កម្មករ​រោងចក្រ​អ៊ឹម.វ៉េ​ខេត្ត​កំពង់ឆ្នាំង​ធ្វើ​កូដកម្ម​ការពារ​ប្រធាន​រដ្ឋបាល

0:00 / 0:00

កម្មករ​រោងចក្រ អ៊ឹម.វ៉េ (M&V) បាន​នាំគ្នា​ធ្វើ​កូដកម្ម​ដោយ​ស្ងៀមស្ងាត់​មិន​ព្រម​ធ្វើ​ការងារ ដើម្បី​ទាមទារ​ថៅកែ​រោងចក្រ​នេះ​កុំ​ឲ្យ​បញ្ឈប់​ប្រធាន​រដ្ឋបាល ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ស្លូតបូត ចេះ​យល់​ពី​ទុក្ខ​លំបាក​របស់​កម្មករ។ ប៉ុន្តែ តំណាង​រោងចក្រ​បាន​ចាត់​ទុក​ការ​បញ្ឈប់​ប្រធាន​រដ្ឋបាល​រោងចក្រ​នេះ​ថា​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​និយោជក មិន​ពាក់ព័ន្ធ​អ្វី​ជាមួយ​កម្មករ​ទេ។

រយៈពេល​២​ថ្ងៃ​ហើយ​ដែល​កម្មករ​រោងចក្រ អ៊ឹម.វ៉េ នៅ​ខេត្ត​កំពង់ឆ្នាំង បាន​នាំគ្នា​ចូល​ទៅ​ក្នុង​រោងចក្រ តែ​ពួក​គេ​មិន​ធ្វើ​ការងារ​ទេ ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ថៅកែ​រោងចក្រ​ដែល​បាន​បញ្ឈប់​ប្រធាន​ផ្នែក​រដ្ឋបាល​ពី​ការងារ​ដោយ​មិន​មាន​ហេតុផល។

កម្មការិនី​រោងចក្រ អ៊ឹម.វ៉េ ឈ្មោះ មាស ដាណែត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​ឧសភា ពី​មូលហេតុ​ដែល​កម្មករ​កម្មការិនី​នាំគ្នា​ធ្វើ​កូដកម្ម​នេះ​ថា គឺ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​យក​ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ គឺ​លោក ត្រោក ច័ន្ទនរិទ្ធ ឲ្យ​ចូល​ធ្វើ​ការ​វិញ។ កម្មការិនី​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ​រូប​នេះ​តែង​មាន​ការ​យោគយល់​ចំពោះ​កម្មករ​កម្មការិនី និង​តែង​តែ​ជួយ​សម្រប​សម្រួល​ការងារ​ទំនាក់ទំនង​រវាង​និយោជក និង​និយោជិត​បាន​ល្អ មិន​ដែល​ធ្វើ​បាប​កម្មករ​ឡើយ ទើប​កម្មករ​នាំគ្នា​តវ៉ា​មិន​ឲ្យ​ថៅកែ​បញ្ឈប់​គាត់។

កម្មការិនី មាស ដាណែត៖ «ពួក​ខ្ញុំ​តវ៉ា​នេះ ដោយ​ឃើញ​ថា លោក​ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ គឺ​លោក ត្រោក ច័ន្ទនរិទ្ធ គាត់​មាន​សន្តាន​ចិត្ត​ល្អ ធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ច្បាប់ និង​មិន​ធ្វើ​បាប​កម្មករ​ទេ បើ​កម្មករ​មិន​មាន​កំហុស។ ខ្ញុំ​សង្កេត​ឃើញ​ថា រោងចក្រ​នេះ​ឲ្យ​តែ​ប្រធាន​រដ្ឋបាល​ដែល​ធ្វើ​ការ​ត្រឹមត្រូវ នៅ​មិន​សុខ​បាន​យូរ​ទេ។ តែ​បើ​អ្នក​ដែល​ធ្វើ​បាប​កម្មករ គឺ​នៅ​ធ្វើ​ការ​ក្នុង​រោងចក្រ​នេះ​បាន​យូរ»

លោក ត្រោក ច័ន្ទនរិទ្ធ បាន​ឲ្យ​ដឹង​ថា លោក​មិន​ដឹង​ពី​មូលហេតុ​ដែល​ថៅកែ​រោងចក្រ អ៊ឹម.វ៉េ បញ្ឈប់​លោក​ទេ។ ប៉ុន្តែ លោក​ផ្ដោត​ការ​សង្ស័យ​ចំពោះ​ការ​យោគយល់​ច្រើន​ដល់​ទុក្ខ​លំបាក​របស់​កម្មករ​កម្មការិនី ដោយ​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ឈប់​សម្រាក​ត្រឹមត្រូវ​តាម​ពេល​វេលា​កំណត់ និង​តែង​អនុញ្ញាត​ច្បាប់​ឲ្យ​កម្មករ​សម្រាក​នៅ​ពេល​កម្មករ​មាន​ធុរៈ​ម្ដងម្កាល​នោះ គឺ​ជា​មូលហេតុ​នាំ​ទៅ​ដល់​ការ​បញ្ឈប់​លោក​ពី​ការងារ៖ «ថ្ងៃ​៤ ឧសភា នោះ ខ្ញុំ​បាន​សុំ​ច្បាប់​ទៅ​មើល​ម្ដាយ​ខ្ញុំ​ឈឺ​ធ្ងន់ ស្រាប់​តែ​ថ្ងៃ​៦ ខ្ញុំ​ត្រឡប់​មក​វិញ ប្រធាន​រដ្ឋបាល​ចិន ហៅ​ខ្ញុំ​ទៅ​ប្រាប់​ថា ក្រុមហ៊ុន​បញ្ឈប់​ខ្ញុំ​ហើយ។ គេ​បើក​លុយ​ខែ​ចុង​ក្រោយ​ឲ្យ​ខ្ញុំ តែ​ខ្ញុំ​មិន​ទទួល។ លុះ​កម្មករ​ដឹង​ថា​រោងចក្រ​គេ​បញ្ឈប់​ខ្ញុំ កម្មករ​ក៏​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​មិន​ឲ្យ​គេ​បញ្ឈប់​ខ្ញុំ​ទេ»

ទាក់ទិន​ចំពោះ​បញ្ហា​នេះ តំណាង​រោងចក្រ អ៊ឹម.វ៉េ គឺ​លោក ចាន់ ណាក់ បាន​ចាត់​ទុក​ការ​បញ្ឈប់​ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ​នេះ​ថា ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​និយោជក មិន​ទាក់ទង​ជាមួយ​កម្មករ​ទេ៖ «បើ​យើង​និយាយ​តាម​ច្បាប់ គឺ​គាត់​ជាប់​ក្នុង​បញ្ជី​ខាង​និយោជក។ អ៊ីចឹង​កម្មករ​គាត់​តវ៉ា​ជា​សិទ្ធិ​របស់​គាត់ តែ​ការ​បញ្ឈប់​នេះ គឺ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​រោងចក្រ​ទេ»

ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ អ៊ឹម.វ៉េ អ្នកស្រី ជួប សំអុល មាន​ប្រសាសន៍​ថា សហជីព​សេរី​កម្មករ​ជា​តំណាង​ឲ្យ​កម្មករ ដូច្នេះ​សហជីព​ក៏​គាំទ្រ​មិន​ឲ្យ​មាន​ការ​បញ្ឈប់​លោក ត្រោក ច័ន្ទនរិទ្ធ ដែរ ព្រោះ​វត្តមាន​របស់​លោក​ក្នុង​រោងចក្រ អាច​ជួយ​ឲ្យ​កម្មករ​មាន​កម្លាំង​ចិត្ត​ក្នុង​ការងារ៖ «កម្មករ​យល់​ថា ការ​បញ្ឈប់​នេះ​គ្មាន​មូលហេតុ​ត្រឹមត្រូវ ទើប​ពួក​គាត់​តវ៉ា។ កម្មករ​ធ្វើ​កូដកម្ម​គ្រប់​អគារ​ទាំងអស់ ទាមទារ​មិន​ឲ្យ​បញ្ឈប់​លោក ត្រោក ច័ន្ទនរិទ្ធ ទេ ព្រោះ​ការ​បញ្ឈប់​នេះ​ហាក់​មាន​រឿង​មិន​ប្រក្រតី»

យ៉ាង​នេះ​ក្ដី អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក សោម ស៊ីណាត មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​អាជ្ញា​កណ្ដាល មន្ទីរ​ការងារ​កំពុង​ធ្វើ​ការ​សម្រប​សម្រួល​រវាង​ភាគី​រោងចក្រ និង​ភាគី​កម្មករ ឲ្យ​មាន​ការ​យោគយល់​គ្នា ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់។

នៅ​វេលា​ម៉ោង ៥ និង ៣០​នាទី ថ្ងៃ​ទី៨ ខែ​ឧសភា ដោយ​មាន​ការ​សម្រប​សម្រួល​ពី​មន្ទីរ​ការងារ​ខេត្ត​កំពង់ឆ្នាំង ភាគី​រោងចក្រ អ៊ឹម.វ៉េ (M&V) បាន​យល់​ព្រម​ទទួល​លោក ត្រោក ច័ន្ទនរិទ្ធ ឲ្យ​ចូល​ធ្វើ​ការ​វិញ​ហើយ។ ចំណែក​កម្មករ​កម្មការិនី ក៏​យល់​ព្រម​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​វិញ នៅ​ព្រឹក​ថ្ងៃ​ទី៩ ឧសភា ដែរ បន្ទាប់​ពី​បាន​ធ្វើ​កូដកម្ម​តវ៉ា​អស់​រយៈពេល ២​ថ្ងៃ​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។