សង្គមស៊ីវិលព្រួយបារម្ភ ពីការហូរចូលគ្រឿងញៀន ចូលកម្ពុជា កាន់តែច្រើនឡើងៗ ក្នុងរយៈពេលជិតដាច់ឆ្នាំ២០២០នេះ។ ការព្រួយបារម្ភនេះ ក្រោយពេល អាជ្ញាធរ ចាប់បានគ្រឿងញៀន ជាបន្តបន្ទាប់ ដែលភាគច្រើន នាំចូលពីប្រទេសថៃ។ សង្គមស៊ីវិលសង្ស័យថា ការហូរចូលគ្រឿងញៀន មួយរយៈពេលចុងក្រោយនេះ ដោយសារតែមានអំពើពុករលួយ តាមព្រំដែន និងកង្វះសមត្ថភាពទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
អង្គការសង្គមស៊ីវិលវាយតម្លៃថា វិធានការទប់ស្កាត់គ្រឿងញៀន របស់អាជ្ញាធរ ហាក់មិនទាន់មានប្រសិទ្ធភាពនៅឡើយ ទើបបណ្ដាលឲ្យឧក្រិដ្ឋជន អាចយកគ្រឿងញៀនរាប់សិបគីឡូក្រាម ចាប់ពីតាំងព្រំដែនជាប់ប្រទេសកម្ពុជា រហូតដល់ទីក្រុងភ្នំពេញ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ការនាំចូលគ្រឿងញៀន ពីប្រទេសថៃ ចូលមកកម្ពុជា មួយរយៈពេលចុងក្រោយនេះ ទំនងជាចូលតាមច្រករបៀង ដោយសារច្រកអន្តរជាតិធំៗ ត្រូវបានបិទជាផ្លូវការយូរហើយ ដោយសារជំងឺកូវីដ-១៩។
មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា គ្រឿងញៀន ដែលនាំចូលកម្ពុជា មួយរយៈចុងក្រោយនេះ ប្រហែលជាសម្រាប់ទុកលក់ និងចែកចាយក្នុងប្រទេសកម្ពុជា ច្រើនជាងឆ្លងកាត់កម្ពុជាហើយនាំចេញបន្តទៅប្រទេសទីបី។ លោកឲ្យដឹងថា តាមភូមិស្រុក នៅជនបទភាគច្រើន សុទ្ធតែទទួលរងឥទ្ធិពលគ្រឿងញៀន បណ្ដាលឲ្យក្មេងៗ និងយុវជន នាំគ្នាសេពគ្រឿងញៀន ជាក្រុមៗ៖ «យើងឃើញថា វិធានការទប់ស្កាត់របស់អាជ្ញាធរ មិនមានសមត្ថភាព គឺមិនមែនតែបង្ក្រាបទេ យើងត្រូវយ៉ាងម៉េចឲ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់យល់ពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន។ បើយើងយកវិធានការណ៍ទប់ស្កាត់ មកប្រើប្រាស់ ខ្ញុំយល់ថា មិនបានជោគជ័យទេ។ ឥឡូវនេះ ខ្ញុំឃើញថាវិធានការណ៍បង្ក្រាបបានប្រើប្រាស់ តែវិធានការណ៍ទប់ស្កាត់អត់ទាន់មានទេ។ នៅពេលយើងចុះទៅតាមមូលដ្ឋាន គាត់មានការរអ៊ូនៅពេលគ្រឿងញៀនបានអុកឡុកទៅជនបទដាច់ស្រយាល ធ្វើឲ្យប៉ះពាល់យុវជនយើងតែម្ដង»។
រយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ សមត្ថកិច្ច ចាប់បានជនជាតិថៃប្រុស ស្រី ២នាក់ នាំគ្រឿងញៀន ចូលកម្ពុជា ទម្ងន់សរុប ជិតមួយរយ (ជាង៨០) គីឡូក្រាម ជាបន្តបន្ទាប់។ កាលពីថ្ងៃទី០៥ ធ្នូ នគរបាលខេត្តបាត់ដំបង ចាប់បានស្ត្រីជនជាតិថៃម្នាក់ ឈ្មោះ ផាន់ផុំ រតនា (PHANPHOM RATTANA) អាយុ៣១ឆ្នាំ មានសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ឬដែលគេនិយមហៅថា ម៉ាទឹកកក ៣០កញ្ចប់ធំ ទម្ងន់ ប្រមាណ៣០គីឡូក្រាម។
មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី៦ ធ្នូ អាជ្ញាធរចាប់បានករណីជួញដូរគ្រឿងញៀនឆ្លងដែនមកពីប្រទេសថៃ ចូលកម្ពុជា មួយករណីទៀត នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចចាប់បានបុរសជនជាតិថៃ ឈ្មោះ សុរៈឆៃ ខាំកែវ (SURACHAI KHAMKAEW) អាយុ៣៧ឆ្នាំ ជាមួយនឹងវត្ថុតាងសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ជាងហាសិបគីឡូក្រាម (៥០គីឡូក្រាម និង៨០,២៤ ក្រាម) រួមជាមួយនឹងរថយន្តម៉ាក LEXUS470 មួយគ្រឿង ដែលជនសង្ស័យជួល ដើម្បីដឹកជញ្ជូនគ្រឿងញៀន។
បច្ចុប្បន្ន ជនសង្ស័យ ជាជនជាតិថៃ ទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តបាត់ដំបង និងសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនបណ្ដោះអាសន្ន ពីបទដឹកជញ្ជូន និងជួញដូរសារធាតុញៀនខុសច្បាប់។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះពីអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកបង្ក្រាបគ្រឿងញៀន លោក ម៉ក់ ជីតូ បានទេ នៅថ្ងៃទី១២ ធ្នូ ដោយលោកមិនទទួលទូរស័ព្ទ។ តែយ៉ាងណា លោកប្រាប់សារព័ត៌មានក្នុងស្រុក (ភ្នំពេញប៉ុស្តិ៍) ថា នគរបាលជំនាញកំពុងសហការជាមួយភាគីថៃ ដើម្បីបើកការស្រាវជ្រាវស្វែងរកចាប់ខ្លួនមេខ្លោងធំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងប្រទេសថៃ។ លោកថា ៣០ភាគរយនៃបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន គឺក្រុមឧក្រិដ្ឋជន បានបើកការជួញដូរនៅកម្ពុជា។ ឯ ៧០ភាគរយទៀត គឺពួកគេបាននាំបន្តទៅកាន់ប្រទេសទីបី ដោយឆ្លងកាត់តាមប្រទេសកម្ពុជា។
លោក ម៉ក់ ជីតូ ធ្លាប់ប្រាប់អាស៊ីសេរី ថា អង្គការចាត់តាំង ដែលកំពុងផលិតគ្រឿងញៀន នៅតំបន់ត្រីកោណមាស ម្ដុំព្រំដែនប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ និងមានកងកម្លាំងប្រដាប់អាវុធត្រឹមត្រូវនោះ កំពុងចាល់គ្រឿងញៀន ដោយសារវិបត្តិជំងឺកូវីដ១៩។
លោកបានបញ្ជាក់ថា បច្ចុប្បន្នក្រុមផលិតគ្រឿងញៀននោះ កំពុងរកវិធីគ្រប់បែបយ៉ាង ក្នុងការនាំគ្រឿងញៀនចេញ យកទៅលក់នៅប្រទេសនានាធំ ក្នុងពិភពលោក ដូចជា អូស្ត្រាលី សហរដ្ឋអាមេរិក ជាដើម ដោយឆ្លងកាត់ប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក៏រួមមានកម្ពុជា ផងដែរ។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ យល់ថា ការអាចនាំចូលគ្រឿងញៀន មានចំនួនច្រើន ចូលកម្ពុជាបាន មួយរយៈចុងក្រោយនេះ គឺបង្ហាញពីចំណុចខ្វះខាតរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់។ លោកសង្ស័យថា ករណីនាំចូលគ្រឿងញៀនច្រើនបែបនេះ អាចពាក់ព័ន្ធអ្នកមានលុយ ឬអ្នកមានអំណាចខ្មែរ។
លោកជំរុញឲ្យអាជ្ញាធរគ្រឿងញៀន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការគ្នា ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ឲ្យមានប្រសិទ្ធភាពជាងសព្វថ្ងៃ ព្រោះគ្រឿងញៀន កំពុងហូរចូលយ៉ាងគគ្រឹកគគ្រេងតាមភូមិឃុំ នៅជនបទ និងកំពុងពង្វក់ យុវជន ជាច្រើន ឲ្យសេពគ្រឿងញៀន តាមគ្នា។
លោកថា អ្នកដែលសេពគ្រឿងញៀន រងផលប៉ះពាល់ទាំងសុខភាព ជីវភាព និងប៉ះពាល់សន្តិសុខសង្គម។ ដូច្នេះ លោកជំរុញឲ្យអាជ្ញាធរ រកមេក្លោងគ្រឿងញៀន យកមកផ្ដន្ទាទោសឲ្យរាងចាល ជាជាងការបង្ក្រាបបានតែករណីជួញដូរតូចៗ ឬអ្នកប្រើប្រាស់៖ «ពាក់ព័ន្ធនឹងករណីគ្រឿងញៀនហ្នឹង គឺអាជ្ញាធរត្រូវតែអនុវត្តវិធានការណ៍ច្បាប់ឲ្យបានតឹងរ៉ឹង ពីអាជ្ញាធរមិនអាចបណ្ដែតបណ្ដោយដោយមានការយល់យោគទៅលើបុណ្យសក្ដិ ឬលុយកាក់ជាដើម។ ដូច្នេះ ពួកគាត់ត្រូវទទួលរងការពិន័យដូចការដាក់ទោសទណ្ឌហ្នឹង ឲ្យបានទៅតាមគោលការណ៍ច្បាប់របស់ប្រទេសកម្ពុជា ដោយគ្មានការយោគយល់ទេ»។
របាយការណ៍របស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ចំនួនជិត មួយម៉ឺន(៩ ៧០៩) ករណី ឃាត់ខ្លួនមនុស្សជិតពីរម៉ឺន(១៩ ៨១៨) នាក់ ក្នុងនោះស្ត្រី មានជាងមួយពាន់(១ ២១៧)នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
