សមត្ថកិច្ចកម្ពុជាឱ្យដឹងថា ទាហានការពារព្រំដែនថៃបានបាញ់ពលរដ្ឋខ្មែរម្នាក់ឱ្យរបួសដោយចោទថា បានឆ្លងដែនដោយខុសច្បាប់ទៅកាប់ឈើនៅក្នុងទឹកដីថៃ។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា នេះជាទង្វើអមនុស្សធម៌ ហើយអាជ្ញាធរថៃគួរតែចាប់ខ្លួនទៅផ្ដន្ទាទោសតាមច្បាប់ មិនគួរប្រើប្រាស់អាវុធបាញ់មកលើពលរដ្ឋខ្មែរ ដែលគ្មានអាវុធនៅក្នុងដៃទេ។ បច្ចុប្បន្ន ជនរងគ្រោះដែលត្រូវរបួសត្រង់ជើងខាងស្ដាំកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នាយរងការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ នៃតំបន់យោធភូមិភាគ៥ លោក សួន សំបូរ ប្រាប់អាស៊ីសេរីថា កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ ពលរដ្ឋចំនួន ២ នាក់ បានឆ្លងដែនពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែននៅក្នុងប្រទេសថៃ ដើម្បីទៅកាប់ឈើនៅទីនោះយកមកលក់។ លោកថា ពេលទៅដល់កន្លែងកើតហេតុ ក៏បានជួបនឹងទាហានឈុតខ្មៅថៃការពារព្រំដែន ក៏បានបើកការបាញ់រះដោយកាំភ្លើងស្វ័យប្រវត្តិមកលើពលរដ្ឋខ្មែរទាំងពីរនាក់នោះ។
លោកថា ជនរងគ្រោះម្នាក់ឈ្មោះ លាន ណាត អាយុ ៣១ ឆ្នាំ ដែលត្រូវគ្រាប់កាំភ្លើងនោះ មានស្រុកកំណើតនៅភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប និងបានស្នាក់នៅបន្ទប់ជួលមួយក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖ «អាណិតដល់ពលរដ្ឋខ្លាំងដែរ។ អីចឹងហើយបានជានៅពេលដែលខ្ញុំឮព័ត៌មានហ្នឹង បានខ្ញុំចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយនាំយកត្រឡប់មកវិញ ហើយក៏បានសំណូមពរទៅឱ្យភាគីថៃ កុំប្រើអាវុធជាមួយពលរដ្ឋដែលឆ្លងដែនទៅកាប់ឈើតទៅទៀត»។
លោកបញ្ជាក់ថា កន្លងមកទាហានការពារព្រំដែនច្រើនតែចាប់ពលរដ្ឋ រួចហើយបញ្ជូនមកឱ្យអាជ្ញាធរខ្មែរវិញ។ តែទោះជាយ៉ាងណា លោកអំពាវនាវកុំឱ្យពលរដ្ឋខ្មែរបន្តឆ្លងដែនទៅក្រៅប្រទេសទៀត ព្រោះអាចប្រឈមមុខ នឹងការគ្រោះថ្នាក់នៅពេលក្រោយ។
ទាក់ទិននឹងបញ្ហានេះ អ្នកសម្របសម្រួលសមាគមអាហុកខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់លោក សំ ច័ន្ទគា ចាត់ទុកថា នេះជាទង្វើអមនុស្សធម៌ ហើយអាជ្ញាធរថៃគួរតែចាប់ខ្លួនទៅផ្ដន្ទាទោសតាមច្បាប់ មិនគួរប្រើប្រាស់អាវុធបាញ់មកលើពលរដ្ឋខ្មែរ ដែលគ្មានអាវុធនៅក្នុងដៃនោះទេ៖ «ខ្ញុំស្នើឱ្យរដ្ឋាភិបាលថៃ ណែនាំដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឱ្យបញ្ឈប់ការប្រើអាវុធ ទៅលើពលរដ្ឋ ដែលមិនមានសមត្ថភាព ក្នុងការតតាំង ឬគ្រាន់តែគ្នាឆ្លងដែនដើម្បីក្រពះ ដើម្បីការរស់តែប៉ុណ្ណឹង»។
លោក សំ ច័ន្ទគា បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលដែលកម្ពុជាកំពុងមានវិបត្តិជំងឺកូវីដ១៩ នេះ ការឆ្លងដែនដោយខុសច្បាប់របស់ពលរដ្ឋកម្ពុជាទៅកាន់ប្រទេសថៃ មានការថយចុះដោយសារតែពលរដ្ឋព្រួយបារម្ភពីការឆ្លងជំងឺ បើទោះបីជាគាត់ស្ថិតក្នុងស្ថានភាពលំបាកផ្នែកជីវភាពក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។