ពលរដ្ឋ​នៅ​សៀមរាប​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​មិន​អើពើ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ដែល​ខូចខាត ៥​ឆ្នាំ​មក​ហើយ

ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ ចំនួន​២​ស្រុក​នៅ​ក្នុង​ខេត្ត​សៀមរាប ត្អូញត្អែរ​ថា ផ្លូវ​មួយ​ខ្សែ​ដែល​ចេញពី​ក្រុង​សៀមរាប​ឆ្ពោះទៅ​ស្រុក​វ៉ារិន ឆ្លង​កាត់​ស្រុក​អង្គរធំ ស្រុក​អង្គរជុំ រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​រយៈពេល​៥​ឆ្នាំ​មក​ហើយ ពុំ​ទាន់​ឃើញ​មានការ​ជួសជុល​ឡើងវិញ​នោះ​ទេ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ពួកគាត់​បាន​ស្នើ​ទៅ​ថ្នាក់លើ​ច្រើនដង​រួចហើយ​ដែរ ប៉ុន្តែ​ថ្នាក់លើ​មិន​ទាន់​ឃើញ​ឆ្លើយ​តប​នៅឡើយ​ទេ។

ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ឆ្លងកាត់​ក្នុង​ឃុំ​គោកដូង នៃ​ស្រុក​អង្គរជុំ និង​ឃុំ​ជប់​តាត្រាវ ស្រុក​អង្គរធំ ខេត្ត​សៀមរាប ត្អូញត្អែរ​ថា ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ កំពុង​ខូចខាត​តាំងពី​ឆ្នាំ​២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន មិន​ទាន់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​អើពើ​ជួសជុល​នោះ​ទេ។ ពលរដ្ឋ​ថា​នៅពេល​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចង់​ធ្វើ​ដំណើរ​ទៅ​ណា​ម្ដងៗ​មិន​អាច​ធ្វើ​ដំណើរ​ទាន់​ពេល​វេលា​នោះ​ទេ ជាពិសេស​នៅ​ពេល​ដែល​ពលរដ្ឋ​មាន​ជំងឺ​ឈឺ​ស្កាត់​នៅពេល​យប់​ពិបាកធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​ខ្លាំង។

ពលរដ្ឋ​នៅក្នុង​ឃុំ គោក​ដូង នៃ​ស្រុក​អង្គរជុំ លោកស្រី យឹម សុខឿន រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ថា ផ្លូវ​នៅក្នុង​ឃុំ​ដែល​ត​ភ្ជាប់​ជាមួយ​ស្រុក​វ៉ារិន រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​ជាង ៥​ឆ្នាំ​ហើយ នៅ​មិនទាន់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ជួសជុល​នៅ​ឡើយ​ទេ។ លោកស្រី​បន្ថែម​ថា នៅ​ខែ​វស្សា​មាន​រណ្ដៅ​ជ្រៅៗ ធ្វើ​ឲ្យ​មនុស្ស​ជិះ​ម៉ូតូ​ដួល​ជា​ញឹកញយ ជាពិសេស សិស្សសាលា​ក្មេងៗ តែងតែ​ដួល​ប្រឡាក់​សំលៀកបំពាក់​ជា​ហូរហែ។ ពលរដ្ឋ​នៅក្នុង​ឃុំ​តែងតែ​រអ៊ូរទាំ​ចំពោះ​អាជ្ញាធរ ខ្វះ​ការ​យកចិត្តទុក​ដាក់​ទៅលើ​ពួកគេ ដោយ​មុន​បោះឆ្នោត​តែងតែ​សន្យា​អភិវឌ្ឍន៍​និង​ធ្វើ​ផ្លូវ​ឲ្យ​បាន​ល្អ​ស្អាត ប៉ុន្តែ​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​មិន​ទាន​ឃើញ​ធ្វើ​ផ្លូវ​នៅ​ឡើយ​ទេ។

លោកស្រី យឹម សុខឿន៖ «គោយន្ត​ជាប់​លើ​ថ្នល់​ដែរ​ជាប់​គ្រប់​តែ​កន្លែង​ហ្នឹងឯង ម៉ូតូ​ក៏​ជិះ​វេរ​ចូល​ផ្ទះ​គេ វេរ​ចូល​មុខ​ផ្ទះ​គេ ម្ចាស់​គេ​បិទ​ចេះ​ក៏​ធ្លាក់​ទៅ​ក្នុង​ជ្រុះ​ក៏​ជាប់​ម៉ូតូ​រលត់​ក្នុង​ទឹក​ក៏មានដែរ​លោកគ្រូ»។

ស្រដៀង​គ្នា​នេះ​ដែរ​ពលរដ្ឋ​រស់នៅ​ឃុំ ជប់​តាត្រាវ នៃ​ស្រុក​អង្គរធំ លោក ផុន ផាន់ថៃ ឲ្យ​ដឹង​ដែរ​ថា ផ្លូវ​មួយ​ខ្សែ​នេះ នៅ​រដូវប្រាំង មាន​ដី​ហុយ​ខ្លាំង​ធ្វើ​ឲ្យ​ពលរដ្ឋ និង​ក្មេង​នៅក្នុង​ឃុំ​ងាយ​មាន​ជំងឺ​ដូចជា​ឆាប់​ផ្ដាសាយ ក្អក ជាពិសេស​នៅពេល​ហូបបាយ​ម្ដងៗ ពួកគេ​ត្រូវ​ចង់​មុង​ទើប​អាច​ហូបបាយ​កើត ចំណែក​រដូវវស្សា​វិញ​មាន​ទឹក​ដក់​នៅក្នុង​រណ្ដៅ​ធំៗ​ធ្វើ​ឱ្យ​ពិបាក​ខ្លាំង​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់។

លោក ផុន ផាន់ថៃ៖ «បន្ទាប់ពី​បាត់​ហុយ​មក​ក៏​វា​ទៅជា​រណ្ដៅ​ក្រឡុក​(​ជង្ហុក​)​ជ្រៅៗ​អ៊ីចឹង​ដូច​បង​ឃើញស្រាប់​ហើយ ពិបាក​ណាស់​បង​អើយ បើ​គិត​ពី​ការ​ដឹក​វិញ​នោះ វា​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ជូន​កូន​ទៅ​រៀន​អី​ពិបាក»។

ចំណែកឯ​ពលរដ្ឋ​ដែល​តែងតែ​ធ្វើ​ដំណើរ​មក​ពី ស្រុក​វ៉ារិន ឆ្ពោះ​ទៅ​ក្រុង​សៀមរាប លោក មូល ម៉ៃ ឱ្យ​ដឹង​ថា ផ្លូវ​មួយ​នេះ​នៅពេល​មេឃ​ភ្លៀង​នៅ​តាម​រណ្ដៅ​ខ្លះ​លិច​ដល់​ក្បាល​ជង្គង់ ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត និង​ម៉ូតូ ពិបាក​ខ្លាំង លើស​ពី​នោះ ម៉ូតូ​ខ្លះ​មាន​ការ​ខូចខាត​ថែម​ទៀត បន្ទាប់​ពី​ជិះ​ឆ្លងកាត់​ផ្លូវ​នោះ​រួចមក ។ លោក​បន្ថែម​ថា អ្នកភូមិ​ចង់​ឲ្យ​អាជ្ញាធរ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ឲ្យ​ឆាប់​បំផុត។

road_sr.jpg
រូបភាពផ្លូវមួយខ្សែពីក្រុងសៀមរាបទៅ ស្រុកវ៉ារិន បានខូចខាតស្ទើរទាំងស្រុង ស្ថិត​នៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្ត​សៀមរាប កាលពី​ថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០២៣ ។ រូបភាព៖ ពលរដ្ឋផ្ដល់ឲ្យ

លោក មូល ម៉ៃ៖ «ខូច​អស់​ខ្ទេចខ្ទី​អស់ហើយ ជិះ​អត់​កើត​ផង ខូច​ជិះ​អត់​កើត ទៅជា​ស្ទឹង​ទៅជា​ប្រឡាយ​អស់ហើយ​ពិបាក​ណាស់ ម៉ូតូ​ជិះ​តាម​ផ្ទះ​គេ ជិះ​តាមផ្លូវ​អត់​កើត​ទេ ជិះ​ចូល​តាម​ច្រក​ផ្ទះ​គេ មុខ​ផ្ទះ​គេ វា​ខាត​ច្រើន​ទាក់ទង​នឹង​សេដ្ឋកិច្ច ការ​ធ្វើ​ដំណើរ​ប៉ះពាល់​ទាំងស្រុង ទាំង​ម៉ូតូ ទាំង​ឡាន​បុក​នឹង​ថ្ម»។

ជុំវិញ​រឿង​នេះ មេឃុំ​គោក​ដូង មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ូ ខុម ឆ្លើយ​តប​ថា រូប​លោក​បាន​ស្នើ​ទៅ​ថ្នាក់លើ​របស់​លោក​ជា​ច្រើនសា​មក​ហើយ រហូត​មក​ដល់​ពេល​នេះ​មិនទាន់​ទទួល​បាន​ដំណឹង​ពី​ថ្នាក់​ខេត្ត​នៅឡើយ​នោះ​ទេ ។ លោក​បន្ថែម​ថា ចំពោះ​ការ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​វា​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ។ លោក​អំពាវនាវ ឲ្យ​ថ្នាក់លើ​របស់​លោក​ជួសជុល​ផ្លូវ​មួយ​នេះ​ឲ្យ​បាន​ឆាប់។

លោក ហ៊ូ ខុម៖ «នុះ​ឯង​ខ្ញុំ​សំណូមពរ​ថាឱ្យ​ថ្នាក់ដឹកនាំ​ខាងលើ​មន្ទីរ​អភិវឌ្ឍន៍​[​ជនបទ​]​ខេត្ត ឬក៏​ក្រសួង​ដើម្បី​ជួយ​ឱ្យ​ឃុំ​ខ្ញុំ​[​ឃុំ​គោក​ដូង​]និង​ឃុំ​ជប់​តា​ត្រាវ​នេះ ធ្វើ​ម៉េច​ឱ្យ​ផុត​ពី​ការ​និន្ទា​របស់​ប្រជាពលរដ្ឋ ហូ​!ដល់​ហើយ​ខ្ញុំ​មិនដឹង​និយាយ​ថា ម៉េច»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាលខេត្ត​សៀមរាប​ថ្មី លោក ប្រាក់ សោភ័ណ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ឲ្យ​បាន​ឆាប់​អំពី​បញ្ហា​នេះ ពីព្រោះ​ផ្លូវ​គឺជា​កត្តា​មួយ ដែល​ជំរុញ​ឲ្យ​មាន​ដំណើរការ​សេដ្ឋកិច្ច របស់​ប្រជាពលរដ្ឋ ដើម្បី​ដឹកជញ្ជូន​ទំនិញ និង​ការ​ប្រើប្រាស់​ផ្សេងៗ​ឲ្យ​ទាន់​ពេល​វេលា។

​បណ្ឌិត មាស នី៖ «បើ​យើង​និយាយ​អំពី​ផ្លូវ​វា​ជា​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដូចដែល​យើង​ដឹង​ស្រាប់​ហើយ​ថា បើ​យើង​ប្រៀបធៀប​ការ​ដឹកជញ្ជូន តម្លៃ​ដឹកជញ្ជូន​នៅ​ស្រុក​យើង និង​ស្រុក​ជិតខាង ប្រទេសជិតខាង​យើង គេ​ចំណាយ​តែ​៣​ដុល្លារ​ទេ ក្នុង​១​តោន​ពី​ស្រែ​ពី​ចម្ការ​មក​ផ្លូវ​ធំ ប៉ុន្តែ​ស្រុក​យើង​ចំណាយ​ដល់ ១៥​ដុល្លារ​នៅក្នុង​១​តោន ដោយសារ​អ្វី ដោយសារតែ​ផ្លូវ​ដឹក​ជញ្ជូន​វា​ពិបាក»។

កំណាត់​ផ្លូវ​ដែល​ខូចខាត​ខ្លាំង បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​នេះ មាន​ប្រវែង​ប្រមាណ​២០​គីឡូ​ម៉ែត្រ ស្ថិតនៅ​ឃុំ​ជប់​តាត្រាវ ស្រុក​អង្គរធំ និង​ឃុំ​គោកដូង ស្រុក​អង្គរជុំ ដែល​មាន​ពលរដ្ឋ​ចំនួន​២២​ភូមិ​រស់នៅ​សងខាង​ផ្លូវ និង​ប្រើប្រាស់​ផ្លូវ​នេះ​ជាប្រចាំ។

កន្លងមក​មេដឹកនាំ​នៃ​បក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន តែងតែ​អួត​ពី​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​មិន​ថា ផ្លូវ​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ ស្ទើរ​គ្រប់​ខេត្ត​ក្រុង បាន​រអ៊ូរទាំ អំពី​ការ​សាងសង់​ផ្លូវ​មិន​បាន​ដូច​ចិត្ត​ដែល​ពលរដ្ឋ​ត្រូវការ ជាពិសេស​ផ្លូវ​នៅក្នុង​ភូមិ​ឃុំ​តាម​ទី​ជនបទ​ដែល​ពលរដ្ឋ​តែង​រអ៊ូរទាំ​ពិបាក​ធ្វើ​ដំណើរ​ខួប​ប្រាំង​ខួប​វស្សា។

នៅក្នុង​អាណត្តិ​ទី​៧​នេះ រដ្ឋាភិបាល​ថ្មី​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ បាន​កំណត់​អាទិភាព​គន្លឹះ​ចំនួន​៥ ដោយ​កំណត់​យក​ការ​ពង្រឹង​ធនធាន​មនុស្ស​ជា​អាទិភាព​ទី​១ និង បញ្ហា ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា គឺជា​ចំណុច​អាទិភាព​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។