សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គ្រូ​បឋម

0:00 / 0:00

សមាជិក​គណៈកម្មការ​រៀបចំ​យុទ្ធនាការ​ជា​សកល សម្រាប់​ការ​អប់រំ​នៅ​កម្ពុជា ដែល​មាន​អង្គការ​ជាតិ និង​អន្តរជាតិ​ធ្វើ​ការ​លើ​វិស័យ​អប់រំ​ចំនួន​១០ បាន​រួម​គ្នា​ផ្សព្វផ្សាយ​សកម្មភាព​ជា​សកល ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ការងារ​អប់រំ​ឆ្នាំ​២០១៣។ យុទ្ធនាការ​នេះ មាន​រយៈពេល ១​សប្ដាហ៍ គឺ​ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៣។

តើ​យុទ្ធនាការ​ជា​សកល​សម្រាប់​ការ​អប់រំ​ក្នុង​ឆ្នាំ​២០១៣ នេះ សង្គម​ស៊ីវិល​ផ្ដោត​ទៅ​លើ​បញ្ហា​អ្វី​ជា​ចម្បង?

កុមារ​គ្រប់​រូប​ត្រូវ​ការ​គ្រូ​បង្រៀន​ល្អ គឺ​ជា​ពាក្យ​ស្លោក​មួយ​ឃ្លា​សម្រាប់​យុទ្ធនាការ​ជា​សកល​ក្នុង​វិស័យ​អប់រំ នា​ឆ្នាំ​២០១៣។ យុទ្ធនាការ​នេះ គឺ​ជា​ចលនា​តស៊ូ​មួយ​ដែល​មាន​គោល​បំណង​ក្នុង​ការ​រួម​ចំណែក ដើម្បី​សម្រេច​គោលដៅ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ឆ្នាំ​២០១៥ របស់​ក្រសួង​អប់រំ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ ដែល​ធ្វើ​ការ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា បាន​យក​ឱកាស​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ប្រាក់​បៀវត្សរ៍​ជូន​គ្រូ​បឋម​សិក្សា ឲ្យ​ស្មើ​នឹង​គ្រូ​មធ្យម​សិក្សា​បឋម​ភូមិ ពោល គឺ​គ្រូ​បង្រៀន​កម្រិត​បឋម ឲ្យ​បាន​ប្រាក់​ខែ​ស្មើ​នឹង​គ្រូ​កម្រិត​អនុវិទ្យាល័យ ដើម្បី​បង្កើន​គុណភាព​នៃ​ការ​រៀន និង​បង្រៀន។

នៅ​ក្នុង​សន្និសីទ​កាសែត ស្ដីពី​កុមារ​គ្រប់​រូប​ត្រូវ​ការ​គ្រូ​បង្រៀន​ល្អ ដែល​រៀបចំ​ដោយ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា នេប (NEP) កាល​ពី​ថ្ងៃ​ទី៦ ឧសភា ប្រធាន​កម្មវិធី​អប់រំ​នៃ​អង្គការ​វីអេសអូ (VSO) នៅ​កម្ពុជា លោក ចន ហ្វ្រេន (John Friend) បាន​ថ្លែង​ថា ដើម្បី​សម្រេច​បាន​នូវ​គុណភាព​នៃ​ការ​រៀន និង​ការ​បង្រៀន​នេះ គ្រូ​បង្រៀន​ត្រូវ​តែ​ធ្វើ​ជា​គ្រូ​ពេញ​ម៉ោង ដោយ​គ្មាន​ការ​យាយី ឬ​ការ​រំខាន​ពី​កត្តា​ផ្សេង​ទៀត​នោះ​ទេ។

លោក​សង្កេត​ឃើញ​ថា គ្រូ​បង្រៀន​នៅ​កម្ពុជា មាន​មុខ​របរ​២ ក្រៅ​ពី​បង្រៀន គឺ​គាត់​ត្រូវ​រក​ចំណូល​បន្ថែម​ដើម្បី​បាន​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ។ បញ្ហា​នេះ គឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រៀបចំ​សកម្មភាព​បង្រៀន មាន​ន័យ​ថា គ្រូ​នឹង​បាត់បង់​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាជីព​ទី​១​របស់​គាត់។

គ្រូ​បឋម​សិក្សា​បច្ចុប្បន្ន​មាន​បៀវត្សរ៍​ចំនួន ៣០​ម៉ឺន ២​ពាន់​រៀល ឬ ៧៥​ដុល្លារ ក្នុង​មួយ​ខែ ហើយ​គ្រូ​បង្រៀន​មធ្យម​សិក្សា​បឋមភូមិ បាន​បៀវត្សរ៍​ជាង ៤២​ម៉ឺន​រៀល ឬ​ប្រហែល ១០៧​ដុល្លារ​ក្នុង​មួយ​ខែ។

យ៉ាង​ណា​ក៏ដោយ អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ធ្វើ​ការ​ស្ទង់​មតិ​ច្រើន​ជាង ១.១០០​នាក់ ក្នុង​នោះ ៨៦% នៃ​អ្នក​ឆ្លើយ​តប បង្ហាញ​ថា ប្រាក់​ឈ្នួល​មូលដ្ឋាន​សមរម្យ​គួរ​តែ​ច្រើន​ជាង ៩០​ដុល្លារ​ក្នុង​មួយ​ខែ។ ៥២% ពិត​ជា​មាន​អារម្មណ៍​ថា គ្រូ​បង្រៀន​គួរ​តែ​ទទួល​បាន​ច្រើន​ជាង ១២០​ដុល្លារ​ក្នុង​មួយ​ខែ។ ហើយ​អ្នក​ឆ្លើយ​តប ៨០% មាន​ទស្សនៈ​ថា គ្រូ​បង្រៀន គឺ​សំខាន់​ណាស់​ដែល​មាន​តួនាទី​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស ជា​អ្នក​ជួយ​កសាង​សុខ​សន្តិភាព និង​ការ​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​សង្គម។

សំណួរ ថា​តើ​គ្រូ​បឋម​អាច​បាន​ទទួល​ប្រាក់​ខែ​ដូច​គ្រូ​មធ្យម​សិក្សា​ដែរ​ឬ​ទេ? ចម្លើយ​ថា​អាច​ដំឡើង​បាន។

អ្នក​សម្រប​សម្រួល​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​អេអ៊ីអេ (AEA) អន្តរជាតិ លោក វន សំភាស់ បាន​ផ្ដល់​ចម្លើយ​ជាក់​លាក់​ថា បើ​សិន​ជា​ចង់​ដំឡើង​ប្រាក់​ខែ​ជូន​លោកគ្រូ​អ្នកគ្រូ​បឋម​នៅ​ទូទាំង​ប្រទេស ពី ៧៥​ដុល្លារ ដល់ ១០០​ដុល្លារ យើង​ត្រូវ​ការ​ថវិកា​សម្រាប់​ដំឡើង​ជាង ១៦​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ដែល​នេះ​ជា​បរិមាណ​ដ៏​ច្រើន​មួយ ប៉ុន្តែ​វា​នៅ​ទាប​ជាង​ថវិកា​របស់​ក្រសួង​អប់រំ ដែល​សល់​ពី​ចំណាយ​នៅ​ឆ្នាំ​២០១២ ជាង ២០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ថវិកា​សល់​ខាង​ផ្នែក​ចំណាយ​ទៅ​លើ​បុគ្គលិក។

ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​គ្រូ​បឋម​សិក្សា​នេះ ប្រធាន​នាយកដ្ឋាន​បឋម​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ចាន់ សុភា បាន​ឆ្លើយ​មិន​ឯកភាព​ចំពោះ​ការ​ស្នើ​របស់​សង្គម​ស៊ីវិល​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ យោង​តាម​ស្មារតី​នៅ​ក្នុង​សន្និបាត​អប់រំ កាល​ពី​ដើម​ឆ្នាំ​២០១៣ រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​អប់រំ នៅ​ក្នុង​សន្និបាត ធ្លាប់​មាន​គម្រោង​កាត់​បន្ថយ​គម្លាត​ប្រាក់​បៀវត្សរ៍​រវាង​គ្រូ​បឋម​សិក្សា និង​គ្រូ​ថ្នាក់​អនុវិទ្យាល័យ​ដែរ។

អ្នក​សម្រប​សម្រួល​កម្មវិធី​យុទ្ធនាការ និង​ការ​តស៊ូ​មតិ​នៃ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល កញ្ញា លេង ធាវី មាន​មតិ​ថា បណ្ដាញ​នេះ​នឹង​នាំ​យក​សារ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​គ្រូ​បឋម​សិក្សា​ទៅ​ដល់​រាជ​រដ្ឋាភិបាល។

ទន្ទឹម​នឹង​ការ​ជំរុញ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​គ្រូ​កម្រិត​បឋម​នេះ ដើម្បី​បង្កើន​គុណភាព​អប់រំ​នោះ នៅ​មាន​កត្តា​មួយ​ចំនួន​ទៀត ដែល​បណ្ដាញ​សង្គម​ស៊ីវិល​ធ្វើ​ការ​លើ​វិស័យ​អប់រំ​ដដែល​បាន​ផ្ដល់​អនុសាសន៍។

វិទ្យាស្ថាន​ស្ថិតិ​របស់​អង្គការ​អប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) បង្ហាញ​ថា គ្រូ​បង្រៀន​នៅ​កម្ពុជា បាន​បង្រៀន​សិស្ស​ជា​មធ្យម​នៅ​ថ្នាក់​បឋម​សិក្សា​ច្រើន​ជាង ៤៨​នាក់​ក្នុង​មួយ​ថ្នាក់។ អត្រា​នេះ​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​គ្រូ​បង្រៀន​ម្នាក់ បង្រៀន​សិស្ស​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក លើក​លែង​តែ​ប្រទេស​១៥ ប៉ុណ្ណោះ ដែល​កម្ពុជា មាន​ពិន្ទុ​ល្អ​ជាង។ បញ្ហា​នេះ ដោយសារ​តែ​គ្រូ​តិច​សិស្ស​ច្រើន។

ក្នុង​របាយការណ៍​របស់​បណ្ដាញ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​បង្ហាញ​ដែរ​ថា ក្នុង​ពេល​បច្ចុប្បន្ន កម្ពុជា ត្រូវ​ការ​គ្រូ​បង្រៀន​បឋម​សិក្សា​ចំនួន ៩.៥០០​នាក់​បន្ថែម​ទៀត លើ​ចំនួន​ដែល​មាន​ស្រាប់​ជាង ៤​ម៉ឺន ៤​ពាន់​នាក់។ ការ​បន្ថែម​នេះ គឺ​ដើម្បី​គ្រប់គ្រង​ការ​ខ្វះ​គ្រូ​បង្រៀន ដែល​ជះ​ឥទ្ធិពល​ដល់​ការ​សិក្សា​របស់​សិស្ស មាន​មធ្យោបាយ ៤​យ៉ាង គឺ​ទី១ ដោះស្រាយ​បញ្ហា​គ្រូ​បង្រៀន​សិស្ស​ច្រើន​ក្នុង​ថ្នាក់។ ទី២ បញ្ហា​គ្រូ​បង្រៀន​ពីរ​ថ្នាក់​ផ្សេង​គ្នា​ក្នុង​មួយ​ថ្ងៃ ឬ​បង្រៀន​ពីរ​វេន។ ទី​៣ ដោះស្រាយ​កុំ​ឲ្យ​គ្រូ​បង្រៀន​ថ្នាក់​គួប និង​ទី៤ ជ្រើស​រើស​គ្រូ​កិច្ច​សន្យា​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ និង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។