អ្នកឃ្លាំមើលសង្គមចាត់ទុកតែងតាំងទីប្រឹក្សាច្រើននាំឲ្យខ្ជះខ្ជាយថវិកាជាតិ
2018.12.20

អ្នកសិក្សាការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី លើកឡើងថា ការតែងតាំងមន្ត្រី និងទីប្រឹក្សាជាច្រើនរបស់ រដ្ឋាភិបាលគឺជាការចែកតួនាទីគ្នាធ្វើការ ដែលនាំអោយមានការខ្ជះខ្ជាយថវិកាជាតិ។
ការលើកឡើងនេះគឺនៅពេលដែលព្រះករុណាព្រះបរមនាថ នរោត្ដម សីហមុនី កាលពីថ្ងៃទី១៣ ធ្នូ បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈដល់មន្ត្រីក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ចំនួន ៦៥រូប ទៅតាមការស្នើរបស់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន។
ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ជាស្ថាប័នមួយនៃគណៈរដ្ឋមន្ត្រី ដែលត្រូវបង្កើតឡើងកាលពីឆ្នាំ២០០៩។ ការបង្កើតស្ថាប័ននេះក៏មានការរិះគន់ដែរថាបង្កើតអោយមានស្ថាប័នដែលមានតួនាទីជាន់គ្នានឹងស្ថាប័នជាតិ ឬក្រសួងមន្ទីរ ដែលមានស្រាប់។
លោក មាស នី មានមន្ទិលសង្ស័យពីការប្រើប្រាស់ថវិកាជាតិ នៅពេលដែលមានការតែងតាំងមន្ត្រីក្នុងជួរអ្នកដឹកនាំច្រើនលើសលប់ ឬដែលអាចហៅបានរដ្ឋាភិបាលក្បាលធំ។ «»
សមាសភាពនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលទើបបានតែងតាំងមានឋានៈទេសរដ្ឋមន្ត្រីចំនួន២រូប ឋានៈស្នើរដ្ឋមន្ត្រី ១៤រូប រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ៤៩នាក់។
រដ្ឋាភិបាលក៏ទើបបានតែងតាំងទីប្រឹក្សាក្រសួងការងារចំនួនជាង ១រយនាក់ បន្ថែមទៅលើការតែងតាំងទីប្រឹក្សារាប់មិនអស់ សម្រាប់នាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងបណ្ដាក្រសួងស្ថាប័នជាច្រើនទៀតរួចមកហើយ ហើយករណីនេះក៏ត្រូវបានរិះគន់ហូរហែថា ជាការខ្ជះខ្ជាយថវិកាជាតិដែរនោះ៕