លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRC) ព្រមានថានឹងមានជំនន់ទឹកភ្លៀង និងបញ្ហាបាក់ដីឬច្រាំង នៅប៉ុន្មានថ្ងៃខាងមុខ នៅតាមតំបន់វាលទំនាបជាប់មាត់ទឹក និងតំបន់ផ្ទៃរងទឹកភ្លៀង នៃអាងទន្លេមេគង្គក្រោម ដោយសារឥទ្ធិពលព្យុះភ្លៀង។
ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតប្រចាំតំបន់នៃ MRC លោក ឡាំ ហ៊ឹងសុន (Lam Hung Son) លើកឡើង នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១០ ខែកញ្ញាថា ព្យុះខន់សិន (Conson) ដែលបានឆ្លងកាត់ប្រទេសហ្វីលីពីន ដែលគេស្គាល់ថា ជាព្យុះត្រូពិចជូលីណា (Jolina) កំពុងធ្វើអន្តរកម្មជាមួយព្យុះទីហ្វុងមួយឈ្មោះ ចន្ធូ (Chanthu) កំពុងធ្វើដំណើរឆ្លងកាត់ភាគខាងជើង និងភាគកណ្ដាលនៃប្រទេសវៀតណាម នឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានជំនន់ទឹកភ្លៀងកើតឡើង។ ទន្ទឹមនឹងនេះ ខេត្តភាគខាងជើង និងភាគពាយព្យនៃប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសថៃ ក៏នឹងអាចរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងនេះ។
យោងតាមព្រឹត្តិបត្រព្យាករណ៍កម្ពស់ទឹកទន្លេរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយកាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១បង្ហាញថា កម្ពស់ទឹកនៅគ្រប់ស្ថានីយជលសាស្ត្រទាំងអស់បានហក់ឡើងជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។