លោក ហ៊ុន សែន ប្រើលុយដើម្បីដោះស្រាយបញ្ហាកម្មករក្នុងពេលរោងចក្រជាច្រើនបិទទ្វារ
2023.03.08

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតាំងខ្លួនជាមេដឹកនាំចិត្តល្អ បានប្រកាសផ្ដល់សាច់ប្រាក់ដល់កម្មកររោងចក្រដែលកំពុងព្យួរការងារ។ មន្ត្រីអង្គការសង្គមស៊ីវិលមើលឃើញថា វិធីសាស្ត្រនេះអាចដោះស្រាយបញ្ហាបានតែមួយគ្រាប៉ុណ្ណោះ ស្របពេលដែលក្រុមហ៊ុនមួយចំនួនឆ្លៀតយកឱកាសនេះរំលោភសិទ្ធិការងារកម្មករ និងច្បាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៧ មីនា បានប្រកាសជាសាធារណៈអំពីការសម្រេចឧបត្ថម្ភសាច់ប្រាក់ដល់កម្មករ-កម្មការិនីរោងចក្រជាង ៣ម៉ឺន ២ពាន់នាក់ បន្ទាប់ពីរោងចក្រមួយចំនួនក្នុងរាជធានីភ្នំពេញបានកាត់បន្ថយម៉ោងការងារ និងព្យួរកិច្ចសន្យាក្នុងរយៈប៉ុន្មានខែកន្លងមកនេះ។ លោកអះអាងថា ការផ្ដល់សាច់ប្រាក់នេះ គឺដើម្បីចូលរួមចំណែកក្នុងការអនុវត្តក្របខណ្ឌគាំពារសង្គម ជាពិសេសក្រុមមនុស្សងាយរងគ្រោះ ដូចក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ដែរ។ ជាមួយគ្នានេះ លោក ហ៊ុន សែន បានលើកឡើងពីបញ្ហាខ្វះកម្មកររោងចក្រខេត្តកំពង់ស្ពឺ ខណៈនៅរាជធានីភ្នំពេញបែរជាមានរោងចក្របិទទ្វារបន្តគ្នាទៅវិញ។ ទាក់ទិននឹងការឧបត្ថម្ភសាច់ប្រាក់នេះ រដ្ឋាភិបាលត្រូវពិភាក្សាជាមួយថៅកែរោងចក្រ ដោយកម្មករម្នាក់អាចទទួលការឧបត្ថម្ភពីរដ្ឋាភិបាល៤០ដុល្លារ និងពីថៅកែរោងចក្រ៣០ដុល្លារ ដោយចាប់ផ្ដើមពីខែមេសា ឆ្នាំ២០២៣តទៅ។
លោក ហ៊ុន សែន៖ «ក្នុងពេលដែលយើងបាត់បង់ការងារធ្វើនៅតាមរោងចក្រ៧១រោងចក្រដែលមានកម្មករ៣ម៉ឺន២ពាន់នាក់ ក្នុងនោះស្ត្រីចំនួន២ម៉ឺន៦ពាន់នាក់ បែរជានៅខេត្តកំពង់ស្ពឺ ខ្វះកម្មករប្រមាណបីម៉ឺននាក់ទៅវិញ។ អ៊ីចឹងចំណុចនេះក៏សូមឱ្យក្រសួងការងារយកចិត្តទុកដាក់ពីរបៀបជ្រើសរើសរបៀបម៉េច»។
ប្រធានសហជីពស្មារតីកម្មករកម្ពុជា លោក កឹម សុភេន យល់ឃើញថា ទោះបីការផ្ដល់ជំនួយនៅពេលនេះបានបង្ហាញពីការគិតគូររបស់រដ្ឋាភិបាលដល់ប្រជាពលរដ្ឋ តែលោកថា វាហាក់យឺតពេល ព្រោះក្រុមកម្មករបានហែលឆ្លងការលំបាកដោយសារបាត់បង់ប្រាក់ចំណូលនិងការងារជាងបួនខែមកហើយ។ ជាមួយគ្នានេះលោកចាត់ទុកថា ការផ្ដល់សាច់ប្រាក់របៀបនេះអាចជួយសម្រាលបន្ទុកជីវភាពបានតែមួយគ្រា ខណៈក្រុមកម្មករត្រូវការការងារ និងប្រាក់ចំណូលដែលមានស្ថិរភាព។ លោកបារម្ភថា ការបិទទ្វាររោងចក្រជាបន្តបន្ទាប់អាចនឹងបង្កការលំបាកដល់កម្មករកាន់តែធ្ងន់ធ្ងរ ស្របពេលពួកគេមិនអាចស្វែងរកការងារផ្សេងធ្វើបានងាយស្រួលនោះឡើយ។
លោក កឹម សុភេន៖ «អ៊ីចឹងបើចង់ជួយដល់កម្មករនៅក្នុងរយៈពេលវែង មានតែធ្វើម៉េចឱ្យក្រុមហ៊ុនកុំបន្តបិទទ្វារ ហើយយើងរកវិធីសាស្ត្រ ធ្វើម៉េចជួយឱ្យក្រុមហ៊ុនដំណើរការបានល្អទៅមុខទៀត ហើយជាពិសេសគឺឱ្យមានអ្នកបញ្ជាទិញឱ្យបានច្រើន ហ្នឹងបានកម្មករគាត់អាចរស់បានសុខស្រួលក្នុងរយៈពេលវែងទៅមុខ»។
នៅដើមឆ្នាំ២០២៣នេះ មានរោងចក្រចំនួន១០បានបិទទ្វារ និងរោងចក្រជិត៥០០ បានព្យួរការងារកម្មករ ខណៈរោងចក្រប្រមាណ៦០ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក។ លោក ហ៊ុន សែន លើកឡើងពីមូលហេតុដែលនាំឱ្យរោងចក្របិទទ្វារជាបន្តបន្ទាប់ថា គឺបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចជាសកលដែលបណ្ដាលមកពីសង្គ្រាមរុស្សី (Russia) និងអ៊ុយក្រែន (Ukraine) ធ្វើឱ្យការបញ្ជាទិញរបស់សហភាពអឺរ៉ុប និងអាមេរិកធ្លាក់ចុះ។
ទោះជាយ៉ាងណា អ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិយល់ឃើញថា មានកត្តាធំៗមួយចំនួនដែលនាំឱ្យរោងចក្រនៅកម្ពុជាបិទទ្វារជាបន្តបន្ទាប់ រួមមានការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សមាគមអឺរ៉ុប និងGSP របស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យការនាំចេញផលិតផលវាយនភ័ណ្ឌរបស់កម្ពុជា ជាប់រនាំងពន្ធ និងពិបាកក្នុងការប្រកួតប្រជែងតម្លៃលើទីផ្សារ។ ចំណែកកត្តាសំខាន់មួយទៀតនោះគឺ អស្ថិរភាពខាងផ្នែកនយោបាយនៅកម្ពុជា ដោយសារយុទ្ធសាស្ត្រកណ្ដាប់ដៃដែករបស់ លោក ហ៊ុន សែន ដែលញៀននឹងការប្រើអំណាចផ្ដាច់ការក្នុងការសម្លាប់ប្រជាធិបតេយ្យ លុបបំបាត់សម្លេងឯករាជ និងរំលោភសិទ្ធិមនុស្ស ដែលអ្នកវិនិយោគបានព្យាករណ៍ថា កម្ពុជាអាចនឹងទទួលរងទណ្ឌកម្មបន្ថែមទៀតពីប្រទេសលោកសេរី។ អ្នកវិភាគសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ការវេចបង្វេចចាកចេញនៃវិស័យវាយនភ័ណ្ឌនៅកម្ពុជា មានភាពដូចគ្នាទៅនឹងប្រទេស ភូមា(Burma) ឬមីយ៉ាន់ម៉ា(Myanmar) ដែលមានវិបត្តិខាងផ្នែកនយោបាយដែរ។
ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ មើលឃើញថា ការដោះស្រាយបញ្ហាតាមរបៀបនេះមិនមានប្រសិទ្ធភាពយូរអង្វែងនោះឡើយដោយកម្មករ ដែលបាត់បង់ការងារមិនបានទទួលបានការឧបត្ថម្ភដូចកម្មករព្យួរកិច្ចសន្យា ហើយពួកគេនៅមិនទាន់ស្វែងរកការងារថ្មីបាននៅឡើយ។ លោកបន្តថា រដ្ឋាភិបាលត្រូវគិតគូរដល់កម្មករគ្រប់គ្នា ដោយបង្កើតឱកាសការងារឱ្យបានច្រើន និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ដើម្បីបង្កើនការនាំចេញទៅក្រៅប្រទេស។
លោក អាត់ ធន់៖ «ហើយជាងនេះទៅទៀតអ្វីដែលយើងគិត បើសិនអាចទៅរួចរដ្ឋាភិបាលគួរតែផ្ដល់ប័ណ្ណ ប.ស.ស មានន័យថា កម្មករដែលព្យួរការងារ ឬបាត់បង់ការងារ គាត់មិនមានលុយផង ហើយទៅពេទ្យត្រូវការបង់លុយទៀត។ អ៊ីចឹងគួរតែបន្តផ្ដល់ប័ណ្ណប.ស.ស សម្រាប់ដល់កម្មករហ្នឹងផង ហើយបើអាចទៅរួចគឺផ្ដល់ដល់អ្នកដែលបាត់បង់ការងារផង»។
អ្នកតាមដាននយោបាយ ពិនិត្យឃើញថា គោលនយោបាយយកលុយទៅជួយកម្មករដែលបាត់បង់ការងារនេះ គឺជាវិធីរកសម្លេងការគាំទ្រពីកម្មករដែលលោក ហ៊ុន សែន ធ្លាប់ធ្វើនៅរៀងរាល់ឆ្នាំដែលមានការបោះឆ្នោតតែប៉ុណ្ណោះ។ ពួកគេមើលឃើញថា ការដែលរដ្ឋាភិបាលលោក ហ៊ុន សែន មិនខ្វាយខ្វល់ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បែបនេះ ដោយសារលោក ហ៊ុន សែន មានចិនជាខ្នងបង្អែកក្នុងការជួយទ្រទ្រង់ផ្នែកសេដ្ឋកិច្ច និងគាំទ្រអំណាចផ្ដាច់ការរបស់លោក។ ទោះជាយ៉ាងនេះក្ដី មោទនភាពរបស់លោក ហ៊ុន សែន ដែលមានចំពោះមិត្តដែកថែបនេះ គឺគ្មានភាពតុល្យឡើយ ព្រោះកម្ពុជាក្នុងឋានៈជាដៃគូរកស៊ីជាមួយចិន កំពុងប្រែក្លាយទៅជាកូនបំណុលបន្តិចម្ដងៗ។ ជាមួយគ្នានេះ ទំនាក់ទំនងរវាងកម្ពុជា ចិន ខាងភាគីចិនផ្ដោតសំខាន់តែលើទីផ្សារការនាំចេញទំនិញ ការប្រមូលយករ៉ែ និងធនធានធម្មជាតិទៅបំពាក់ឱ្យក្បាលម៉ាស៊ីនឧស្សាហកម្ម និងប្រើប្រាស់ទឹកដីកម្ពុជាដើម្បីពង្រីកឥទ្ធិពលយោធាតែប៉ុណ្ណោះ។
ស្របពេលការកាត់បន្ថយការងារ និងចំនួនកម្មករកំពុងកើនឡើង ថៅកែរោងចក្រមួយចំនួនបានឆ្លៀតយកឱកាសនេះ កេងប្រវ័ញ្ចកម្លាំងកម្មករ ដោយបិទរោងចក្រគ្មានការជូនដំណឹងមុន ការលួចដឹកជញ្ជូនអីវ៉ាន់ចេញពីរោងចក្រដោយស្ងាត់ៗ និងមិនព្រមចេញមុខមកដោះស្រាយប្រាក់ខែនិងប្រាក់អត្ថប្រយោជន៍ការងារផ្សេងៗឱ្យកម្មករ។ ក្រៅពីនេះ មានរោងចក្រមួយចំនួនបំពានសិទ្ធិការងារ ដោយព្យួរកិច្ចសន្យាការងារម្ដងជាពីរដងលើសចំនួនកំណត់ ដោយខ្លះឈានទៅដល់ការព្យួរការងារ៦ខែ ដោយផ្ដល់ប្រាក់កម្រៃតិចតួចប្រមាណ១៥ភាគរយនៃប្រាក់ខែគោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។