មេដឹកនាំ​សហជីព​​ណាហ្គាវើលដ៍​​កញ្ញា​ ឈឹម ស៊ីថរ​ និង​លោក សុខ ណារិទ្ធ​​ ត្រូវ​​បាន​​តុលាការ​​ចោទ​ប្រកាន់​​ពី​​បទ​​ញុះញង់​​

0:00 / 0:00

វិវាទ​​ការងារ​​​នៅ​​ក្រុមហ៊ុន​​បន​ល្បែង​​ណាហ្គាវើលដ៍(Naga World) ​ឈាន​​ដល់​​​ការ​​ចោទ​​ប្រកាន់​ មេដឹកនាំ​សហជីព​នេះ គឺ​កញ្ញា​ ឈឹម ស៊ីថរ​ និង​លោក សុខ ណារិទ្ធ​​​ ពី​បទ​​ញុះញង់។ មន្ត្រី​សង្គម​​ស៊ីវិល​ជំរុញ​ឲ្យ​ដោះស្រាយ​វិវាទ​ការងារ​នេះ​ដោយ​ការ​ចរចា​រវាង​បុគ្គលិក​និង​ថៅកែ​ មិនមែន​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​​ចោទប្រកាន់​មេដឹក​នាំ​​សហជីព​​នោះ​​ទេ។​

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ (Naga World) និង​តំណាង​​កូដករ​លោក​ សុខ ណារិទ្ធ​ ត្រូវ​សមត្ថកិច្ច​​បញ្ជូន​​ទៅ​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​ព្រៃស​ នៅ​ល្ងាច​ថ្ងៃ​​ទី៥ ខែ​មករា​​នេះ​ ក្រោយ​តុលាការ​សម្រេច​ចោទ​​ប្រកាន់​​ពួកគេ​។​

អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ ដែល​តាមដាន​ដំណើរ​រឿង​នេះ​ឲ្យ​ដឹង​ថា​ កញ្ញា ឈឹម ស៊ីថរ​ និង​លោក​ លោក សុខ ណារិទ្ធ​ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ តាម​មាត្រា​ ៤៩៤ និងមាត្រា ៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​​។​ ​លោក​បន្តទៀតថា​ ​តុលាការ​បាន​ដោះលែង​លោក​ សុខ គង្គា​ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃ្លាំមើល​របស់តុលាការ​៖ «ការ​អនុវត្ត​វិធាន​តឹងរ៉ឹង​ផ្នែក​ដោយ​យក​ទម្រង់​ប្រព័ន្ធ​តុលាការ​​ការ​ចោទ​ប្រកាន់​ការ​ឃាត់ខ្លួន​នេះ​​នៅក្នុង​ការ​ដាក់​សម្ពាធ​កម្មករនិយោជិត​ ខ្ញុំ​គិត​ថា​ មិនមែន​ជា​ជម្រើស​ល្អ​ទេ ​​វា​ជា​ការ​អនុវត្ត​វិធាន​ច្បាប់​មួយ​​​ដែល​មិន​ស្មើ​មុខ​គ្នា​ចំពោះ​មុខ​ច្បាប់​​ដែល​កូដករ​គាត់​​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​អនុលោម​ទៅ​តាម​ច្បាប់​ដោយ​ឡែក​គាត់​ត្រូវ​​​ដោយ​អយុត្តិធម៌​»។

​កញ្ញា​ ឈឹម ស៊ីថរ​ លោក​ សុខ​ គង្គា និងលោក សុខ ណារិទ្ធ​ ដែល​ជាតំណាង​សហជីព​ណាហ្កាវើលដ៍​ត្រូវ​បាន​​កង​កម្លាំង​សមត្ថកិច្ចច្រើន​នាក់​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​​កាល​ពិ​​ថ្ងៃ​ទី៤ ខែមករា នៅក្បែរ​ស្ថានទូត​អូស្ត្រាលី។ ភ្លាមៗ​នោះ​ អ្នក​ទាំង ៣នាក់ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ធ្វើការ​សាកសួរ​។​

មេធាវី​ការពារ​ក្ដី​ កញ្ញា​ ឈឹម ស៊ីថរ​ និង​មនុស្ស​ ៨ នាក់​ផ្សេង​ទៀត ​គឺ​លោក​មេធាវី សំ ចំរើន ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​យល់ថា​ ​តុលាការ​ហាក់​ប្រើ​ពេល​វេលា​ប្រ​ញ៉ាប់​ពេក​ក្នុង​ការ​សាកសួរ​ដោយ​ធ្វើ​ឡើង​ទាំង​យប់​៖ «​​ ពួក​គេ​​​មាន​ការ​ជាប់​ដោយ​បុរេវិនិច្ឆ័យ​យ៉ាង​ធ្ងន់ធ្ងរ​​ ហើយ​​ពេលវេលា​​នៃការ​សាកសួរ​ដូច​ប្រញ៉េប​ប្រញាប់​សួរ​ទាំង​ពេល​យប់​ពេល​អី​អញ្ចឹង​»។

រីឯ​ប្រធាន​សហភាព​ការងារ​កម្ពុជាលោក អាត់ ធន់ ដែល​តាមដាន​ឃ្លាំមើល​​នៅ​មុខ​តុលាការ​យល់​ថា​ ករណី​នេះ​ជា​វិវាទ​ការងារ​គួរ​ដោះស្រាយ​​រវាងបុគ្គលិក ​និង​ថៅកែ​ ប៉ុន្តែបែរជាមានការ​ចោទ​ប្រកាន់​លើ​តំណាង​លើ​​បុគ្គលិក​បាន​ប្រែក្លាយ​ករណី​នេះ​ទៅ​ជា​បទល្មើស​ព្រហ្មទណ្ឌ។​ លោក​ព្រួយបារម្ភ​ថា​ ​ការ​ចោទ​ប្រកាន់​បែប​នេះ​នឹង​​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ការងារ​។​ មន្ត្រី​​សហជីព​រូបនេះ​ស្នើ​រដ្ឋាភិបាល​​អន្តរាគមន៍​ឲ្យ​មាន​ការផ្សះផ្សា​ការងារ​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​៖ «ឲ្យ​ពួកគេ​​ជជែក​ក្នុង​ក្របខណ្ឌ​និយោជក​និង​កម្មករនិយោជិត​ដើម្បី​បញ្ចប់​រឿង​ក្នុង​លក្ខខណ្ឌ​ចូល​ធ្វើ​ការ​វិញ​ ហើយ​បើ​នៅ​តែ​បែបនេះ​មាន​ន័យ​ថា វា​បង្ក​​រឿង​កាន់​តែ​ធំ​ កម្មករ​កាន់តែ​ឈឺ​ចាប់​​អ្នក​ដែល​គេ​ចាប់​បាន​​ គ្នា​រងគ្រោះ​ ទីបំផុត​​ទៅ​ ជា​មាន​ជម្លោះ​ជាមួយ​អាជ្ញាធរ​លែង​ជា​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​​»។

​​ជុំវិញ​រឿង​នេះ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​លើកឡើង​តាមរយៈ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ ស្ថានទូត​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ទាំងអស់​ត្រឡប់​ទៅ​រក​ការចរចា​វិញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ និង​ឆាប់រហ័ស។​​ ស្ថានទូត​បានដឹង​ឮអំពី​កូដកម្ម​ដែល​កំពុង​កើតមាន​ ទាក់ទង​ នឹង​កាស៊ីណូណាហ្គាវើលដ៍​។

ស្ថាន​ដដែល​បន្ត​ថា​ ប្រជាជន​មាន​សិទ្ធិ​ក្នុង​ការ​ជួបជុំ​ដោយ​សន្តិវិធី​ និង​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​។​​ ប្រតិកម្ម​របស់​ស្ថានទូត​អូស្ត្រាលី​បែប​នេះ​ ក្រោយ​មួយ​ពី​ទូត​អាមេរិក​ថា ខ្លួន​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ករណី​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​កូដករ​ទៀត​។​

មេ​ដឹក​នាំ​សហជីព​បុគ្គលិក​ណាហ្កាវើលដ៍ និង​កូដករ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា​ ក្រុមធ្វើចលនាខុសច្បាប់។ តែទោះ​មាន​ការ​ចាប់​ខ្លួន​តំណាង​សហជីព និង​បុគ្គលិក​ ប៉ុន្តែ​ បុគ្គលិក​ជិត​ ១,០០០ នាក់ ​(ជិតមួយពាន់)​​ នៅតែ​បន្ត​ធ្វើ​កូដកម្ម​នៅ​ជិត​​កាស៊ីណូ​​នេះ​ដដែល​ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ការងារ​ និង​ដោះលែង​តំណាង​របស់​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​

​បុគ្គលិក​ក្រុមហ៊ុន​​ណាហ្កាវើលដ៍ ​ម្នាក់កញ្ញា ស្រីអូន ​​ដែល​ចូលរួម​ធ្វើ​កូដកម្ម​នេះ​ និយាយថា​ ការ​ទាមទារ​រក​ដំណោះស្រាយ​ការងារ​ជិត​ម្ភៃ​ថ្ងៃ​នេះ​ ​កូដករ​ធ្វើ​តាមឆន្ទៈ​ខ្លួន​ ព្រោះ​ចង់​បាន​ដំណោះស្រាយ​​មិនមែន​ធ្វើ​តាម​ការ​បញ្ជា​ពី​អ្នកណា​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ឡើយ​។​ ​ស្ត្រី​កូដករ​រូបនេះ​ ព្រមាន​ថា​ បើ​គ្មាន​ដំណោះស្រាយ​ នឹង​គ្មាន​ការ​ដោះលែង​តំណាង​របស់​ពួក​គេ​ អ្នក​ធ្វើ​កូដកម្មនោះ​មិន​បញ្ឈប់​នោះ​ទេ​៖ «​​ រង​នូវ​ភាព​អយុត្តិធម៌​ពេក​ពួក​ខ្ញុំ​​មិន​អាច​អង្គុយ​ស្ងៀម​បាន​ទេ​ ព្រោះ​ជា​អយុត្តិធម៌​ខ្លាំង​ណាស់​ ​គ្រាន់​តែ​សិទ្ធិ​សេរីភាព​ការងារ​ បែរ​ជា​លាប​ពណ៌​ពួក​ខ្ញុំ​ទៅ​បក្ស​នយោបាយ​វិញ​។​​ រាស្ត្រ​ធ្វើ​ដើម្បី​តែ​រស់​ទេ​​ មិនមែន​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​​ទេ​ គឺ​ដើម្បី​តែ​ឆ្នាំង​បាយ​ខ្លួន​ឯង​​ដាំ​ឲ្យ​បាន​​ល្អ​ប៉ុណ្ណោះ​»។

ស្រដៀង​គ្នា​នេះ​ដែរ​ ក្រុម​មន្រ្តី​សង្គម​ស៊ីវិល​​ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​ បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​​​ដោយ​លើកឡើង​ស្រដៀងៗ​គ្នា​ថា ​សហជីព​ គឺ​ជានីតិបុគ្គល​ស្រប​ច្បាប់​ សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ គឺ​ធានា​ដោយ​ច្បាប់​ មិនមែន​ជា​បទល្មើស​នោះទេ​។ ពួកគេ​បន្ត​ថា​ វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍​គឺ​ជា​វិវាទ​រួម រវាង​បុគ្គលិក​ និង​ថៅកែ មិនមែន​ជា​វិវាទ​ជាមួយ​អាជ្ញាធរ​នោះ​ទេ​។​

ក្រៅពី​នេះ ក៏​មាន​គណបក្ស​នយោបាយ​​មួយ​ចំនួន​​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​បន្តបន្ទាប់ថ្កោលទោស ចំពោះ​ទង្វើ​អាជ្ញាធរ ដែល​រារាំង និង​ប្រើ​កម្លាំង​បង្ក្រាប​ការ​ប្រមូលផ្ដុំ ទាក់ទង​នឹង​វិវាទ​ការងារ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។