សាច់ញាតិ​ក្មេងប្រុស​ត្រូវ​បាន​គេ​សម្លាប់ និង​ដុត​នៅ​បន្ទាយមានជ័យ​ទាមទារ​ពន្លឿន​រក​ឃាតក

ដោយ សេក បណ្ឌិត
2024.04.05
សាច់ញាតិ​ក្មេងប្រុស​ត្រូវ​បាន​គេ​សម្លាប់ និង​ដុត​នៅ​បន្ទាយមានជ័យ​ទាមទារ​ពន្លឿន​រក​ឃាតក អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក សៅ សារឿន (មុខគេ)។
Photo: RFA

សាច់ញាតិ​របស់​ក្មេងប្រុស​អាយុ ១៦​ឆ្នាំ ដែល​ឃាតក​សម្លាប់​នៅ​ទីក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទាមទារ​ឱ្យ​សមត្ថកិច្ច​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​ស្វែង​រកមុខ​ឃាតក​យក​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ផ្លូវ​ច្បាប់។ សាច់ញាតិ​រងគ្រោះ​បញ្ជាក់​ថា អស់​រយៈពេល ១​សប្ដាហ៍​មក​នេះ សមត្ថកិច្ច​មិន​ទាន់​ផ្តល់ដំណឹង​ពី​លទ្ធផល​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះនៅ​ឡើយ បន្ទាប់​ពី​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​រក​ឃើញ​សាកសព​ជនរងគ្រោះ​ត្រូវគេ​ដុតចោល កាល​ពីថ្ងៃ​ទី២៩ ខែ​មីនា កន្លង​ទៅ។ មន្ត្រី​សិទ្ធិមនុស្ស​ពិនិត្យ​ឃើញ​ថា ករណី​ឃាតកម្ម​នេះ​ហាក់​មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ​ដោយ​មាន​ឃាតក​សម្លាប់ និង​មាន​អ្នក​រៀបចំ​សាកសព ដើម្បី​ដុត​កម្ទេច​ភស្តុតាង។

ក្រុមគ្រួសារ​របស់​ក្មេងប្រុស​ដែល​ត្រូវ​ឃាតក​សម្លាប់​នៅ​ក្រុង​ប៉ោយប៉ែត​កំពុង​ទន្ទឹង​រង់ចាំពន្លឺ​យុត្តិធម៌ និង​ការ​ស្វែងរក​មុខ​ឃាតក​មក​អនុវត្ត​ទោស​តាមច្បាប់ ដោយ​ចាត់ទុក​ការ​ស្លាប់​របស់​សមាជិក​គ្រួសារ​ថា ជា​ករណី​ឃាតកម្ម​ដ៏​សាហាវ។

បងស្រី​បង្កើត​របស់​ជនរងគ្រោះ​ឈ្មោះ ហុក ដូលា គឺ​លោកស្រី ហុក ចិន្តា រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ទាំង​ទឹកភ្នែក​នៅ​ថ្ងៃ​ទីខែ​មេសា ថា មក​ទល់​ពេល​នេះ ក្រុមគ្រួសារ​មិន​ទាន់អាច​ធ្វើចិត្ត​បាននៅ​ឡើយ​ចំពោះ​ឃាតកម្ម​លើ​ប្អូនប្រុស។

ជនរងគ្រោះ​ឈ្មោះ ហុក ដូលា មាន​អាយុ ១៦​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ហាង​លក់ទំនិញ​ចិន​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត និង​បាន​បម្រើ​ការងារ​ប្រមាណ ៥​ខែ។ លោកស្រី ហុក ចិន្តា បញ្ជាក់​ថា ប្អូនប្រុស​លោកស្រី ពេល​ចេញ​ពីធ្វើ​ការ​តែង​ត្រឡប់​មក​ផ្ទះ​ហូបបាយ​ជុំ​គ្រួសារ ប៉ុន្តែ​នៅ​ថ្ងៃទី​២៩ ខែមីនា ប្អូនប្រុស​ក៏បាន​បាត់​ខ្លួន​មិន​បានត្រឡប់​មក​ផ្ទះ​ដូច​សព្វ​មួយ​ដងនោះ​ទេ​។ រហូត​ដល់​រសៀល​ថ្ងៃទី​៣០ ខែមីនា លោកស្រី​ស្លុតចិត្ត​ក្រោយ​ទទួល​ដំណឹង​ថា សមត្ថកិច្ច​បាន​ប្រទះឃើញ​សាកសព​ប្អូនប្រុស ត្រូវ​បាន​គេ​កាត់​ដៃ​កាត់​ជើង និង​ដុត​ក្នុង​រណ្ដៅ​ដាក់​សំរាម​នៅ​ចំណុច​ភូមិ​អណ្ដូង​ថ្ម​មាស ក្រុង​ប៉ោយប៉ែត។

លោកស្រី ហុក ចិន្តា៖ «គ្រាន់តែ​ដឹង​ដំណឹង​ថា មាន​សាកសួរ​គេ​ផ្លុង​ចោល​យើង​ទៅ​ទាំង​ប្រថុយ មិន​នឹកស្មាន​ថា ទៅ​ទទួល​សព​ប្អូនប្រុស​មកវិញ​។ ករណី​នេះ គ្រាន់​ចង់​ដឹង​ថា ប្អូន​ខ្ញុំ​បាន​ខុស​អី ឬ​គាត់​សម្លាប់​ដោយសារ​អី​តែ​ប៉ុណ្ណឹង រាល់ថ្ងៃ​ខ្ញុំ​ទន្ទឹង​រង់ចាំតែ​ប៉ុណ្ណឹង ខ្ញុំ​មាន​តែ​ពឹង​លើ​បងៗ​សមត្ថកិច្ច និង​អ៊ំៗ​ទាំងអស់​វែកញែក​សាច់រឿង​ឱ្យ​ច្បាស់​តែ​ប៉ុណ្ណឹង​ឯង»។

លោកស្រី ហុក ចិន្តា បញ្ជាក់​ថា អស់​រយៈពេល ១​សប្ដាហ៍​កន្លង​មក​នេះ ក្រុម​គ្រួសារទន្ទឹង​រង់ចាំពន្លឺ​យុត្តិធម៌​ទាំង​ក្ដី​សោក​សង្រេង ហើយ​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​មិនទាន់​បង្ហាញ​តម្រុយ​នៃ​លទ្ធផល​ស៊ើប​អង្កេត​លើ​ឃាតកម្ម​របស់​ប្អូនប្រុស​លោកស្រី​នៅ​ឡើយ

ពាក់ព័ន្ធ​រឿងនេះ អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក សៅ សារឿន បញ្ជាក់​ដោយ​ខ្លី​ថា លោក​មិន​បាន​ដឹង​ពី​ករណី​ឃាតកម្ម​នេះ​ឡើយ

លោក សៅ សារឿន៖ «អាស៊ីសេរី​! មាន​ការ​អី អត់​សូវ​ដឹង​ទេ បង​អត់​សូវ​ដឹង​ទេ​អូន បង​អត់​ដឹង​ដែរៗ»។

ចំណែក អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​លោក លី សុវណ្ណរិទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​តេឡេក្រាម (Telegram) នៅ​ថ្ងៃទី​៤ ខែ​មេសា ថា ក្រោយ​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជនរងគ្រោះ​ត្រូវបាន​គេ​កាប់​ឱ្យ​រងរបួស​ជាច្រើន​កន្លែង​បណ្ដាល​ឱ្យ​ស្លាប់ បន្ទាប់​មក​ជនសង្ស័យ​បាន​យក​សាកសព​ទៅ​ទម្លាក់​ចោលនៅ​ក្នុង​រណ្ដៅ​ដាក់​សំរាម​នៅ​ចំណុច​ខាងជើង​អគារ​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិត​ក្នុងភូមិ​អណ្ដូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត។ លោក​អះអាងថា មក​ដល់​ពេល​នេះ​ក្រុមការងារ​មកពី​ក្រសួង​មហាផ្ទៃ និង​ក្រុមការងារ​ខេត្ត និង​ក្រុង​ប៉ោយប៉ែត កំពុង​បើកការ​ស្រាវជ្រាវ​លើ​ករណី​ឃាត​កម្មនេះ។

លោកស្រី ហុក ចិន្តា អះអាងថា ប្អូនប្រុស​លោកស្រី​មាន​ចរិត​ស្លូតបូត និង​ពុំ​ដែលមាន​ជម្លោះ​ជាមួយ​អ្នកណា​នោះទេ។

ជុំវិញ​រឿងនេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ចាត់ទុក​ករណី​ឃាតកម្ម​លើ​ក្មេងប្រុស​អាយុ​ត្រឹម ១៦​ឆ្នាំនេះ ថា ជា​អំពើ​ឃោរឃៅ​។ លោក​ពិនិត្យ​ឃើញ​ថា ករណី​ឃាតកម្មនេះ ហាក់​មានការ​រៀបចំ​ជា​គម្រោង​ល្អិតល្អន់ ពីព្រោះ​ក្រោយ​ឃាតក​សម្លាប់ ក្មេងប្រុស ហុក ដូលា ជនដៃដល់​បាន​យក​សាកសព​ទៅ ដុត​ដើម្បី​បំផ្លាញ​ភស្តុតាង។

លោក អំ សំអាត៖ «ករណី​ឃាតកម្ម​នេះ វា​សាហាវ​ឃោរឃៅ យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស​នេះ នៅតែ​ទទូច​ឱ្យ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ រក​ជនដៃដល់ និង​អ្នកពាក់ព័ន្ធ​យកទៅអនុវត្ត​តាមផ្លូវ ដើម្បី​ផ្ដល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​សម្រាប់​បង្ហាញ​ទៅ​ជន​ដទៃ​អំពី​អ្នក​ដែល​ប្រព្រឹត្ត​គឺ​មិនអាច​គេចផុត​ពី​សំណាញ់​ច្បាប់​បានទេ»។

សាច់ញាតិ​ជនរងគ្រោះ​នៅតែ​បន្ត​ទាមទារ​យ៉ាងទទូច​ដល់​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ ឱ្យ​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ​ឱ្យ​បាន​ឆាប់ ដើម្បី​ស្វែង​រកមុខ​ឃាតក​ពិតប្រាកដ​យកមកអនុវត្ត​ទោស និង​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​សាច់ញាតិ​ដែល​បាន​បាត់បង់​ជីវិត​។ ជាមួយគ្នានេះ មន្ត្រី​សិទ្ធិមនុស្ស​ព្រមាន​ថា បើ​សមត្ថកិច្ច​គ្មាន​ការស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់ និង​ប្រកបដោយ​តម្លាភាព​ជុំវិញ​ករណី​ឃាតកម្ម​នេះ ឃាតក​អាច​នឹង​បន្ត​ប្រព្រឹត្ត​ទង្វើ​ដដែលៗ ដែល​នាំ​ឱ្យ​មានការ​រិះគន់ ហើយ​ពលរដ្ឋ​នឹង​កាន់តែ​អស់ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។