អ្នកឃ្លាំមើល​លើកឡើង​ថា ឧកញ៉ា​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​ខុស​គួរ​ដក​ហូត​គោរមងារ​វិញ

ដោយ ហ៊ុំ ចំរើន
2024.03.13
អ្នកឃ្លាំមើល​លើកឡើង​ថា ឧកញ៉ា​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​ខុស​គួរ​ដក​ហូត​គោរមងារ​វិញ (ពីស្ដាំ) លោកឧកញ៉ា ឡេង ណាវ៉ាត្រា លោក​នាយករដ្ឋមន្ត្ត្រី ហ៊ុន ម៉ាណែត និងឧកញ៉ា ឡេង ចាន់ណា។
រូប៖ ហ្វេសប៊ុក​ ឡេង ណាវ៉ាត្រា និង​អ្នកស្រី ឡេង ចាន់ណា

អ្នកឃ្លាំមើល​លើកឡើង​ថា ឧកញ៉ា​មួយចំនួន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ បោកប្រាស់​ប្រជាពលរដ្ឋ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​ប៉ុន្តែ ពួកគេ​មិន​បាន​ទទួលទោស​តាមច្បាប់ និង​ដកហូត​គោរមងារ​ឧកញ៉ា​ឡើយ​។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល ពង្រឹង​ការអនុវត្ត​ច្បាប់​ចំពោះ​ក្រុម​ឧកញ៉ា ឱ្យ​មាន​តម្លាភាព យុត្តិធម៌ និង​មិន​គិត​ពី​សែស្រឡាយ ដើម្បី​រក្សា​គុណ​តម្លៃ​របស់​គោរមងារ​ឧកញ៉ា និង​កុំឱ្យ​ពួកគេ​ប្រើប្រាស់​គោរមងារ​នេះ មក​ធ្វើ​បាប និង​កេងប្រវ័ញ្ច​ប្រជាពលរដ្ឋ។

បន្ទាប់​ពី​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ១៩ និង​វិបត្តិ​សេដ្ឋកិច្ច ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​មក ទម្រង់​បោកប្រាស់​បាន​លេច​ឡើងជា​បន្តបន្ទាប់ ដោយ​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​មួយចំនួន ក្នុង​នោះ​ក៏​មាន​បុគ្គល ដែល​មាន​គោរមងារ​ឧកញ៉ា​ដែរ​នោះ បាន​ប្រើប្រាស់​ទម្រង់​ឱ្យ​ពលរដ្ឋ​យក​លុយ​ទៅ​វិនិយោគ ដោយ​ទទួល​បាន​ការ​ប្រាក់​ខ្ពស់ និង​ខ្លះ​ទៀត បំពាន​កិច្ចសន្យា​ទិញ លក់​អចលនទ្រព្យ​ជាដើម ក៏ប៉ុន្តែ​ពួកគេ នៅតែ​បន្ត​សកម្មភាព​រកស៊ី​ខុសច្បាប់ និង​រស់នៅ​ដោយ​មាន​សេរីភាព​ដដែល។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើង​ថា ការ​ផ្ដល់​គោរមងារ​ឧកញ៉ា​តាមរយៈ​ទឹក​លុយ​ដូច​បច្ចុប្បន្ន គឺជា​មូល​ហេតុ​ដែល​ជនខិលខូច​មាន​ឱកាស​ទទួល​បាន​គោរមងារ​ឧកញ៉ា ហើយ​យក​ងារ​នេះ​ទៅ​រក​ស៊ី​ទុច្ចរិត​ធ្វើ​បាប​ពលរដ្ឋ។

លោក វ៉ន ចាន់ឡូត៖ «ងារ​ឧកញ៉ា អ្នកឧកញ៉ា ឬក៏​លោក​ឧកញ៉ា នេះ​វា​ហួស​សម័យ​ហើយ សម័យនេះ​វា​ពុំ​គួរ​នឹង​មាន​នូវ​គោរមងារ​ហ្នឹង​តទៅ​ទៀត​ទេ​។ ហើយ​បើ​ថា មាន​ហើយ អ្នក​ទាំងអស់​នោះ​អាច​ជួយ​ដល់​ជាតិ ជួយ​ដល់​ប្រជាពលរដ្ឋ​នោះ​វា​គ្រាន់។ ហើយ​ដូច​សព្វថ្ងៃ​នេះ មនុស្ស​ឱ្យ​តែ​ឮ​ឧកញ៉ា សឹងតែ​លើកដៃ​សំពះ​ប្រាថ្នា​អត់​ចង់​ជួប​ទេ»

គិត​ត្រឹម​ឆ្នាំ​២០១៧ ផ្លាក​ឈ្មោះ​ឧកញ៉ា ត្រូវ​បាន​កំណត់​តម្លៃ​៥០​ម៉ឺន​ដុល្លារ សម្រាប់​ឱ្យ​ឈ្មួញ ឬ​ពាណិជ្ជករ​ណា​ដែល​បរិច្ចាគ​ដល់​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​នឹង​ស្នើសុំ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា​ពី​ព្រះមហាក្សត្រ​។ ក៏ប៉ុន្តែ ចំពោះ​អ្នក​រកស៊ី និង​អ្នក​វិនិយោគ​មួយ​ចំនួន ពួកគេ​មិន​ចង់បាន​ត្រឹមតែ​ឈ្មោះ​ជា​ឧកញ៉ា​ឡើយ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ចង់បាន​នោះ​គឺ ឱកាស​ផ្សារភ្ជាប់​ខ្លួន និង​ថតរូប​ជាមួយ​ថ្នាក់ដឹកនាំ ដើម្បី​ធ្វើជា​យ័ន្ត​ការពារ​អាជីវកម្ម និង​ជំនួញ​របស់​ពួកគេ​។ ដោយ​សំអាង​ថា​មាន​ឈ្មោះ​បរិច្ចាគ​ថវិកា​ចូល​រដ្ឋ ឧកញ៉ា​មួយ​ចំនួន​បាន​រកស៊ី​ឆបោក ប្រជាពលរដ្ឋ​ក្រោម​រូបភាព​វិនិយោគ​ផ្សេងៗ ដោយ​មិន​គិត​ពី​គុណ​តម្លៃ​គោរមងារ​ដែល​ព្រះមហាក្សត្រ​ព្រះរាជទាន​ឱ្យ​នោះ​ទេ។

ជាក់ស្ដែង ករណី​ឧកញ៉ា ឡេង ចាន់ណា ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ប្រ៊ីលានស៊ីធី (Brilliant City) ដែល​រកស៊ី​លក់​បុរី និង​ដីឡូតិ៍ នៅ​ខេត្ត​សៀមរាប បាន​កេងប្រវ័ញ្ច​ប្រជាពលរដ្ឋ ដែល​យក​លុយ​មក​វិនិយោគ​ជាមួយ ដោយ​ក្រុមហ៊ុន​សន្យា​ថា នឹង​ផ្ដល់​ប្រាក់ចំណេញ​ឱ្យ ប៉ុន្តែ​លោកស្រី ឡេង ចាន់ណា មិន​បាន​អនុវត្ត​តាម​កិច្ចសន្យា​ឡើយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន​នាក់​ធ្លាក់ខ្លួន​ជំពាក់​បំណុល​ធនាគារ​រាប់​ម៉ឺន​ដុល្លារ​។ ក្នុង​ករណី​នេះ លោកស្រី ឡេង ចាន់ណា មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដកហូត​គោរមងារ​ជា​ឧកញ៉ា​នោះ​ទេ ហើយ​ទើប​ត្រូវ​បាន​តុលាការ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែ​មីនា ប៉ុណ្ណោះ ក្រោយ​មាន​ការ​រិះគន់​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​រងគ្រោះ និង​មហាជន។

ចំណែក​ករណី​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ធ្លាប់​មាន​សគុណ​បរិច្ចាគ​លុយរាប់​លាន​ដុល្លារ ដល់​រដ្ឋាភិបាល​អាណត្តិ​ចាស់​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នោះ ក៏​មិន​ត្រូវ​បាន​ដកហូត​គោរមងារ​ឡើយ បន្ទាប់ពី​មិន​បាន​បំពេញ​តាម​កិច្ចសន្យា​លើ​ការសាងសង់​ផ្ទះល្វែង និង​បុរី ឱ្យ​អតិថិជន​។ ក្រៅពី​រួចផុត​ពី​ការទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ហើយ លោក ឡេង ណាវ៉ាត្រា ថែមទាំង​ត្រូវ​លោក ហ៊ុន សែន ឧទ្ទេសនាម​ឱ្យ​ឈរឈ្មោះ​ធ្វើជា​ប្រធាន​សមាគម​សិល្បករ ថែម​ទៀត​ផង។

ដោយឡែក​ចំពោះ​ករណី​ឧកញ៉ា​ដែល​រកស៊ី​ធ្វើ​មាន​ធ្វើ​បាន តាមរយៈ​ការបំផ្លាញ​ធនធានធម្មជាតិ​វិញ ក៏​មិន​ខុសពី​ឧកញ៉ា​ដី​ឡូតិ៍​ឡើយ បើ​ទោះបីជា​ពួកគេ​បាន​ប្រព្រឹត្តិ​ខុសច្បាប់​ក្ដី ក៏​ពួកគេ​នៅតែ​រក្សា​គោរមងារ​ឧកញ៉ា​បាន​ដដែល​។ ក្នុង​នោះ ករណី​លោក ទន់ ឆៃអ៊ាង មាន​គោរមងារ​ជា​ឧកញ៉ា ដែល​ចាក់​ថ្ម​ចូលក្នុង​ទន្លេមេគង្គ ដោយ​គ្មាន​ការអនុញ្ញាត នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម កាលពីដើម​ខែ​កុម្ភៈ នោះ រដ្ឋាភិបាល​មិន​បាន​ដកហូត​គោរមងារ​ឡើយ​។ ធ្ងន់ធ្ងរ​ជាង​នេះ លោក ទ្រី ដាលុច កូនប្រុស​បង្កើត​របស់ ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ខាង​រកស៊ី​ឈើ​និង​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នៅ​កម្ពុជា បាន​បន្ត​បំផ្លាញ​ធនធានធម្មជាតិ និង​រំលោភ​យក​ដី​ពលរដ្ឋ​ក្រីក្រ នៅតែ​មាន​គោរមងារ​ជា​ឧកញ៉ា​ដដែល ហើយ​ថែមទាំង ទទួល​បាន​តួនាទី​ជាទី​ប្រឹក្សា​មន្ត្រីជាន់ខ្ពស់​របស់​មន្ត្រី​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ទៀត​ផង។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា មាន​ប្រសាសន៍​ថា បុគ្គល​ដែល​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​មួយ​ចំនួន ហាក់​មិន​ទាន់​មាន​គុណ​សម្បត្តិ​ជួយ​សង្គមជាតិ និង​ភាព​ថ្លៃថ្នូរ​ក្នុង​ការ​ទទួលយក​គោរមងារ​នេះ​ឡើយ ដែល​កត្តា​នេះ ធ្វើ​ឱ្យ​គោរមងារ​ឧកញ៉ា កាន់តែ​បាត់បង់​គុណ​តម្លៃ នៅក្នុង​សង្គម​ខ្មែរ។

លោក សំបូរ ម៉ាណ្ណារ៉ា៖ «ឧកញ៉ា​ដែល​បាន​ធ្វើ​កំហុស ឧកញ៉ា​ទាំងនោះ សម​នឹង​ទទួល​ការ​​ដក​ចេញពី​ងារ​ឧកញ៉ា​។ ក៏ប៉ុន្តែ​សមាគម​ឧកញ៉ា អត់​ទាន់​បាន​ដំណើរការ​តែងតាំង​ច្បាប់​វិន័យ​ក្រម នៅក្នុង​សមាគម​ឧកញ៉ា​របស់​ខ្លួន​នៅ​ឡើយ ដូច្នេះ វា​ពិបាក​ក្នុង​ការ​អនុវត្ត»

នៅក្នុង​ជំពូក​ទី​៩ នៃ​ព្រះរាជក្រឹត្យ ស្ដីពី គោរមងារ​ឧកញ៉ា ចែងថា គោរមងារ​ឧកញ៉ា ត្រូវ​បញ្ចប់​ក្នុង​ករណី​គោរម​វន្ត​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​ណាមួយ​។ ក្នុង​នោះ ក្រសួងមហាផ្ទៃ បាន​សម្រេច​ឱ្យ​បង្កើត​សមាគម​ឧកញ៉ា កាល​ពី​ខែ​តុលា ឆ្នាំ​២០២២ ដើម្បី​លើកកម្ពស់​គុណ​តម្លៃ និង​ធានា​បាន​នូវ​សេចក្ដីថ្លៃថ្នូរ នៃ​គោរមងារ​ឧកញ៉ា​។ សមាគម​នេះ មាន​ប្រធាន​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ លោក ហ៊ុន សែន ជា​ប្រធានកិត្តិយស និង​ឧកញ៉ា លី យ៉ុង ផាត់ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល។

ក៏ប៉ុន្តែ អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​ឧកញ៉ា ហាក់​មាន​ស្តង់ដារ​ច្រើន ដោយ​អាស្រ័យ​ទៅ​លើ​ខ្នងបង្អែក ឬ​អ្នក​ដែល​មាន​ឥទ្ធិពល​នៅក្នុង​ជួរ​រដ្ឋាភិបាល​។ លោក​លើកឡើង​ថា ឧកញ៉ា​មួយ​ចំនួន នៅ​ពេល​ប្រព្រឹត្តិ​ខុស​ច្បាប់ ត្រូវ​ទទួល​ទោស និង​ជាប់ពន្ធនាគារ​ភ្លាមៗ ចំណែកឯ​ឧកញ៉ា​ខ្លះទៀត មាន​ឈ្មោះ​ជាប់​ពន្ធនាគារ​ដែរ តែ​រស់នៅ​ក្នុង​មន្ទីរពេទ្យ ឬ​ដេក​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ មុន​នឹង​ត្រូវ​ដោះលែង​មុន​ការ​កំណត់ រីឯ​ឧកញ៉ា​មួយ​ចំនួន​ទៀត តែងតែ​រួចខ្លួន ពី​ការ​អនុវត្ត​ច្បាប់ ទោះបី​ជា​ប្រព្រឹត្ត​ខុស​ច្បាប់​ធ្ងន់ធ្ងរ​យ៉ាងណាក្ដី។

បណ្ឌិត មាស នី៖ «អាច​នឹង​បង្កើត​សមាគម​មក គ្រាន់តែ​ធ្វើ​ម៉េច​ឱ្យ​ខ្លួនឯង​ហ្នឹង មាន​កម្លាំង​ការពារ​គ្នា ទៅវិញទៅមក​។ កត្តា​នេះ ធ្វើ​ឱ្យ​អ្នករងគ្រោះ​ដោយសារ​ឧកញ៉ា​ហ្នឹង មាន​កាន់តែ​ច្រើន​ទៀត​។ ហើយ​យើង​ក៏​មិន​ដឹង​ថា ហេតុអ្វី​ការ​ផ្ដន្ទាទោស​ចំពោះ​ឧកញ៉ា​ហ្នឹង មាន​កម្រិត​មិន​ដូចគ្នា អ៊ីចឹង​សូម្បីតែ វិធានការ​ច្បាប់​ទៅលើ​ឧកញ៉ា​ហ្នឹង ក៏​មិន​ដូចគ្នា​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក លី យ៉ុងផាត់ និង​ប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូ​ណា ដើម្បី​សុំ​ការ​បកស្រាយ​បានទេ កាលពី​ថ្ងៃទី​១២ ខែ​មីនា​។​

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចាន់រឿន សង្កេត​ឃើញ​ថា មាន​ឧកញ៉ា​មួយ​ចំនួន បាន​រកស៊ី​កេងប្រវ័ញ្ច​ប្រជាពលរដ្ឋ និង​ប្រព្រឹត្តិ​ខុសច្បាប់ ដែល​ផ្ទុយ​ពី​បទ​ប្បញ្ញត្តិ​ក្នុង​ព្រះរាជក្រឹត្យ ហើយ​បុគ្គល​ទាំងនេះ មិន​សក្ដិសម​នឹង​គោរមងារ​ជា​ឧកញ៉ា​ឡើយ។

លោក ប៉ា ចាន់រឿន៖ «រដ្ឋ​គួរតែ​ពិនិត្យមើល​ឡើងវិញ ជាពិសេស​កន្លងមក​ក៏​មាន​ការ​បង្កើត​សមាគម​ឧកញ៉ា​ដែរ គួរតែ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ដក​នូវ​គោរម​វន្ត​ទាំងឡាយ​ណា ដែល​ប្រព្រឹត្ត​ផ្ទុយ​អំពី​សេចក្ដី​ចែង​ក្នុង​ព្រះរាជក្រឹត្យ ស្ដីពី​គោរមងារ​ឧកញ៉ា»

របាយការណ៍​សមាគម​ឧកញ៉ា​កម្ពុជា ឆ្នាំ​២០២៣ ឱ្យ​ដឹង​ថា ឧកញ៉ា និង​អ្នកឧកញ៉ា​ដែល​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ឱ្យ​នោះ មាន​ប្រមាណ​ជាង ១​ពាន់​នាក់ (.៣០០) ដែល​ភាគច្រើន​បាន​ចូល​ជា​សមាជិក​នៃ​សមាគម​ឧកញ៉ា​កម្ពុជា​រួចហើយ។

អ្នកឃ្លាំមើល និង​មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ទៅ​លើ​ករណី​របស់​ឧកញ៉ា​មួយ​ចំនួន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​បោក​ប្រាស់​ពលរដ្ឋ ដោយ​ពិចារណា​លើ​ការ​ដក​ហូត​គោរមងារ​ឧកញ៉ា​ពី​បុគ្គល​ទាំងនោះ ដើម្បី​កុំឱ្យ​ពួកគេ​យក​ទៅ​ប្រើប្រាស់​ក្នុង​គោល​បំណង ឬ​ប្រកប​របរ​ទុច្ចរិត​បែប​នេះ​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។