គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយ សហភាពអឺរ៉ុប (EU) បានចងក្រង និងផ្សព្វផ្សាយជាសាធារណៈនូវសៀវភៅមគ្គទេសក៍ណែនាំ ពីវិធីហាលសម្ងួតត្រី និងបង្គា ដោយប្រើប្រាស់បច្ចេកវិទ្យាថាមពលព្រះអាទិត្យ។
សៀវភៅមគ្គទេសន៍ស្ដីពីបច្ចេកវិទ្យាហាលសម្ងួតដោយថាមពល ព្រះអាទិត្យ ឬទូសម្ងួតពន្លឺព្រះអាទិត្យ (SDD) ផ្តល់លទ្ធភាពដល់សហគ្រាសកែច្នៃជលផលក្នុងការហាលសម្ងួតត្រី និងបង្គាបានកាន់តែប្រសើរ នៅគ្រប់លក្ខខណ្ឌអាកាសធាតុ និងបរិស្ថានស្អាតល្អ។ គម្រោងនេះ កំពុងផ្តល់ការគាំទ្រដល់សហគ្រាសកែច្នៃជលផលចំនួន ១០ ក្នុងខេត្តក្រុងចំនួន ៦ ជាមួយទូសម្ងួតដោយប្រើពន្លឺព្រះអាទិត្យ ដើម្បីប្រើប្រាស់ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងជាមួយផលិតផលនាំចូល តាមរយៈការបង្កើនផលិតភាព ដើម្បីជួយឱ្យផលិតផលត្រីងៀត និងបង្គាក្រៀមមានគុណភាព អនាម័យ និងសុវត្ថិភាពល្អ។
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នេះ ស្ថិតក្រោមកិច្ចសហការជាមួយគម្រោងងាកមកប្រើប្រាស់ពន្លឺព្រះអាទិត្យ (SWITCH to Solar) និងស្ថាប័នសំខាន់ៗមួយចំនួនទៀត ដូចជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (PDAFFs) ខណ្ឌរដ្ឋបាលជលផលនៅតាមបណ្តាខេត្ត គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ (MFIs) ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ និងសហគ្រាសកែច្នៃជលផល កំពុងជំរុញគំនិតផ្ដួចផ្ដើមនេះ ដើម្បីឱ្យសហគ្រាសកែច្នៃផលិតផលជលផល និងផលិតផលកសិកម្មផ្សេងៗទៀតនៅកម្ពុជាទទួលយក និងប្រើប្រាស់បច្ចេកវិទ្យានេះ ឱ្យបានកាន់តែទូលំទូលាយ ក្រោមរូបភាពនៃការបណ្ដាក់ទុនរួមគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។