ប្រធាន​សភា​បដិសេធ​សំណើ​កោះ​ហៅ​លោក ស ខេង ឲ្យ​បំភ្លឺ​រឿង​ឃាតកម្ម​លើ​លោក កែម ឡី

0:00 / 0:00

នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ រដ្ឋ​សភា​សម្រេច​ច្រាន​ចោល​សំណើ​របស់​បក្ស​ប្រឆាំង​ដែល​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​វិមាន​រដ្ឋសភា អំពី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ លិខិត​បដិសេធ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​បក្ស​ប្រឆាំង​សរសេរ​លិខិត​ស្នើ​ទៅ​ប្រធាន​សភា ដើម្បី​​កោះ​ហៅ​លោក ស ខេង ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧។

ទន្ទឹម​នឹង​នេះ មេបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន ចោទ​ប្រកាន់​ថា រឿង​ក្ដី​នេះ​ប្រាកដ​ណាស់ គឺ​ជា​បុគ្គល​ដែល​មាន​អំណាច ហើយ​និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​​បិទបាំង​យ៉ាង​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ផង ដែល​ជា​អ្នក​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​កាន់​អំណាច​ផង សម្រេច​ចិត្ត​ភ្លាមៗ ដោយ​មិន​បញ្ជូន​លិខិត​ស្នើ​សុំ​របស់​បក្ស​ប្រឆាំង​នេះ​ទៅ​លោក ស ខេង ទេ ដោយ​ចាត់​ទុក​ថា អ្វី​ដែល​បក្ស​ប្រឆាំង​ចង់​បាន​នេះ គឺ​ផុត​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ទៅ​ហើយ។

លិខិត​ច្រានចោល​របស់​រដ្ឋ​សភា​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​តំណាងរាស្ត្រ​មក​ពី​បក្ស​ប្រឆាំង​កោះ​អញ្ជើញ​ឲ្យ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូល​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​១២ ខែ​មករា។

លោក ហេង សំរិន លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា មូលហេតុ​ដែល​លោក​មិន​បញ្ជូន​លិខិត​នេះ​ឲ្យ​ទៅ​លោក ស ខេង នោះ​ ព្រោះ​សំណុំរឿង​ក្តី​នេះ​បាន​ចូល​ដល់​ដៃ​តុលាការ​តាំង​ពី​ដំណាក់កាល​ដំបូង និង​តាំង​ពី​យូរ​មក​ហើយ។ ម្យ៉ាង​វិញ​ទៀត ទាំង​រដ្ឋ​សភា និង​រដ្ឋាភិបាល សុទ្ធ​តែ​ពុំ​មាន​សិទ្ធិ​ជ្រៀតជ្រែក​ចូល​កិច្ចការ​របស់​តុលាការ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​គណៈកម្មការ​ទី​១ ផ្នែក​​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា លោក អេង ឆៃអ៊ាង បង្ហាញ​ការ​សោកស្ដាយ​ដែល​សំណើ​របស់​លោក​ត្រូវ​ច្រានចោល​ត្រឹម​រដ្ឋ​សភា​ដូច្នេះ​ទៅ​វិញ។ ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ​ផង លោក អេង ឆៃអ៊ាង យល់​ឃើញ​ថា ការ​មិន​ព្រម​ចូល​ឆ្លើយ​តាម​ការ​ស្នើ​សុំ​នេះ វា​គួរ​រដ្ឋាភិបាល​ឯ​ណោះ​ទេ ប៉ុន្តែ​នេះ​បែរ​ជា​រដ្ឋ​សភា​ដើរ​តួ​ជំនួស​អង្គ​នីតិប្រតិបត្តិ​គឺ​រដ្ឋាភិបាល​ទៅ​វិញ។ លោក​បន្ត​ថា «ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​រឿង​ហ្នឹង ព្រោះ​រឿង​ហ្នឹង​មិន​ត្រូវ​រដ្ឋសភា​ជា​អ្នក​ឆ្លើយ​ទេ គឺ​ត្រូវ​ខាង​រដ្ឋាភិបាល​ជា​អ្នក​ឆ្លើយ។ រដ្ឋសភា​គឺ​មាន​តួនាទី​ក្នុង​ការ​ដាក់​សំណួរ និង​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ឲ្យ​មក​បំភ្លឺ​នៅ​ក្នុង​គណៈកម្មការ​ជំនាញ​ណា​មួយ​តាម​វិស័យ។ ប៉ុន្តែ​ដល់​ពេល​ឃើញ​រដ្ឋសភា​ធ្វើ​អ៊ីចឹង​ទៅ មិន​ដឹង​យោង​ទៅ​លើ​អ្វី»

កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ លោក អេង ឆៃអ៊ាង បាន​ដាក់​សំណើ​ឲ្យ​លោក ស ខេង ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​រដ្ឋសភា​អំពី​ការ​ស៊ើបអង្កេត​ដែល​នាំ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ គិត​មក​ដល់​ពេល​នេះ បទឧក្រិដ្ឋ​ក្នុង​រឿង​ព្រហ្មទណ្ឌ​នេះ បាន​អូស​បន្លាយ​ជាង ៥​ខែ​មក​ហើយ​ចាប់​ពី​ថ្ងៃ​ឃាតក​បាញ់​សម្លាប់​អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​រូប​នេះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។

ថ្វី​បើ​មាន​ជន​ជាប់​ចោទ​ម្នាក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី​ដ៏​ចម្រូងចម្រាស​នេះ និង​កំពុង​បន្ត​ឃុំ​ខ្លួន​ក្នុង​គុក​ព្រៃស ត្រូវ​ចាប់​ខ្លួន​បាន​ក៏​ដោយ​ចុះ ទាំង​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​កម្ពុជា និង​ក្រសួង​មហាផ្ទៃ មិន​ជឿ​លើ​ចម្លើយ​សារភាព​ឈ្មោះ ជួប សម្លាប់ នេះ​ទេ។

លោក សម រង្ស៊ី ដែល​កំពុង​សើរើ​សំណុំ​រឿង​នេះ​ដែរ ហើយ​ត្រូវ​រស់​នៅ​ដោយ​និរទេស​ខ្លួន​ផង​នោះ មាន​ជំនឿ​ថា បណ្ដឹង​របស់​លោក​ដែល​បាន​ដាក់​ទៅ​តុលាការ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ កន្លង​ទៅ​នេះ លទ្ធផល​ជា​វិជ្ជមាន​នឹង​ត្រូវ​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​ដែរ។ ថ្វី​បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ ហាក់​មិន​ទាន់​ប្រាកដ​ថា នៅ​មាន​វីដេអូ​ឃ្លិប​សេសសល់​ក្រោយ​ពី​ក្រុមហ៊ុន​សាំង​កាល់តិច បាន​ប្រគល់​ដល់​សមត្ថកិច្ច​ហើយ​ក្តី លោក​នៅ​មាន​ជំនឿ​ថា ក្រុមហ៊ុន​ដែល​មាន​ស្តង់ដារ និង​មាន​ការ​គ្របគ្រង​មួយ​ត្រឹមត្រូវ​នេះ ប្រាកដ​ណាស់​អាច​នៅ​មាន​វីដេអូ​ឃ្លិប​ដែល​សេសសល់​តាម​បច្ចេកទេស​ណា​មួយ​ដទៃ​ទៀត។ លោក​បន្ត​ថា «យើង​សង្ឃឹម​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ដែល​គេ​ធ្វើ​ការ​តាម​វិជ្ជាជីវៈ​នេះ គឺ​ច្បាស់​ជា​គេ​មាន​កន្លែង​ដែល​អាច​កើត​ហេតុ ដែល​កន្លែង​មាន​មនុស្ស​ចេញ​ចូល​ច្រើន ដែល​អាច​មាន​ឧបទ្ទវហេតុ​អី​ដូច​ថ្មីៗ​នេះ គឺ​ច្បាស់​ជា​គេ​ថត។ ហើយ​គេ​ថត​នោះ គឺ​ជា​នៅ​ប្រទេស​កម្ពុជា បាន​ដក​ហូត​ខ្សែ​អាត់​នោះ​ក៏ដោយ ក៏​ខ្សែ​អាត់​នោះ ខ្លឹមសារ​នៃ​ខ្សែ​អាត់​នោះ​គេ​បាន​បញ្ជូន​ទៅ គេ​ហៅ​ថា​លើ​ពពក គឺ​គេ​ដាក់​ទុក​ឥត​មាន​អ្នក​ណា​ប៉ះពាល់​បាន​ទេ»។

មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ នៅ​តែ​អះអាង​ថា រឿង​ក្ដី​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ លោក សេង លាង នៅ​ឡើយ។ ជាង​នេះ​ទៀត តុលាការ​នៅ​មិន​ទាន់​អាច​កំណត់​ពេល​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ខ្លួន​នៅ​ឡើយ​ទៀត​ផង។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ការ​ស៊ើប​អង្កេត​នេះ វា​ហាក់​ដូច​តឹងតែង មិន​ខុស​ពី​សំណុំរឿង​លោក ជា វិជ្ជា ប្រធាន​សហជីព លោក ឈុត វុទ្ធី អ្នក​ការពារ​ព្រៃឈើ​ដ៏​ល្បីល្បាញ អ្នក​សិល្បៈ រួម​ទាំង​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ប៉ុន្មាន​នោះ​ឡើយ។ រឿង​ក្តី​ទាំង​នោះ បាន​ត្រឹម​បន្ត​ស៊ើប​អង្កេត ប៉ុន្តែ​កម្រ​ឃើញ​តុលាការ​លើក​មក​ជំនុំជម្រះ​ណាស់។

លោក អំ សំអាត ប្រធាន​គ្របគ្រង​ផ្នែក​អង្កេត​របស់​អង្គការ​លីកាដូ (Licadho) យល់​ឃើញ​ថា ការ​ចូល​បំភ្លឺ​របស់​លោក ស ខេង វា​មិន​ពាក់ព័ន្ធ​នឹង​ដំណើរការ​របស់​តុលាការ​ទេ។ ជាង​នេះ​ទៀត បើ​សមត្ថកិច្ច​មាន​ភស្តុតាង​ថ្មី​ណា​មួយ​នៅ​តែ​អាច​បញ្ជូន​ឲ្យ​តុលាការ​បាន​ដដែល។ បន្ថែម​ពី​លើ​នេះ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ យល់​ថា សំខាន់​ថា​តើ​ទាំង​សមត្ថកិច្ច និង​តុលាការ​ចង់​បន្ត​នីតិវិធី​ដែរ ឬ​យ៉ាង​ណា​ប៉ុណ្ណោះ។ លោក​បន្ត​ថា «នេះ​បើ​យើង​និយាយ​ឲ្យ​ចំ​ទៅ​ទាល់​តែ​ខាង​សមត្ថកិច្ច​នគរបាល​ហ្នឹង គាត់​ធ្វើ​ការ ហើយ​បាន​គាត់​បញ្ជូន​ដល់​ដៃ​តុលាការ។ អ៊ីចឹង​ក្នុង​ដំណាក់​កាល​ហ្នឹង គេ​អាច​ធ្វើ​រឿង​ហ្នឹង​ដែរ ហើយ​នៅ​ក្នុង​តុលាការ ប៉ុន្តែ​តួនាទី​របស់​រដ្ឋាភិបាល លោក​អាច​ស្វែងរក​ភស្តុតាង ហើយ​និង​ព័ត៌មាន​បន្ថែម​ទៀត​បាន ហើយ​បើ​មាន​លោក​អាច​បញ្ជូន​បន្ថែម​ទៀត​ទៅ​ដល់​តុលាការ»។

បើ​ទោះ​ជា​បែប​ណា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង នៅ​តែ​អះអាង​ថា បើ​រដ្ឋ​សភា​បិទ​ផ្លូវ​ដូច​នេះ​ទៅ​ហើយ លោក​នឹង​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត​មក​ឆ្លើយ​បំភ្លឺ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ បើ​ទោះ​ជា​អវត្តមាន លោក ស ខេង នៅ​ពេល​នេះ​ក៏ដោយ​ចុះ។ ដោយ​ឡែក លោក សម រង្ស៊ី វិញ យល់​ឃើញ​ថា ប្រាកដ​ណាស់​អំពើ​ឃាតកម្ម​នេះ ពុំ​មាន​អ្នក​ដែល​គ្មាន​លទ្ធភាព​ណា​មួយ​លើក​ដៃ​ធ្វើ​កើត​នោះ​ឡើយ ក្រៅ​ពី​អ្នក​ដែល​មាន​អំណាច និង​មាន​មធ្យោបាយ​ធំធេង​ក្នុង​ការ​បិទបាំង​រឿង​ក្ដី​នេះ ទើប​អាច​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។