មន្ត្រីសង្គមស៊ីវិល នៅតែលើកឡើងថា គ្រឿងស្រវឹងនៅតែជាកត្តាចម្បងដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងជាបន្តបន្ទាប់។ ការលើកឡើងនេះ បន្ទាប់ពីអាជ្ញាធរចេញរបាយការណ៍រកឃើញថា ការរកឃើញថាគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីអ្នកបើកបរស្រវឹងមានត្រឹមតែ៣ភាគរយ។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការមិនអាចរកឃើញមូលហេតុពិតប្រាកដ បណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ នឹងមិនអាចទប់ស្កាត់ចំនួនគ្រោះថ្នាក់ចរាចរណ៍បាននោះឡើយ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា អត្រាអ្នកបើកបរក្នុងស្ថានភាពស្រវឹង គឺជាមូលហេតុចម្បងមួយ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ លោកអះអាងថា ការរកឃើញថាគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៤ បង្កឡើងដោយអ្នកបើកបរស្រវឹង មានត្រឹម៣ភាគរយ ហាក់មិនឆ្លុះបញ្ចាំងពីការពិតនោះឡើយ។
លោក យង់ គិមអេង៖«បើសិនជាយើងមើលថា គ្រោះថ្នាក់ចរាចរណ៍ហ្នឹង ៥៥ភាគរយកើតឡើងពេលយប់ ហើយហេតុអីបានពាក់ព័ន្ធជាមួយគ្រឿងស្រវឹងតែ ៣ភាគរយ?នេះជារឿងមួយដែលចម្លែកដែរ ហើយដែលយើងមើលឃើញថាគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធគ្រឿងស្រវឹងគឺពេលយប់»។
លោក យង់ គិមអេង បន្ថែមថា ដើម្បីទប់ស្កាត់គ្រោះចរាចរណ៍ សមត្ថកិច្ចគួរដាក់វិន័យលើអ្នកបើកបរលើសល្បឿនកំណត់ឱ្យបានត្រឹមត្រូវទៅតាមច្បាប់ ជាជាងសម្រួលគ្នានៅក្រៅប្រព័ន្ធច្បាប់ ដែលមិនអាចកែប្រែឥរិយាបថអ្នកបើកបរល្មើសច្បាប់ចរាចរណ៍បាន។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ ក្រោយពេលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៣ ដោយរកឃើញថា មូលហេតុចម្បងបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺ បើកបរល្មើសល្បឿនកំណត់ ៤១ភាគរយ មិនគោរពសិទ្ធិអ្នកដទៃ២២ភាគរយ ចំណែកមូលហេតុអ្នកបើកបរស្រវឹងមានត្រឹមតែ៣ភាគរយតែប៉ុណ្ណោះ។ របាយការណ៍ក៏បានបញ្ជាក់ដែរថា អត្រាគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៣ បានកើនឡើង១១ភាគរយ ច្រើនជាងឆ្នាំ២០២២ ដោយចំនួនគ្រោះថ្នាក់ចរាចរណ៍កើតឡើងជិត ៤ពាន់ដង ក្នុងនោះបង្កឱ្យមានមនុស្សស្លាប់ ១.៥៩០នាក់ និងរបួស ៤.៥០០នាក់។
កាលពីថ្ងៃទី១៤ ខែមករា កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស សុខា បង្ហាញក្ដីព្រួយបារម្ភថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ អាចនឹងកើនឡើងលើសចំនួន ២ពាន់នាក់ ដែលចំនួននេះគឺជាការឈានដល់បន្ទាត់ក្រហម ខណៈចំនួនប្រជាពលរដ្ឋស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ មានចំនួន ១.៩៥២នាក។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ មានប្រសាសន៍ថា ដើម្បីកាន់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចគួរចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ និងធ្ងន់ធ្ងរចំពោះអ្នកបើកបរល្មើសច្បាប់។ លោកបន្តថា ការរកឃើញមូលហេតុបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ បង្កដោយអ្នកបើកបរស្រវឹងមានត្រឹមតែ ៣ភាគរយនេះ អាចឆ្លុះបញ្ចាំងថា ការប្រមូលទិន្នន័យអំពីគ្រោះថ្នាក់ចរាចរណ៍របស់មន្ត្រីជំនាញ ធ្វើឡើងដោយមិនគ្រប់ជ្រុងជ្រោយឡើយ។
លោក គង់ រតនៈ៖«ការវាយតម្លៃទៅលើមូលហេតុហ្នឹង ធ្វើឱ្យយើងអត់អស់ចិត្តទាំងអស់គ្នា ពីព្រោះយើងឃើញហើយ សកម្មភាពទាក់ទងនឹងការផ្សព្វផ្សាយ និងការប្រើប្រាស់(ស្រា)ហ្នឹងមានច្រើន តែដល់ពេលយើងឃើញផលប៉ះពាល់ហាក់បីដូចជាតិចពេក ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមិនថាគេខុសទេ ប៉ុន្តែវាគួរតែមានការប្រមូលឱ្យបានគ្រប់ជ្រុងជ្រោយ ឬក៏ការសិក្សាឱ្យបានច្បាស់លាស់ជាងហ្នឹង»។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា ធ្លាប់លើកឡើងកាលពីខែកញ្ញា ឆ្នាំ២០២៣ ថា គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាសុខភាពសាធារណៈដែលទាមទារ ឱ្យមានការដោះស្រាយជាបន្ទាន់ ខណៈកម្ពុជាខាតបង់ថវិកាជាតិ ៤៦៦លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ ដោយមិនទាន់គិតពីផលវិបាកសង្គមនានាជាច្រើនទៀត។
កន្លងមក បើទោះបីជារបាយការណ៍កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP កាលពីឆ្នាំ២០២១ រកឃើញថា មូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីអ្នកបើកបរស្រវឹងក្ដី តែរដ្ឋាភិបាលកម្ពុជាមិនបានទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង នៅទីសាធារណៈនោះទេ។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា សមត្ថកិច្ចគួរធ្វើរបាយការណ៍អំពីមូលហេតុបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
