ពលរដ្ឋ​និង​អាជីវករ​នៅ​កោះ​រ៉ុង​និង​ក្រុង​ព្រះសីហនុ​សោកស្ដាយ​ការ​បាត់បង់​បណ្ឌិត កែម ឡី

ដោយ ដែន អយុធ្យា
2016.07.18
យូ វាសនា អាជីវករ​ខេត្ត​ព្រះសីហនុ ២០១៦ ៨៥៥ ពលរដ្ឋ និង​ជា​អាជីវករ​ខេត្ត​ព្រះសីហនុ លោក យូ វាសនា ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា។

ប្រជាពលរដ្ឋ និង​អាជីវករ​មាន​ទីលំនៅ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​នៅ​លើ​កោះ​រ៉ុង ជាដើម បង្ហាញ​អារម្មណ៍​ក្រៀមក្រំ និង​សោកស្ដាយ​មិន​ដាច់​ពី​មាត់​អំពី​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ថា​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដែល​ហ៊ាន​រិះគន់​ចំៗ​ទៅ​លើ​ចំណុច​អវិជ្ជមាន ដែល​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន។

ពលរដ្ឋ​រស់​នៅ​លើ​កោះ​រ៉ុង ក្រុង​ព្រះសីហនុ មួយ​ចំនួន​ដែល​ធ្លាប់​ជួប​លោក កែម ឡី ពេល​ធ្វើ​ដំណើរ​ចុះ​ទៅ​ស្រាវជ្រាវ​អំពី​ប្រវត្តិ​កោះ​មួយ​ចំនួន​នៅ​លើ​កោះ​រ៉ុង នា​ពេល​កន្លង​ទៅ បាន​ចាត់​ទុក​ការ​ស្លាប់​របស់​អ្នក​វិភាគ​សង្គម​រូប​នេះ ថា​ជា​ការ​បាត់បង់​អ្នក​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ហើយ​ដែល​ហ៊ាន​លើក​យក​ភាព​អវិជ្ជមាន​ដែល​កើត​មាន​នៅ​ក្នុង​សង្គម មក​លាត​ត្រដាង​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ការ​ពិចារណា។

ពលរដ្ឋ​កោះ​រ៉ុង បាន​ហៅ​លោក កែម ឡី ថា​ជា​វីរជន​ស្នេហា​ជាតិ ស្នេហា​ទឹក​ដី និង​បាន​បណ្ដុះ​គំនិត​តាម​រយៈ​ការ​វិភាគ​របស់​លោក ជូន​ដល់​ប្រជាពលរដ្ឋ ពិសេស​ក្រុម​យុវជន​ឲ្យ​ចេះ​ស្រឡាញ់​ទឹក​ដី ឬ​ធនធាន​ធម្មជាតិ ហើយ​រួម​សហការ​គ្នា​ការពារ​កុំ​ឲ្យ​បាត់បង់។

ចំណែក​អាជីវករ​លក់​ដូរ​ម្ហូប​អាហារ​សមុទ្រ​នៅ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ លោក គឹម ប៊ុនធឿន ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ និង​អាជីវករ​ច្រើន​ទៀត ក៏​បង្ហាញ​ការ​សោកស្ដាយ​ការ​បាត់បង់​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ លោក កែម ឡី។ លោក​ចាត់​ទុក​ការ​ស្លាប់​នេះ ថា​ជា​ការ​បាត់បង់​វីរជន​ស្នេហា​ជាតិ​ពិត​ប្រាកដ​របស់​កម្ពុជា ដែល​ហ៊ាន​និយាយ​រិះគន់​មិន​សំចៃ​មាត់​អំពី​ចំណុច​ខ្វះខាត​កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា។ អាជីវករ​រូប​នេះ​ទទូច​ដល់​សមត្ថកិច្ច​រដ្ឋាភិបាល ត្រូវ​នាំ​ខ្លួន​ឃាតក​ពិត​ដែល​បាន​បាញ់​សម្លាប់​លោក កែម ឡី មក​ផ្ដន្ទាទោស​តាម​ច្បាប់ ព្រោះ​តាម​ការ​កត់​សម្គាល់ ឃាតកម្ម​ជាច្រើន​ករណី​កន្លង​មក សមត្ថកិច្ច​ចាប់​បាន​តែ​ឃាតក​សិប្បនិម្មិត​ទេ មាន​ដូចជា ឃាតក​បាញ់​សម្លាប់​លោក ជា វិជ្ជា មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា ជាដើម៖ «លោក​បណ្ឌិត កែម ឡី បាន​ផ្តល់​វិភាគ​នូវ​ការ​ពិត​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម​ជាតិ មិន​គួរ​ត្រូវ​បាត់បង់​ជីវិត​ពេល​នេះ​ទេ។ ខ្ញុំ​សោកស្ដាយ​ខ្លាំង​ណាស់​ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ ហ៊ាន​និយាយ​ការ​ពិត ដើម្បី​កែលំអ​សង្គម​កម្ពុជា»

ស្រដៀង​គ្នា​ដែរ ប្រជាពលរដ្ឋ និង​ជា​អាជីវករ​ម្នាក់​ទៀត​នា​ខេត្ត​ព្រះសីហនុ លោក យូ វាសនា ក៏​បាន​ថ្កោលទោស​ទៅ​លើ​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នេះ​ដែរ ហើយ​ស្នើ​ឲ្យ​សមត្ថកិច្ច​វែក​រក​មុខ​ជន​ដៃ​ដល់​ពិត​ប្រាកដ​យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ។ ពលរដ្ឋ​រូប​នេះ​បាន​ផ្តល់​តម្លៃ​ខ្ពស់​ដល់​ចំណេះ​វិជ្ជា និង​សកម្មភាព​ការងារ​របស់​លោក កែម ឡី ចំពោះ​បុព្វហេតុ​សង្គម​ជាតិ និង​រួម​ចំណែក​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា។ ជាង​នេះ​ទៀត រាល់​ការ​វិភាគ​របស់​បណ្ឌិត​រូប​នេះ​ទៅ​លើ​បញ្ហា​ផ្សេងៗ ឬ​ចំណុច​អវិជ្ជមាន​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា គឺ​បង្ហាញ​ការ​ពិត​ជាក់ស្តែង ដែល​ខុស​ប្លែក​ពី​បណ្ឌិត​ភាគ​ច្រើន ត្បុល​ក្បាល​នៅ​ក្នុង​ស្នូក​ដូច​សត្វ​អណ្ដើក ដើម្បី​សន្សំ​សុខ និង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

យុវជន យូ វាសនា បាន​ចាត់​ទុក​លោក កែម ឡី ថា​ជា​វីរជន​ស្នេហា​ជាតិ​ពិត​ប្រាកដ ដែល​ហ៊ាន​និយាយ​ការ​ពិត ដើម្បី​ផ្តល់​ជា​គំនិត​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ពិចារណា ហើយ​ឲ្យ​ចូលរួម​ជំរុញ​ឲ្យ​សង្គម​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ៖ «ទស្សនៈ​វិភាគ​របស់​បណ្ឌិត កែម ឡី គឺ​ដើម្បី​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​កែ​តម្រូវ​ទៅ​លើ​ចំណុច​អវិជ្ជមាន​ផ្សេងៗ ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ឈាន​ដល់​កែលំអ​ឲ្យ​បាន​ប្រសើរ​ឡើង ឲ្យ​ស្រប​តាម​តម្រូវ​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ទូទៅ»

មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក អ៊ុប សុវណ្ណចាន់ថន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក អ៊ុប សុវណ្ណចាន់ថន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

ចំណែក​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក អ៊ុប សុវណ្ណចាន់ថន ក៏​បាន​ចាត់​ទុក​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត កែម ឡី ថា​ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​អ្នក​ហ៊ាន​រិះគន់​នូវ​ចំណុច​អវិជ្ជមាន ឬ​ភាព​អសកម្ម​ផ្សេងៗ​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន។ លោក ចាន់ថន មាន​ការ​រន្ធត់​ចិត្ត​កាល​បើ​ទទួល​បាន​ដំណឹង​មក​ថា មាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក កែម ឡី កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា។ លោក​បាន​ហៅ​លោក កែម ឡី ថា​ជា​វីរជន​ស្នេហា​ជាតិ និង​ជា​បុគ្គល​ម្នាក់​បាន​រួម​ចំណែក​ជំរុញ​លើក​ស្ទួយ​ឲ្យ​សង្គម​កម្ពុជា មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ តាម​រយៈ​ការ​បណ្ដុះ​គំនិត​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ពិសេស​បណ្ដុះ​គំនិត​ក្រុម​យុវជន​ឲ្យ​ចេះ​ស្រឡាញ់ និង​ចូលរួម​ការពារ​ទឹក​ដី និង​ធនធាន​ធម្មជាតិ​កុំ​ឲ្យ​បាត់បង់៖ «ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី គឺ​ជា​ការ​ប្រហារ​មួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ការ​ភ្ញាក់​ផ្អើល និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​វីរជន​ស្នេហា​ជាតិ​ម្នាក់ ដែល​ហ៊ាន​រិះគន់​ចំៗ​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ព្រម​ទាំង​ភាព​អសកម្ម​ផ្សេងៗ​របស់​រដ្ឋាភិបាល​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន»

មិន​មែន​មាន​តែ​មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ ឬ​អាជីវករ​ខេត្ត​ព្រះសីហនុ នោះ​ទេ​ដែល​សោកស្ដាយ​ការ​បាត់បង់​បណ្ឌិត កែម ឡី សូម្បី​មន្ត្រី​រាជការ​ស្ថិត​ក្នុង​ស្ថាប័ន​ប្រដាប់​អាវុធ និង​បុគ្គលិក​រដ្ឋ​មួយ​ចំនួន​ក្រោម​ឱវាទ​ខេត្ត​ទេសចរណ៍​ជាប់​សមុទ្រ​មួយ​នេះ ក៏​សោកស្ដាយ​ដូច​គ្នា​ដែរ។ ប៉ុន្តែ​ពួក​គេ​មិន​ហ៊ាន​ផ្តល់​បទសម្ភាសន៍​ជា​សំឡេង និង​ចេញ​ជា​រូបថត ឬ​រូប​វីដេអូ​ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី ប្រចាំ​ការ​នៅ​មូលដ្ឋាន​នេះ​ទេ ដោយ​ខ្លាច​គេ​លាប​ពណ៌ និង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។

ករណី​ឃាតកម្ម​នេះ មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​និយាយ​ថា កាល​លោក កែម ឡី នៅ​មាន​ជីវិត លោក​បាន​គាំទ្រ​រាល់​ការ​វិភាគ​ចំៗ​ទៅ​លើ​ចំណុច​អវិជ្ជមាន​ផ្សេង​ដែល​កើត​មាន​នៅ​កម្ពុជា ថា​វិភាគ​ចំៗ​គោលដៅ និង​ហ៊ាន​និយាយ​ការ​ពិត ដោយ​មិន​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ទេ។ ជាង​នេះ ពួក​គេ​ក៏​គាំទ្រ​រាល់​សកម្មភាព​ចុះ​ស្រាវជ្រាវ​ដល់​មូលដ្ឋាន​របស់​លោក​បណ្ឌិត កែម ឡី ទៅ​លើ​ភាព​មិន​ប្រក្រតី ឬ​បញ្ហា​ផ្សេងៗ​ទៅ​ដល់​ទីតាំង​ជាក់ស្តែង ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន មុន​នឹង​ធ្វើ​អត្ថាធិប្បាយ ឬ​ផ្តល់​ការ​វិភាគ​ទៅ​លើ​ចំណុច​អសកម្ម​ទាំង​នោះ។

លោក​បណ្ឌិត កែម ឡី ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ក្នុង និង​ក្រៅ​ស្រុក ឲ្យ​តម្លៃ​ថា ជា​អ្នក​វិភាគ​ឯករាជ្យ។ លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ក្នុង​ហាង​លក់​ទំនិញ​ស្ដារ​ម៉ាត (Star Mart) មួយ​កន្លែង​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្បែរ​ភ្លើង​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ ភ្លាមៗ​ក្រោយ​ហេតុការណ៍​បាញ់​សម្លាប់ សមត្ថកិច្ច​បាន​ចាប់​ជន​សង្ស័យ​មួយ​រូប​ដែល​អះអាង​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី។ បណ្ឌិត កែម ឡី ដែល​ទទួល​មរណភាព​ក្នុង​វ័យ ៥០​ឆ្នាំ លោក​បាន​បន្សល់​ទុក​កូន​ប្រុស​ចំនួន ៤​នាក់ និង​ប្រពន្ធ​កំពុង​មាន​ផ្ទៃពោះ ៥​ខែ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក កែម ឡី ត្រូវ​បាន​សាធារណជន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ភាគ​ច្រើន​ស្គាល់​លោក​តាម​រយៈ​ការ​ចូលរួម​ជា​វាគ្មិន​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន ដោយ​វិភាគ​វែក​ញែក​លើ​បញ្ហា​សង្គម បញ្ហា​សិទ្ធិ​មនុស្ស ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ជាដើម។ លោក កែម ឡី គឺ​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ដែល​មាន​ថ្វី​មាត់ មាន​ទេពកោសល្យ​ក្នុង​ការ​ពន្យល់ និយាយ​រិះគន់​ចំៗ​ឥត​សំចៃ​មាត់​លើ​ចំណុច​អសកម្ម និង​អវិជ្ជមាន​របស់​រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ចុង​ក្រោយ​ដែល​លោក​ចូលរួម គឺ​និយាយ​អំពី​របាយការណ៍​របស់​អង្គការ គ្លបល វីនេស (Global Witness) រិះគន់​ត្រកូល "ហ៊ុន"

បច្ចុប្បន្ន សព​លោក​បណ្ឌិត កែម ឡី បាន​តម្កល់​ទុក​ក្នុង​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​ជាប់​មិន​ដាច់​គិត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។