លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ចេញផ្សាយរបាយការណ៍នៅដើមខែឧសភា ឆ្នាំ២០១៣ បានបង្ហាញថា ការនាំចេញអង្ករនៅរយៈពេល ៤ខែ ឆ្នាំ២០១៣ មានចំនួនជិត ១២ម៉ឺនតោន ហើយបរិមាណនេះខ្ពស់ជាងឆ្នាំ២០១២ ប្រមាណជាងពីរដង។នៅក្នុងឆ្នាំ២០១២ មានការនាំចេញបានតែជាង ៥ម៉ឺនតោនប៉ុណ្ណោះ នៅរយៈដូចគ្នា។ សន្ទុះខ្លាំងនៃការនាំចេញអង្ករនេះ ជាសញ្ញាវិជ្ជមានមួយដើម្បីសម្រេចបានគោលដៅមួយលានតោននៅឆ្នាំ២០១៥។
ម៉្យាងវិញទៀត ការកើនឡើងនេះដោយសារតែមានការវិនិយោគខ្លាំងលើការកែច្នៃអង្ករនៅកម្ពុជា ដែលធានាបាននូវការផលិតស្រូវកើនឡើងខ្ពស់រៀងរាល់ឆ្នាំ ហើយកត្តានេះជាយន្តការកាត់បន្ថយ ការនាំចេញស្រូវក្រៅផ្លូវការទៅប្រទេសជិតខាងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការនាំចេញអង្ករឆ្លងកាត់កំពង់ផែព្រះសីហនុ បានកើនឡើងប្រមាណ ១០០% នៅដើមឆ្នាំ២០១៣ បើធៀបនឹងដើមឆ្នាំមុន។ វឌ្ឍនភាពនេះ ដោយសារតែកម្ពុជា បានដោះស្រាយបញ្ហាប្រឈមនានា ដូចជាហិរញ្ញប្បទានទិញស្រូវ ឬសាងសង់រោងម៉ាស៊ីនកិនស្រូវ និងកន្លែងស្តុកទុកស្រូវជាដើម។
លោក ហ៊ុន សែន៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានខិតខំច្រើនជំរុញការនាំចេញ អង្កររបស់យើង ប៉ុន្តែដោយស្ថានភាពមានមាសខ្វះក្រដាសខ្ចប់ យើងផលិតបានស្រូវច្រើន តែយើងបែរជាខ្វះខាតអង្ករទៅវិញ។ ទាំងរោងចក្រ ឃ្លាំងស្តុក ឬក៏ប្រាក់ទិញជាដើម។ ឥឡូវមានការវិនិយោគច្រើន»។
លោកបញ្ជាក់ថា ការរក្សាបាននូវកំណើននាំចេញអង្ករនេះ ប្រទេសកម្ពុជាអាចសម្រេចបានគោលដៅដែលបានកំណត់នៅឆ្នាំ២០១៥ នៃការនាំចេញអង្ករយ៉ាងតិចមួយលានតោន។
អ្នកនាំចេញអង្ករមួយចំនួនបានរកឃើញថា ទន្ទឹមនឹងកម្ពុជា បាននាំចេញអង្ករទៅទីផ្សារអន្តរជាតិបានកើនឡើង ប៉ុន្តែបញ្ហាប្រឈមរបស់គាត់គឺ កំពង់ផែព្រះសីហនុ ខ្វះបច្ចេកទេសត្រួតពិនិត្យអង្ករនាំចេញគ្រប់គ្រាន់នៅពេលបច្ចុប្បន្ន។
អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ ឡូរ៉ង់ លោកឧកញ៉ា លឹម ប៊ុនហេង មានប្រសាសន៍ថា សមត្ថភាពផ្ទុកកំពង់ផែសម្រាប់នាំចេញអង្ករមានបរិមាណច្រើន ប៉ុន្តែការនាំចេញអង្ករទាមទាឲ្យមាន ម៉ាស៊ីនស្កេនទំនិញបន្ថែម ដើម្បីពន្លឿនការនាំចេញអង្ករមួយលានតោននៅពេលខាងមុខ។
បន្ថែមលើនេះ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ បានបញ្ជាក់ថា បញ្ហាទាក់ទងនឹងការដឹកជញ្ជូន និងបែបបទនាំចេញអង្ករ បានដោះស្រាយបានគួរឲ្យកត់សម្គាល់។ តែបញ្ហាខ្វះម៉ាស៊ីនស្កេនអង្ករលើកដាក់កំពង់ផែ ជាឧបសគ្គចម្បងរបស់អ្នកនាចេញអង្ករកម្ពុជា បច្ចុប្បន្ន។
អគ្គនាយករងកំពង់ផែព្រះសីហនុ លោក ម៉ា ស៊ុនហួត មានប្រសាសន៍ថា សមត្ថភាពផ្ទុករបស់កំពង់ផែអាចផ្ទុក និងនាំចេញអង្កបរិមាណមួយលានតោន។ ចំនួនម៉ាស៊ីនស្កេន នៅកំពង់ផែមានបីកន្លែងផ្សេងគ្នា ដែលអាចជួយសម្រួលសម្រាប់ការលើកដាក់ទំនិញនាំចេញនិងនាំចូល។ ប៉ុន្តែលោក ក៏ទទួលស្គាល់ថា មានពេលខ្លះចំនួនកុងតឺន័រដឹកទំនិញនាំចូលមានច្រើន ទន្ទឹមនឹងចំនួនបរិមាណនាំចេញពីកម្ពុជា ក៏មានច្រើនដែរ ដែលបង្កឲ្យការកកស្ទះមួយរយៈពេលខ្លី។
លោក ម៉ា ស៊ុនហួត៖ «ជូនកាលវាមានបញ្ហាត្រង់ថា ស្កេនហ្នឹងវាសម្រាប់នាំចូលនិងនាំចេញ តែដល់ពេលខ្លះការនាំចេញ កុងតឺន័រនាំចេញ។ ឧទាហរណ៍ការនាំអង្ករចេញ ប៉ុន្តែពេលហ្នឹងទំនិញ នាំទំនិញមកភ្នំពេញហ្នឹង ក៏វាសម្បើមណាស់ដែរ។ ជូនកាលវាបញ្ច្រាសទិសគ្នា តែយ៉ាងណាក៏ដោយមិនមានស្ទះអីយូរទេ ព្រោះយើងមានម៉ាស៊ីនដល់តែបី»។
លោកមានប្រសាសន៍បន្ថែមថា ដើម្បីជៀសវាងបញ្ហានៃការស្កេនទំនិញដាក់កប៉ាល់នាំចេញនៅកំពង់ផែ អ្នកនាំចេញអង្ករទាំងនោះត្រូវដឹកទំនិញមកដាក់នៅកំពង់ផែ ឲ្យបានមុនថ្ងៃដែលនាំចេញ។ ការស្តុកទុកទំនិញនៅកំពង់ផែព្រះសីហនុ កំឡុងរយៈប្រាំថ្ងៃមិនមានបង់ប្រាក់ទេ។
របាយការណ៍របស់ក្រុមការងារផ្នែកស្រូវអង្ករនៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនបានបង្ហាញថា ប្រទេសដែលទិញអង្ករកម្ពុជា ច្រើនជាងគេនៅដើមឆ្នាំ២០១៣ រួមមានប្រទេសបារាំង (France) ចំនួន ១,៨ម៉ឺនតោន ប្រទេសប៉ូឡូញ (Poland) ប្រមាណ ១,៧ម៉ឺនតោន និងប្រទេសថៃ ម៉ាឡេស៊ី ចិន បរិមាណ ៥ម៉ឺនតោន។ ក្រុមហ៊ុននាំចេញអង្ករខ្មែរហ្វូត (Khmer Food) ក្រុមហ៊ុនហ្គោដិន រ៉ៃស៍ (Golden Rice) និងក្រុមហ៊ុនអែមរុ រ៉ៃស៍ (Amru Rice Cambodia) ជាក្រុមហ៊ុនដែលចេញអង្ករច្រើនជាងគេក្នុងចំណោមក្រុមហ៊ុនដែលផលិតអង្ករនាំចេញអង្ករនៅកម្ពុជា មានចំនួន ៥២នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។