ពលរដ្ឋ​ទ្រហោយំ​អាណិត​ហ្វូង​ស្វា​ព្រៃ​ដែល​អាជ្ញាធរ​អប្សរា​ជម្លៀស​ចេញ​ពី​ឧទ្យាន​អង្គរ

ដោយ វ៉ែន សុមេធ
2020.12.30
ពលរដ្ឋ​ទ្រហោយំ​អាណិត​ហ្វូង​ស្វា​ព្រៃ​ដែល​អាជ្ញាធរ​អប្សរា​ជម្លៀស​ចេញ​ពី​ឧទ្យាន​អង្គរ សត្វស្វានៅតំបន់ឧទ្យានអង្គរ រូប​ថតថ្ងៃទី៣០ ធ្នូ ២០២០។
Photo Provided

ក្រុម​មគ្គុទ្ទេសក៍​អង្គរ និង​ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប បាន​ស្រែក​ទ្រហោយំ អាណិតអាសូរ សត្វ​ស្វា​ជា​ច្រើន​ក្បាល រស់នៅ​តំបន់​អង្គរ ត្រូវ​បាន​អាជ្ញាធរ​បាញ់​ខុស​បច្ចេកទេស​បណ្ដាល​រង​របួស​។ ការ​លើកឡើង​នេះ បន្ទាប់ពី​អាជ្ញាធរ​អប្សរា បាន​ជម្លៀស​សត្វ​ស្វា​កាចៗ​មួយ​ចំនួន ចេញ​ពី​ពី​តំបន់​ឧទ្យាន​អង្គរ​ក្រោម​ហេតុផល​ដើម្បី​ការពារ សុវត្ថិភាព​មនុស្ស និង​ប្រាសាទ។

ពលរដ្ឋ​ខេត្ត​សៀមរាប និង​ក្រុម​មគ្គុទ្ទេសក៍​អង្គរ​ព្រួយ​បារម្ភ ពី​ជីវិត​សត្វ​ស្វា​ជាច្រើន​ក្បាល​ដែល​កំពុង​រស់នៅ​តំបន់​ឧទ្យាន​អង្គរ ត្រូវ​បាន​អាជ្ញាធរ​អប្សរា ជម្លៀស​ចេញ​ឱ្យ​ទៅ​រស់នៅ ក្រៅ​ឧទ្យាន​អង្គរ​វិញ។ពលរដ្ឋ​ថា ទង្វើ​របស់​សមត្ថកិច្ច បង្ក​ហានិភ័យ​ដល់​អាយុជីវិត​សត្វ​ស្វា​ទាំងនោះ ដែល​មាន​ទម្លាប់​រស់នៅ​ក្នុង​ព្រៃ​តំបន់​អង្គរ​ជា​យូរ​មក​ហើយ។

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប លោក អាង ឆាល ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​អប្សរា​ថា ហាក់​ដូច​ជា យក​ស្វា​ទៅ​សម្លាប់ចោល​ដូច្នោះ​ដែរ ព្រោះ​នៅ​ក្រៅ​ឧទ្យាន​អង្គរ​គ្មាន​ព្រៃឈើ​ផ្ដល់​ផល និង​ស្បៀង សម្រាប់​សត្វ​ស្វា​ទាំង​នោះ​ឡើយ ហើយ​ពួកវា​អាច​នឹង​ប្រឈម​ការ​ប្រមាញ់​ពី​ព្រានព្រៃ​ថែមទៀត​។ លោក​សង្កេត​ឃើញ​ថា ហ្វូង​ស្វា​រាប់​រយ​ក្បាល មាន​ទម្លាប់​រស់នៅ​តាម​ប្រាសាទ និង​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​តាំងពី​បុរាណ​មក អាជ្ញាធរ​អប្សរា គួរតែ​អភិរក្ស​ឱ្យ​បាន​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ៖ ​«ព្រៃឈើ​របស់​យើង​វា​សឹក​រឹត​រិល​ហើយ វា​អត់​មាន​ផ្លែឈើ ដែល​ឱ្យ​វា​ស៊ី​កើត​ដែរ​។ អ៊ីចឹង​ហើយ​ពួកវា​ព្យាយាម​មក តំបន់​មនុស្ស​ទៅ ហើយ​ពួក​មនុស្ស​ទាំងអស់​ហ្នឹង​។ ពួក​អ្នកដំណើរ​ទេសចរ ឱ្យ​ផ្លែឈើ​ទៅ វា​អត់​ទៅ​ណា​ទេ បើ​វា​ទៅ​ព្រៃ​គឺ ពុំ​មាន​ចំណីអាហារ​គ្រប់គ្រាន់​សម្រាប់​ពួកវា ដោយសារ​ព្រៃឈើ​ស្ទើរតែ​បាត់បង់​អស់ ហើយ​ផ្លែឈើ​អត់​មាន​តាម​រដូវ​ទៀត»

ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ខេត្ត​សៀមរាប លោក នី ម៉ាលី មិន​គាំទ្រ ការ​ជម្លៀស​សត្វ​ស្វា​ចេញពី​តំបន់​អង្គរ​នោះ​ទេ ព្រោះ​ទម្លាប់​បែប​ធម្មជាតិ​របស់​វា មិន​អាច​រស់នៅ ទីតាំង​ផ្សេង​បាន​ទេ​។ លោក​ថា ស្វា​ទាំងនោះ រស់នៅ​តំបន់​អង្គរ​មាន​សុវត្ថិភាព​ជាង​នៅ​តំបន់​ផ្សេងៗ​ព្រោះ​ក្នុង​បរិវេណ​តំបន់​អង្គរ​មិន​មាន​អ្នក​បរបាញ់ និង​ដាក់​អន្ទាក់​៖ «វា​អយុត្តិធម៌​សម្រាប់​សត្វ ព្រោះ​សត្វ​វា​រស់នៅ​តំបន់​ដែរ កាលណា​យើង​យក​វា​ទៅ​លែង​នៅ​ព្រៃ​ផ្សេងទៀត អត់​មាន​អភិរក្ស នឹង​មាន​ការ​សម្លាប់​។ បើ​នៅ​ក្នុង​ព្រៃអង្គរ មាន​ការ​អភិរក្ស អត់​សូវ​មាន​អ្នកណា​ទៅ​សម្លាប់​វា»

កាលពី​ថ្ងៃ​ទី២៨ ធ្នូ អាជ្ញាធរ​អប្សរា​បាន​ជូនដំណឹង តាម​ទំព័រ​ហ្វេស​បុក​របស់​ខ្លួន​ថា សត្វ​ស្វា​កាចៗ​មួយ​ចំនួន រស់នៅ​ក្នុង​តំបន់​ប្រាសាទ​បាយ័ន នឹង​ត្រូវ​យកចេញ ទៅ​លែង​នៅ​ក្នុង​ព្រៃ​ក្រៅ​ឧទ្យាន​អង្គរ ដោយសារ សត្វ​ទាំងនេះ បង្ក​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​ដូចជា រុញ​ឲ្យ​ជ្រុះ​ថ្ម​ប្រាសាទ និង​ធ្វើ​ឲ្យ​ខូចខាត​ផ្ទាំង​បដា​ព័ត៌មាន​ផ្សេងៗ​។ អាជ្ញាធរ​អប្សរា​មិន​បង្ហាញ ពី​ចំនួន​ពិតប្រាកដ​នៃ​សត្វ​ស្វា​ដែល​ត្រូវ​នាំ​ចេញពី​តំបន់​ឧទ្យាន​អង្គរ​នោះ​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល បកស្រាយ​ថា វិធីសាស្ត្រ​នៃ​ការ​ចាប់​សត្វ​ស្វា គឺ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ប្រើ​ថ្នាំ​សន្លប់ មិន​បណ្តាល​ឱ្យ​សត្វ​ស្វា​ណាមួយ​ស្លាប់​នោះ​ឡើយ​។ លោក​ថា អាជ្ញាធរ​អប្សរា បាន​ជម្លៀស​តែ​ស្វា​ណា​កាចៗ ធ្វើ​ឱ្យ​ប៉ះពាល់​សុវត្ថិភាព​មនុស្ស និង​សុវត្ថិភាព​ប្រាសាទ ហើយ​មក​ទល់​ពេល​នេះ មាន​ស្វា ១៦ ក្បាល ត្រូវ​បាន​អាជ្ញាធរ​ចាប់​យក​ចេញពី​តំបន់​ឧទ្យាន​អង្គរ​កាល​ពី​ពេល​ថ្មីៗ​នេះ៖ «ស្វាយ​នេះ​ត្រូវ​បាន​យកចេញ​ដោយ​អ្នក​ជំនាញ ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ដោយ​ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​។ យើង​មិន​អាច​ចាប់​យក​ចេញទៅ​ទាំងអស់​នោះ​ទេ យក​តែ​ស្វា​ណា​ដែល​កាចៗ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​មនុស្ស និង​ប្រាសាទ​។ ស្វា​ហ្នឹង​គ្រាន់តែ​សន្លប់​តើ អត់​មានរឿង​ដែល​ថា ស្លាប់​ទេ អ្នក​និយាយ​ហ្នឹង​គាត់​មិនបាន​ស្វែងយល់​ពី​បច្ចេកទេស»

ទោះបីជា​យ៉ាងណា ពលរដ្ឋ​ថា កាលពី​ថ្ងៃ​ទី២៩ ធ្នូ អាជ្ញាធរ​អប្សរា និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​បាញ់ថ្នាំ​សន្លប់​ខុស​បច្ចេកទេស នៅ​ប្រាសាទ​អង្គរធំ​បណ្តាល​ឱ្យ​សត្វ​ស្វា​មួយ​ចំនួន ធ្លាក់​ពី​ទី​ខ្ពស់ បុក​ខ្ទប់​នឹង​ថ្ម​ប្រាសាទ​រង​របួស​ធ្ងន់​។ ចំណែក ពលរដ្ឋ និង​ក្រុម​មគ្គុទ្ទេសក៍​អង្គរ បាន​ថត​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម ស្រែក​ទ្រហោយំ អាណិត​ស្វា​ទាំងនោះ៖ «បាញ់​វា​អត់​ត្រង់​ទេ ឥលូវ​ស្វា​ធ្លាក់​ត្រូវ​ដុំ​ថ្ម​ហើយ​។ ពួកគាត់​បាញ់​ទម្លាក់​ស្វា​ងាប់​អស់ហើយ បងប្អូន​អើយ​ធ្លាក់​ដល់ ២ ងាប់​ពីរ​។ សូម​រដ្ឋាភិបាល​ជួយ​មើល​ផង សត្វ​ដែល​វា​រស់នៅ​តំបន់​អង្គរ គឺ​វា​នៅ​យូរលង់​ណាស់​មក​ហើយ ហើយ​ពួកគាត់​ចោទ​ថា ស្វា​កាច ស្វា​ខាំ»

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​អង្គរ លោក ខៀវ ធី អំពាវនាវ​ឱ្យ​អាជ្ញាធរ​អប្សរា គួរតែ​អភិរក្ស​សត្វ​ស្វា​ព្រៃ​ទាំងនោះ ឱ្យ​រស់នៅ​បែប​ធម្មជាតិ​ដូចដើម មិន​ត្រូវ​ជម្លៀស​ចេញ​នោះ​ទេ ព្រោះ​ពួកវា ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ​ខ្មែរ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ លោក​សង្កេត​ឃើញ​ថា ស្វា​កាចៗ ដោយសារ​វា​ការពារ​ខ្លួន ប្រសិនបើ​មនុស្ស​មិន​ប៉ះពាល់​វា វា​ក៏​មិន​ធ្វើ​អ្វី​យើង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Dec 31, 2020 08:24 AM

នេះឬទឹកចិត្តខ្មែរ? ពលរដ្ឋដែលជាមនុស្សដូចគ្នាត្រូវរដ្ឋាភិបាលធ្វេីបាបគ្រប់ទិសទី តេីពួកអ្នកទរហោយំទាំងនេះនៅឯណា? ឬក៏មិនទាន់ចាប់ជាតិទេ?