សមត្ថកិច្ចក្រុងភ្នំពេញ សាកសួរកូដករណាហ្គាវើលដ៍ (Naga World) ៣នាក់ តាមដីកាបង្គាប់របស់តុលាការក្រុងភ្នំពេញ ដែលចោទពួកគេពីបទរារាំងវិធានសុខាភិបាល។ ទន្ទឹមគ្នានេះ សមត្ថកិច្ចក៏ស្វែងរកចាប់ខ្លួនស្ត្រីកូដករ ៤ នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងករណីដូចគ្នានេះ ដើម្បីយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួនក្រុមកូដករ ដោយប្រើប្រព័ន្ធតុលាការនេះ ថាជាការគំរាមកំហែង បំបាក់ស្មារតីក្រុមកម្មករណាហ្គាវើលដ៍ឲ្យបញ្ឈប់ការធ្វើកូដកម្មដោយសន្តិវិធី។
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តសាកសួរកូដករ ៣ នាក់ដែលជាបុគ្គលិកណាហ្គាវើលដ៍ ក្នុងនោះមានលោក ជួប ចាន់ណាត លោក សេង វណ្ណារិទ្ធ និងលោក សៅ សម្បត្តិ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ពាក់ព័ន្ធករណីរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩។ ទន្ទឹមគ្នានេះ សមត្ថកិច្ចរាជធានីភ្នំពេញ ក៏តាមស្វែងរកស្ត្រីកូដករ ៤ បន្ថែមទៀត ដើម្បីនាំខ្លួនទៅសាកសួរ តាមដីការបស់តុលាការក្រុងភ្នំពេញ ពាក់ព័ន្ធនឹងករណីដូចគ្នានេះ ក្នុងនោះមានឈ្មោះ កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា កញ្ញា ម៉េង កាន់នីកា កញ្ញា អេង ស្រីបូ និងលោកស្រី ខេង ចិន្តា។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែកុម្ភៈថា ការចាប់ខ្លួនជនសង្ស័យទាំងនេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង ដែលចោទពួកគេថា រារាំងវិធានការសុខាភិបាល តាមមាត្រាទី១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកបញ្ជាក់ថា សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យទាំង៣នាក់ទៅតុលាការក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់នីតិវិធីសាកសួរ៖ «យើងកំពុងសួរនាំនៅក្នុងស្នងការរាជធានីភ្នំពេញ ហើយបន្ទាប់ពីការសួរនាំហើយ យើងនឹងអនុវត្តតាមនីតិវិធីដើម្បីបញ្ជូន ព្រោះទាក់ទងនឹងករណីហ្នឹង គឺយើងអនុវត្តតាមដីការបស់តុលាការ»។
ក្រុមកម្មករណាហ្គាវើលដ៍ សោកស្ដាយចំពោះចំណាត់ការរបស់អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ដែលប្រាប់ឲ្យពួកគាត់ទៅផ្ដល់សំណាករកជំងឺកូវីដ១៩ នៅកោះពេជ្រ ប៉ុន្តែបែរជាប្រើប្រព័ន្ធតុលាការចាប់ខ្លួនក្រុមកូដករ៧នាក់ ដោយចោទថា ល្មើសនឹងវិធានសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ទៅវិញ។
កម្មករណាហ្គាវើលដ៍ម្នាក់ ដែលស្ថិតក្នុងចំណោមកូដករ៧នាក់នេះ កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែកុម្ភៈថា ទង្វើទាំងអស់នេះ គឺបង្ហាញឲ្យឃើញពីចេតនារបស់តុលាការ អាជ្ញាធរនិងក្រសួងពាក់ព័ន្ធក្នុងរឿងនេះ គឺលម្អៀងទៅខាងក្រុមហ៊ុន ដោយប្រើគ្រប់វិធី ដើម្បីបង្ក្រាបនិងបំបែកក្រុមកូដករឲ្យឈប់ធ្វើកូដកម្មទាមទារដំណោះស្រាយការងារដោយសន្តិវិធី។ កញ្ញាបញ្ជាក់ថា នេះជាវិវាទការងាររវាងកម្មករនិយោជិតជាមួយថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ អាជ្ញាធរ ក្រសួងសុខាភិបាល ក្រសួងការងារ និងតុលាការ មិនគួរដាក់សម្ពាធគ្រប់រូបភាពមកលើក្រុមកម្មករបែបនេះឡើយ៖ «គោលបំណងចង់ពន្យារពេល ហើយចង់ចាប់ខ្លួនកូដករយើង ដែលមានសកម្មភាពសកម្មនៅពេលយើងធ្វើកូដកម្មហ្នឹង ព្រោះឃើញនឹងភ្នែកទាំងអស់គ្នាហើយ។ ខ្ញុំសូមស្នើសុំឲ្យក្រសួងពាក់ព័ន្ធទាំងអស់ ឈប់ប្រើប្រព័ន្ធតុលាការ ឈប់ប្រើរូបភាពគំរាមកំហែងបែបហ្នឹងមកលើក្រុមកូដករ ព្រោះរឿងនេះ ជារឿងវិវាទការងារក្រុមហ៊ុនណហា្គវើលដ៍។ អត់មានត្រូវយកក្រសួងការងារ ក្រ សួងសុខាភិបាល មករារាំងក្រុមកូដករទេ។ គួរតែរកវិធីដោះស្រាយ វិវាទការងារកម្មករជាមួយនឹងក្រុមហ៊ុន។ ហេតុអ្វីបានយកក្រសួងជាច្រើនមកពាក់ព័ន្ធនេះ ដោយសារវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍មួយសោះ។ ដោះអត់កើត។ ហ្នឹងបង្ហាញថា វាអសមត្ថភាពរបស់ក្រសួងការងារ»។
កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ សមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាច្រើននាក់ បានស្ទាក់ចាប់កូដករ៦នាក់ ក្នុងនោះមានស្ត្រី៣នាក់ ប្រុស៣នាក់ ត្រង់ស្ពានកោះពេជ្រ ខណៈពួកគេធ្វើដំណើរតាមរ៉ឺម៉កកង់បីជិះគ្នា៤នាក់ និងម៉ូត១គ្រឿងជិះគ្នា២នាក់ ចេញពីកន្លែងធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ វិលត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែសមត្ថកិច្ច បានដោះលែងកូដករជាស្ត្រី៣នាក់វិញនៅយប់ដដែលនោះ។

កម្មករឲ្យដឹងថា ក្រុមគ្រូពេទ្យបានបិទភ្លើងនៅទីតាំងធ្វើសំណាក ដោយយកហេតុផលថា ចប់ម៉ោងធ្វើការ។ លុះដល់ម៉ោងជិត១០យប់ ទើបអាជ្ញាធរអនុញ្ញាតឲ្យពួកគេធ្វើដំណើរចេញពីទីតាំងនោះ ត្រឡប់ទៅផ្ទះ ដោយមានក្រុមសមត្ថកិច្ចស្លៀកពាក់ធម្មតាបន្តតាមដានក្រុមកូដករ។
ទាក់ទងនឹងរឿងនេះ ប្រធានសមាគមអាដហុកលោក នី សុខា មានប្រសាសន៍ថា ករណីចាប់ខ្លួនកូដករ ដោយយកហេតុផលទាក់ទងនឹងជំងឺកូវីដ១៩នេះ គឺជារូបភាពថ្មីមួយទៀត ដោយអាជ្ញាធរនិងតុលាការ ចង់បំបាក់ស្មារតីក្រុមកូដករណាហ្គាវើលដ៍ កុំឲ្យបន្តការទាមទាររកដំណោះស្រាយការងារទៀត។
លោកបន្តថា ការប្រើចំណាត់ការបែបនេះ មិនមែនជាមធ្យោបាយដោះស្រាយបញ្ចប់បញ្ហាទេ ផ្ទុយទៅវិញ វារឹតតែបង្កឲ្យមានភាពឈឺចាប់ និងរឿងអយុត្តិធម៌កាន់តែច្រើនឡើង ចំពោះពួកគាត់ទៅវិញ។ លោកស្នើឲ្យតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងពួកគេឲ្យមានសេរីភាពវិញ ហើយជំរុញឲ្យក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុន ងាកមកចូលតុចរចាដោះស្រាយវិវាទការងារមួយនេះដោយភាពស្មោះត្រង់ និងតាមច្បាប់៖ «រឿងនេះ រដ្ឋាភិ បាលគួរតែងាកទៅរកការដោះស្រាយដោយធ្វើការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន ហើយបញ្ឈប់ការចាប់ខ្លួនតទៅទៀត។ កុំយកបញ្ហាកូវីដហ្នឹងទៅដាក់បន្ទុកលើកូដករទាំងអស់ហ្នឹង តទៅទៀត។ យើងដោះលែងហើយ ឈានទៅរកដំណោះស្រាយមួយដោយឈរលើច្បាប់ យកច្បាប់ការងារជាធំ ដើម្បីដោះស្រាយ។ អាហ្នឹងជារឿងមួយដែលល្អសម្រាប់ភាគីទាំងសងខាង»។
គិតមកដល់ពេលនេះ អាជ្ញាធរចាប់ខ្លួនកូដករ៣នាក់ និងស្វែងរកកូដករ៤នាក់បន្ថែមទៀត តាមដីកាតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការមិនគោរពវិធានសុខាភិបាលប្រឆាំងជំងឺកូវីដ១៩ បន្ទាប់ពីតំណាងសហជីព៨នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារអស់៣៨ថ្ងៃ ក្រោមបទចោទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ ជុំវិញសកម្មភាពធ្វើកូដកម្មនៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍។
បើទោះបីជាមានការចាប់ខ្លួនកូដករយ៉ាងណាក៏ដោយ កូដករណាហ្គាវើលដ៍ប្រមាណ២រយនាក់បន្តទៅផ្ដល់សំណាករកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ពីកម្មករជាង៥រយនាក់ធ្វើតេស្តរួច កាលពីថ្ងៃទី៥ ខែកុម្ភៈ ដោយអាជ្ញាធរអះអាងថា រកឃើញមនុស្ស៤នាក់ វិជ្ជមាន។ កម្មករឲ្យដឹងថា ក្រុមគ្រូពេទ្យមិនបានចាត់វិធានការសុខាភិបាលតាមក្រសួងសុខាភិបាល ដោយយកកូដករ៤នាក់នោះ ទៅព្យាបាលនៅមន្ទីរពេទ្យទេ ដោយឲ្យពួកគាត់សួររឿងនេះពីអាជ្ញាធរវិញ។

កម្មករបញ្ជាក់ថា ក្រុមគ្រូពេទ្យតម្រូវឲ្យពួកគាត់ទាំងអស់សម្រាកនៅផ្ទះ រយៈពេល៣ថ្ងៃ រង់ចាំលទ្ធផលម្ដងទៀតចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងបន្តសម្រាក១សប្ដាហ៍ទៀត ករណីមិនមានផ្ទុកជំងឺកូវីដ១៩។ កម្មករណាហ្គាវើលដ៍ចាត់ទុកការដាក់វិធានសុខាភិបាលរឹតបន្តឹងខុសពីទីតាំងធ្វើសំណាកផ្សេងទៀត គឺអាជ្ញាធរមិនចង់ឲ្យពួកគាត់ដែលគ្មានជំងឺកូវីដ១ ជួបជុំគ្នាធ្វើកូដកម្មបន្តទៀត។
ក្រុមកម្មករណាហ្គាវើលដ៍ ទាមទារឲ្យអាជ្ញាធរដោះលែងកូដករទាំងអស់ និងតំណាងសហជីព៨នាក់ ឲ្យមានសេរីភាពវិញ ដើម្បីឲ្យពួកគាត់វិលចូលតុចរចាដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុន ដោយមានក្រសួងការងារជាអ្នកសម្របសម្រួល។
ស្របគ្នានេះ ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីពដែលធ្វើសកម្មភាពលើកកម្ពស់ និងការពារសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិការងាររបស់កម្មករនិយោជិតនៅប្រទេសកម្ពុជាចំនួន១៣៤ស្ថាប័ន គ្រោងនឹងជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកុម្ភៈ ដើម្បីដាក់លិខិតចំហជូន ស្ថាប័នសភាជាតិ និងក្រសួងពាក់ព័ន្ធ ក្នុងគោលបំណងទាមទារឱ្យមានការដោះលែងជាបន្ទាន់ និងទម្លាក់ចោលនូវការចោទប្រកាន់ដោយឥតលក្ខខណ្ឌនូវថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំង៨រូបដែលតុលាការកំពុងឃុំខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
