មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរកម្ពុជាស្វែងរកចាប់ខ្លួនអ្នកនៅពីក្រោយខ្នងក្លឹបកម្សាន្តរបស់ជនជាតិចិនមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។ ការស្នើសុំនេះបានកើតមានឡើងក្រោយពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី២៩ បានឆ្មក់ចូលកន្លែងក្លឹបកម្សាន្តមួយកន្លែង និងបានចាប់ខ្លួនមនុស្សជិត ៤០០នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោក សង្កេតឃើញ នៅតាមក្លឹបកម្សាន្តនានា នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាខេត្តព្រះសីហនុ នៅតែមានការចរាចរណ៍ថ្នាំញៀនខុសច្បាប់។ លោកថា ប្រសិនបើបញ្ហានេះនៅតែបន្ត វានឹងជះឥទ្ធិពល ដល់សង្គមជាតិ បង្កអសន្តិសុខ និងធនធានមនុស្សជំនាន់ក្រោយ។ហេតុដូច្នេះអាជ្ញាធរត្រូវស្វែងរកអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់៖ «ការបង្ក្រាប និងការទប់ស្កាត់ ទោះបីជាអ្នកជួញដូរ មានឋានៈប៉ុណ្ណាក៏ដោយ ក៏ត្រូវតែអនុវត្តតាមច្បាប់ ហើយឲ្យមាន ភាពស្មើគ្នាចំពោះមុខច្បាប់ បើសិនជាច្បាប់កំណត់យ៉ាងណាត្រូវតែអនុវត្ត នឹងផ្ដន្ទាទោស ទៅតាមហ្នឹង។មិនអាចមានការយោគយល់ ឬក៏អនុវត្ត ដោយមិនស្មើភាពគ្នានោះទេ»។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនេះ ដោយសារតែ កម្លាំងមានសមត្ថកិច្ច បានចុះឆ្មក់ចូលទៅបង្ក្រាបក្លឹប កម្សាន្ត មួយកន្លែងឈ្មោះ ចិនស៊ីនខាយសៀនមិន មានទីតាំងនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ កាលពីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣០ ខែកញ្ញា បានឃាត់ខ្លួនមនុស្សមនុស្សចំនួន៣៧៥នាក់ អាវុធចំនួន ៣ដើម (អាវុធខ្លីចំនួន ២ដើម អាវុធវែង ១ដើម) និងគ្រឿងញៀនមួយចំនួនធំ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា មនុស្សដែលសមត្ថកិច្ច បានឃាត់ខ្លួននៅភាគច្រើនជាជនជាតិចិន និងជនជាតិខ្មែរ ដែលបម្រើការងារនៅទីនោះ៖ «សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីបែងចែកប្រភេទ អ្នកដែលពាក់ព័ន្ធ អ្នកប្រើប្រាស់ បុគ្គលិក និងអ្នកដែលចូលរួមកម្សាន្ត។ ដូច្នេះ យើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបញ្ចប់នីតិវិធីនេះ។ ទាល់តែបញ្ចប់នីតិវិធីបាន ទើបយើងអាចបញ្ជាក់បានថា គ្រឿងញៀន សារធាតុញៀន មានអ្វីខ្លះ ហើយអ្នកពាក់ព័ន្ធ អ្នកណាខ្លះ ជនជាតិអ្វីខ្លះ»។
ពាក់ព័ន្ធនឹងការបង្ក្រាបការឃាត់ខ្លួនមនុស្សនេះ ស្នងការប៉ូលិស ខេត្តព្រះសីហនុលោក ជួន ណារិន មានប្រសាសន៍ថា សមត្ថកិច្ចត្រូវការសាកសួរបន្ថែមទៀត ដោយសារតែមានមនុស្សច្រើនពាក់ព័ន្ធក្នុងរឿងនេះ មានបុគ្គលិក ភ្ញៀវជនជាតិចិន និងសន្តិសុខ ហើយមកដល់យប់ថ្ងៃទី៣០ កញ្ញានេះមិនទាន់បញ្ចប់ការស៊ើបសួរនៅឡើយ៖ «ឥឡូវនេះ យើងឃើញគ្រឿងញៀន មួយចំនួន ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង យើងបានធ្វើតេស្តជាបឋម នឹងការវេចខ្ចប់។ អ៊ីចឹងយើងត្រូវបន្តពីនាយកដ្ឋាន ពីជំនាញចូលមកដើម្បីឲ្យយើងធ្វើតេស្ត ឲ្យបានច្បាស់លាស់ ដើម្បីអោយដឹងថា តើសារធាតុ ដែលយើងប្រមូលបាន កម្សាន្តហ្នឹង តើវាជាសារធាតុអ្វី ឲ្យបានច្បាស់លាស់។តែបឋម យើងដឹងថា វាពាក់ព័ន្ធនឹងសារធាតុញៀន។ចំពោះការឲ្តដឹងថា ជាប៉ុន្មានខាំ ជាប៉ុន្មានគីឡូក្រាម យើងមិនទាន់កំណត់បានទេ»។
ការចាប់ខ្លួនមនុស្សជិត ៤០០នាក់ នៅក្នុងខេត្តព្រះសីហនុនេះ បានធ្វើឡើងលក្ខណៈទ្រង់ទ្រាយធំជាលើកទី២ បន្ទាប់ពីសមត្ថកិច្ចក្រុងភ្នំពេញកាលពី ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ បានឆ្មក់ចូលមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ (ROCK) បានឃាត់ខ្លួនមនុស្សជាង ៣០០នាក់ ក្នុងនោះមានជនជាតិចិនចំនួន ១៣នាក់ និងថ្នាំញៀនជិត ៥០គីឡូក្រាម។
ម្ចាស់កម្សាន្ត រ៉ក់ លោក គិត ធាង ត្រូវតុលាការក្រុងភ្នំពេញ កាលពីខែមីនា បានសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជិត ៥០គីឡូក្រាម។
ក្រសួងមហាផ្ទៃ បានចេញរបាយការណ៍ថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ កន្លងទៅនេះ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាង ៤ពាន់ករណី គឺបានកើនឡើង ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
មានជនសង្ស័យចំនួនជាង ៨ពាន់នាក់ ត្រូវបានឃាត់ខ្លួន ហើយពាក់ព័ន្ធការជួញដូរថ្នាំញៀនគ្រឿង ចំនួននេះ បានកើនឡើងជាង ២៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
