ក្រុមអង្គការសង្គមស៊ីវិលកត់សម្គាល់ថា ការរាតត្បាតជំងឺកូវីដ-១៩ កំពុងជំរុញឱ្យមានការកើនឡើងនូវអំពើហិង្សាក្នុងគ្រួសារនិងការបៀតបៀនផ្លូវភេទបន្ថែមទៀតជាពិសេសនៅកន្លែងធ្វើចត្តាឡីស័ក និងនៅតំបន់បិទខ្ទប់។ បញ្ហានេះផ្តើមចេញពីភាពមិននឹងនរនៃសេដ្ឋកិច្ចគ្រួសារ របៀបរស់នៅថ្មីដែលត្រូវបន្ស៊ាំខ្លួនយូរដែលប៉ះពាល់ដល់អារម្មណ៍ ឬធុញថប់ផ្លូវចិត្ត ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងឱកាសអំណោយផលក្នុងការប្រព្រឹត្តនៅក្នុងតំបន់បិទខ្ទប់ ឬកន្លែងធ្វើចត្តាឡីស័ក។ ស្រ្តី កុមារ និងក្រុមអ្នកប្តូរភេទ គឺជាក្រុមដែលងាយរងគ្រោះជាងគេនៅក្នុងស្ថានភាពនេះ។
នាយិកាអង្គការក្លាហានកញ្ញា បុណ្យ រចនា មានប្រសាសន៍ថា វិធានការរបស់អាជ្ញាធរភាគច្រើនជាវិធានការរួម និងផ្តោតសំខាន់លើការកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែមិនឃើញមានវិធានការជាក់លាក់ទៅលើការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការបៀតបៀនផ្លូវភេទ ដែលបង្កឡើងដោយការរាតត្បាតជំងឺកូវីដ-១៩ នៅឡើយទេ ជាពិសេសនៅតំបន់បិទខ្ទប់ និងកន្លែងធ្វើចត្តាឡីស័ក៖ « កូវីដហ្នឹង វាប៉ះពាល់ដល់បញ្ហាផ្លូវចិត្តរបស់ប្រជាពលរដ្ឋគ្រប់រូប។ ទីមួយដោយសារបាត់បង់ការងារ ទីពីរបាត់បង់លទ្ធភាពនៅក្នុងការដើរហើរ ហើយទីបីទៀតខ្វះអាហារបរិភោគអ៊ីចឹងទៅ។ អ៊ីចឹងកម្រិតនៃការថប់អារម្មណ៍របស់មនុស្សហ្នឹង វាកើតឡើង ហើយនៅពេលដែលខ្វះការផ្តល់សេវាថែទាំសុខភាពផ្លូវចិត្ត អត់ដឹងថា ទៅប្រឹក្សានៅឯណាទៀត អ៊ីចឹងវាអាចធ្វើឱ្យមានការជះកំហឹងដាក់គ្នាទៅវិញទៅមក។ អ៊ីចឹងនៅពេលដែលស្ថានភាពហ្នឹងកើតឡើង អ្នកដែលងាយរងគ្រោះ គឺស្ត្រី និងកុមារហ្នឹងឯង»។
ស្រដៀងគ្នានេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មើលឃើញថា ការបិទខ្ទប់តំបន់មួយចំនួនទាំងស្រុង និងបម្រាមលើការធ្វើដំណើរ បង្កឱ្យមានក្តីបារម្ភពីករណីអំពើហិង្សាក្នុងគ្រួសារ និងការបំពានផ្លូវភេទក្នុងរូបភាពផ្សេងៗ។ លោកបញ្ជាក់ថា ដោយសារក្តីកង្វល់បែបនេះ ទើបក្រុមសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍រួមគ្នា ស្នើឱ្យអាជ្ញាធរដាក់ចេញវិធានការជាក់លាក់បន្ថែមទៀតដើម្បីទប់ស្កាត់បញ្ហានេះ៖ « វាទាក់ទងនឹងអារម្មណ៍ ភាពតប់ប្រម៉ល់ ជាដើមហ្នឹងទៅ វាបង្កឱ្យមានជាអំពើហិង្សា ឬក៏ការបំពារបំពានផ្លូវភេទផ្សេងៗ »។
កាលពីថ្ងៃទី១៦ ខែមេសា ក្រុមសង្គមស៊ីវិលជាង ២០ ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមទៀត ក្នុងកិច្ចការពារ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីករណីរំលោភបំពានផ្លូវភេទ និងអំពើហិង្សាលើស្ត្រី កុមារ និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ការអំពាវនាវនេះ ធ្វើឡើងដោយសារតែក្រុមសង្គមស៊ីវិលយល់ថា ករណីទាំងនេះអាចកើតមានឡើង នៅអំឡុងពេលនៃការធ្វើចត្តាឡីស័ក និងនៅតាមតំបន់បិទខ្ទប់មួយចំនួន។
ក្រុមសង្គមស៊ីវិលដែលចេញសេចក្តីថ្លែងការណ៍រួមគ្នានោះ មានដូចជា អង្គការរ៉ាក់ (RHAC) អង្គការក្លាហាន (Klahaan) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការលីកាដូ (LICADHO) សហភាពការងារកម្ពុជា (CLC) ព្រមទាំងអង្គការ-សមាគម និងសហជីពមួយចំនួនទៀត។ ពួកគេសេចក្តីថ្លែងការណ៍រួមនេះ ក្រោយពីអាជ្ញាធរបានអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ព្រមទាំងតំបន់មួយចំនួននៅតាមខេត្តដទៃទៀត ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។
ក្រុមសង្គមស៊ីវិលទាំងនេះពន្យល់ថា កម្រិតនៃភាពតានតឹងផ្លូវចិត្តរបស់ឪពុកម្តាយ អាចនាំឱ្យមានការប្រើប្រាស់អំពើហិង្សាផ្លូវកាយ និងការមិនយកចិត្តទុកដាក់ថែទាំកុមារ ស្របពេលកុមារប្រឈមនឹងសម្ពាធផ្លូវចិត្ត និងភាពធុញថប់ នៅពេលពួកគេមិនអាចចេញក្រៅផ្ទះ និងរៀនសូត្រដូចពេលមុន។ ចំណែកស្ត្រីវិញ ពួកគេត្រូវទទួលបន្ទុកមើលថែទាំគ្រួសារកាន់តែច្រើន ប្រឈមនឹងសម្ពាធផ្លូវចិត្ត និងមានកម្រិតខ្ពស់ក្នុងការទទួលរងអំពើហិង្សាពីដៃគូ ក្នុងរយៈពេលដែលមិនអាចដើរចេញទៅក្រៅផ្ទះ និងស្វែងរកចំណូលសម្រាប់គ្រួសារបាន។ ជាងនេះទៅទៀត ស្រ្តី និងកុមារ ក៏ប្រឈមនឹងហានិភ័យខ្ពស់នៃការបៀតបៀនផ្លូវភេទ និងការរំលោភបំពាននានា នៅពេលពួកគេស្ថិតក្នុងទីតាំងនៃការបិទខ្ទប់ ទីតាំងធ្វើចត្តាឡីស័ក ឬកន្លែងព្យាបាលរួម ដែលអំណោយផលដល់អ្នកប្រព្រឹត្ត ស្របពេលការយល់ដឹងអំពីការបៀតបៀន ឬការរំលោភបំពានផ្លូវភេទ និងកិច្ចអន្តរាគមន៍របស់អាជ្ញាធរ នៅមានកម្រិតនៅឡើយ។ ដោយឡែកក្រុមអ្នកប្តូរភេទ ឬស្រឡាញ់ភេទដូចគ្នាវិញ ពួកគេអាចរងនូវការមាក់ងាយធ្ងន់ធ្ងរជាងមុនថែមទៀត នៅពេលស្ថិតក្នុងកន្លែងធ្វើចត្តាឡីស័ក ឬកន្លែងសម្រាកព្យាបាលរួមគ្នានេះ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកិច្ចការនារីអ្នកស្រី ម៉ាន ចិន្តា និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីសុំការឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី២០ ខែមេសា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទោះជាយ៉ាងណាក្ដី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនយល់ស្របទៅនឹងការលើកឡើងរបស់ក្រុមសង្គមស៊ីវិលនេះទេ។ ស្ថាប័នដដែលគូសបញ្ជាក់ថា វិធានការរបស់រដ្ឋាភិបាល មានតែជួយកាត់បន្ថយ ករណីរំលោភបំពានផ្លូវភេទ និងអំពើហិង្សាលើស្ត្រី និងកុមារទៅវិញទេ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា អះអាងថា មកដល់ពេលនេះ អាជ្ញាធរមិនទាន់ទទួលបានករណីហិង្សា ឬការរំលោភបំពានផ្លូវភេទណាមួយ ដែលកើតឡើងលើស្ត្រី និងកុមារនៅកន្លែងធ្វើចត្តាឡីស័ក ឬនៅតំបន់បិទខ្ទប់នោះឡើយ។ លោកថា ការលើកឡើងរបស់ក្រុមសង្គមស៊ីវិលត្រឹមតែជាក្តីបារម្ភប៉ុណ្ណោះ មិនមែនជាការករណីជាក់ស្តែងនោះទេ៖ « បើគាត់ ( ក្រុមសង្គមស៊ីវិល ) មិនដឹងថា គាត់យក Reference ( ឯកសារយោង ) អ្វីមកយោង ដែលគាត់គិតថា ក្នុងកាលៈទេសៈនេះទៅជាមានការបារម្ភលើអំពើហិង្សាកើនឡើងលើបញ្ហាស្ត្រី និងកុមារវិញ។ ប៉ុន្តែគ្រាន់តែចំណុចខ្ញុំគិត គឺថាវាអត់មានអ្វីដែលថា វាត្រូវកើនឡើងលើបញ្ហាហ្នឹងទេ។ សូម្បីទាក់ទងនឹងបញ្ហាសន្តិសុខ សុវត្ថិភាពផ្សេងៗ ក៏ខ្ញុំគិតថា វានឹងកាត់បន្ថយ Automatic ( ដោយស្វ័យប្រវត្តិ ) ដោយសារតែសមត្ថកិច្ចយើងអនុវត្តវិធានការបិទខ្ទប់។ អ៊ីចឹងបានសេចក្តីថា បទល្មើសផ្សេងៗ វាសឹងតែ Automatic បាត់តែម្តង » ។
ប៉ុន្តែការបកស្រាយបែបនេះ មិនអាចធ្វើឱ្យអង្គការសង្គមស៊ីវិលជឿជាក់បាននោះទេ។
នាយិកាអង្គការក្លាហានកញ្ញា បុណ្យ រចនា សង្កេតឃើញថា អាជ្ញាធរមិនទាន់មានយន្តការត្រួតពិនិត្យ និងតាមដានរឿងនេះបានច្បាស់លាស់នៅឡើយទេ។ កញ្ញាជំរុញអាជ្ញាធរឱ្យយកចិត្តទុកដាក់លើរឿងនេះ ព្រោះនេះជាបញ្ហាធ្ងន់ធ្ងរ ខណៈការរាតត្បាតជំងឺកូវីដ-១៩ នៅតែអូសបន្លាយ ដោយគ្មានពេលកំណត់៖ « រាជរដ្ឋាភិបាលអត់ទាន់បានយកចិត្តទុកដាក់ក្នុងការអង្កេត ពិនិត្យស្ថិតិថា តើមានករណីអំពើហិង្សាបង្កឡើងដោយដៃគូស្និទ្ធស្នាល ឬក៏អំពើហិង្សាក្នុងគ្រួសារហ្នឹងកើតឡើងនៅក្នុងតំបន់បិទខ្ទប់ ឬក៏អត់នោះទេ។ អ៊ីចឹង ( អាជ្ញាធរ ) អត់អាចនិយាយបានថា វាអត់កើតមាននោះទេ។ វាអត់កើតមាន អាចដោយសារថា អត់មានយន្តការក្នុងការរាយការណ៍ ហើយវាអត់ទាន់មានអ្នករាយការណ៍។ អ៊ីចឹងដើម្បីឱ្យមានការបញ្ជាក់ច្បាស់លាស់ វាទាល់តែមានការស៊ើបអង្កេតឱ្យបានត្រឹមត្រូវទាក់ទងនឹងរឿងហ្នឹងដែរ » ។
កម្មកររោងចក្រឌីនហាន (Din Han) នៅរាជធានីភ្នំពេញលោកស្រី ឈួន ស្រីនាង ថ្លែងថា គ្រួសារលោកស្រីមិនទាន់មានករណីហិង្សាលើរូបរាងកាយនៅឡើយទេ ប៉ុន្តែហិង្សាពាក្យសម្តីបានកើតមានជាញឹកញាប់ ខណៈពីមុនមកមិនធ្លាប់កើតមាននោះទេ។ លោកស្រីថា បញ្ហានេះកើតឡើងដោយសារតែលោកស្រី និងប្តី បាត់បង់ចំណូលទាំងស្រុង ហើយត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ជួល ជាមួយកូនតូចអាយុជិត ១ខួប។ លោកស្រីសង្កត់ធ្ងន់ថា កង្វះខាតស្បៀងអាហារ និងគ្មានប្រាក់កាសចាយវាយ និងទិញទឹកដោះគោឱ្យកូន បានធ្វើឱ្យលោកស្រីធុញថប់អារម្មណ៍ និងធ្លាក់ទឹកចិត្តជាខ្លាំង៖ « រកាំរកូស វាអត់អ្វីហូប ដូចថាអត់កម្លាំង អត់អ្វីទៅ វាចេះតែមួរម៉ៅដាក់គ្នាដែរហ្នឹង។ ខឹងគ្នាទៅវិញទៅមកម្ង៉ៃៗ ហើយណាមួយកូនក៏អត់ទឹកដោះគោ។ កូនទើប ១១ ហើយដល់ពេលចឹងទៅ ថានិយាយទៅ បានតែតឹងទ្រូងទេពូអើយ។ អានេះចង់និយាយថា បើងាប់តែម្តងទៅវាស្រួល។ អានេះមិនងាប់ហើយ រស់នៅទាំងវេទនា »។
របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៣ បង្ហាញថា ស្ត្រីកម្ពុជាចំនួន ២២% ធ្លាប់ទទួលរងនូវអំពើហិង្សាលើផ្លូវកាយ និងផ្លូវភេទ ហើយជាង ៦% ទៀត កំពុងឆ្លងកាត់អំពើហិង្សានាពេលបច្ចុប្បន្ន។ ករណីនេះមិនរាប់បញ្ចូលទម្រង់ផ្សេងៗ ទៀត ដូចជា អំពើហិង្សាផ្លូវចិត្ត ឬផ្លូវសេដ្ឋកិច្ច នៅឡើយទេ ដោយសារមិនមានទិន្នន័យថ្មីៗ។
ក្រុមសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ការបៀតបៀន ការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាប្រឆាំងនឹងយេនឌ័រនៅតាមតំបន់បិទខ្ទប់ និងកន្លែងធ្វើចត្តាឡីស័ក ដោយចាត់ទុករឿងនេះជាអាទិភាពមួយក្នុងចំណោមអាទិភាពដទៃទៀតនៃប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ពួកគេស្នើដល់អាជ្ញាធរដាក់បញ្ចូលសារផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សា ការរើសអើង និងការមាក់ងាយផ្អែកលើយេនឌ័រនៅក្នុងតំបន់ចត្តាឡីស័ក និងតំបន់បិទខ្ទប់ ព្រមទាំងធានាឱ្យមានទីធ្លាសុវត្ថិភាព និងឯកជនភាពគ្រប់គ្រាន់ ដូចជាកន្លែងសម្រាប់ស្ត្រី និងបុរសដាច់ដោយឡែកពីគ្នាជាដើម។ ទន្ទឹមនឹងនេះ ក្រុមសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរបង្កើតវិធីសាស្ត្រថ្មីៗ ដើម្បីឱ្យជនរងគ្រោះ ឬអ្នកឃើញហេតុការណ៍ អាចរាយការណ៍ពីករណីរំលោភបំពានទាំងនោះ ហើយអាជ្ញាធរត្រូវឆ្លើយតបឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពចំពោះបទល្មើសទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។