មេដឹកនាំ​​សហជីព​កញ្ញាឈឹម ស៊ីថរ ព្រមាន​​ថា ការ​ចាប់​តំណាង​​កូដករ​​រឹតតែ​​បញ្ឆេះ​កំហឹង​​អ្នក​តវ៉ា

0:00 / 0:00

មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ​(Naga World)​ ព្រមាន​ថា ​ការ​ចាប់​តំណាង​កូដករ គឺ​​មិន​ត្រឹម​តែ​ពុំ​​អាច​ដោះស្រាយ​បញ្ហាអ្វី​បាន​នោះទេ ​ប៉ុន្តែ​ វា​រឹត​តែ​បញ្ឆេះ​កំហឹង​អ្នក​តវ៉ា ឲ្យ​ក្តៅក្រហាយ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ចំពោះ​ភាព​អយុតិ្តធម៌ និង​​ការ​មិន​ព្រម​រក​ដំណោះស្រាយ​នៃ​វិវាទ​ការងារ​ជា​មួយ​ក្រុម​ហ៊ុន​នេះ។

មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ (Naga World) ដែល​កំពុង​លាក់​ខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព កាល​ពី​យប់​ថ្ងៃទី៣ ខែមករា រំឭក​ដល់​អាជ្ញាធរ និង​​​ថៅកែ​ក្រុមហ៊ុន ថា​ការណ៍​ដែល​កម្មករ​ឈាន​ដល់​ដំណាក់​កាល​ធ្វើ​កូដកម្ម​តវ៉ា​រាល់​ថ្ងៃបែប​នេះ គឺ​ពួកគាត់​​អត់​មាន​ជម្រើស​អ្វី​ផ្សេ​ង​ទៀត​នោះ​ឡើយ។ កញ្ញា​បញ្ជាក់​​ថា រាល់ការ​តវ៉ា​នេះ គឺ​ជា​ការ​ស្រុះស្រួល​គ្នា​ជា​ឯកច្ឆន្ទ​ ក្នុង​ចំណោម​ក្រុម​អ្នក​តវ៉ា​ទាំង​អស់ មិន​មែន​ជា​ការ​សម្រេច​របស់​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ។

ដូច្នេះ​កញ្ញា​ព្រមាន​ថា ការ​ចាប់​តំណាង​អ្នក​តវ៉ា គឺ​នឹង​រឹតតែ​ធ្វើ​ឲ្យបញ្ហា​កាន់តែ​ធំ ហើយការ​តវ៉ា​នឹង​នៅតែ​បន្ត​រហូត​មាន​ដំណោះស្រាយ៖​ «កម្មករ​និយោជិត​​ទាមទារ​​ ៩ ចំណុច នៅក្នុង​លិខិតជូន​ដំណឹង​​តាំង​ពី​ខែវិច្ឆិកា ២០២១។ សូម្បី​តែ​មួយ​ចំណុច ក៏​មិន​ដោះស្រាយ​​ឲ្យពួកគាត់​​ដែរ​។ បន្ថែម​ពី​លើ​ហ្នឹង ឥឡូវ​ប្រើប្រព័ន្ធតុលាការ​​ចាប់​ថ្នាក់​ដឹកនាំ​ ចោទប្រកាន់ពី​បទ​កូដកម្ម​ ដឹកនាំ​​កូដកម្ម​​ខុស​ច្បាប់​​ញុះញង់ក​ម្មករ​និយោជិត​អីណាវិញ ហើយ​ពេល​អ្នក​ដែល​មាន​តួនាទី​ជា​តំណាង​​នៅ​ក្នុង​ការ​​ចរចា​​ដោះស្រា​យ​​បញ្ហា​របស់​កម្មករ​និយោជិត​ ត្រូវ​បាន​ចោទ​ដោយ​តុលាការ​​ថា ​ញុះញង់​កម្មករ​​និយោជិត​​វិញ។​ តើ​វា​ដោះស្រាយ​​បញ្ហា​ឬ​អ​ត់ ? វាអត់ ! មក​ដល់​ដំណាក់កា​ល​​ធ្វើកូដកម្ម​ហើយ ថ្នាក់​ដឹកនាំ​​សហជីព​ គឺ​មាន​​សិទ្ធិ​មាន​តំណាង​​ត្រឹមតែ​ទៅ​ចរចា ទៅតាម​អ្វីដែល​ពួកគាត់​​ចង់​បាន ទៅ​តាម​អ្វី​ដែលពួកគាត់​​ទាមទារតែប៉ុណ្ណោះ។ ទោះបីចាប់​ថ្នាក់ដឹកនាំ​សហជីពក៏ដោយ បញ្ហារបស់ពួកគាត់​អត់បានដោះស្រាយឲ្យពួកគាត់​ផង​ តើវាចប់កូដកម្ម​ហ្នឹង​យ៉ាងម៉េច ? វាមិនអាចចប់បានទេ»។

សារព្រមានរបស់តំណាងកម្មករនិយោជិត​នេះ ធ្វើឡើង​ក្រោយ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ក្រុម​អ្នក​តវ៉ា​ ១៤នាក់​បន្ថែម​ទៀត ដោយ​រួមមាន​ទាំង​ស្រ្តី​មាន​ផ្ទៃពោះម្នាក់​​​ផង កាល​ពី​ថ្ងៃទី៣ ខែមករា។ អ្នកទាំង ១៤នាក់ត្រូវ​​សមត្ថកិច្ច ដឹកតាម​រថយន្ត​បិទជិត បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

កាលពីថ្ងៃទី៣១ ខែធ្នូ អាជ្ញាធរបានចាប់ក្រុមអ្នកតវ៉ា ៩នាក់ និង​អ្នករត់ម៉ូតូកង់បីម្នាក់ដែរ។ ប៉ុន្តែ​ដោះលែងអ្នកតវ៉ា​បីនាក់ និង​អ្នករត់ម៉ូតូកង់បីនោះ​វិញ។ អ្នកទាំង​ ៦នាក់ទៀត ដែលអាជ្ញា​ធរចាប់ និង​ឃុំខ្លួននោះ ត្រូវ​បាន​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ចោទប្រកាន់ជាផ្លូវការ​ពីបទញុះ​ញង់​​បង្ក​ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

បន្ថែមលើអ្នកទាំង ៦នោះ តុលាការ​បានចោទប្រកាន់មនុស្សបីនាក់ទៀត ពីបទចោទដូចគ្នានេះ។ ក្នុងចំណោមអ្នកទាំងបីនោះ រួមមាន មេដឹកនាំសហជីពនៃក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្កាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និងលោក​ សុខ គង្គា។ អ្នកទាំងបីនេះ កំពុងលាក់ខ្លួននៅកន្លែងមានសុវត្ថិភាព។

ជុំវិញការចាប់ខ្លួនមនុស្ស​បន្ថែមនេះ បុគ្គលិក​ផ្នែក​ភោជនីយដ្ឋាន​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍កញ្ញា ណុប ទិត្យបូរ៉ាវី ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​​ដោយ​​ខែល​ និង​ដំបង​រាប់​រយ​នាក់ អម​ដោយ​ឡាន​បាញ់​ទឹក​ជា​ច្រើន​គ្រឿង​ នៅ​ខាង​មុខ​រដ្ឋសភា ដើម្បី​រារាំង​ក្រុម​កូដករ ​មិន​ឲ្យ​ទៅ​ធ្វើ​កូដកម្ម​ នៅ​ខាង​មុខ​អគារ​ទី១​ និង​ទី២ របស់​ក្រុមហ៊ុន​ បាន​ដូច​មុន​ទៀត​។

កញ្ញា​ថ្លែង​ថា ការ​ចាប់​ខ្លួន​កម្មករ​ ១៤នាក់ ពី​ខាង​អាជ្ញាធរ​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​ អាជ្ញាធរ​រដ្ឋ មិន​បាន​ប្រកាន់​គោលជំហរ​អព្យាក្រឹតដោះស្រាយ​​បញ្ចប់​វិវាទ​ការ​ងារ​​រវាង​​ក្រុមហ៊ុន​និង​កម្មករ​និយោជិត​ទេ ក្រៅ​តែ​ពី​ប្រើ​កម្លាំង​បង្ក្រាប​ពួកគាត់​ឲ្យ​ឈប់​ធ្វើ​ការ​តវ៉ា​ដោយ​ហិង្សា​ទៅ​វិញ។ កញ្ញា​បញ្ជាក់​ថា ក្រុម​កូដករ​នៅ​បន្ត​ធ្វើ​កូដកម្ម​​ដោយ​​សន្តិវិធី​នេះ រហូត​ដល់​អាជ្ញាធរ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព និង​កម្មករ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​បុគ្គលិក​ជាង​៣​រយ​នាក់​ឲ្យចូល​ធ្វើការ​វិញ ដើម្បី​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ៖ «វា​អយុត្តិធម៌​ខ្លាំង​តែ​ម្ដង​ ​បង្ក្រាប​ក្រុម​កូដករ​យើង​ ដែល​ធ្វើ​កូដកម្ម​អហិង្សា​​ដោយ​សន្តិវិធី។ បើ​មិន​មាន​ដំណោះស្រាយ​ទេ ពួក​យើង​ធ្វើ​បន្ត​រហូត​ដល់​មាន​ដំណោះស្រាយ​ដដែល»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញលោក អ៊ី រិន្ទ និង​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​លោក សាន សុខសីហា បាន​ទេ​ កាលពី​​ថ្ងៃ​ទី​៣ ខែមករា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ទាក់​ទង​នឹង​រឿង​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ដែល​នៅ​ឃ្លាំ​មើល​ការ​តវ៉ា​នេះ មាន​ប្រសាសន៍​​ថា​ ការ​ប្រឈម​មុខ​រវាង​ក្រុ​មកម្លាំង​សមត្ថកិច្ចនិង​​ក្រុម​កូដករ នៅ​ពេល​នេះ គឺ​មាន​ស្ថាន​ភាព​តាន​តឹង ហើយ​ធ្ងន់ធ្ងរ​។ លោក​បន្ត​ថា ការ​ប្រើ​វិធានការ​ចាប់​ខ្លួន​ពួកគាត់​ ដោយ​ចោទ​ថា ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​ មិន​មែន​ជា​ដំណោះស្រាយ​ទេ។ លោក​យល់​ថា រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី និង​តាម​ច្បាប់ ល្អ​ប្រសើរ​ជាង​ប្រើ​វិធានការ​ចាប់​ខ្លួន​នេះ ព្រោះ​ថា ​រឿង​រ៉ាវ​ដែល​កើត​ឡើង​ចំពោះ​ថ្នាក់​ដឹកនាំ​សហជីព និង​កម្មករ​ណាហ្គាវើលដ៍​ គឺ​ផ្ដើម​ចេញ​ពី​ចេញ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ ដែល​គ្មាន​ដំណោះស្រាយ៖ «អ្វី​ដែល​សំខាន់​ ខ្ញុំ​គិត​ថា ​ទាំង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ទាំង​បុគ្គលិក​ណាហ្គាវើដល៍ ក៏​ដូច​ជា​អាជ្ញាធរ​វិល​ទៅ​រក​ការ​ចរចា​ដំណោះស្រាយ​តាម​ច្បាប់​ការងារ​ ច្បាប់​ជាតិ​ និង​ច្បាប់​អន្តរជាតិ ដើម្បី​បញ្ចប់​វិវាទ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ និង​បុគ្គលិក​ណាហ្គាវើលដ៍ ដោយ​សន្តិវិធី​ ជា​ជម្រើស​ល្អ​បំផុត​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សង​ខាង»។

ជុំវិញ​រឿង​នេះ អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central)​ លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ការ​បន្ត​ចាត់​វិធាន​ផ្លូវ​ច្បាប់​ទៅលើ​ថ្នាក់​​ដឹក​នាំ​សហជីព ​៦​នាក់​​នៅ​តុលាការ​នេះ ​គឺ​ជា​រឿង​អយុត្តិធម៌​ និង​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់ ព្រោះ​ថា ​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នោះ មិន​មែន​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ដូច​ការ​ចោទ​ប្រកាន់​ពី​ខាង​សមត្ថកិច្ច​នោះ​ទេ។ លោក​សង្ឃឹម​ថា តុលាការ​នឹង​ពិនិត្យ​មើល​អង្គហេតុ និង​អង្គ​ច្បាប់​ក្នុង​រឿង​នេះ​ ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់ ហើយ​ដោះលែង​ពួកគាត់​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ៖ «អាជ្ញាធរ​បែរ​ជា​មិន​ទៅ​ការពារ​សណ្ដាប់​ធ្នាប់​សាធារណៈ​ឲ្យ​ពួកគាត់ ហើយ​ស្វែង​រក​ដំណោះស្រាយ។ តែ​ប្រើប្រាស់​មធ្យោបាយ​នៃ​ការ​ឃាត់​ខ្លួន និង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​នេះ អាហ្នឹង​ជា​ការ​គំរាមកំហែងដល់​​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់​ដែល​ធានា​ដោយ​ច្បាប់»។

ក្រុម​កម្មករ​ណាហ្គាវើលដ៍​ជាង​ ១ពាន់​នាក់​ បាន​ចាប់​ផ្តើម​​ធ្វើ​កូដកម្ម​ចាប់តាំង​ពីថ្ងៃទី១៨​ ខែធ្នូ ​ឆ្នាំ២០២១មក ​ដើម្បី​ទាម​ទារ​ដំណោះ​ស្រាយ​ការងារ​ពី​ថៅកែ​ក្រុមហ៊ុន។ ការចេញ​កូដកម្ម​ដោយ​សន្តិវិធីនេះ​ ធ្វើឡើងបន្ទាប់ពី​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​មិនបាន​ចូលរួម​ចរចា​ជាមួយ​សហជីព​ ​ឬ​កម្មករ​និយោជិត​ ដោយ​ភាព​ស្មោះត្រង់​ ​ព្រមទាំង​ការ​បរាជ័យ​របស់​​​ក្រសួងការងារ​ ​និង​សាលា​រាជធានី​ភ្នំពេញ​ក្នុង​ការ​ជួយសម្រួលឱ្យមាន​ដំណោះ​ស្រាយ​ជូន​កម្មករ​និយោជិត​។

អំឡុង​ពេល​ក្រុម​បុគ្គលិក​ ធ្វើ​កូដកម្ម​នេះ​ អាជ្ញាធរ​និង​ក្រុមហ៊ុន ​មិនបាន​ផ្តល់​ដំណោះ​ស្រាយ​តាម​ការ​ស្នើសុំ​នោះ​ទេ។ ​ប៉ុន្តែ​អាជ្ញាធរបែរជា​បង្កើន​ការ​គំរាម​កំហែង ​បំភិតភ័យ​ ​និង​ការលាបពណ៌​លើ​ថ្នាក់ដឹកនាំ​សហជីព​ដោយ​ផ្ទាល់​និង​តាមរយៈ​ប្រព័ន្ធឃោសនា​របស់​រដ្ឋាភិបាល ​និង​តាមរយៈ​លិខិត ឬសំណេរ​របស់​សាលា​រាជធានី​ភ្នំពេញ ​និង​មន្ត្រី​ក្រសួង​ការងារ​ជាដើម។ បន្ទាប់មក ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ​បាន​ឡោមព័ទ្ធ​ចាប់​ខ្លួន​កូដករ​ជាបន្តបន្ទាប់។

ក្នុងពេលជាមួយគ្នានេះ ក្រសួង​ការងារបានចេញលិខិតជាបន្តបន្ទាប់ ហាក់ដូច​ជា​ចង់បង្ហាញថា ខ្លួនបានចូលរួមដោះស្រាយបញ្ហានេះដែរ។ ប៉ុន្តែកញ្ញា ឈឹម ស៊ីថរ ថា លិខិត​របស់ក្រសួងការងារ គឺជាការបន្លំភ្នែកសាធារណជនតែ​ប៉ុណ្ណោះ ព្រោះរាល់ចំណុចទាមទារ​របស់កម្មករ គឺភាគីថៅកែក្រុមហ៊ុន នៅតែមិនបដិសេធ ជាពិ​សេស​ការទាមទារ​ឲ្យ​បុគ្គលិក ៣៦៥ នាក់​ដែលក្រុមហ៊ុនបញ្ឈប់ បានចូលធ្វើការវិញ។ ក្នុងចំណោមបុគ្គលិកទាំង ៣៦៥នាក់​ ភាគច្រើនជាសមាជិកសហជីពនៅក្នុងក្រុមហ៊ុននេះ។ កញ្ញាទាមទារឲ្យរកដំណោះស្រាយជាបន្ទាន់ ដោយ​ផ្តើមពីការដោះលែងអ្នកដែលអាជ្ញាធរចាប់ខ្លួន និង​ចោទប្រកាន់ទាំងនោះ៖ «ដោះលែង​តំណាង​ទាំងអស់ ! ទម្លាក់ចោល​បទចោទដោយគ្មានលក្ខខណ្ឌ​ ហើយណាហ្កាវើលដ៍ត្រូវចូលមកអង្គុយតុចរចាជាមួយសហជីព​ ប្រកប​ដោយ​ភាពស្មោះត្រង់។ រឿង​ណាហ្គាវើលដ៍​នៅក្នុងការទទួលបុគ្គលិក ៣៦៥​នាក់ មិនមែនជារឿង​ ដែលមិនអាចដោះស្រាយ​បាននោះទេ ហើយ​មិនមែនគ្មានលទ្ធភាពទេ។ មានលុយសាងសង់​អគារ​ណាហ្គា ៣ តម្លៃជាង​បីពាន់លានដុល្លារ ហេតុអ្វីបានជាទទួលបុគ្គលិក ៣៦៥នាក់ហ្នឹង​អត់បាន? ដូច្នេះបានន័យថា ក្រុមហ៊ុននេះ ចំណាយ​គ្រប់សព្វបែបយ៉ាង​ទាំងអស់ ដើម្បីរម្លាយ​សហជីព។ សូមកុំប្រកែកទៀត។ ដើម្បីដោះស្រាយ​បញ្ហាហ្នឹង​ គឺក្រុមហ៊ុននេះត្រូវ​ឈប់រើសអើងសហជីព ទើបអាចដោះស្រាយ​បាន។ មិនអាចចេះ​តែ​បញ្ឈប់តំណាង​របស់គេតាមតែអំពើចិត្ត​របស់ខ្លួនឯងនោះទេ»។

​ក្រុម​សហជីព​ និង​អង្គការ​សង្គម​ស៊ីវិលជាច្រើនស្ថាប័ន​ បានចេញ​លិខិត​ជាបន្តបន្ទាប់​ថ្កោលទោស​ចំណាត់ការ​របស់​សមត្ថកិច្ច​រាជធានី​ភ្នំពេញ និង​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ត្រូវ​រក្សា​ជំហរ​អព្យាក្រឹត ​និង​ដោះលែង​អ្នក​ទាំងអស់​នោះ ​ឲ្យ​មាន​សេរីភាព​វិញ ​ហើយ​បន្ត​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី និង​តាមច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។