ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​ជនជាតិ​ចិន​បង្ក​បញ្ហា​អសន្តិសុខ​សង្គម​ក្នុង​អំឡុង​ពិធី​ចូល​ឆ្នាំ​ខ្មែរ

0:00 / 0:00

ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​នៅ​តាម​ទី​សាធារណៈ ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​ក្នុង​ឱកាស​ពិធី​ចូលឆ្នាំខ្មែរ​ខាងមុខ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ពួក​គាត់​សង្កេតឃើញ​ថា ជនជាតិ​ចិន​មួយ​ចំនួន​សុទ្ធ​សឹងតែ​មាន​កាំភ្លើង​កាន់កាប់​ក្នុង​ដៃ​ដោយ​សេរី​ និង​បាញ់​បោះ​គ្នា​តាម​ទំនើង​ចិត្ត​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ផ្នែក​សន្តិសុខ​សង្គម​ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ម្ចាស់​ស្រុក។

ប្រជាពលរដ្ឋ​ និង​មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​លើ​ជន​ជាតិ​ចិន​ណា​ដែល​មាន​ចរិត​កោងកាច បង្ក​បញ្ហា​តាម​សាធារណៈ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស។ ពួកគេ​រិះគន់​ថា​ អាជ្ញាធរ​អាច​ជាប់ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ទើប​ធ្វើ​ឱ្យ​ជន​ជាតិ​ចិន​មិន​ខ្លាច​ច្បាប់​នៅ​កម្ពុជា ហើយ​ថែម​ទាំង​មាន​កាំភ្លើង​ក្នុង​ដៃ​ចាញ់​បោះ​តាម​ទំនើង​ចិត្ត។

ពលរដ្ឋ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ កញ្ញា សូរ មេត្ដា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១១ ខែមេសា​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ មាន​ជន​ជាតិ​ចិន​ច្រើន​នឹង​ប្រមូល​ផ្ដុំ​គ្នា​ជួបជុំ​ស៊ី​ផឹក​នៅ​តាម​ទី​សាធារណៈ និង​ក្នុង​ហាង​នានា ក្នុង​ក្រុង​ភ្នំពេញ។ កញ្ញា​សង្កេត​ឃើញ​ថា ការណ៍​ដែល​ជន​បរទេស​ទាំង​នោះ​ជួបជុំ​គ្នា​ច្រើន​កុះករ ការ​បង្ក​ជម្លោះ​រហូត​មាន​ការ​ផ្ទុះ​អាវុធ​ក៏​កើត​មាន​ឡើង​ជា​ញឹកញយ​ដែរ។

កញ្ញា​សោកស្ដាយ​ចំពោះ​អាជ្ញាធរ ដែល​កន្លង​មក​បណ្ដោយ​ជន​ជាតិ​ចិន​មួយ​ចំនួន បង្ក​បញ្ហា​អសន្តិសុខ ដោយ​មិន​ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព៖ « ខ្ញុំ​មាន​ការ​បារម្ភ​ដែល​អាជ្ញាធរ បណ្ដែត​បណ្ដោយ​ឱ្យ​ជនជាតិ​បរទេស​មក​រស់នៅ​ស្រុក​ខ្មែរ​តែ​មិន​គោរព​ប្រជាពលរដ្ឋ​ខ្មែរ ទឹកដី​របស់​យើង និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។ បញ្ហា​ទាំង​នេះ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ មាន​អាជ្ញាធរ​ ឬ​ក៏​បុគ្គលិក ដែល​គាត់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដូច្នេះ ធ្វើ​ឱ្យ​ជន​ទាំងអស់​នោះ​អាច​មាន​លុយ​ទិញ​អាវុធ​​ខុស​ច្បាប់​ដាក់​តាម​ខ្លួន។ អាច​ប្រព្រឹត្ត​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ហើយ​យក​ទឹក​ដី​របស់​យើង​ធ្វើ​ជា​កន្លែង​វាតទី​ ដែល​គេ​ចង់​គ្រប់គ្រង »

ចំណែក​ឯ​ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្រុងប៉ោយប៉ែត លោកស្រី សរ សុជាតិ ថ្លែង​ថា លំហូរ​ជនជាតិ​ចិន​កាន់​តែ​ច្រើន ហើយ​ករណី​ចាញ់​សម្លាប់​បន្ត​កើត​មាន​ជា​ហូរហែ។ លើស​ពី​នេះ លោកស្រី​ថា ប្រជាពលរដ្ឋ​រស់នៅ​ប៉ោយប៉ែត​មួយ​ចំនួន​រស់នៅ​ទាំង​ភ័យ​ខ្លាច​បារម្ភ​ពី​បញ្ហា​អសន្តិសុខ។

លោកស្រី​មើល​ឃើញ​ថា ករណី​បទ​ល្មើស​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​​ភាគី​ច្រើន​ អាជ្ញាធរ​ពុំ​បាន​ស្វះស្វែង​ចាប់​ជន​ល្មើស​ទាំងនោះ​មក​ដាក់​ទោស​នោះ​ទេ។ លោកស្រី​រិះគន់​ថា បញ្ហា​នេះ​ដោយសារ​តែ​អាជ្ញាធរ​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ ដែល​ទទួល​លុយ​សំណូក​ពី​ជនជាតិ​ចិន​ទាំង​នោះ៖ « ក្នុង​ប្រទេស​របស់​យើង​ត្រូវ​បម្រើ​ពលរដ្ឋ​ កុំ​បម្រើ​ផល​ប្រយោជន៍​ខ្លួនឯង និង​បម្រើ​ផល​ប្រយោជន៍​បក្ស​ពួក។ បើ​បម្រើ​ផល​ប្រយោជន៍​បក្ស​ពួក​ច្រើន ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ច្រើន ដូចជា​ករណី​ជន​ជាតិ​ចិន​បង្ក​បញ្ហា​ច្រើន អាជ្ញាធរ​ថា​មិន​មាន​មុខ​សញ្ញា​ជនជាតិ​ចិន​ទេ។ ទៅ​ជា​ជនជាតិ​ផ្សេងៗ។ អាជ្ញាធរ​គួរតែ​​រឹត​បន្តឹង​គិត​ពី​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ជា​ធំ »

ក្ដី​កង្វល់​ប្រជាពលរដ្ឋ​ទាំងនេះ​ ដោយសារ​តែ​ពួក​គាត់​មើល​ឃើញ​ថា ចំណាត់​ការ​អាជ្ញាធរ​របស់​លោក ហ៊ុន សែន នៅ​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​គ្រប់គ្រង​ជនជាតិ​ចិន។ ជា​ពិសេស ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ករណី​ផ្ទុះ​អាវុធ​របស់​ក្រុម​ឧក្រិដ្ឋ​ជន​ជាតិ​ចិន​ទាំង​នោះ​នៅ​តែ​កើត​ឡើង​ច្រើន។

កាល​ពី​ថ្ងៃ​ទី៤ មេសា ជន​ជាតិ​ចិន​មួយ​ក្រុម​ឈ្លោះ​ប្រកែក​គ្នា​នៅ​ក្បែរ​អគារ​ខន់ដូរ (Condo) មួយ​កន្លែង​ក្នុង​ខណ្ឌ​ដូនពេញ រហូត​ដល់​ថ្នាក់​ទាញ​កាំភ្លើង​បាញ់​រះ​មក​លើ​បុរស​ម្នាក់​ជន​ជាតិ​ចិន​ដូចគ្នា​ជាង ១០​គ្រាប់ ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់។ មកដល់​ពេល​នេះ​ អាជ្ញាធរ​មិនទាន់​បង្ហាញ​ព័ត៌មាន​ណាមួយ​ពី​ការ​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​នោះ​នៅ​ឡើយ។

ជាង​នេះ​ទៅទៀត​ ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ក្នុង​ក្រុងប៉ោយប៉ែត​ ដែល​ត្រូវ​បាន​ជនជាតិ​ចិន​មួយ​ក្រុម​បាន​ដក​កាំភ្លើង​ភ្ជង់ និង​បាន​លើក​គ្នា​ព្រួត​គ្នា​វាយ​ដល់​ក្នុង​ផ្ទះ ​កាល​ដើមខែ​មីនា​កន្លង​ទៅ ពួក​គាត់​ថា អាជ្ញាធរ​មិន​បាន​ស៊ើបអង្កេត​រក​ជន​ជាតិ​ចិន​ទាំងនោះ​ដាក់​ទោស​តាម​ច្បាប់​នោះ​ទេ។

ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ថា បើ​អាជ្ញាធរ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​បណ្ដោយ​ជនជាតិ​ចិន​យក​កម្ពុជា​ធ្វើ​ជា​កន្លែង​ប្រព្រឹត្ត​បទ​ល្មើស​ដោយ​សេរី​ដូច​សព្វ​ថ្ងៃ​នេះ នោះ​ពលរដ្ឋ និង​សង្គម​ទាំង​មូល​កាន់តែ​ប្រឈម​បញ្ហា​សុវត្ថិភាព។

ទាក់ទង​នឹង​រឿង​នេះ​ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន និង​ប្រធាន​អង្គភាព​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​ឆ្លើយ​តប​នឹង​កង្វល់​ពលរដ្ឋ​ទាំង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែមេសា។

រីឯ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក ខៀវ សុភ័គ​ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ប៉ុន្តែ​ កន្លងទៅ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា រដ្ឋាភិបាល​មិន​មាន​ក្ដី​បារម្ភ​ចំពោះ​ករណី​ជន​ជាតិ​ចិន​មាន​អាវុធ​ក្នុង​ដៃ​នេះ​ឡើយ ដោយ​លោក​សម្អាង​ថា ​ក្រុម​សមត្ថកិច្ច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​បង្ក្រាប​ហើយ។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADO) លោក អំ សំអាត ចង់​ឃើញ​អាជ្ញាធរ​យកចិត្ត​ទុក​ទប់​ស្កាត់​បទ​ល្មើស​ឱ្យ​មាន​ប្រសិទ្ធភាព៖ « ដូចជា​រឿង​ជនជាតិ​ចិន​ដែល​ប្រើ​អំពើ​ហិង្សា ឬ​ប្រើប្រាស់​កាំភ្លើង ការ​បាញ់​បោះ​ដោយ​សេរី ពលរដ្ឋ​តែងតែ​មាន​ការ​បារម្ភ​ហើយ។ អ្វី​ដែល​សំខាន់​បទ​ល្មើស ដែល​កើត​ឡើង ទោះបី​ជា ជន​បរទេស​ក៏​ដោយ ខ្មែរ​ក៏​ដោយ​ អាជ្ញាធរ ត្រូវ​តែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​បង្ក្រាប​ទប់​ស្កាត់​ ឬ​ក៏​យក​ជន​ល្មើស​នោះ​ផ្ដន្ទាទោស​តាម​ច្បាប់ »

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ស្នើ​ដល់​អាជ្ញាធរ​ចាត់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​លើ​​ក្រុម​ឧក្រិដ្ឋជន ដែល​បាន​យក​ទឹកដី​ខ្មែរ​ធ្វើជា​កន្លែង​អាជីវកម្ម​ខុស​ច្បាប់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​កម្ពុជា។

តាម​របាយការណ៍​របស់​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ គិត​ត្រឹម​ចុង​ឆ្នាំ២០១៩ មាន​ជន​ជាតិ​ចិន​ចំនួន​ប្រមាណ ២សែន ៥ម៉ឺននាក់ កំពុង​រស់​នៅ​កម្ពុជា ក្នុង​នោះ​ប្រមាណ ១សែន​នាក់ រស់​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្តព្រះសីហនុ។

កាល​ពី​ឆ្នាំ២០២១ កន្លង​ទៅ កម្ពុជា​បាន​បណ្ដេញ​ជន​បរទេស​ជាង ៣ពាន់ (៣.៥៩៤) ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​វិញ បន្ទាប់​ពី​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​របស់​កម្ពុជា។ ក្នុង​ចំណោម​ជន​បរទេស​នោះ មាន ៤៣សញ្ជាតិ ក្នុង​នោះ​មាន​ជនជាតិ​ចិន ២៦៦នាក់។ កាល​ពី​ឆ្នាំ ២០១៨ អាជ្ញាធរ​កម្ពុជា​បញ្ជូន​ជន​ជាតិ​ចិន ៦០៨នាក់ នាក់​ចេញ​ពី​កម្ពុជា ដោយ​អ្នក​ទាំង​នោះ​បាន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជំរិត​ទារ​ប្រាក់ និង​ឆបោក​តាម​អ៊ិនធើណិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។