កូដករ​ណាហ្គាវើលដ៍​បន្ត​​តវ៉ា​​ទាមទារ​​ឱ្យ​​តុលាការ​​ដោះ​លែងកញ្ញា ឈឹម ស៊ីថរ

ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga world) ជិត១០០នាក់​បាន​ចេញ​តវ៉ា​ នៅថ្ងៃទី៨ ខែមករានេះ នៅខាង​មុខ​ក្រុមហ៊ុនណាហ្គាវើលដ៍​ដោយ​ពួកគេ​បន្ត​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង កញ្ញា ឈឹម ស៊ីថរ និង​ទាមទារឱ្យ​ក្រុមហ៊ុន​​ត្រូវ​​តែ​​ដោះស្រាយ​​វិវាទ​​ការងារ​​ដែល​អូស​បន្លាយ​ជាង១ឆ្នាំ​មក​នេះ។

តំណាង​កូដករ​ម្នាក់​គឺ កញ្ញា ម៉ែន សុធីវឌ្ឍនៈ បាន​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី៨ ខែមករា ថា ក្រុម​កូដករ​ណាហ្គាវើលដ៍​បាននាំ​​គ្នា​​ចែក​ប៉េងប៉ោង​​ដើម្បី​ផ្ញើ​សារ​ទៅ​ដល់​សាធារណជន​ឱ្យ​បាន​ដឹង​ពី​វិវាទ​ការងារ​នេះ និង​ផ្ញើ​សារ​ទៅ​ដល់​រដ្ឋាភិបាល​ឱ្យ​ដោះ​លែង កញ្ញា ឈឹម ស៊ីថរ ទម្លាក់​បទ​ចោទ​លើ​តំណាង​កូដករ​ទាំង​អស់៖

«យើង​ព្យាយាម​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ឱ្យ​ថៅកែ​ឈប់​ធ្វើ​ព្រងើយ​កន្តើយ​ហើយ​ដោះ​លែង​ប្រធាន​សហជីព ហើយ​ចូល​តុ​ចរចា​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ហ្នឹង​គ្រាន់​តែ​យក​ច្បាប់​ការងារ​ដែល​សរេសរ​ឡើង​ក្នុង​សៀវភៅ​ការងារ​ក្នុង​ច្បាប់​រើស​អើង​សហជីព​បញ្ហា​របស់​យើង​ត្រូវ​បាន​បញ្ចប់​ហើយ»។

កញ្ញា បន្ត​ទៀត​ថា​ ដោយ​សារ​ការ​ចរចា​ច្រើន​លើក​មិន​ទទួល​បាន​ដំណោះស្រាយ ​ធ្វើ​ឱ្យ​ពួកគាត់​ប៉ះពាល់​ជីវភាព​ជា​ខ្លាំង​មាន​អ្នក​ខ្លះ​បង្ខំ​ចិត្ត​រក​ការងារធ្វើ​​ក្រៅ​​ម៉ោង​​ធ្វើ​ដើម្បី​ជួយ​ដោះ​ទាល់ និង​បាន​ប្ដូរ​ផ្លាស់​គ្នា​មក​ធ្វើ​កូដកម្ម ព្រោះ​​ពួក​គាត់​មិន​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​បន្តបាន​នោះ​ទេ។

កញ្ញា ម៉ែន សុធីវឌ្ឍនៈ អះ​អាង​ថា ​រៀងរាល់​ថ្ងៃ​នេះ ​ក្រុម​កូដករ​នៅ​តែ​ទទួល​ការ​គំរាមកំហែង​ពី​ជន​ស្លៀក​ពាក់​ស៊ីវិល​ជិះ​ម៉ូតូ​តាម​ពួកគេ​ទៅ​ដល់​ផ្ទះ និង​គំរាម​ចាប់​ពួកគេ​ដាក់​គុក​ជាដើម។ ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​យ៉ាង​នេះ​ក្ដី ក្រុម​កូដករ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម រហូត​ដល់​តែ​មាន​ដំណោះស្រាយ​សមរម្យ​ឱ្យ​ពួក​គាត់។

ក្នុង​អំឡុង​ចេញតវ៉ា​ដោយ​សន្តិវិធី​ដើម្បី​ទាមទារ​ដំណោះស្រាយ​ការងារ​ជាង​១​ឆ្នាំមក​នេះក្រុម​កូដករ​និង​ថ្នាក់ដឹកនាំ​សហជីព​ជាង​១០​នាក់​ត្រូវ​បាន​ចាប់ឃុំក្នុង​ពន្ធនាគារ​ព្រៃសនិង​អ្នកខ្លះ​កំពុង​ជាប់​បណ្ដឹង​ក្រុមហ៊ុន​ពីបទ​រំលោភ​លើ​លំនៅ​ឋានធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​ស្ថាន​ទម្ងន់​ទោស។ បច្ចុប្បន្ន មាន​តែ​កញ្ញា ឈឹម ស៊ីថរប្រធាន​សហជីព​ម្នាក់​ប៉ុណ្ណោះ​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ព្រៃសក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន​លើកទី២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។