កំណាត់ផ្លូវជាតិលេខ១០ ពីឃុំប្រម៉ោយ ទៅឃុំអូរសោម ខេត្តពោធិ៍សាត់ ផ្អាកចរាចរណ៍ដោយសារបាក់ស្រុត
2024.07.27

អាជ្ញាធរខេត្តពោធិ៍សាត់បានសម្រេចបិទផ្លូវកំណាត់ផ្លូវជាតិលេខ១០ ពីឃុំប្រម៉ោយ ទៅឃុំអូរសោម ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែកក្កដា បណ្តាលមកពីការបាក់ស្រុតផ្លូវ ដោយសារភ្លៀងធ្លាក់ប្រមាណកន្លះខែមកនេះ។
អភិបាលស្រុកវាលវែងលោក ធាង ឡេង ប្រាប់កាសែតក្នុងស្រុកថា កំណាត់ផ្លូវជាតិលេខ១០នេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគចិនមួយ តែមិនទាន់រួចនៅឡើយទេ គឺសម្រេចបានជាង៨៨% គិតត្រឹមដំណាច់ខែមិថុនា។ គម្រោងនេះចាប់ផ្តើមនៅភូមិកញ្ចាំង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ មានប្រវែងជាង១៩៨គ.ម និងទទឹង៩ម៉ែត្រ ត្រូវប្រើពេលសាងសង់រយៈពេល ៦៦ខែ ដែលគ្រោងនឹងបញ្ចប់ នាខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
ទាក់ទងទៅនឹងបញ្ហាទឹកភ្លៀងនេះ ផ្ទៃដីទំហំ ជាង៣២០ហិកតារ នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងឃុំភ្នំសំពៅ ស្រុកបាណន់បានទទួលរងការជន់លិច តែមិនបានខូចផលដំណាំទេ ហើយទឹកក៏បានចាប់ផ្តើមស្រកទៅវិញបណ្តើរៗហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។