អតីត​អ្នក​ទោស​មនសិការ​ថា ពន្ធនាគារ​ព្រៃ​ស​ផ្អាក​ទទួល​ជន​ជាប់​ចោទ ជា​ការ​ពញ្ញាក់​មន្ត្រី​តុលាការ​កុំ​ឲ្យ​ឃុំ​ខ្លួន​មនុស្ស​តាម​ទំនើង​ចិត្ត

0:00 / 0:00

អតីត​អ្នក​ទោស​មនសិការ​នៅ​ពន្ធនាគារ​ព្រៃ​ស ហៅ​ការ​ផ្អាក​​បញ្ជូន​ជន​ជាប់​ចោទ ចូល​ពន្ធនាគារ​ព្រៃ​ស ដោយសារ​ភាព​ចង្អៀត​ណែន ជា​ការ​ពញ្ញាក់​ស្មារតី​​មន្ត្រី​តុលាការ​​ឱ្យ​ឈប់​​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ជន​សង្ស័យ​តាម​អំពើ​ចិត្ត។

អតីត​អ្នក​ទោស​មនសិការ លោក គង់ រ៉ៃយ៉ា យល់​ថា ការ​បញ្ឈប់​​ទទួល​យក​ជន​ជាប់​ចោទ​ចូល​ពន្ធនាគារ​ព្រៃ​ស​ជា​ការ​ល្អ ព្រោះ​បើ​​​បន្ថែម​ជន​សង្ស័យ ឬ​អ្នក​ទោស ក្នុង​ពន្ធនាគារ​ព្រៃ​សបន្ត​ទៀត ស្មើ​នឹង​ការ​សម្លាប់​មនុស្ស​ទាំង​រស់ ដោយសារ​តែ​ភាព​ចង្អៀត​ណែន​ ក្នុង​បន្ទប់​ឃុំឃាំង។

លោក គង់​ រ៉ៃយ៉ា ធ្លាប់​ជាប់​ឃុំ​ នៅ​ពន្ធនាគារ​ព្រៃ​ស ២ដង​ ដោយសារ​​ ហ៊ាន​បង្ហាញ​​មតិ​​លើ​ហ្វេសប៊ុក (facebook) ឲ្យ​ដឹង​ថា កាល​ជាប់​ឃុំ​លើក​ទី​១ នៅ​ឆ្នាំ​២០១៥ បរិវេណ​ពន្ធនាគារ​ព្រៃ​ស និង​បន្ទប់​ឃុំឃាំង​ មិន​សូវ​ចង្អៀត​ខ្លាំង​ទេ តែ​នៅ​ឆ្នាំ​២០១៩ លោក​ជាប់​ឃុំ​ម្ដង​ទៀត លោក​ថា សួន​បន្លែ សួន​ច្បារ បរិវេណ​ហាត់​ប្រាណ បាន​ក្លាយ​ជា​បន្ទប់​ឃុំ​ខ្លួន​ទាំង​អស់។ លោក​ឲ្យ​ដឹង​ថា បរិវេណ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ឬ​មណ្ឌល​កែប្រែ​ម​១ ចុង​ក្រោយ​នេះ គឺ​អាប់អួ និង​ណែន​ណាន់​តាន់តាប់ ដោយ​សារ​កំណើន​អ្នក​ជាប់​ឃុំ។ លោក​ ថា ភាព​ចង្អៀត​ណែន​ ក្នុង​ពន្ធនាគារ​ព្រៃ​ស ដោយសារ​ មន្ត្រី​តុលាការ​​ចោទ​ប្រកាន់​មនុស្ស​​​តាម​ទំនើង​ចិត្ត ​​ខ្វះ​ភស្តុតាង ឬ​ដើម្បី​គាប​សង្កត់​ឲ្យ​ជន​ជាប់​ឃុំ សូក​ប៉ាន់ ជា​ថ្នូរ​ទទួល​បាន​ការ​បង្គាប់​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​ដោះលែង៖ « តុលាការ​ឲ្យ​តែ​បាន​មក​ឃុំ​ខ្លួន បាន​មក​ឃុំ​ខ្លួន ហើយ​នៅ​ពេល​ដែល​ចោទ​ប្រកាន់ ធ្វើ​ការ​ឃុំ​ខ្លួន​នេះ វា​ធ្វើ​ឲ្យ​ជន​ជាប់​ឃុំ​ទាំង​អស់ ចាញ់​គំនាប​តុលាការ​តែ​ម្ដង​ គាត់ ​ ( អ្នក​ជាប់​ឃុំ )​ បាន​និយាយ​ថា អត់​បាន​ធ្វើ​ខុស​ទេ បើ​គេ​យក​ខ្ញុំ​មក​ឃុំ ដូច្នេះ​ហើយ ខ្ញុំ​ត្រូវ​តែ​សូក​ប៉ាន់​លុយ​​ទៅ​កាន់​តុលាការ​ ចៅក្រម ឬ​ក៏​ព្រះ​រាជ​អាជ្ញា​ហ្នឹង ឲ្យ​បាន​ចេញ ឲ្យ​បាន​មាន​សេរីភាព​ឡើង​វិញ នឹង​​អាល​ទៅ​ធ្វើ​ការងារ​ឡើងវិញ ប្រកប​មុខ​របរ​ឡើងវិញ គឺ​គាត់​តែង​តែ​និយាយ​ប្រាប់​ខ្ញុំ អ៊ីចឹង»

អគ្គនាយកដ្ឋាន​ពន្ធនាគារ ​បាន​ផ្អាក​ការ​ទទួល​យក​​ជន​​ជាប់​ចោទ ដែល​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ​ ​​សម្រាប់​ពន្ធនាគារ​ព្រៃ​ស ឬ​ ម​១ តាំង​ពី​ដើម​ខែ​មករា។ អគ្គ​នាយក​រង និង​ជា​អ្នក​នាំ​ពាក្យ​ លោក នុត សាវនា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (Phnom Penh Post) ថា ការ​ឈប់​ទទួល​​យក​​ជន​ជាប់​ចោទ​​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ដោយសារ​តែ​ពន្ធនាគារ​ប៉េហ្ស៊ី ត្រូវ​បាន​រើ​ទៅ​ក្បែរ​ពន្ធនាគារ​ព្រៃស និង​មាន​កន្លែង​សម្រាប់​ដាក់​ឃុំឃាំង ហើយ​ពន្ធនាគារ​ថ្មី​នេះ មាន​នៅ​សល់​កន្លែង​​ទំនេរ​អាច​​ទទួល​ជន​ជាប់ឃុំ​បាន​។

លោក នុត សាវនា​ អះអាង​ថា តួលេខ​​អ្នក​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ឡើង​​ដល់​កម្រិត​ខ្ពស់​​ខ្លាំង​ពេក​ និង​​​ប៉ះពាល់​ក្នុង​ការងារ​​គ្រប់គ្រង​។ ទោះ​​យ៉ាង​នេះ​ក្ដី លោក​ថា ​អាជ្ញាធរ​ពន្ធនាគារ​​​គ្មាន​​គម្រោង​​ផ្ទេរ​អ្នក​ជាប់​ឃុំ​ពី​ព្រៃ​ស ទៅ​ប៉េហ្ស៊ី​ថ្មី​ដែរ គឺ​​ទុក​នៅ​ដដែល រហូត​ដល់​​អនុវត្ត​ទោស​​រួច​រាល់ ហើយ​ដោះលែង​ពេល​នោះ តួលេខ​នឹង​ធ្លាក់​ចុះ។

លោក​​ថា ​ជន​សង្ស័យ ឬ​ជាប់​ឃុំ ដែល​គ្មាន​សាល​ក្រម​ស្ថាពរ ចាប់​ពី​ពេល​នេះ​ទៅ នឹង​ត្រូវ​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​​ឃុំ​​នៅ​​ពន្ធនាគារ​រាជធានី​​ប៉េហ្ស៊ី​ថ្មី​ទាំង​អស់​។ ​លោក​មិន​បាន​បញ្ជាក់​​ថា ពន្ធនាគារ​ PJ ចាស់ ដែល​នៅ​ក្នុង​បរិវេណ​អគ្គ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ត្រូវ​អភិវឌ្ឍន៍​ទៅ​ជា​អ្វី​ផ្សេង​ឡើយ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក នុត សាវនា​ បាន​ទេ នៅ​ថ្ងៃ​ទី​២២ មករា ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ។ ចំណែក​ មន្ត្រី​​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ផ្សេង​ទៀត សុំ​មិន​​ធ្វើ​អត្ថាធិប្បាយ​ទេ ព្រោះ​​ជា​ភារកិច្ច​របស់​អ្នក​នាំ​ពាក្យ។

ពន្ធនាគារ​ព្រៃ​ស មាន​ ២​ផ្នែក គឺ​ ម១ សម្រាប់​ឃុំ​ខ្លួន​​បុរស និង ​ម២ សម្រាប់​ឃុំ​ខ្លួន​ស្ត្រី។ ទាំង ​២​ផ្នែក​ សុទ្ធ​តែ​ចង្អៀត​ណែន ដោយសារ​កំណើន​អ្នក​​ជាប់​ឃុំ​ ករណី​គ្រឿង​ញៀន។ បច្ចុប្បន្ន​​ អ្នក​ជាប់ឃុំ​នៅ​​ ម​១ ​មាន​​ជិត ​១​ម៉ឺន​ (៩.៥០០) ​នាក់។ ឯ​ ម​២ ​មាន​​ស្ត្រី​កំពុង​ជាប់​ឃុំ​ ជិត​ ២​ពាន់​ (២.០០០) ​នាក់​។

លោក​ គង់ រ៉ៃយ៉ា និយាយ​ថា មុន​ត្រូវ​បាន​តុលាការ​ដោះលែង ឆ្មាំ​ពន្ធនាគារ​ធ្លាប់​លួច​​បង្ហើប​ប្រាប់​ថា អាជ្ញាធរ​​បាន​វាយ​កម្ទេច​គ្រែ​ថ្ម ក្នុង​បន្ទប់​ឃុំ​ឃាំង​ក្នុង​អគារ​ពន្ធនាគារ​ទំនើប​​​​ចោល ដើម្បី​ដាក់​​អ្នក​ជាប់​​ឃុំ​បាន​ច្រើន​។ លោក​ថា គម្រោង​ពន្ធនាគារ​ទំនើប​បាន​​ធ្វើ​គ្រែ​ថ្ម សម្រាប់​អ្នក​ជាប់​ឃុំ​មាន​លុយ​បង់ ហើយ​មួយ​បន្ទប់​គ្រោង​ឃុំ​ខ្លួន ​២​នាក់ តែ​ដល់​ពេល​ប្រែ​ក្លាយ​ជា​ពន្ធនាគារ​មិន​ទំនើប គ្រែ​ទាំង​នោះ នឹង​ត្រូវ​វាយ​កម្ទេច ហើយ​អ្នក​ជាប់​ឃុំ​​បណ្ដោះ​អាសន្ន នឹង​ត្រូវ​បង្កើន​មួយ​បន្ទប់​ប្រហែល​ ១០​នាក់។

លោក គង់ រ៉ៃយ៉ា ​​ថា ការ​ធ្វើ​បែប​នេះ ជា​ការ​មិន​គិត​គូរ​ដល់​សុខភាព​របស់​អ្នក​ជាប់​ឃុំ ដូច​ករណី​នៅ​ពន្ធនាគារ​ព្រៃ​ស​ដែរ។ លោក​ថា នៅ​ព្រៃ​ស អ្នក​ជាប់​ទោស​ធ្ងន់ធ្ងរ ​ដែល​ទទួល​បាន​ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន សុទ្ធ​តែ​ជា​អ្នក​មាន​ ហើយ​ត្រូវ​បង់​លុយ​ឲ្យ​តុលាការ​រាប់​ពាន់​ ម៉ឺន​ដុល្លារ ​ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ ឬ​ទើប​អាច​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។

ប្រធាន​ផ្នែក​​ឃ្លាំមើល​សិទ្ធិ​មនុស្ស នៃ​សមាគម​អាដហុក និង​ជា​អតីត​អ្នក​ទោស​មនសិការ លោក នី សុខា​ យល់​ថា ​ជា​រឿង​ប្រសើរ ចំពោះ​ការ​ឈប់​បន្ថែម​​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ ប៉ុន្តែ​ រដ្ឋាភិបាល​​ ត្រូវ​គិត​គូរ​ដោះស្រាយ​​អ្នក​កំពុង​ជាប់​ឃុំ​ កុំ​ឲ្យ​រង​ការ​លំបាក​ ព្រោះ​ភាព​ចង្អៀត​ណែន ក្នុង​ពេល​បច្ចុប្បន្ន​ខ្លាំង​ពេក។

លោក​ សង្កេត​ឃើញ​ថា ភាព​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ​ព្រៃ​ស កើន​ឡើង​ ដោយសារ ​តុលាការ ចោទ​​ប្រកាន់​ហួសហេតុ​ ​ខ្លាំង​ពេក។ លោក​​ថា ដើម្បី​ដោះស្រាយ​​បញ្ហា​នេះ​ ចាំ​បាច់​ត្រូវ​បញ្ឈប់​ការ​ចោទ​ប្រកាន់ ដែល​មិន​សម​ទំនង និង​​ត្រូវ​គិត​គូរ​ពី​ការ​ស្ដារ​នីតិសម្បទា​​ ដោយ​មិន​ត្រូវ​​គិត​តែ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។