សិស្ស​ជិត​២០០​នាក់​នៅ​បាត់ដំបង​មិន​ទាន់​មាន​សាលា​រៀន

ដោយ សួន សុផលមុន្នី
2013.05.04
សិស្ស បាត់ដំបង ៣០៥ កុមារា​បណ្ដើរ​កង់​កាត់​ភក់​ដើម្បី​ទៅ​សាលារៀន នា​ឃុំ​ស្វាយ​ធំ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១១។
RFA

សិស្ស​សាលា​ជិត ២០០​នាក់ នៅ​ភូមិ​គំនរបេង ឃុំ​សិរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង នៅ​ពុំ​ទាន់​បាន​ចូល​រៀន​គ្រប់​គ្នា​នៅ​ឡើយ ដោយសារ​សាលា​រៀន​របស់​ពួក​គេ​ត្រូវ​ខ្យល់​ព្យុះ​បំផ្លាញ ហើយ​ពុំ​ទាន់​បាន​ជួសជុល​ឡើង​វិញ។

ទន្ទឹម​គ្នា​នេះ ក្រុម​គ្រូ​បង្រៀន​បាន​ទៅ​សុំ​រោង​គោ​របស់​អ្នក​ស្រុក​ឲ្យ​សិស្ស​ខ្លះ​រៀន​ជា​បណ្ដោះ​អាសន្ន រង់ចាំ​អង្គការ​ក្នុង​ស្រុក​មួយ​ជួយ​ឧបត្ថម្ភ​ជួសជុល​សាលា​រៀន​នោះ​ឡើង​វិញ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ "សមាគម​សិទ្ធិ និង​ការ​អភិវឌ្ឍ​នៃ​ភូមិ​យើង" (អាដូវៀ = ADOVER = Association For Development Villager All Right) នឹង​ជួយ​ជួសជុល​សាលា​បឋម​សិក្សា​បឹងត្រកួន ដែល​ខ្យល់​ព្យុះ​បាន​បោកបក់​បំផ្លាញ​កាល​ពី​មុន​រដូវ​ចូល​ឆ្នាំ​ខ្មែរ​នោះ​ឡើង​វិញ ដើម្បី​ឲ្យ​សិស្ស​សាលា​ចាប់​ពី​ថ្នាក់​ទី១ រហូត​ដល់​ថ្នាក់​ទី៦ ដែល​ជា​អ្នក​រស់នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុង​ស្រុក​សំពៅលូន បាន​ចូល​រៀន​គ្រប់ៗ​គ្នា។

មន្ត្រី​កម្មវិធី​របស់​អង្គការ​អាដូវៀ លោក ភន សុខេង បញ្ជាក់​នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា ថា អង្គការ​មាន​គម្រោង​ជួសជុល​សាលា​បឋម​សិក្សា​បឹងត្រកួន ឡើង​វិញ តាម​សំណើ​របស់​សហគមន៍​ក្នុង​មូលដ្ឋាន​ដែល​បាន​ស្នើសុំ៖ «ឲ្យ​សហគមន៍​ដាក់​សំណើ​មក​ខាង​ខ្ញុំ ដាក់​គម្រោង​ថា​ជួសជុល ថវិកា​ចំណាយ​ប្រហែល​ជាង​ពីរ​ពាន់​ដុល្លារ ពីព្រោះ​ឈើ​របស់​គាត់​ហ្នឹង ឈើ​មូល ខ្យល់​បក់​ខ្ទេច​អស់ វា​ពុក​ជើង​ក្រោម ខ្យល់​មក​តិច​គ្រឹប​យក​បណ្ដោយ ហើយ​សិស្ស​អត់​បាន​រៀន​ប្រហែល​ពីរ​ខែ​មក​ហើយ»

លោក​បញ្ជាក់​ថា គម្រោង​ជួសជុល​សាលា​ជូន​អ្នក​ភូមិ​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ សាលា​បឋម​សិក្សា​បឹងត្រកួន ត្រូវ​បាន​ខ្យល់​បោក​បក់​ឲ្យ​ដួល​រលំ​រាប​ដល់​ដី កាល​ពី​អំឡុង​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ។ សាលា​រៀន​នេះ​មាន​បី​បន្ទប់ សង់​ពី​កូន​ឈើ​តូចៗ មាន​ដំបូល​ប្រក់​ស័ង្កសី។ កន្លង​មក មាន​សិស្ស​ប្រុស​ស្រី​នៅ​ក្នុង​ភូមិ រៀន​ចំនួន ១៩០​នាក់ និង​មាន​គ្រូ​បង្រៀន ៥​នាក់។

នាយក​សាលា​បឋម​សិក្សា​បឹងត្រកួន លោក នង នេន បញ្ជាក់​ថា បច្ចុប្បន្ន​គ្រូ​បង្រៀន​បាន​នាំ​សិស្ស​ឲ្យ​ចូល​រៀន​ជា​បណ្ដោះ​អាសន្ន​នៅ​តាម​រោង​គោ និង​ខ្លះ​ទៀត​ពុំ​បាន​ចូល​រៀន​នៅ​ឡើយ៖ «កូន​សិស្ស​ខ្ញុំ​រាប់​រយ​ឲ្យ​រៀន ហើយ​សុំ​រោង​គោ​កន្លែង​ប្រជាជន ខ្ញុំ​បង្រៀន​ពីរ​កន្លែង ព្រឹក​ល្ងាច ទីតាំង​នៅ​កន្លែង​ផ្ទះ​ប្រជាជន​ហ្នឹង រោង​គាត់​ចាស់​ទុក​ចោល​មួយ ហើយ​រោង​មួយ​ទៀត​រោង​គោ​គាត់។ ឥឡូវ​គាត់​ចង​គោ​ខាង​ក្រៅ គាត់​ឲ្យ​ខ្ញុំ​ដាក់​តុ​បង្រៀន​នៅ​ក្នុង​ហ្នឹង។ ដល់​កន្លែង​រៀន មើល​ទៅ​វា​មិន​គួរ​សម កូន​ក្មេង​វា​ដូច​មិន​ចង់​រៀន កូន​ក្មេង​វា​មក​តិច មក​ក្នុង​មួយ​ថ្នាក់​បាន ១៥​នាក់ ទៅ ២០​នាក់ អត់​បាន​ច្រើន​ដូច​កាល​មាន​សាលា។ ពីរ​កន្លែង​ហ្នឹង​សិស្ស​បាន ៣០-៤០​នាក់»

អាណាព្យាបាល និង​មាតា​បិតា​សិស្ស​បញ្ជាក់​ថា ពួក​គាត់​បារម្ភ​ដោយសារ​កូនៗ​របស់​ពួក​គាត់​ខកខាន​ពុំ​បាន​រៀន​សូត្រ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ដោយសារ​តែ​សាលា​បឋម​សិក្សា​បឹងត្រកួន ស្ថិត​នៅ​ភូមិ​គំនរបេង ជា​ភូមិ​ដាច់​ស្រយាល​នៅ​ចុង​កាត់​មាត់​ញក ក្នុង​ឃុំ​សិរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង នោះ ពុំ​ទាន់​បាន​សាងសង់​ឡើង​វិញ។

លោក នង នេន ថ្លែង​ថា ខាង​សហគមន៍​បាន​ចលនា​គ្នា​រៃអង្គាស​លុយ​បាន​មួយ​ចំនួន ដើម្បី​ជួសជុល​សាលា​នោះ​ឡើង​វិញ។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​គំនរបេង មាន​សង្ឃឹម​ថា ការ​ឧបត្ថម្ភ​របស់​អង្គការ​ក្នុង​ការ​ជួសជុល​សាលា​នោះ នឹង​អាច​ជួយ​ឲ្យ​កូនៗ​របស់​ពួក​គាត់​បាន​ចូល​រៀន​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។