មន្ត្រីសង្គមស៊ីវិលនៅមិនស្ងប់អារម្មណ៍នៅឡើយទេ ស្របពេលដែលអាជ្ញាធរខេត្តកំពង់ឆ្នាំង នៅតែគ្មានភាពច្បាស់លាស់ បោសសំអាត អ្នករស់នៅលើជម្រកបណ្តែតទឹក និងបែចិញ្ចឹមត្រីក្នុងបឹងទន្លេសាប ក្រុងកំពង់ឆ្នាំង។ ពួកគេមើលឃើញថា មកទល់ពេលនេះ មានជនជាតិវៀតណាមជាង ៤រយ (៤០០) គ្រួសារប៉ុណ្ណោះ បានឯកភាពរុះរើផ្ទះបណ្តែតទឹក តាមការណែនាំរបស់អាជ្ញាធរ។
អ្នកសម្របសម្រួលនៃអង្គការការពារសិទ្ធិជនជាតិភាគតិចខេត្តកំពង់ឆ្នាំងលោក ទត គឹមស្រូយ ឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនាថា ពលរដ្ឋដែលរុះរើចេញពីជម្រកបណ្តែតទឹក ក្នុងបឹងទន្លេសាបភាគច្រើន បានតាំងទីលំនៅឆ្ងាយពីច្រាំងទន្លេសាបប្រមាណ ១០០ម៉ែត្រ ក្នុងស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង។ លោកថាបច្ចុប្បន្ននៅសេសសល់ពលរដ្ឋជាង ៤រយគ្រួសារ(៤០០) បន្តរស់នៅលើជម្រកបណ្តែតទឹកដដែល បើទោះបីអាជ្ញាធរបានដាក់ឱសាទវាទជាច្រើនសារមកហើយក្តី៖ «នៅក្នុងឆ្នាំ ២០២០ ទុកឱសានវាទរយៈពេល ១៥ ថ្ងៃ ដើម្បីឱ្យពួកគាត់ឡើង តែពួកគាត់អត់ឡើងទេ គឺនៅដដែលរយៈពេលថ្ងៃទី១ ខែ១០ ឆ្នាំ២០១៨ រហូតមកទល់ពេលនេះ តើការចិញ្ចឹមត្រីរយៈពេលប៉ុន្មានឆ្នាំ បានលក់។ សួរថា រយៈពេលប៉ុន្មានឆ្នាំដែលពន្យារ ? គួរតែពិចារណាក្នុងការពន្យារ។ ខ្ញុំយល់ថា ជារឿងកម្សោយរបស់អាជ្ញាធរដែលចាត់ចែង »។
មន្ត្រីសង្គមស៊ីវិលរូបនេះ កោតសរសើរអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ថា អាចដោះស្រាយករណីនេះ បាន៥០ភាគរយដែរ បើធៀបអភិបាលខេត្តមុនៗ ស្ទើរតែមិនអាចដោះស្រាយបានទាល់តែសោះ។ ក៏ប៉ុន្តែលោករិះគន់ អាជ្ញាធរថា គ្មានភាពច្បាស់លាស់ អនុវត្តច្បាប់អន្តោប្រវេសន៍ ព្រោះមានជនជាតិវៀតណាមរស់នៅខុសច្បាប់ ពុំឃើញអាជ្ញាធរចាប់បញ្ជូនពួកគេ ទៅប្រទេសវៀតណាមវិញទេ។
អាស៊ីសេរីមិនទាន់អាចទាក់ទង អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៣ ខែមិថុនា។ ចំណែកអភិបាលរងខេត្តកំពង់ឆ្នាំងទទួលបន្ទុកជម្លៀសពលរដ្ឋវៀតណាមឡើងគោកលោក ស៊ុន សុវណ្ណារិន និង ប្រធានសមាគមវៀតណាម លោក ស៊ឹម ជី អាស៊ីសេរីក៏មិនអាចសុំការឆ្លើយតបបានដែរ ដោយទូរសព្ទហៅចូលជាច្រើនដង តែពុំមានអ្នកទទួល។
កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលបានធ្វើអនុបយោគកាត់ដីព្រៃលិចទឹក ទំហំ៤០ហិកតារ ក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ឋិតនៅកៀកបឹងទន្លេសាប ដើម្បីរៀបចំដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋឱ្យបន្លាស់ទីពីផ្ទះបណ្ដែតទឹកជាង ២ពាន់ (២.០០០) គ្រួសារ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។ មកទល់ពេលនេះ អ្នកដែលទៅតាំងទីលំនៅលើដី ៤០ ហិកតារ មានជិត ២រយគ្រួសារ ហើយក្រុមពលរដ្ឋទាំងនោះ ត្រូវបង់លុយឱ្យអាជ្ញាធរ ក្នុងមួយខែ ១០ម៉ឺនរៀល រយៈពេល ៣ ឆ្នាំ ទើបក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់ ក្នុងទំហំដីឡូត៍ ៤ ម៉ែត្រ ២តឹក បណ្តោយ ២០ ម៉ែត្រ ក្នុងមួយគ្រួសារ។
ទាក់ទងរឿងនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក និងគណបក្សប្រឆាំង បានបង្ហោះសាររិះគន់អាជ្ញាធរថា មិនគួរផ្តល់ដីសម្បទានសង្គមកិច្ចឱ្យជនជាតិវៀតណាម ៤០ ហិកតារ នោះទេ គួរតែបណ្តេញពួកគាត់ឱ្យត្រឡប់ ទៅប្រទេសវៀតណាមវិញ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្លាប់លើកឡើងថា ក្នុងខេត្តកំពង់ឆ្នាំង មានផ្ទះបណ្ដែតទឹកជិត ៤ពាន់គ្រួសារ ក្នុងនោះមានជនជាតិវៀតណាមជិត ២ពាន់គ្រួសារ។ បច្ចុប្បន្ន នៅខេត្តកំពង់ឆ្នាំង មានជនជាតិវៀតណាមរស់នៅជាង១ម៉ឺននាក់ (១០.០៨៧) ហើយកន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង សង្កាត់ផ្សារឆ្នាំង សង្កាត់ខ្សាម តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗទៀត។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកំពង់ឆ្នាំងលោក សំ ច័ន្ទគា សង្កេតឃើញថា ជាង ២០ ឆ្នាំមកហើយ ដែលអាជ្ញាធរប្ដេជ្ញាចិត្តថា នឹងដោះស្រាយបញ្ហានេះឱ្យជ្រះស្រឡះ ប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរមិនទាន់ដោះស្រាយបាននៅឡើយ ហើយធ្វើឱ្យប៉ះពាល់បរិស្ថានទន្លេសាប និង ជីវចម្រុះ។ លោកបារម្ភថា ការពន្យារពេលដោះស្រាយរឿងនេះ នឹងធ្វើឱ្យខាតប្រយោជន៍ជាតិធំធេង ជាពិសេសប៉ះពាល់ត្រីក្នុងបឹងទន្លេសាប៖ «រដ្ឋាភិបាលគួរតែពិនិត្យរឿងហ្នឹង ហើយនិងជំរុញឱ្យពលរដ្ឋដែលរស់នៅបណ្តែតទឹកឡើងគោក ដើម្បីធានាបរិស្ថាន ហើយបើការប្ដេជ្ញាចិត្តដូចដែល អាជ្ញាធររដ្ឋធ្លាប់បាន ប្ដេជ្ញាចិត្តជាង ២០ ឆ្នាំមកនេះ ខ្ញុំមិនជឿថានឹងបានជោគជ័យ ដូចការសន្យារបស់ខ្លួននោះទេ»។
ក្រុមអង្គការសង្គមស៊ីវិលចាត់ទុក ការបន្លាស់ទីជនជាតិវៀតណាម តាមរយៈកាត់ឆ្វៀលដីទំហំ ៤០ ហិកតារ គឺជាចំណុចល្អ ដើម្បីស្ដារបរិស្ថានទន្លេសាប កាត់បន្ថយការបន្ទោរបង់ចូលទន្លេ កាត់បន្ថយការចោលសំរាម និងការនេសាទត្រីខុសច្បាប់ជាដើម។ ក៏ប៉ុន្តែពួកគេថា ដី ៤០ ហិកតារនោះ មិនគួរផ្តល់ជាកម្មសិទ្ធិស្របច្បាប់ដល់ជនជាតិវៀតណាមនោះទេ ព្រោះអាចនឹងប៉ះពាល់ដល់អធិបតេយ្យភាពជាតិ នៅថ្ងៃអនាគត។ ចំណែកអាជ្ញាធរខេត្តកំពង់ឆ្នាំងធ្លាប់អះអាងថា ដីទំហំ ៤០ហិកតារនោះ ជាដីជួល មិនមែនចែកឱ្យនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។