ពលរដ្ឋជាច្រើនគ្រួសារ រស់នៅតំបន់រមណីយដ្ឋានអង្គរ ក្នុងស្រុកពួក និងក្រុងសៀមរាប បន្តទាមទារឱ្យអាជ្ញាធរជាតិអប្សរា បញ្ឈប់បិទសិទ្ធិសេរីភាពរស់នៅក្នុងតំបន់ដីកេរដូនតារបស់ពួកគាត់ និងត្រូវកាត់ឆ្វៀលដីដែលពួកគាត់កំពុងរស់នៅជាយូរយារមកហើយចេញពីការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ក្នុងពេលរដូវភ្លៀងឈានចូលមកដល់ ពលរដ្ឋក្រីក្រជាច្រើនគ្រួសាររស់នៅ ក្នុងតំបន់អង្គរពិបាករកកន្លែងដេកសមរម្យដោយសារផ្ទះសម្បែងរបស់ពួកគាត់ភាគច្រើនចាស់ទ្រុឌទ្រោមលិចដំបូល មិនទាន់ជួសជុលកែលម្អនៅឡើយទេ ហើយពេលមានភ្លៀងធ្លាក់ម្តងៗ គ្មានកន្លែងដេកពួន។
ប្រការនេះហើយ ដែលពលរដ្ឋរាប់រយនាក់រស់នៅ ក្នុងឃុំខ្នាតស្រុកពួក និងសង្កាត់ទឹកវិល ក្រុងសៀមរាបបានតវ៉ាចំនួន ៤ដងរួចមកហើយ នៅសាលាស្រុកពួក និងសាលាខេត្តសៀមរាប នៅរយៈពេលជាង ១ខែកន្លងទៅនេះ ដើម្បីស្នើឱ្យអាជ្ញាធរអនុញ្ញាតឱ្យពួកគាត់ជួសជុលផ្ទះសម្បែង និង រោងចិញ្ចឹមសត្វជាដើម។
ពលរដ្ឋចូលរួមតវ៉ារស់នៅឃុំខ្នាតស្រុកពួក ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ឧសភា ថា ក្នុងពេលតវ៉ាអាជ្ញាធរខេត្តតែងតែសន្យាដដែលៗថា នឹងដោះស្រាយ ក៏ប៉ុន្តែអាជ្ញាធរមិនបានចេញលិខិតឱ្យច្បាស់លាស់ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តនៅឡើយទេ។
លោកថា ពលរដ្ឋនៅតែជួបការលំបាករស់នៅប្រចាំថ្ងៃ ពិបាកនឹងជួសជុលផ្ទះ រោងចិញ្ចឹមសត្វ និង សង់បង្គន់អនាម័យជាដើម។
ពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «អត់មានជួសជុលបានវាមានភ្លៀងលិចចូលផ្ទះសម្បែងអត់មានកន្លែងដេកពួន កូនចៅទៅរកកន្លែងដេក។ បងប្អូនពលរដ្ឋរកកន្លែងបទជើងធំក៏អត់បាន ចង់បុកអណ្តូងប្រើប្រាស់ ក៏អត់ឱ្យបុកដែរបង»។
ក្នុងពេលតវ៉ារយៈពេល ៤ដងចាប់តាំងពីមុនចូលឆ្នាំ រហូតដល់ថ្ងៃទី១២ ខែឧសភា កន្លងទៅនេះ ពលរដ្ឋរាប់រយនាក់ បានលើកបដាសរសេរថា អាជ្ញាធរជាតិអប្សរាបិទសិទ្ធិពួកគាត់រស់នៅ ដូចជាការសាងសង់លំនៅឋាន ជួសជុលទ្រុងមាន់ទា រោងគោ ធ្វើរបង បុកអណ្តូងទឹក ឈូសឆាយដីកសិកម្ម ធ្វើផ្លូវ ដាំដើមឈើ តូបលក់ដូរ និងធ្វើបង្គន់អនាម័យជាដើម។ លើសពីនេះទៀត ពួកគាត់ស្នើឱ្យអង្គការយូណេស្កូ (UNESCO) និងប្រមុខដឹកនាំរដ្ឋ កាត់ឆ្វៀលដី ដែលពួកគាត់កំពុងរស់នៅ ចេញពីការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា ពលរដ្ឋចង់ជួសជុលផ្ទះ និងរោងចិញ្ចឹមសត្វជាដើម ត្រូវដាក់ពាក្យស្នើសុំតាមរយៈអាជ្ញាធរភូមិ/ឃុំ ហើយអាជ្ញាធរជាតិអប្សរានឹងចុះពិនិត្យ ផ្តល់យោបល់មុននឹងអនុញ្ញាត។
លោកថា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋជួសជុលផ្ទះសម្បែងជិត ១ពាន់ខ្នង (១០០០) ហើយអាជ្ញាធរកំពុងបន្តជួយសម្របសម្រួលដោះស្រាយបញ្ហានេះ តាមស្ថានភាពជាក់ស្តែង។
លោក ឡុង កុសល៖ «បញ្ហាសុំជួសជុលផ្ទះ សុំធ្វើនេះនោះ លើកកម្ពស់ស្ថានភាពការរស់នៅតម្រូវការជីវិតប្រចាំថ្ងៃរបស់ពួកគាត់ យើងមិនមានអ្វីបញ្ហាទេ យើងផ្តល់សេវាកម្មជូនពួកគាត់។ យើងចុះរាល់ថ្ងៃហ្នឹង»។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូ (Licadho) ប្រចាំខេត្តសៀមរាប លោក អ៊ិន គង់ជិត សង្កេតឃើញថា កន្លងទៅពេលពលរដ្ឋដាក់ពាក្យស្នើសុំជួសជុលផ្ទះ តាមរយៈអាជ្ញាធរភូមិ/ឃុំ បែរជាស្ងាត់ឈឹង យឺតយ៉ាវ និងគ្មានការឆ្លើយតប ធ្វើឱ្យពលរដ្ឋខ្លះបង្ខំចិត្តលួចជួសជុលសំណង់ដោយខ្លួនឯង ដោយសារតែគ្មានជម្រើស ហើយនៅគ្រាពលរដ្ឋជួសជុលរួចរាល់ អាជ្ញាធរអប្សរាបែរជាចេញលិខិតឱ្យពលរដ្ឋស្ម័គ្រចិត្តរុះរើកន្លែងដែលជួសជុលនោះវិញភ្លាម។
លោក អ៊ិន គង់ជិត៖ «អាជ្ញាធរអប្សរាគួរមានការផ្លាស់ប្ដូរឥរិយាបថងាកមកគិតគូរទទួលយកសំណើ របស់ពលរដ្ឋ ហើយដោះស្រាយជូនគាត់ បង្កលក្ខណៈគាត់សាងសង់ជួសជុល។ សម្រួលឱ្យពួកគាត់ទៅជួសជុល មានលក្ខណៈរឹងមាំ និងលក្ខណៈទាក់ទាញ»។
ក្រុមពលរដ្ឋដែលចូលរួមតវ៉ាព្រមានថា នឹងលើកគ្នាតវ៉ាទ្រង់ទ្រាយធំ នៅសាលាខេត្តសៀមរាបបន្តទៀត ប្រសិនបើអាជ្ញាធរមិនដោះស្រាយ ការទាមទាររបស់ពួកគាត់នោះទេ។
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិចេញផ្សាយ កាលពីឆ្នាំ២០២២ ឱ្យដឹងថា មានពលរដ្ឋ០១ម៉ឺនគ្រួសារ (១០.០០០) ដែលរស់នៅក្នុងតំបន់អង្គរ ត្រូវបណ្ដេញចេញដោយបង្ខំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
