្វើក្នុងស្រុក ដើម្បីអាចរស់នៅជួបជុំក្រុមគ្រួសារ ប្រកបដោយសេចក្តីសុខនិងសុភមង្គល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។