អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារ ចំនួន ៨ ស្ថាប័នដាក់លិខិតស្នើសុំសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលជួបសួរសុខទុក្ខថ្នាក់ដឹកនាំនិងសកម្មជនសហជីព ៨ នាក់នៃកម្មករណាហ្គាវើលដ៍ ១ខែម្ដង នៅក្នុងពន្ធនាគារព្រៃស ប៉ុន្តែតុលាការមិនអនុញ្ញាតនោះទេ។
ចៅក្រមស៊ើបសួរលោក អ៊ឹម វណ្ណៈ ដែលចេញលិខិតបដិសេធសំណើនេះ លើកឡើងថា សំណុំរឿងពាក់ព័ន្ធជនជាប់ចោទទាំង ៨ នាក់នោះ គឺស្ថិតក្នុងដំណាក់កាលស៊ើបសួរ ហើយលោកកំពុងបន្តស្រាវជ្រាវស៊ើបសួរមនុស្សមួយចំនួនទៀត ដែលត្រូវហៅសួរបំភ្លឺ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពីអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី៣ ខែកុម្ភៈ ដោយហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា តុលាការនៅមិនទាន់កាត់ទោសតំណាងសហជីព ៨ នាក់ជាស្ថាពរនៅឡើយ ហេតុនេះ ពួកគេត្រូវបានត្រូវបានសន្មត់ថា គ្មានទោស និងមានសិទ្ធិទទួលបានការសួរសុខទុក្ខពីមិត្តជាបណ្តាញអង្គការសង្គមស៊ីវិលនិងសហជីព។ អង្គការផ្នែកសិទ្ធិមនុស្សមួយនេះ ថាការឃុំខ្លួនពួកគេ ៨ នាក់រង់ចាំសវនាការ គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព ៧ នាក់ទៀត កំពុងជាប់ក្នុងពន្ធនាគារព្រៃស អស់រយៈពេល ៣៥ ថ្ងៃ ក្រោយពីតុលាការចោទប្រកាន់ពួកគេពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ ពាក់ព័ន្ធនឹងសកម្មភាពធ្វើកូដកម្មក្បែរក្រុមហ៊ុន។
ក្រុមកម្មករណាហ្គាវើលដ៍ នៅបន្តធ្វើកូដកម្មនៅក្បែរស្ថានទូតអូស្ត្រាលី អស់រយៈពេល៤៨ថ្ងៃហើយ ខណៈវិវាទការងារនៅជាប់គាំងជាង១០ខែមកហើយ ដោយសារក្រុមហ៊ុនមិនព្រមទទួលកម្មករជាង៣រយនាក់ចូលធ្វើការវិញ។
ទោះបីជាយ៉ាងណា ពួកគេនឹងបន្តការតវ៉ានេះ រហូតដល់អាជ្ញាធរដោះលែងតំណាងកម្មករ៨នាក់ ដោយគ្មានលក្ខខណ្ឌ ដើម្បីវិលចូលតុចរចាដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុន។
ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ឲ្យដឹងថាតាមទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣១ ខែមករាថា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ គ្រីសស្ទៀន ប៊េងហ្គឺ (Christian Berger)គាំទ្រប្រសាសន៍របស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ និងអាជ្ញាធររាជធានីភ្នំពេញ ពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។