ក្រុម​កូដករ​ណាហ្គាវើលដ៍ ធ្វើ​យុទ្ធនាការ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បណ្ដាញ​សង្គម​អំឡុង​ពេល​ពួក​គេ​ធ្វើ​ចត្តាឡីស័ក

0:00 / 0:00

ក្រុម​កូដករ​ណាហ្គាវើលដ៍ ប្រកាស​ធ្វើ​​យុទ្ធនាការ​ស្វែង​រក​ដំណោះ​ស្រាយ​វិវាទ​ការងារ លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) អំឡុង​ពេល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​​ពួក​គេ​​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ។ ពួក​គាត់​អះ​អាង​ថា ទោះ​បី​អាជ្ញាធរ​រក​វិធីសាស្ត្រ​រារាំង ឬ​ដាក់​សម្ពាធ​យ៉ាង​ណា​ក្ដី ក៏​ក្រុម​កូដករ​នៅ​តែ​រក្សា​ឆន្ទៈ​ចេញ​ធ្វើ​កូដកម្ម​ដូច​ដើម បន្ទាប់​ពី​​អនុវត្ត​វិធាន​ការ​សុខាភិបាល​រួច។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​​បន្ត​ស្វែង​រក​ដំណោះ​ស្រាយ​ឱ្យ​បាន​ឆាប់ ដោយ​ស្មើភាព​គ្នា និង​គ្រប់​ភាគី​យក​ទទួល​បាន។

ក្រុម​កូដករ​ណាហ្គាវើលដ៍​ថា ទោះ​ស្ថាន​គ្រួសារ​ជួប​ការ​លំបាក​ផ្នែក​ជីវ​ភាព និង​ទទួល​រង​ការ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​យ៉ាង​ណា​ក្ដី ក៏​ពួក​គាត់​នៅ​តែ​រក្សា​ជំហរ​ធ្វើ​សកម្មភាព​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​គ្រប់​មធ្យោបាយ។ ពួក​គាត់​សោក​ស្ដាយ​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មិន​បាន​ដើរ​តួនាទី​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​ផ្តល់​ដោះ​​ស្រាយ​​ត្រឹម​ត្រឹម​តាម​ច្បាប់​ជូន​ដល់​កម្មករ​និយោជិត ដែល​ទទួល​រង​អំពើ​អយុត្តិធម៌។

កូដករ និង​ជា​បុគ្គលិក​ណាហ្គាវើលដ៍​កញ្ញា ម៉ែន សុធីវឌ្ឍនៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បច្ចុប្បន្ន​កូដករ​ជាង ១០០នាក់ កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗ ខ្លួន ប៉ុន្តែ ក្រុម​កូដករ​បាន​នាំ​គ្នា​បង្កើន​សកម្មភាព​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​បង្ហោះ​សារ រូបថត និង​ផ្សាយ​ផ្ទាល់ (Facebook Live) ទាម​ទារ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​តំណាង​សហជីព និង​កម្មករ​ត្រឡប់​មក​វិញ ដើម្បី​បន្ត​ការ​ចរចា​ស្វែង​រក​ដំណោះ​ស្រាយ​វិវាទ​ការ​ងារ​ឱ្យ​បាន​ឆាប់។ លើស​ពី​នេះ​កញ្ញា​ថា សកម្មភាព​នេះ ក៏​ចង់​បក​ស្រាយ​ព័ត៌មាន​ពិត និង​ផ្ញើ​សារ​ជូន​មហាជន​អំពី​ទង្វើ​អាក្រក់​របស់​អាជ្ញាធរ ដែល​តែង​តែ​​លាប​ពណ៌​ ចោទ​ប្រកាន់ និង​បង្ក្រាប​លើ​ក្រុម​កូដករ​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា បៀតបៀន​លើ​ស្ត្រី​​ឥត​​ស្រាក​ស្រាន្ត​នា​ពេល​កន្លង​ទៅ​ផង​ដែរ៖ « ពេល​នៅ​កូដកម្ម​ពួក​យើង​បាន​ចេញ​នៅ​ខាង​ក្រៅ ហើយ​គេ​ដឹង​ឮ​ច្រើន តែ​បច្ចុប្បន្ន ពួក​យើង​នៅ​ក្នុង​ផ្ទះ ក៏​ពួក​យើង​អត់​នៅ​ស្ងៀម​ដែរ យើង​នៅ​តែ​បង្ហាញ​ទៅ​សាធារណៈ​ថា ពួក​យើង​អត់​បោះ​បង់​ចោល​ទេ តស៊ូ​ទាំង​អស់​គ្នា​រហូត​មាន​ដំណោះ​ស្រាយ »

ជាមួយ​គ្នា​នេះ​កូដករ​ និង​​ជា​បុគ្គលិក​ណាហ្គាវើលដ៍​ម្នាក់​ទៀត លោក​ស្រី ហោ ម៉ាលីស ថ្លែង​ថា កន្លង​ទៅ​លោក​ស្រី​ខក​ចិត្ត​ជា​ខ្លាំង ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រសួង​សុខាភិបាល​អនុវត្ត​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ មាន​ស្តង់​ពីរ ដើម្បី​យក​លេស​ដាក់​សម្ពាធ ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​កូដករ​ជា​បន្ត​បន្ទាប់។ លោក​ស្រី​បន្ត​ថា បញ្ហា​នេះ​មិន​អាច​រារាំង ឬ​បំបាក់​ស្មារតី​របស់​ពួក​គាត់​បាន​ឡើយ ផ្ទុយ​ទៅ​វិញ​ចំ​ពេល​ធ្វើ​ចត្តាឡីស័ក​ក្រុម​កម្មករ​បាន​នាំ​គ្នា​ធ្វើ​យុទ្ធការ​បង្ហោះ និង​ចែក​រំលែក​សារ​ទាមទារ​រក​ដំណោះ​ស្រាយ​នៅ​តាម​បណ្ដាញ​សង្គម ហើយ​ចង់​បង្ហាញ​ថា ក្រុម​កម្មករ​មិន​រាថយ​នោះ​ទេ៖ « ស្នើ​ឱ្យ​ក្រសួង​ការងារ​និង​ខាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឈប់​ឃាត់​ឃាំង​ក្រុម​កូដករ​ទៀត ត្រូវ​ហៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៏​មក​ដោះ​ស្រាយ​ឱ្យ​ដោះ​លែង​ដំណាង​ទាំង​ប្រាំបី និង​កូដករ​ទាំង​បី​រូប​ហ្នឹង​មក ឈប់​ចោទ​ប្រកាន់​បទ​ញុះញង់​ទៀត ហើយ​ចូល​តុ​ចរចា​ទើប​មាន​ដំណោះ​ស្រាយ »

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និង​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​លោក សាន សុខសីហា ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៨ ខែកុម្ភៈ។

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​បង្ក្រាប​ក្រុម​កូដករ ដែល​ហ៊ាន​ចេញ​ធ្វើ​កូដកម្ម​នៅ​ក្បែរ​អគារ​បនល្បែង​ណាហ្គាវើលដ៍ ដោយ​ប្រើ​កម្លាំង​រាប់​រយ​នាក់​ចាប់​បង្ខំ​ក្រុម​កូដករ​ទាំង​កម្រោល​បញ្ជូន​ឱ្យ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​ខ្វះ​អនាម័យ និង​គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ ក្រុម​កូដករ​ឱ្យ​ដឹង​ថា ក្រោយ​ពី​អាជ្ញាធរ​ដោះ​លែង​ក្រុម​កូដករ​ជាង ១០០នាក់​ចេញ​ពី​មណ្ឌល​ចត្ដាឡីស័ក មាន​កូដករ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់ និង​ខ្លះ​ប្រឈម​ប៉ះពាល់​សុខ​ភាព។ សហជីព និង​ក្រុម​កូដករ ចាត់​ទុក​ចំណាត់​ការ​នេះ​ថា ជា​ទណ្ឌកម្ម ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ចេញ​តវ៉ា​រក​ដំណោះ​ស្រាយ​វិវាទ​ការងារ​នេះ​ប៉ុណ្ណោះ។

ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​ទុក​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​គឺ មាន​ចេតនា​ទុច្ចរិត បង្ក​អសន្តិសុខ និង​រំខាន​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូដ-១៩។ សាលា​ក្រុង​ភ្នំពេញ​ថា នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​ក្រុម​កូដករ​នៅ​តែ​បន្ត​ចេញ​ធ្វើ​កូដកម្ម និង​មិន​គោរព​តាម​វិធាន​សុខាភិបាល។

ជុំវិញ​រឿង​នេះ អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ក្រុម​កូដករ​ណាហ្គាវើលដ៍​តែង​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​គ្រប់​រូប​ភាព​ពី​សំណាក់​និយោជក​រំលោភ​លើ​សិទ្ធិ​ការងារ និង​អាជ្ញាធរ​រារាំង ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលាការ ដោយ​សារ​ការ​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹម​ត្រូវ និង​អព្យាក្រឹត្យ។ លោក​ថា ការ​ដាក់​សម្ពាធ​ដល់​កម្មករ​ឱ្យ​បោះបង់​ការ​ធ្វើ​កូដកម្ម​មិន​មែន​ជា​មធ្យោបាយ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដោយសន្តិវិធី​នោះ​ទេ។ លោក ឃុន ថារ៉ូ មើល​ឃើញ​ថា ការ​ធ្វើ​យុទ្ធនា​ការ​តាម​បណ្ដាញ​សង្គម​ទាមទារ​រក​ដំណោះ​ស្រាយ​វិវាទ​ការ​ងារ​ក្នុង​ស្ថាន​ភាព​ពួក​គាត់​រង​សម្ពាធ​សេដ្ឋកិច្ច​គ្រួសារ ជាពិសេស​អាជ្ញាធរ​ព្យាយាម​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​រារាំង​បែប​នេះ អាច​ជួប​ឧបសគ្គ ប៉ុន្តែ​លោក​យល់​ថា​ការ​ឈឺ​ចាប់ និង​អំពើ​អយុត្តិធម៌​កន្លង​ទៅ​នេះ នឹង​ជំរុញ​ឱ្យ​ពួក​គាត់​នៅ​តែ​មាន​ឆន្ទៈ​តស៊ូ​ទៅ​មុខ​ទៀត៖ « ខ្ញុំ​គិត​ថា វា​ក៏​អាច​ជះឥទ្ធិពល​ទៅ​ដល់​មុខ​មាត់​រដ្ឋាភិបាល និង​កាតព្វកិច្ច​របស់​រដ្ឋ​ក្នុង​ការ​បំពេញ​តួនាទី​នៅ​ក្នុង​នៅ​ក្នុង​ការ​លើ​កម្ពស់​សិទ្ធិ​ការងារ សិទ្ធិ​មនុស្ស ហើយ​ករណី​ណាហ្គាវើលដ៍​នេះ វា​មិន​មែន​ជា​រឿង​ថ្មី​ទេ ដោយ​វា​ជា​រឿង​ចាស់ អ៊ីចឹង​មាន​ន័យ​ថា​ជា​ការ​សើរើ​វិវាទ​នៃ​ការ​រំលោភ​សិទ្ធិ​ការ​ងារ គួប​ផ្សំ​ទៅ​នឹង​ព្រឹត្តិការណ៍​ថ្មីៗ​ចុង​ក្រោយ​នេះ ហើយ​វា​រឹត​តែ​មាន​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​ទៀត​ទៅ​លើ​រដ្ឋាភិបាល​អំពី​កាតព្វកិច្ច និង​តួនាទី​របស់​ខ្លួន​ទៅ​នឹង​យន្ត​ការ​របស់​អន្តរ​ជាតិ »

ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ពេល​ថ្មីៗ នេះ បាន​រិះគន់​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​អនុវត្ត​វិធានការ​សុខាភិបាល ដែល​មាន​ស្តង់ដារ២ ផ្សេង​គ្នា​រវាង​ក្រុម​កូដករ និង​សាធារណជន​ទូទៅ ដែល​បង្ហាញ​ថា អាជ្ញាធរ​ប្រឹង​ប្រែង​រារាំង​សកម្មភាព​ស្រប​ច្បាប់​របស់​កូដករ។ លើស​ពី​នេះ​ទង្វើ​របស់​អាជ្ញាធរ​នេះ ផ្ទុយ​ពី​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ថ្កោលទោស​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​ត្រូវ​តែ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ការ​រំលោភ​បំពាន​បៀតបៀន​លើ​រូប​រាងកាយ​ក្រុម​កូដករ​ជា​ស្ត្រី ដែល​ចេញ​តវ៉ា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​តំណាង​សហជីព​ និង​កម្មករ​ណាហ្គាវើលដ៍​ចំនួន ១១នាក់ មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខ​ខណ្ឌ។ ពួក​គេ​ក៏​ស្នើ​ដល់​ក្រសួង​ការងារ​ជំរុញ​ឱ្យ​ថៅកែ​បន​ល្បែង​ណាហ្គាវើលដ៍​ចេញ​មុខ​ដោះ​ស្រាយ​វិវាទ​ការ​ងារ​នេះ និង​គោរព​សិទ្ធ​សហជីព​ក្នុង​កន្លែង​ការងារ​ដោយ​ភាព​ស្មោះ​ត្រង់ យុត្តិធម៌ តម្លាភាព និង​តាម​ច្បាប់​ស្ដី​ពី​ការ​ងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។