កម្មករ​ជាង​ ៨០០​នាក់ តវ៉ា​មុខ​សាលា​ខេត្ត​ស្វាយរៀង​ ទាមទារ​ថៅកែ​រោងចក្រ​ឲ្យ​​យក​តំណាង​ពួកគេ​ចូល​ធ្វើ​ការ​វិញ​

ដោយ ម៉ៅ សុធានី
2019-01-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ជាង ៨០០​នាក់ លើក​គ្នា​​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ២០១៩ ស្នើសុំ​ថៅកែ​រោងចក្រ​ឲ្យ​យក​តំណាង​ពួក​គេ​ចូល​ធ្វើ​ការ​វិញ។
កម្មករ​ជាង ៨០០​នាក់ លើក​គ្នា​​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ២០១៩ ស្នើសុំ​ថៅកែ​រោងចក្រ​ឲ្យ​យក​តំណាង​ពួក​គេ​ចូល​ធ្វើ​ការ​វិញ។
រូបថត៖ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ

កម្មករ កម្មការិនី​ នៃ​ក្រុមហ៊ុន​ផលិត​អំពូល​ភ្លើង ជាង​ ៨០០​នាក់ បន្ត​ធ្វើ​កូដ​កម្ម​ នៅ​ពី​មុខ​ក្រុមហ៊ុន បៃ​ហុង ខេមបូ (Bai Hong Cambo) នៅ​ថ្ងៃ​ទី​១១ មករា​នេះ។ ពួក​គេ​នាំ​គ្នា​ហែ​ក្បួន​ទៅ​មុខ​សាលា​ខេត្ត​ស្វាយរៀង​ ដើម្បី​ស្នើ​សុំ​អភិបាល​ខេត្ត ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​ជន​ជាតិ​ចិន​តៃវ៉ាន់ ឲ្យ​ទទួល​យក​តំណាង​ពួកគេ​បី​នាក់ ​វិល​ចូល​ធ្វើ​ការ​វិញ។

តំណាង​កម្មករ​ម្នាក់​ក្នុងចំណោម​៣នាក់ ដែល​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ លោកស្រី​ ម៉ោង​ សុភី​ ប្រាប់​អាស៊ី​សេរី ថា សំណើ​សំខាន់​ចំនួន​៣​ចំណុច ដែល​ក្រុម​កម្មករ ស្នើ​សុំ​អន្តរាគមន៍​ពី អភិបាល​ខេត្ត​ស្វាយរៀង គឺ​ចង់​ឲ្យ​ភាគី​ក្រុមហ៊ុន​ ទទួល​យក​តំណាង​ពួកគេ​ចូល​ធ្វើ​ការ​វិញ គិត​ប្រាក់​ខែ​និង​ប្រាក់​បន្ថែម​លើ​ម៉ោង​ធ្វើ​ការ​ឲ្យ​កម្មករ​ ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ត្រូវ​គោរព​សិទ្ធិ​ការងារ​កម្មករ​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង។

ក្រោយ​ពី​ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​ខេត្ត​ស្វាយរៀង អស់​ពេល​ជាង​១ម៉ោង​ អភិបាល​រង​ខេត្ត លោក តូច ប៉ូលីវ៉ា និង​ប្រធានមន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង លោក ហាស់ ប៊ុនធី ចេញ​មក​ទទួល​លិខិត​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​តំណាង​កម្មករ ដែល​មាន​ផ្ដិត​ស្នាម​មេដៃ​កម្មករ​រាប់​រយ​នាក់៖ «គាត់​ឲ្យ​ខ្ញុំ​ទៅ​កន្លែង​តំបន់​វិញ។ ថ្ងៃ​ស្អែក​ម៉ោង​៨ ជួប​គ្នា​ នៅ​រោងចក្រ​ហ្នឹង​វិញ ហើយ​ពួកគាត់​ទៅ​ដោះស្រាយ​ឲ្យ។ ខ្ញុំ​ថា ទៅ​ដោះស្រាយ​យ៉ាង​មិច​លោក​ពូ បើ​លោក​ពូ​ឯង​ឡើង​ទៅ​ជាមួយ​ខ្ញុំ​ពីរ​ដង​ហើយ​ហ្នឹង​។ ដោះស្រាយ​មិន​បាន​ផង​ហ្នឹង ហើយ​អ៊ីចឹង​បាន​ពួក​ខ្ញុំ​មិន​សុខ​ចិត្ត មក​ដល់កន្លែង​ខេត្ត​ហ្នឹង​។ ហើយ​នៅ​តែ​គាត់​ដេញ​ពួក​ខ្ញុំ​ឲ្យ​ទី​កន្លែង​ហ្នឹង​វិញ​ ដដែល​។ ខ្ញុំ​អត់​យល់​អារម្មណ៍​របស់​គាត់​ទេ»

តំណាង​កម្មករ​ រូប​នេះ ប្រាប់​ថា ពេល​ពួក​គាត់​នាំ​គ្នា​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត ពួក​គាត់​បែរជា​រង​ការ​គំរាមកំហែង​ពី​ប្រធាន​មន្ទីរ​ការងារ​ខេត្ត លោក ហាស់ ប៊ុនធី ព្រមាន​ចាប់​ដាក់​គុក ​រឿង​​ដឹកនាំ​កម្មករ​ តវ៉ា​មុខ​សាលា​ខេត្ត ដែល​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍។

មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​តាម​ឃ្លាំ​មើល​ការ​ទាមទារ​របស់​កម្មករ ​ លោក សុខ ខេមរា លើកឡើង​ថា ​បញ្ហា​ដែល​ឈាន​ដល់​បញ្ឈប់​កម្មករ​តំណាង​កម្មករ​ ដោយសារ​តែ​ភាគី​ក្រុមហ៊ុន​មាន​អ្នក​មានអំណាច​នៅ​ពី​ក្រោយ​។ លោក​បន្ត​ថា រោង​ចក្រ​នេះ តែង​បញ្ឈប់​កម្មករ​ពី​ការងារ នៅ​ពេល​ពួកគេ​បន្ត​កិច្ច​សន្យា​ការងារ​ថ្មី​ ជា​កម្មករ​ពេញ​សិទ្ធិ៖ «ខ្ញុំ​គិត​ថា​រឿង​ហ្នឹង​មាន​អ្នក​កាង​នៅ​ពី​ក្រោយ​ខ្នង។ មាន​អ្នក​កាង​ដើម្បី​កុំ​ឲ្យ​ បង្កើត​សហជីព​បាន​នៅ​ក្នុង​រោង​ចក្រ​ហ្នឹង ដើម្បី​គាត់​បាត់​បង់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន តាម​ដែល​ខ្ញុំ​តាម​ដាន​កន្លង​មក។ ហើយ​ឥឡូវ​បញ្ឈប់​ថ្នាក់​ដឹកនាំ​ហើយ ក៏​មាន​ការ​បញ្ឈប់​កម្មករ​ដែរ ​ដើម្បី​បំបាក់​ស្មារតី​កម្មករ​កុំ​ឲ្យ​មាន​ការ​ទាមទារ ក៏​ដូច​ជា​កុំ​ឲ្យ​កម្មករ​ទាមទារ​លក្ខខណ្ឌ​ការងារ​អ៊ីចឹង​ណា៎»

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​បំភ្លឺ ​ពី​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង លោក ហាស់ ប៊ុនធី បាន​ទេ ដោយ​លោក​បិទ​ទូរស័ព្ទ​។ ចំណែក ​អនុ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង​ លោក អ៊ូ​ សុឃឿន អាស៊ី​សេរី ក៏​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ដែរ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ តែ​មិន​លើក​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី​៨ មករា ​តំណាង​កម្មករ​៣រូប មាន លោក ផុង មេសា លោកស្រី​ ម៉ោង សុភី និង​លោក​ស្រី ជួប​ ភារុំ ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​ផលិត​អំពូល​ភ្លើង បៃ​ហុង ខេមបូ (Bai Hong Cambo)​ បញ្ឈប់​ពី​ការងារ ​ដោយ​មិន​បញ្ជាក់​ពី​មូល​ហេតុ​​​ពិត​ប្រាកដ។ ការ​បញ្ឈប់​តំណាង​កម្មករ​នេះ​ គឺ​ក្រោយ​ពេល​ដែល​អ្នក​ទាំង​បី រួម​នឹង​កម្មករ​៩នាក់​ទៀត​ នាំ​គ្នា​ទៅ​ទីស្នាក់ការ​របស់​សហភាព​ចលនា​កម្ពុជា ដើម្បី​បង្កើត​សហជីព​ ក្នុង​រោង​ចក្រ​បៃ​ហុង ខេមបូ​ (Bai Hong Cambo) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០១៩​។ មុន​ពេល​ថៅកែ​រោង​ចក្រ​បញ្ឈប់​​ពី​ការងារ ​តំណាង​កម្មករ ប្រាប់​ថា​ ពួកគាត់​តែង​ចេញ​មុខ​ការពារ​សិទ្ធិ​ និង​ទាមទារ​អត្ថប្រយោជន៍​ការងារ​ឲ្យ​កម្មករ​ ជាច្រើន​ដង។

ក្រុម​កម្មករ​ប្រកាន់​ជំហរ​ថា ពួកគេ​នឹង​រង់ចាំ​មើល​ដំណោះស្រាយ​ពី​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​១២ មករា​ថា តើ​អាជ្ញាធរ អាច​បញ្ចប់​បញ្ហា​ការងារ រវាង​កម្មករ និង​ថៅកែ​រោងចក្រ បាន​ឬ​យ៉ាង​ណា។ ក្រុម​កម្មករ​ បញ្ជាក់​ថា បើ​សិន​ជា​គ្មាន​ដំណោះ​ស្រាយ​ដូច​តាម​ការ​ទាមទារ​ទេ នោះ​ពួកគេ​នឹង​បន្ត​ធ្វើ​កូដកម្ម​មុខ​ក្រុមហ៊ុន លុះ​ត្រា​តែ​ភាគី​ក្រុមហ៊ុន​ទទួល​តំណាង​ពួក​គេ​ចូល​ធ្វើការ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល