សមត្ថកិច្ចកំពុងតាមចាប់អ្នកទោសម្នាក់ដែលរត់គេចពេលព្យាបាលនៅមន្ទីរពេទ្យខែត្រកំពត
2017.09.11
សមត្ថកិច្ចខែត្រកំពត កំពុងតាមចាប់អ្នកទោសម្នាក់ឈ្មោះ ជ័រ ជរ ដែលបានរត់ចេញពីមន្ទីរពេទ្យបង្អែកខែត្រកំពត កាលពីថ្ងៃទី១០ កញ្ញា។
ប្រធានពន្ធនាគារខែត្រកំពត លោក ឯម បូ ប្រាប់អាស៊ីសេរី នៅថ្ងៃទី១១ កញ្ញា ថា អ្នកទោសរូបនោះជាប់ចោទពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន មានជំងឺធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខែត្រ តាំងពីថ្ងៃទី២៤ ខែសីហា។ រហូតដល់ថ្ងៃទី១០ កញ្ញា វេលាម៉ោង ១៣ និង ៤០នាទី អ្នកទោសរូបនោះបានរត់ចេញពីមន្ទីរពេទ្យ។
ប្រធានពន្ធនាគារខែត្រកំពត អះអាងថា មកដល់ថ្ងៃទី១១ កញ្ញា នេះ សមត្ថកិច្ចបានដឹងពីតម្រុយខ្លះៗរបស់អ្នកទោសនោះហើយ និងកំពុងតាមចាប់ខ្លួន។ ប្រធានពន្ធនាគាររូបនេះអះអាងថា នេះគឺជាលើកទី១ សម្រាប់អ្នកទោសនៅខែត្រកំពត ដែលរត់គេចចេញពីពន្ធនាគារតាមរយៈមន្ទីរពេទ្យ ហើយខាងពន្ធនាគារនឹងបង្កើនការប្រុងប្រយ័ត្នចំពោះករណីនេះនៅលើកក្រោយទៀត៕