ឧកញ៉ា ឡេង ណាវ៉ាត្រា រង​ការ​រិះគន់​កាន់តែ​ខ្លាំង​រឿង​រំលោភ​កិច្ចសន្យា​សង់ផ្ទះ​ជូន​អតិថិជន

0:00 / 0:00

អ្នកច្បាប់ និង​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​ធ្វើ​កិច្ចសន្យា​លើក​ទី​២ លើ​កិច្ចសន្យា​ទិញ​លក់​អចល​ទ្រព្យ​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជា​ការ​កេង​ចំណេញ​លើ​កម្លាំង​ញើស​ឈាម​ប្រជាពលរដ្ឋ និង​បំបិទ​សិទ្ធិ​អតិថិជន​មិន​ឱ្យ​តវ៉ា​រក​យុត្តិធម៌។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​លោក ឡេង ណាវ៉ាត្រា ធ្វើ​កិច្ចសន្យា​ថ្មី​ដោយ​ពន្យារពេល​សាងសង់​ផ្ទះ​ជូន​អតិថិជន​រយៈពេល​៣​ឆ្នាំ​ទៅមុខ និង​ហាម​មិន​ឱ្យ​អតិថិជន ផ្សព្វផ្សាយ ឬ​តវ៉ា ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន។

នៅ​ពី​ក្រោយ​ទង្វើ​មនុស្សធម៌ របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជា​ម្ចាស់​គម្រោង​ផ្ទះល្វែង និង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដែល​បរិច្ចាគ​លុយរាប់​លាន​ដុល្លារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ ពោរពេញ​ដោយ​រឿង​ចម្រូងចម្រាស និង​ការ​ឆបោក​អតិថិជន ពាក់ព័ន្ធ​នឹង​ការ មិនបាន​បំពេញ​តាម​កិច្ចសន្យា​សាងសង់​ផ្ទះ​ជូន​អតិថិជន​តាម​កាលកំណត់ ក្រោយ​ពួកគាត់​បង់លុយ​រួចរាល់​។ ទង្វើ​រំលោភ​ទំនុកចិត្ត​និង​កិច្ចសន្យា​ជាមួយ​អតិថិជន​ពី​សំណាក់​លោក ឡេង ណាវ៉ាត្រា នេះ បាន​បណ្ដាល​ឱ្យ​អតិថិជន ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ និង​រិះគន់​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ជា​ការ​ឆ្លើយតប​នឹង​ការ​តវ៉ា​របស់​អតិថិជន ម្ចាស់​ក្រុមហ៊ុន បុរី​ផ្ទះល្វែង លោក ឡេង ណាវ៉ាត្រា បាន​ធ្វើ​កិច្ចសន្យា​ថ្មី​មួយ​ដោយ​ឯកតោភាគី បន្ថែម​លើ​កិច្ចសន្យា​ចាស់​ជាមួយ​អតិថិជន។ ប៉ុន្តែ អ្នកច្បាប់ និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា កិច្ចសន្យា​ថ្មី​នេះ មិន​អនុលោម​ទៅតាម​នីតិវិធី​ច្បាប់​នោះ​ទេ។

សកម្មជន​បរិស្ថាន និង​ជា​និស្សិត​ផ្នែក​ច្បាប់ លោក លី ចាន់ដារ៉ាវុធ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៤ កក្កដា ថា កិច្ចសន្យា​ព្រមព្រៀង​បំពេញបន្ថែម​អាច​មាន​សុពលភាព ឬ​យក​ជា​ការ​បាន លុះត្រា​មាន​ការ​ព្រមព្រៀង​រវាង​ភាគី​ទាំងសងខាង ខណៈ​កិច្ចសន្យា​នេះ​លោក​ថា​ភាគី​ក្រុមហ៊ុន​ធ្វើ​តែម្នាក់​ឯង។ លើស​ពី​នេះ​លោក​មើល​ឃើញ​ថា កិច្ចព្រមព្រៀង​នេះ មាន​ខ្លឹមសារ​កេង​ចំណេញ​លើ​អតិថិជន ដោយ​ក្រុមហ៊ុន​សន្យា​សង​តែ​ថ្លៃដើម ក្នុង​លក្ខខណ្ឌ​មិនបាន​ប្រគល់​ដី​ផ្ទះ​ទាន់​ពេល​វេលា ដោយ​មិន​គិតគូរ​ពី​សំណង​ផ្លូវចិត្ត និង​ការខាតបង់​ពេលវេលា​ដល់​អតិថិជន​ឡើយ។ លោក​ដាក់​ជា​ចម្ងល់​ដែរ​ថា ហេតុអ្វី​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា មាន​លុយ​ឧបត្ថម្ភ និង​បរិច្ចាគ​ជូន​រដ្ឋាភិបាល​រាប់​លាន​ដុល្លារ តែ​បែរ​ជា​គ្មាន​លុយ​ជួល​កម្មករ និង​ដំណើរការ​សាងសង់​ផ្ទះ​ឱ្យ​អតិថិជន​ទាន់​ពេល​វេលា​ទៅវិញ។

លោក លី ចាន់ដារ៉ាវុធ៖ «មើលទៅ​គាត់​ហ្នឹង​ហាក់បីដូចជា​អាង​ខ្សែរយៈ អាង​ខ្លួន​គាត់​ហ្នឹង​មើលទៅ​ដូចជា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នាយករដ្ឋមន្ត្រី​ហ្នឹង ដូចជា​មិនសូវ​ខ្វាយខ្វល់​ពី​បញ្ហា​ច្បាប់​អី​ប៉ុន្មាន​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រឿងរ៉ាវ​កន្លងមក យើង​ឃើញថា​ប្រជាជន​តវ៉ា​គាត់​មានការ​ភ័យខ្លាច»។

ក្នុង​កិច្ចសន្យា​ព្រមព្រៀង​បំពេញ​បន្ថែម​របស់​ក្រុមហ៊ុន​ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប ឯក​. ដែល​មាន​ផ្ដិត​ស្នាម​មេដៃ​លោក ឡេង ភក្ត្រា ហៅ​ឡេង ណាវ៉ាត្រា តែម្នាក់ឯង​ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី​៣០ កក្កដា បាន​ចែង​ពី​លក្ខខណ្ឌ​ព្រមព្រៀង​ចំនួន​៥​ចំណុច ដោយ​សុំ​បន្ត​ការ​សាងសង់ និង​ប្រគល់​ប័ណ្ណ​បំបែក​ក្បាល​ដី​ឱ្យ​អតិថិជន​ក្នុង​រយៈពេល ៣៦​ខែ ឬ​ស្មើនឹង​៣​ឆ្នាំ​។ ទី​ពីរ ក្រុមហ៊ុន​អាច​បញ្ចប់​ការសាងសង់​មុន​កាល​កំណត់​ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច​ល្អ។ ទី​បី ក្រុមហ៊ុន​សន្យា​ប្រគល់​ប្រាក់​ដើម​ឱ្យ​អតិថិជន​វិញ ប្រសិនបើ​មិន​ធ្វើ​បាន​តាម​កាលកំណត់។ ចំណុច​ផ្សេងទៀត​នៃ​កិច្ចសន្យា​នោះ លោក ឡេង ណាវ៉ាត្រា ថែមទាំង​ហាម​អតិថិជន​មិន​ឱ្យ​ធ្វើ​សកម្មភាព និង​ផ្សព្វផ្សាយ​រឿង​អវិជ្ជមាន​នានា​ពី​ក្រុមហ៊ុន ដែល​នាំ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ និង​ផលប្រយោជន៍​ក្រុមហ៊ុន។

នៅក្នុង​កិច្ចសន្យា​ថ្មី​នេះ លោក ឡេង ណាវ៉ាត្រា គិតតែ​ពី​ផលប្រយោជន៍​និង​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ផ្ទាល់ខ្លួន ប៉ុន្តែ​លោក មិន​បាន​គិតដល់​អតិថិជន ដែល​ខំតស៊ូ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​សន្សំ​ប្រាក់​បន្តិច​បន្តូច និង​ខ្ចីបុល​ធនាគារ​ដើម្បី​យក​លុយ​ទៅ​ទិញ​គម្រោង​ផ្ទះល្វែង​របស់​លោក ដោយ​ពួកគាត់​សង្ឃឹម​ថា នឹង​បាន​ផ្ទះ​ជ្រកកោន​សមរម្យ​នៅ​ថ្ងៃ​ខាងមុខ។

ទោះជា​យ៉ាងណា ពលរដ្ឋ​មួយចំនួន​ដែល​មិនទាន់​ទទួល​បាន​ផ្ទះ​ពី​លោក ឡេង ណាវ៉ាត្រា មិន​ទទួលយក​កិច្ចសន្យា​ទី​២ នេះ​ទេ ដោយ​ពួកគាត់​លើកឡើង​ថា កិច្ចសន្យា​ថ្មី​នេះ​បាន​ហាមឃាត់​ពួកគាត់​មិន​ឱ្យ​តវ៉ា និង​តម្រូវ​ឱ្យ​ពួកគាត់​រង់ចាំ​កាន់តែ​យូរ​បន្ថែម​ទៀត។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​បាត់ដំបង កញ្ញា ចន្ទ អរុណរស្មី ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កញ្ញា​បាន​ទិញ​ផ្ទះល្វែង​ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុង​តម្លៃ ១​ម៉ឺន ៨​ពាន់​ដុល្លារ​(១៨.០០០)​ដោយ​ក្រុមហ៊ុន​កំណត់​បញ្ចប់​ការ​សាងសង់​ក្នុង​រយៈពេល​១​ឆ្នាំ​។ ទោះជា​បែបនេះ​ក្ដី កញ្ញា​អះអាង​ថា មក​ទល់​ពេល​នេះ លើស​ការកំណត់​ក្នុង​កិច្ចសន្យា​ជាង​មួយឆ្នាំ​ហើយ ប៉ុន្តែ​កញ្ញា​នៅ​មិនទាន់​ឃើញ​សសរផ្ទះ​នៅឡើយ​។ កញ្ញា​បញ្ជាក់​ថា ចំពោះ​កិច្ចសន្យា​ទី​២ ដែល​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា សុំ​ពន្យារពេល​សាងសង់​បន្ថែម ៣៦​ខែ​នោះ​កញ្ញា​មិន​យល់ព្រម​នោះ​ទេ ព្រោះ​កញ្ញា​យល់​ថា កិច្ចសន្យា​នេះ ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​ខាតបង់​ប្រយោជន៍ និង​បិទ​សិទ្ធិ​មិន​ឱ្យ​អតិថិជន​តវ៉ា។

កញ្ញា ចន្ទ អរុណរស្មី៖ «ឥឡូវ​ចប់​ហើយ​ខ្ញុំ​។ ដូច​ថា​រក​អ្វី​ក៏​មិនបាន ដឹង​ស្រាប់​ហើយ ឥឡូវ​សេដ្ឋកិច្ច​វា​ពិបាក​។ ពួក​ដូច​ខ្ញុំ​ហ្នឹង យក​លុយ​ទៅ​បង់​ផ្ដាច់​គាត់ ហើយ​គាត់​អត់​ធ្វើ​ផ្ទះ ធ្វើ​អ្វី​ឱ្យ​យើង ស្រាប់តែ​ប្រគល់​ផ្ទះ ឱ្យ​អ្នកនោះ ហើយ​យើង​ជា​ម្ចាស់ផ្ទះ​មួយ​រូប​ដែរ ដល់ពេល​អ៊ីចឹង​យើង​មាន​អារម្មណ៍​ថា​តូចចិត្ត ហើយ​ពិបាកចិត្ត​ខ្លួនឯង ព្រោះ​ខ្លួនឯង​អត់​មានផ្ទះ​នៅ​ដែរ ស្រាប់តែ​អតិថិជន​គាត់​អត់​ផ្ដល់​ផ្ទះ​ឱ្យ គាត់​ទៅជា​ផ្ដល់​ឱ្យ​អ្នក​ដែល​អត់​បាន​ទិញ​ផ្ទះ​គាត់​ផង គាត់​ទៅ​ផ្ដល់​ឱ្យ​គេ​ទៅវិញ​។ ខ្ញុំ​ក៏​មាន​អារម្មណ៍​អន់ចិត្ត​ដែរ ទើប​ខ្ញុំ​បង្ហោះ​សារ»។

អតិថិជន​ភាគច្រើន មាន​បញ្ហា​ជាមួយ​បុរី ឡេង ណាវ៉ាត្រា នៅ​គម្រោង​ផ្លូវជាតិ​លេខ​៦ ដែល​ជា​គម្រោង​ធំ​ជាងគេ​របស់​ក្រុមហ៊ុន អភិវឌ្ឍ​លើ​ផ្ទៃដី​ជាង​៤០០​ហិកតារ ស្ថិត​ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។ អតិថិ​ន​ខ្លះ​អះអាង​ថា គម្រោង​លំនៅឋាន​ដែល​ពួកគាត់​ទិញ​មិនទាន់​ឃើញ​មានការ​សាងសង់​សូម្បី​សសរ​គ្រឹះ​មួយ​ដើម ឯ​ខ្លះ​ថា​ដី​ពួកគាត់​នៅ​ជា​ផ្ទៃ​ទឹក​មិនទាន់​ចាក់​ដី​បំពេញ​នៅឡើយ​។ ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​របស់​អតិថិជន​បុរី​លោក​ឧកញ៉ា​នេះ ចាប់​ផ្ដើមដំបូង​នៅ​ខែឧសភា ដោយ​ខ្លះ​តវ៉ា​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​ថត​វីដេអូ​ផ្សព្វផ្សាយ បង្កើត​ក្រុម​ឆាត​តាម​តេឡេ​ក្រាម និង​ខ្លះទៀត​ទៅ​តវ៉ា​ដល់​ក្រុមហ៊ុន​ផ្ទាល់​តែម្ដង។

លោក ឡេង ណាវ៉ាត្រា ដែល​មាន​គោរមងារ​ជា​អ្នកឧកញ៉ា គឺជា​យុវជន​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ហើយ​ឧកញ៉ា​រូប​នេះ តែងតែ​ប្ដេជ្ញា​យ៉ាង​មុតមាំ​ការពារ​ត្រកូល​ហ៊ុន​ផង​ដែរ ខណៈ​កន្លងមក​មានការ​រិះគន់​ថា លោក ជា​អ្នក​ឈរឈ្មោះ​រកស៊ី​ឱ្យ​គ្រួសារ​លោក​ហ៊ុន សែន។

លោក ឡេង ណាវ៉ាត្រា ដែល​ជិះ​រថយន្ត​ប្រណិត​ល្បីៗ​ដូចជា ឡាំបូហ្គីនី (Lamborghini) ហ្វើរ៉ារី (Ferrari) រ៉ូលរ៉យស៍ (Roll Royce) ផច្ឆ (Porsche) ប៊ែនលី (Bentley) និង​មាន​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន​ផង​នោះ ជានិច្ចកាល តែងតែ​បរិច្ចាគ​លុយ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ម្ដងៗ​រាប់​សែន​ដុល្លារ។

គិត​ដោយ​ត្រួសៗ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក​បាន​បរិច្ចាគ​លុយ​តិច​បំផុត​ជិត ១៥​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ប្រមាណ ១០​លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល លោក ហ៊ុន សែន ជិត ៤​លាន​ដុល្លារ​សម្រាប់​កាកបាទក្រហមកម្ពុជា​ដឹកនាំ​ដោយ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន និង​ជិត​កន្លះ​លាន​ដុល្លារ​ទៀត​សម្រាប់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ហ៊ុន សែន ដឹកនាំ​ដោយ​ប្រពន្ធ​លោក ហ៊ុន ម៉ាណែត។ ក្នុង​ពេល​ថ្មីៗ​នេះ លោក ឡេង ណាវ៉ាត្រា ក៏​បាន​ផ្ដល់​ផ្ទះ​ចំនួន​២​ល្វែង​ឱ្យទៅ​គ្រូ​ប្រដាល់​ម្នាក់ ដែល​រឿង​នេះ​បាន​ធ្វើ​ឱ្យ​អតិថិជន​ដែល​មិនទាន់​បាន​ទទួល​ផ្ទះ​ពី​លោក រឹតតែ​ខកចិត្ត​។ ប៉ុន្តែ​លោក បែរជា​គ្មាន​លទ្ធភាព​សាងសង់​ផ្ទះ​ជូន​អតិថិជន​តាម​ការសន្យា​ទៅវិញ។

បើ​ទោះបី​ជា​ករណី លោក ឡេង ណាវ៉ាត្រា គឺជា​បទល្មើស​រំលោភ​លើ​ទំនុកចិត្ត ដោយសារ​មិន​គោរព​តាម​កិច្ចសន្យា​ទិញ​លក់​ក្ដី ក៏​លោក ឡេង ណាវ៉ាត្រា ហាក់​មាន​សំណាង​ល្អ​ជាង​ឧកញ៉ា​មួយ​ចំនួន​ទៀត ដូចជា​ឧកញ៉ា ជា សារ៉ន ដែល​ត្រូវ​សមត្ថកិច្ច​ខេត្តកំពត ចាប់ខ្លួន និង​ផ្ដន្ទាទោស ករណី​ឆបោក​លុយ​ប្រជាពលរដ្ឋ​ក្នុង​ករណី​ទិញ​លក់ លើ​វិស័យ​អចលនទ្រព្យ​ដូចគ្នា​នេះ​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ឡេង ណាវ៉ាត្រា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ សីហា។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​អាដហុក លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​បន្ថែម​កិច្ចសន្យា​បែបនេះ អាច​ធ្វើ​ឱ្យ​អតិថិជន​អស់ជំនឿ​ចិត្ត ដោយសារ​ការ​ខាតបង់​ពេលវេលា និង​លុយកាក់​។ លោក​បន្ត​ថា អតិថិជន​មាន​សិទ្ធិ​បដិសេធ​លើ​កិច្ចព្រមព្រៀង​នេះ និង​តវ៉ា​ទាមទារ​លើ​រឿង​ទាំងឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​ខ្លួន ដោយ​ក្រុមហ៊ុន​គ្មាន​សិទ្ធិ​ហាមឃាត់ ឬ​ដាក់​លក្ខខណ្ឌ​អ្វី​នោះ​ឡើយ ជាពិសេស​ការព្រមព្រៀង​ដែល​ធ្វើឡើង​ដោយ​ឯកតោភាគី​បែបនេះ។

លោក សឹង សែនករុណា៖ «ដូច​ខ្ញុំ​លើកឡើង​អ៊ីចឹង គឺ​គាត់​មិនអាច​ទៅ​បង្ខំ​ឱ្យ​គេ​ចុះ​កិច្ចសន្យា​ជាមួយ​ខ្លួន​បានទេ។ កិច្ចសន្យា​ធ្វើឡើង​ទាល់តែ​មានការ​ព្រមព្រៀង​គ្នា​បាន​ធ្វើ​ទៅ​បាន​។ អ៊ីចឹង​បើ​មានការ​បង្ខិតបង្ខំ​គំរាមកំហែង គឺជា​អំពើ​ល្មើសច្បាប់​ទៅ​នឹង​ច្បាប់​ព្រហ្មទណ្ឌ​មួយ​ទៀត​ហើយ​។ អ៊ីចឹង​បើ​យើង​និយាយ​ថា ពីមុន​មិន​គោរព​តាម​កិច្ចសន្យា ហើយ​បើ​ប្រើ​ការ​គំរាមកំហែង​ទៅ​លើ​ប្រជាពលរដ្ឋ ឬក៏​ភាគី​ដែល​ជា​អតិថិជន​របស់​ខ្លួន​ហ្នឹង គឺ​កាន់​តែ​មាន​បទល្មើស​បន្ថែម​ទៅ​ទៀត​ហើយ​។ ច្បាប់​មិន​អនុញ្ញាត​ឱ្យធ្វើ​បែប​ហ្នឹង​ទេ​បាទ»។

អ្នកច្បាប់ និង​អតិថិជន ជំរុញ​ឱ្យ​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា គួរតែ​ពន្លឿន​ការ​ស្រាយ​បញ្ហា​ជូន​អតិថិជន​ឱ្យ​បាន​សមស្រប ជា​ជាង​ឆ្លើយ​ដោះសា និង​ចំណាយ​លុយ​ជួយ​បក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។