សិស្ស​ខ្លះ​ត្រេកអរ តែ​ខ្លះ​ទៀត​ខកចិត្ត​ដែល​ក្រសួង​អប់រំ​ឱ្យ​ជាប់​ស្វ័យប្រវត្តិ ដោយ​គ្មាន​និទ្ទេស

0:00 / 0:00

សិស្ស​ថ្នាក់​ទី​១២ មួយ​ចំនួន​ត្រេកអរ និង​មួយ​ចំនួន​ទៀត​ខកចិត្ត​ដែល​ក្រសួង​អប់រំ​បាន​សម្រេច​ឱ្យ​សិស្ស​ទាំងអស់ ជាប់​ដោយ​ស្វ័យប្រវត្តិ ដោយ​មិន​ចាំបាច់​រៀបចំ​ការ​ប្រលង តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ សិស្ស​មួយ​ចំនួន​យល់​ថា ការ​ចំណាយ​ពេល ១២​ឆ្នាំ របស់​ពួកគេ​ក្នុង​ការ​សិក្សា​ហាក់​គ្មាន​តម្លៃ ដោយសារ​សញ្ញាប័ត្រ​ហ្វ្រី​នេះ​។ សមាគម​គ្រូបង្រៀន យល់​ថា ការសម្រេច​បែបនេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​សិស្ស​ដែល​ខិតខំ​តស៊ូ​រៀន​សូត្រ និង​ទឹកចិត្ត​សិស្ស​ជំនាន់​ក្រោយ។

សិស្សានុសិស្ស​មួយ​ចំនួន​ត្រេកអរ នឹង​ការសម្រេច​របស់​ក្រសួង​អប់រំ ដែល​សម្រេច​ឱ្យ​ពួកគេ​ជាប់​ស្វ័យប្រវត្តិ ក្រោម​ហេតុផល​ថា បញ្ហា​កូវីដ​១៩​ដែល​អូស​បន្លាយ​នេះ ធ្វើ​ឱ្យ​ការសិក្សា​របស់​ពួកគេ​មិនបាន​ពេញ​លេញ។

សិស្ស​វិទ្យាល័យ ហ៊ុន សែន ស្អាង ក្នុង​ខេត្ត​កណ្តាល យុវតី ឌី ស៊ូងម៉េង ឱ្យ​អាស៊ីសេរី​ដឹង​ថា កញ្ញា​សាទរ​ដែល​រដ្ឋាភិបាល​ប្រកាស​ឱ្យ​សិស្ស​ដែល​សិក្សា​ថ្នាក់​ទី​១២ ទាំងអស់​ជាប់ ដោយ​ស្វ័យប្រវត្តិ​។ កញ្ញា​បន្ត​ថា កញ្ញា​ពុំ​សូវ​បាន​ចំណាយ​ពេល​ពេញលេញ​ក្នុង​ការ​សិក្សា​តាម​អនឡាញ​ដូច​នៅ​សាលារៀន​នោះ​ទេ៖ «មាន​អារម្មណ៍​ថា បាក់​ទឹកចិត្ត​រឿង​រៀន ដល់ពេល​គាត់​ប្រកាស​ថា បាន​ជាប់​អ៊ីចឹង​រៀង​សប្បាយចិត្ត​បន្តិច ព្រោះ​ឥឡូវ​រៀង​បាក់​ទឹកចិត្ត​ដែរ អត់​សូវ​មើល​មេរៀន​អត់​សូវ​អី​។ រឿង​រៀន​ហ្នឹង រៀន​បាន​តិច អ្នកខ្លះ​នៅផ្ទះ​អត់​សូវ​បាន​រៀន ដូច​ខ្ញុំ​អី​នៅផ្ទះ​ជួយ​ការងារ អ៊ីចឹង​ទៅ​នៅផ្ទះ​វា​មាន​រឿង​ច្រើន​អត់​សូវ​បាន​រៀន»។

ចំណែក សិស្ស​ថ្នាក់​ទី​១២ ម្នាក់ទៀត​នៅ ខេត្ត​កណ្តាល យុវជន ឡាយ លីហូរ រៀបរាប់​ថា លោក​អាច​ទទួល​យក​បាន​ចំពោះ​ការ​សម្រេច​របស់​ក្រសួង ដោយសារ​លោក បាន​បញ្ចេញ​សមត្ថភាព​របស់​លោក នៅ​ពេល​ប្រលង​ឆមាស​រួច​មក​ហើយ៖ «គេ​ធ្វើ​បែបនេះ ក៏​ព្រោះតែ​គេ​ចង់​កុំ​ឱ្យ​មាន​ការ​រីក​រាលដាល​ក៏ដូចជា​ឆ្លង​ជំងឺ​កូវីដ ហើយ​ខ្ញុំ​ក៏​ចង់​ប្រាប់​ពួកគាត់​ថា ធ្វើ​​អ៊ីចឹង​ហើយ បើ​សមត្ថភាព​យើង​មាន ក៏ដូចជា​យើង​ដឹង​ថា សមត្ថភាព​យើង យើង​អាច​បញ្ចេញ​នៅ​ពេល​ឆមាស​ហើយ យើង​ក៏​ព្រម​ទទួលស្គាល់​ទៅ ព្រោះ​អី​សង្គម​យើង​សព្វថ្ងៃ​កំពុង​ជួប​ការ​លំបាក ហើយ​យើង​កុំ​ភ្លេច​នូវ​ការថែទាំ​សុខភាព កុំ​ធ្វេសប្រហែស​ជាមួយ​ហ្នឹង​ជំងឺ​នេះ​ឱ្យ​សោះ»។

ទោះជា​យ៉ាងណា មាន​សិស្ស​ខ្លះ​ក៏​ខកចិត្ត​ដែរ​ចំពោះ​ការ​សម្រេច​ឱ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​នេះ ព្រោះ​ពួកគេ​បាន​ប្រឹងប្រែង​សិក្សា​ជា​យូរ​មក​ហើយ សម្រាប់​ការ​ប្រឡង​នេះ។

យុវ​សិស្ស លោក កូប ណាលីន នៅ​ខេត្ត​តាកែវ ថ្លែង​ថា សញ្ញាប័ត្រ​ដែល​ទទួល​បាន​ដោយ​មិន​ឆ្លងកាត់​ការ​ប្រឡង​នេះ គឺជា​ការ​ប៉ះទង្គិច​ដ៏​ធ្ងន់ធ្ងរ​មួយ ព្រោះ​សិស្ស​នឹង​មាន​ភាព​ខ្មាសអៀន​នៅ​ពេល​នរណា​ម្នាក់​សួរនាំ​ពួកគេ ហើយ​បង្កើត​ឱ្យ​មានការ​រើសអើង និង​បាក់​ទឹកចិត្ត​ក្នុង​ការ​បន្ត​ការសិក្សា​ជាដើម​។ ម្យ៉ាងទៀត លោក​ថា ការ​សម្រេច​បែបនេះ ក៏​អយុត្តិធម៌​សម្រាប់​សិស្ស​ដែល​ប្រឹងប្រែង​រៀនសូត្រ​ដែរ ព្រោះ​ពួកគេ​ទទួល​បាន​សញ្ញាប័ត្រ​ដែល​គ្មាន​និទ្ទេស ដូចគ្នា​នឹង​សិស្ស​ដែល​មិន​ប្រឹង​រៀន​យ៉ាង​ដូច្នេះ​ដែរ៖ «​ខ្ញុំ​គិត​ថា ការ​ប្រលង​ទុតិយភូមិ​ដែល​ប្រលង​នៅ​តាម​សាលា​ខ្លួនឯង វា​ក៏​ជា​ជម្រើស​ល្អ​មួយ​ដែរ សម្រាប់​ការ​ទប់ទល់​ជាមួយ​នឹង​កូវីដ យើង​អាច​ដាក់​បេក្ខជន​ឱ្យ​តិច​ជាង​មុន​ក៏​វា​ជា​ចំណុច​ល្អ​មួយ​ដែរ សម្រាប់​ការ​ទប់ទល់​ជាមួយ​នឹង​កូ​វីដ​១៩ ហើយ​សញ្ញាប័ត្រ​នៅតែ​អាច​រឹត​បន្តឹង​ទៅលើ​វិញ្ញាសា​ប្រលង ដើម្បី​ជ្រើសរើស​សមត្ថភាព​អ្នកមាន​សមត្ថភាព​ពិតប្រាកដ ដើម្បី​យក​មក​កាន់​សញ្ញាប័ត្រ​ដែល​ចេញ​ដោយ​ក្រសួង​អប់រំ​។ ព្រោះ​សញ្ញាប័ត្រ​មួយ​សន្លឹក វា​មិន​អាច​ធ្លាក់​ដល់ដៃ​មនុស្ស​ដែល​មិន​សរសេរ​អក្សរ ក ដល់ អ ចប់​ទេ គឺ​វា​ធ្លាក់​ទៅដល់​មនុស្ស​ដែល​មាន​ចំណេះដឹង​ពិតប្រាកដ និង​អាច​យក​ទៅ​ប្រើប្រាស់​តាម​តំរូវ​ការ​នូវ​ចំណេះដឹង​ដែល​គេ​មាន ចំណេះដឹង​ដែល​សម​នឹង​សញ្ញាប័ត្រ​នោះ»។

ស្រដៀង​គ្នា​នេះ សិស្ស​ថ្នាក់​ទី​១២ ម្នាក់ទៀត​នៅ​ខេត្ត​ក្រចេះ យុវតី មុនីរ័ត្ន ម៉ូនី​កា បង្ហាញ​ការ​សោកស្តាយ​ថា កញ្ញា​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ក្នុង​ការសិក្សា​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ត្រៀម​ប្រលង ទោះបីជា​កម្ពុជា​មាន​វិបត្តិ​នៃ​ជំងឺ​នេះ​ក៏ដោយ​។ កញ្ញា​បន្ត​ថា កញ្ញា​បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការ​ប្រលង ហើយ​ជឿជាក់​យ៉ាង​មុតមាំ​ថា នឹង​អាច​យក​បាន​និទ្ទេស​ខ្ពស់ ប៉ុន្តែ​បែរជា​ពេល​នេះ ទទួល​សញ្ញាប័ត្រ​ដែល​គ្មាន​និទ្ទេស​ទៅ​វិញ៖ « យល់​ឃើញ​ថា បើសិនជា​ឱ្យ​ជាប់​ស្វ័យប្រវត្តិ​​អ៊ីចឹង យើង​អត់​ដឹង​ថា សមត្ថភាព​យើង​ម៉េច ហើយ​ទៅ​ខ្លាច​ពេល​ដែល​យើង​ដាក់ពាក្យ​ធ្វើការ​អីចឹង គេ​អត់​ទទួល​យើង​។ សោកស្ដាយ​សម្រាប់​អ្នក​ដែល​គាត់​ប្រឹង​រៀន ហើយ​គាត់​សង្ឃឹម​បាន​និទ្ទេស​ល្អៗ​អីចឹង ដល់ពេល​អ្នក​ដែល​អត់​បាន​រៀន ដល់ពេល​ឱ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​អ៊ីចឹង មាន​អារម្មណ៍​ថា អាណិត​អ្នក​ខំ​រៀន​ណាស់ ព្រោះ​គាត់​សង្ឃឹមថា គាត់​បាន​និទ្ទេស​ល្អៗ អាច​ៗ​បាន​ដល់​និទ្ទេស A ទៀត»។

រីឯ សិស្ស​ថ្នាក់​ទី​១២ ម្នាក់ទៀត​នៅ​ខេត្ត​ព្រៃវែង ថ្លែង​ថា សញ្ញាប័ត្រ​នេះ គ្មាន​តម្លៃ​សម្រាប់​កញ្ញា​នោះ​ទេ ព្រោះ​កញ្ញា​បាន​ប្រឹងប្រែង​សិក្សា​អស់​រយៈពេល ១២​ឆ្នាំ ដោយ​ចំណាយ​ថវិកា​អស់​ជាច្រើន​ទៅលើ ការ​រៀន​បំប៉ន រួម​ទាំង​ការជួល​បន្ទប់​នៅ​ក្បែរ​មណ្ឌល​ប្រលង​ជាដើម​។ កញ្ញា​លើកឡើង​ថា ការ​ទទួល​បាន​សញ្ញាប័ត្រ​ងាយៗ​បែបនេះ នឹង​ធ្វើ​ឱ្យ​កញ្ញា​បាត់បង់​ឱកាស​ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍ ដើម្បី​បន្ត​ការសិក្សា​បន្ថែម​ទៀត ហើយក៏​មាន​ភាព​ខ្មាសអៀន​ចំពោះ​អ្នកដទៃ​ដែរ៖ «ខ្ញុំ​ប្រឹង​រៀន​តាំងពី​ថ្នាក់​ទី​១០ មិនមែន​ត្រឹមតែ​ដើម​ឆ្នាំ​ថ្នាក់​ទី​១២​ទេ បើ​និយាយ​ពី​សាច់​រៀន​គួរ​ហ្នឹង ខ្ទង់​ម៉ឺន​ដុល្លារ​ហ្មង​បង រៀន​ច្រើន​មែនទែន​។ ទី​១ ថ្លៃ​រៀន​គួរ ទី​២​ថ្លៃ​សាំង​ម៉ូតូ ព្រោះ​ផ្ទះ​ខ្ញុំ​ឆ្ងាយ​ពី​សាលា ឆ្ងាយ​ពី​កន្លែង​រៀន​អ៊ីចឹង​បង ហើយ​ពួក​ខ្ញុំ​បើ​និយាយ​ពី​អា​រឿង​លុយ​ហ្នឹង វា​ខ្លាំង​ហើយ អ្វី​ដែល​ខ្លាំង​ទៀត គឺ​ការ​តស៊ូ អា​ឆន្ទៈ​ដែល​យើង​ចង់បាន​និទ្ទេស​ល្អ ហើយ​ដល់ពេល​ទៅជា​អ៊ីចឹង​វិញ​បង ហើយ​មួយវិញទៀត អន់ចិត្ត​ខ្លាំង​បំផុត គឺ​សូម្បីតែ​អ្នក​ដែល​គាត់​អត់​ដែល​ចូល​រៀន អ្នក​ដែល​គាត់​អត់​ខំប្រឹង​រៀន បែរជា​មក​ជាប់​ដែរ គឺ​ពិបាក​មែនទែន​បង ពិបាកធ្វើ​ចិត្ត​ណាស់»។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ឱ្យ​សិស្ស​ថ្នាក់​ទី​១២ និង​ទី​៩ ដែល​បាន​ចុះឈ្មោះ​ប្រលង​ទាំងអស់ ឱ្យ​ជាប់​ជា​ស្ថាពរ ដោយ​គ្មាន​ការកំណត់​និទ្ទេស​នោះ​ទេ​។ តាមពិត​ក្រសួង​អប់រំ​គ្រោង​រៀបចំ​ការ​ប្រឡង​បាក់​ឌុប​នេះ នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០២១ ខាងមុខ ប៉ុន្តែ​ក្រសួង​លុបចោល​ការ​ប្រឡង​នេះ​វិញ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៥ ធ្នូ​ថា លោក​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រឡង​នោះ​ឡើយ ព្រោះ​លោក​បារម្ភ​ខ្លាច​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​។ លោក​បាន​ប្រាប់​ឱ្យ​ក្រសួង​អប់រំ​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី​១២ ជាប់​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ពួកគេ​ចូលរៀន​នៅ​ថ្នាក់​ឧត្ដម​សិក្សា​បន្ត​ទៀត៖ «​លោក​ឯង​យក​តែ​ពី​រឿង​វិស័យ​អប់រំ​មួយ​យក​មក​គិត អត់​មាន​គិត​ដល់​ប្រជាជន​ទូទៅ តើ​ឱ្យ​ខ្ញុំ​ទទួល​ម៉េច​បាន​ ? ក្នុង​ឋានៈ​ខ្ញុំ​ជា​មេដឹកនាំ​ប្រទេស ទទួលខុសត្រូវ​ចំពោះ​មុខ​សភា ហើយក៏​ជា​ការ​ទទួលខុស​ត្រូវ​ចំពោះ​ព្រះភក្ត្រ​ព្រះមហាក្សត្រ ទុក​ឱ្យ​កូន​គេ​ងាប់​ឆ្លង​ពេញ​ទឹក​ពេញ​ដី ពេញ​ហ្នឹង ដោយសារតែ​អា​រឿង​អស់លោក​ធ្វើ​ដោយ ដូច្នេះ​ខ្ញុំ​ត្រូវ​មាន​សិទ្ធិ​អារកាត់។ ខ្ញុំ​អត់​ឱ្យ​ប្រលង​ទេ នៅ​ថ្ងៃ​ទី​១១ ខ្ញុំ​អត់​ឱ្យ​ប្រលង​ទេ ខ្ញុំ​ប្រកាស​ពី​ឥឡូវ»។

អង្គការ​សង្គម​ស៊ីវិល គ្រូ​បង្រៀន និង​សាធារណជន​មួយ​ចំនួន បាន​ផ្ទុះ​ការរិះគន់​ចំពោះ​ប្រសាសន៍​បែបនេះ​របស់​លោក ហ៊ុន សែន។ ពួកគេ​ថា ក្នុងនាម​ជា​មេដឹកនាំ​នយោបាយ លោក ហ៊ុន សែន មិន​គួរ​ជ្រៀតជ្រែក​ការងារ​របស់​ស្ថាប័ន​អប់រំ​នោះ​ទេ ព្រោះ​ជាច្រើន​ឆ្នាំ​មកនេះ ក្រសួង​អប់រំ​កំពុង​អនុវត្ត​កម្មវិធី​កំណែទម្រង់​គុណភាព​អប់រំ ដោយ​កំណត់​ថា អ្នកចេះ​គឺ​ជាប់​។ ប៉ុន្តែ ការប្រកាស​របស់​លោក ហ៊ុន សែន នេះ បាន​ធ្វើ​ឱ្យ​សិស្ស​ដែល​មិន​ប្រឹងប្រែង​រៀន​សូត្រ​បាន​ជាប់​ដោយ​ស្វ័យប្រវត្តិ​។ ម្យ៉ាងវិញទៀត ករណី​នេះ​នឹង​ប៉ះពាល់​ទៅដល់​ការ​ទទួល​បាន​អាហារូបករណ៍​របស់​សិស្ស​នៅ​ថ្នាក់​ឧត្តមសិក្សា និង​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស ដែល​ជា​ក្តី​បំណង​ដ៏​ធំ​សម្រាប់​សិស្ស​ថ្នាក់​ទី​១២។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​សាទរ​ចំពោះ​ការប្រកាស​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​អប់រំ​នោះ​ទេ​។ អ្នកស្រី​បន្ត​ថា ការប្រកាស​បែបនេះ​ជា​សំណាង​របស់​សិស្ស​ដែល​មិន​ខិតខំ​សិក្សា តែ​ជា​បញ្ហា​របស់​សិស្ស​ដែល​តស៊ូ​ពិតប្រាកដ​ក្នុង​ការ​សិក្សា និង​ចំណាយ​អស់ទាំង​ថវិកា​ជាច្រើន​ផង​ដែរ​។ អ្នកស្រី​លើកឡើង​ថា ការប្រកាស​បែបនេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ចំពោះ​សិស្ស​ជំនាន់​ក្រោយៗ​ទៀត​។ អ្នកស្រី​នៅតែ​ទទូច​ឱ្យ​លោក ហ៊ុន សែន និង​ក្រសួង​អប់រំ​ពិចារណា​ម្តង​ទៀត​នូវ​វិធានការ​ដែល​ខ្លួន​បាន​ដាក់​ចេញ​មក​នេះ និង​ស្នើ​ឱ្យ​កែប្រែ​ដោយ​ឱ្យ​មាន​ការ​ប្រលង​ឡើងវិញ៖ «នេះ​ជា​ភ័ព្វសំណាង​ដល់​សិស្ស​ដែល​អត់​បាន​រៀន​សោះ ហើយ​ពួកគាត់​អត់​បាន​ខិតខំ​សិក្សា​ក៏​ជាប់​ស្វ័យប្រវត្តិ (Authomatics) ហ្នឹង​ណា៎​ ! ក្រសួង​អប់រំ ឬក៏​នាយករដ្ឋមន្ត្រី​ពិចារណា​ម្តង​ទៀត​នូវ​អ្វី​ដែល​កំពុងតែ​ធ្វើ​នេះ​។ យើង​ចង់​ឱ្យ​មានការ​ប្រកួតប្រជែង​គ្នា​ក្នុង​កា​រប្រលង​ទោះបី​តាម​រូបភាព​នៅ​តាម​សាលា តាម​ស្រុក តាម​ខេត្ត​ក៏ដោយ គួរតែ​យើង​មានកម្ម​វិធី​ប្រលង ប្រកួតប្រជែង​គ្នា ដើម្បី​យក​ថ្វីដៃ​រៀងខ្លួន នេះ​បាន​ល្អ​ប្រសើរ បើសិនជា​ជាប់​ដោយ​មិនបាច់​ប្រលង ជាប់​ដោយ​អី​អ៊ីចឹង ខ្ញុំ​គិត​ថា ខ្ញុំ​មិន​គាំទ្រ​ទេ ខ្ញុំ​និយាយ​ដោយ​ខ្លី​ថា ខ្ញុំ​មិន​គាំទ្រ»។

ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០ នេះ បេក្ខជន​ដែល​ត្រូវ​ប្រឡង​បាក់​ឌុប មាន​ចំនួន​ជាង ១២​ម៉ឺន​នាក់​(១២១.២០១) ក្នុង​នោះ​បេក្ខនារី​មាន​ជាង ៦​ម៉ឺន​នាក់ (៦៣.៩៣៧)​។ អ្នកនាំពាក្យ​ក្រសួង​អប់រំ​អះអាង​ថា ក្រសួង​នឹង​ផ្ដល់​ព័ត៌មាន​អំពី​ទិដ្ឋភាព​នានា​ពាក់ព័ន្ធ​នឹង​រឿង​សិស្ស​ថ្នាក់​ទី​១២ នេះ​បន្ត​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​បាន​សម្រេច​ឱ្យ​ពួកគេ​ជាប់​ជា​ស្វ័យប្រវត្តិ ដោយ​គ្មាន​និទ្ទេស​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។