ពលរដ្ឋរស់នៅខេត្តស្វាយរៀង និងភ្ញៀវទេសចរ រិះគន់ការយកតម្លៃផ្ញើម៉ូតូមួយគ្រឿង ៥ពាន់រៀល ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត ដែលប្រារព្ធរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា នៅទីរួមខេត្តស្វាយរៀង។
ពលរដ្ឋម្នាក់រស់នៅក្រុងបាវិត ខេត្តស្វាយរៀង អ្នកស្រី ញ៉ែម ស្រីឡូត ត្អូញថា គ្រួសារលោកស្រីបានទៅចូលរួមព្រឹត្តិការណ៍សង្ក្រាន្ត នៅក្រុងស្វាយរៀងកាលពីថ្ងៃទី១៤ មេសា បានបង្ខំចិត្តបង់ប្រាក់ផ្ញើម៉ូតូ ១គ្រឿង ៥ពាន់រៀល។ លោកស្រីថា ពលរដ្ឋ និងយុវជនខ្លះ រអ៊ូរទាំ ពីសេវាផ្ញើម៉ូតូ ហក់ឡើងខ្ពស់បែបនេះ ហើយពួកគេបានបង្ខំចិត្តបង់ប្រាក់ឱ្យគេ ព្រោះតែគ្មានជម្រើស។ លោកស្រីបន្ទោសថា គឺអាជ្ញាធរខេត្តបណ្ដោយឱ្យកើតមានបាតុភាពនេះ បង្កឱ្យពលរដ្ឋ ភ្ញៀវទេសចរ និងយុវជនមិនសប្បាយចិត្ត។ លោកស្រីអំពាវនាវឱ្យអាជ្ញាធរជាតិ រកមធ្យោបាយទប់ស្កាត់ កុំឱ្យវប្បធម៌អាក្រក់នេះកើតមាន ក្នុងពិធីបុណ្យចូលឆ្នាំក្រោយៗទៀត៖ «ផ្ញើម៉ូតូដល់ពេលសួរតម្លៃគេថា ៥ពាន់ ហ្នឹងកន្លែងមីងផ្ញើកន្លែងផ្សេងមិនដឹងគេយកប៉ុន្មានទេ ? ប៉ុន្តែក្មេងៗស្រុកភូមិទៅលេង វាថា ៥ពាន់ដែរ វាមិនសមរម្យ វាថ្លៃហ្នឹង។ ថ្លៃហួសហេតុ កោគ្នាហួសហេតុ។ គ្រាន់តែផ្ញើនៅផ្ទះឯងសោះ»។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល ដើម្បីសុំការបំភ្លឺករណីនេះ តែទូរស័ព្ទចូល មានអ្នកផ្សេងទទួលជំនួសលោក នៅថ្ងៃទី១៧ មេសា។
រដ្ឋបាលខេត្តស្វាយរៀង និងស្ថាប័នពាក់ព័ន្ធបានមូលមតិគ្នា ប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំ។ របាយការណ៍អាជ្ញាធរខេត្តនេះអះអាងថា ភ្ញៀវទេសចរ និងពលរដ្ឋដែលទៅចូលរួមព្រឹត្តិការណ៍សង្ក្រាន្ត នៅថ្ងៃទី១៤ មេសា មានជិត ១០ម៉ឺននាក់ (៨៥.០០០) ហើយថ្ងៃទី ១៥ មេសា កើតឡើងដល់ជាង ១៦ម៉ឺននាក់ (១៦.០០០)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
