ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ​ខេត្តសៀមរាប​បន្ត​ទាមទារ​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ជួសជុល​ផ្ទះ

ដោយ ទីន ហ្សាការីយ៉ា
2024.05.15
ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ​ខេត្តសៀមរាប​បន្ត​ទាមទារ​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ជួសជុល​ផ្ទះ ទិដ្ឋភាព​ពលរដ្ឋ​រស់នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ស្រុក​ពួក និង​ក្រុង​សៀមរាប​តវ៉ា នៅ​សាលាខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី​១២ ឧសភា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុង​ស្រុក​ពួក និង​ក្រុង​សៀមរាប បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ឈប់​បិទ​សិទ្ធិ​សេរីភាព​រស់នៅ​ក្នុង​តំបន់​ដី​កេរ​ដូនតា​របស់​ពួកគាត់ និង​ត្រូវ​កាត់​ឆ្វៀល​ដី​ដែល​ពួកគាត់​កំពុង​រស់នៅ​ជា​យូរយារ​មក​ហើយ​ចេញពី​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

ក្នុង​ពេល​រដូវភ្លៀង​ឈាន​ចូល​មក​ដល់ ពលរដ្ឋ​ក្រីក្រ​ជាច្រើន​គ្រួសារ​រស់នៅ ក្នុង​តំបន់​អង្គរ​ពិបាក​រក​កន្លែង​ដេក​សមរម្យ​ដោយសារ​ផ្ទះសម្បែង​របស់​ពួកគាត់​ភាគច្រើន​ចាស់​ទ្រុឌទ្រោម​លិច​ដំបូល មិនទាន់​ជួសជុល​កែ​លម្អ​នៅ​ឡើយ​ទេ ហើយ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ គ្មាន​កន្លែងដេក​ពួន។

ប្រការ​នេះ​ហើយ ដែល​ពលរដ្ឋ​រាប់​រយ​នាក់​រស់នៅ ក្នុង​ឃុំ​ខ្នាត​ស្រុក​ពួក និង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​បាន​តវ៉ា​ចំនួន ៤​ដង​រួច​មក​ហើយ នៅ​សាលាស្រុក​ពួក និង​សាលាខេត្ត​សៀមរាប នៅ​រយៈពេល​ជាង ១​ខែ​កន្លង​ទៅ​នេះ ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ពួកគាត់​ជួសជុល​ផ្ទះសម្បែង និង រោង​ចិញ្ចឹម​សត្វ​ជាដើម។

ពលរដ្ឋ​ចូលរួម​តវ៉ា​រស់នៅ​ឃុំ​ខ្នាត​ស្រុក​ពួក ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១៥ ឧសភា ថា ក្នុង​ពេល​តវ៉ា​អាជ្ញាធរ​ខេត្ត​តែងតែ​សន្យា​ដដែលៗ​ថា នឹង​ដោះស្រាយ ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ចេញ​លិខិត​ឱ្យ​ច្បាស់លាស់ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​នៅ​ឡើយ​ទេ។

លោក​ថា ពលរដ្ឋ​នៅតែ​ជួប​ការ​លំបាក​រស់នៅ​ប្រចាំថ្ងៃ ពិបាក​នឹង​ជួសជុលផ្ទះ រោង​ចិញ្ចឹមសត្វ និង សង់​បង្គន់​អនាម័យ​ជាដើម។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «អត់​មាន​ជួសជុល​បាន​វា​មាន​ភ្លៀង​លិច​ចូល​ផ្ទះសម្បែង​អត់​មាន​កន្លែងដេក​ពួន កូនចៅ​ទៅ​រក​កន្លែង​ដេក។ បងប្អូន​ពលរដ្ឋ​រក​កន្លែង​បទ​ជើង​ធំ​ក៏​អត់​បាន ចង់​បុក​អណ្តូង​ប្រើប្រាស់ ក៏​អត់ឱ្យ​បុក​ដែរ​បង»

ក្នុង​ពេល​តវ៉ា​រយៈពេល ៤​ដង​ចាប់តាំងពី​មុន​ចូលឆ្នាំ រហូតដល់​ថ្ងៃទី​១២ ខែ​ឧសភា កន្លង​ទៅ​នេះ ពលរដ្ឋ​រាប់​រយ​នាក់ បាន​លើក​បដា​សរសេរ​ថា អាជ្ញាធរ​ជាតិ​អប្សរា​បិទ​សិទ្ធិ​ពួកគាត់​រស់នៅ ដូចជា​ការ​សាងសង់​លំនៅឋាន ជួសជុល​ទ្រុងមាន់​ទា រោង​គោ ធ្វើ​របង បុក​អណ្តូង​ទឹក ឈូស​ឆាយ​ដី​កសិកម្ម ធ្វើ​ផ្លូវ ដាំ​ដើមឈើ តូប​លក់ដូរ និង​ធ្វើ​បង្គន់​អនាម័យ​ជាដើម​។ លើស​ពី​នេះ​ទៀត ពួកគាត់​ស្នើ​ឱ្យ​អង្គការ​យូណេស្កូ (UNESCO) និង​ប្រមុខ​ដឹកនាំ​រដ្ឋ កាត់​ឆ្វៀល​ដី ដែល​ពួកគាត់​កំពុង​រស់នៅ ចេញពី​ការ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា។

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា ពលរដ្ឋ​ចង់​ជួសជុល​ផ្ទះ និង​រោង​ចិញ្ចឹមសត្វ​ជាដើម ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​តាមរយៈ​អាជ្ញាធរ​ភូមិ​/​ឃុំ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចុះ​ពិនិត្យ ផ្តល់​យោបល់​មុន​នឹង​អនុញ្ញាត។

លោក​ថា នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ អាជ្ញាធរ​អប្សរា​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ជួសជុលផ្ទះ​សម្បែង​ជិត ១​ពាន់​ខ្នង (១០០០) ហើយ​អាជ្ញាធរ​កំពុង​បន្ត​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ តាម​ស្ថានភាព​ជាក់ស្តែង។

លោក ឡុង កុសល៖ «បញ្ហា​សុំ​ជួសជុលផ្ទះ សុំ​ធ្វើ​នេះនោះ លើកកម្ពស់​ស្ថានភាព​ការរស់នៅ​តម្រូវការ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់ យើង​មិន​មាន​អ្វី​បញ្ហា​ទេ យើង​ផ្តល់​សេវាកម្ម​ជូន​ពួកគាត់​។ យើង​ចុះ​រាល់ថ្ងៃ​ហ្នឹង»

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​សៀមរាប លោក អ៊ិន គង់ជិត សង្កេត​ឃើញ​ថា កន្លងទៅ​ពេល​ពលរដ្ឋ​ដាក់ពាក្យ​ស្នើសុំ​ជួសជុលផ្ទះ តាមរយៈ​អាជ្ញាធរ​ភូមិ​/​ឃុំ បែរជា​ស្ងាត់ឈឹង យឺតយ៉ាវ និង​គ្មាន​ការ​ឆ្លើយ​តប ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​បង្ខំចិត្ត​លួច​ជួសជុល​សំណង់​ដោយ​ខ្លួនឯង ដោយសារតែ​គ្មាន​ជម្រើស ហើយ​នៅ​គ្រា​ពលរដ្ឋ​ជួសជុល​រួចរាល់ អាជ្ញាធរ​អប្សរា​បែរជា​ចេញ​លិខិត​ឱ្យ​ពលរដ្ឋ​ស្ម័គ្រចិត្ត​រុះរើ​កន្លែង​ដែល​ជួសជុល​នោះ​វិញ​ភ្លាម។

លោក អ៊ិន គង់ជិត៖ «អាជ្ញាធរ​អប្សរា​គួរ​មានការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ងាក​មក​គិតគូរ​ទទួល​យក​សំណើ របស់​ពលរដ្ឋ ហើយ​ដោះស្រាយ​ជូន​គាត់ បង្ក​លក្ខណៈ​គាត់​សាងសង់​ជួសជុល​។ សម្រួល​ឱ្យ​ពួកគាត់​ទៅ​ជួសជុល មាន​លក្ខណៈ​រឹងមាំ និង​លក្ខណៈ​ទាក់ទាញ»

ក្រុម​ពលរដ្ឋ​ដែល​ចូលរួម​តវ៉ា​ព្រមាន​ថា នឹង​លើកគ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ នៅ​សាលាខេត្ត​សៀមរាប​បន្ត​ទៀត ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ ការ​ទាមទារ​របស់​ពួកគាត់​នោះ​ទេ។

របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​ចេញផ្សាយ កាលពី​ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​០១​ម៉ឺន​គ្រួសារ (១០.០០០) ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ ត្រូវ​បណ្ដេញ​ចេញ​ដោយ​បង្ខំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។