ក្រុម​កម្មករ​ណាហ្គាវើលដ៍​បន្ត​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាង​សហជីព ៨នាក់

0:00 / 0:00

ក្រុម​កម្មករ​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ នៅ​កំណាត់​ផ្លូវ​រដ្ឋសភា​ ក្បែរ​ស្ថានទូត​អូស្ត្រាលី អស់​រយៈពេល​ ៤១​ថ្ងៃ​ហើយ។ ពួកគាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាង​សហជីព​ ៨នាក់​ និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។

កម្មករ​ផ្នែក​កាស៊ីណូ លោកស្រី វុធ លីនដា ថ្លែង​ថា ដំណោះស្រាយ​ដែល​កម្មករ​ចង់​បាន​នៅ​ពេល​នេះ គឺ​ដោះ​លែង​តំណាង​កម្មករ ៨នាក់​មក​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​បន្ត​ការ​ចរចា​ត​ទៅទៀត មិន​មែន​ការ​ទូទាត់​ប្រាក់​សំណង​បញ្ចប់​កិច្ច​សន្យា​ការងារ​នៅ​ក្រសួង​ការងារ​នោះ​ទេ ព្រោះ​នេះ​ជា​វិវាទ​ការងារ​រួម។

ក្រុម​កូដករ នឹង​បន្ត​តវ៉ា​ដោយ​សន្តិវិធី​បែបនេះ​រហូត​ដល់​អាជ្ញាធរ​ដោះ​លែង​តំណាង​ពួក​គាត់ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​កម្មករ​នៅ​សល់​ជាង ៣រយ​នាក់​ឱ្យ​ចូល​ធ្វើ​ការ​វិញ។

ចំណែក​មន្ត្រី​ក្រសួង​ការងារ​វិញ ពួក​គេ​បន្ត​ចាក់​ខ្សែអាត់​សំឡេង​អំពី​ខ្លឹមសារ​លិខិត​របស់​ក្រសួង អញ្ជើញ​កូដករ ឬ​តំណាង​កម្មករ​ឱ្យ​ចូល​ទៅ​ចរចា​លក្ខខណ្ឌ​មួយ​ចំនួន ដែល​មិនទាន់​ឯកភាព​គ្នា។

កាល​ពី​ពេល​ថ្មីៗ នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំង​អស់​ដោះ​ស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៏​ដោយ​សន្តិវិធី។ លោក​ស្នើ​ឱ្យ​ក្រសួង​ការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​រក្សា​ភាព​អត់ធ្មត់ និង​សម្របសម្រួល​ករណី​នេះ​ឱ្យ​បាន​ឆាប់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​មួយ​ចំនួន ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ ហើយ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព និង​សកម្មជន​សហជីព​ទាំង ៨នាក់​ឱ្យ​មាន​សេរីភាព​វិញ។ ជាមួយ​គ្នា​នេះ​ក្រសួង​ការងារ​និង​ក្រុមហ៊ុន​បន្ត​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ដោយ​បើក​លំហ​សិទ្ធិ​ការងារ​ និង​ទទួល​ស្គាល់​វត្តមាន​សហជីព​នៅ​កន្លែង​ធ្វើ​ការ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។