ប្រជាពលរដ្ឋនៅឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម កំពុងព្រួយបារម្ភចំពោះបញ្ហាប្រឈមអត់ទឹកសម្រាប់ស្រោចស្រពស្រូវស្រែជាច្រើនពាន់ហិកតារ។ ពលរដ្ឋថា ភាពរាំងស្ងួត រួមនិងការខ្វះមធ្យោបាយយកទឹកពីកន្លែងផ្សេងទៅដាក់ស្រែ ធ្វើឱ្យស្រូវពួកគាត់មួយចំនួនត្រូវខូចខាតទាំងស្រុងតែម្តង។ ចំណែកអាជ្ញាធរបញ្ជាក់ថា ពួកគាត់នឹងចុះពិនិត្យបញ្ហានេះ ដើម្បីរកវិធីដោះស្រាយ។
ការធ្វើស្រែប្រវាស់មេឃរបស់ពលរដ្ឋនៅឃុំសណ្ដែក ស្រុកបាធាយ ធ្វើឱ្យពួកគាត់ត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ រួមមាន ជំពាក់បំពុលគេ ថ្លៃប្រេងសាំង ឬជី ហើយមានអ្នកខ្លះជំពាក់បំណុលធនាគារ និងរស់នៅប្រឈមនឹងបាត់បង់ក្តីសង្ឃឹមទៀតផង នៅពេលដែលស្រូវរបស់ពួកគាត់ប្រែជាខូចខាតនោះ។
កំពុងអង្គុយច្រូតស្រូវស្វិតៗ និងចងក្របី ដើម្បីឱ្យស៊ីស្រូវទាំងនោះបណ្ដើរ អ្នកស្រី ស៊ង ប៊ន ដែលជាប្រជាពលរដ្ឋនៅភូមិស្វាយព្រៃ មានប្រសាសន៍ថា ស្រូវក្នុងស្រែរបស់អ្នកស្រីប្រមាណ ៤ហិកតារ ត្រូវបានខូចខាតទាំងស្រុង ដោយសារមិនមានភ្លៀងធ្លាក់ និងម្យ៉ាងខ្វះមធ្យោបាយយកទឹកពីកន្លែងផ្សេងផង។
អ្នកស្រីសម្រេចចិត្តច្រូតស្រូវនោះ និងចងក្របីឱ្យស៊ីជាបណ្ដើរៗ ដោយសារមិនមានសង្ឃឹមថាមានភ្លៀងធ្លាក់ ហើយម្យ៉ាងស្រូវទាំងនោះកំពុងក្រៀមស្វិតទៅហើយ៖ «ចា៎! រាល់ឆ្នាំគ្រាន់បានខ្លះ តែនេះអាលីងឆេញហ្មង។ ចា៎! តិចទៀតក្រែងលោក្របីស៊ីលែងកើតទៀត រឹតតែអត់ទៀតទៅ។ បានអីក៏បានក្របីស៊ីដែរ បើមិនបានមនុស្សស៊ីទេ»។
អ្នកស្រីបន្តទាំងអស់សង្ឃឹមថា ប្រជាកសិករធ្វើស្រែសង្ឃឹមថាបានផលជាស្រូវ ប៉ុន្តែស្រូវពង្រោះ ឬសន្ទូងរបស់ពួកគាត់ប្រែជាខូចខាត ធ្វើឱ្យពួកគាត់អាចប្រឈមនឹងការខ្វះស្បៀង និងជំពាក់បំណុលគេមិនខានឡើយ។
មិនមែនមានតែអ្នកស្រីទេដែលសម្រេចចិត្តច្រូតស្រូវពង្រោះនោះ ប៉ុន្តែក៏មានប្រជាពលរដ្ឋផ្សេងៗទៀត នាំគ្នាច្រូត និងយកគោក្របីមកចងឱ្យស៊ីជាហូរហែដែរ។
ស្រដៀងគ្នានេះ អ្នកភូមិម្នាក់ទៀត លោក ញឹម ស៊ត មានប្រសាសន៍អមដោយកាយវិការចង្អុលបង្ហាញទីតាំងស្រូវដែលខូចខាតថា តាំងពីអ្នកភូមិចាប់ពង្រោះកាលពីខែ៤ ឬខែ៥ មក គឺមានភ្លៀងធ្លាក់ម្តង ឬពីរដងប៉ុណ្ណោះដែលចំវាលស្រែរបស់ពួកគាត់ ទើបធ្វើឱ្យស្រូវជាច្រើនពាន់ហិកតារត្រូវខូចខាត និងខ្លះទៀតកំពុងប្រឈមនឹងខូចខាតបន្តបន្ទាប់។ លោកបន្តថា កន្លងមកអាជ្ញាធរធ្លាប់មកជីកប្រឡាយ ដើម្បីអាចយកទឹកបន្តពីស្ទឹងទៅដាក់តាមស្រែរបស់ពលរដ្ឋ ប៉ុន្តែប្រឡាយនោះមិនបានបញ្ចប់ឡើយ ហើយពលរដ្ឋក៏មិនបានប្រើប្រាស់ប្រឡាយនោះដែរ ទើបធ្វើឱ្យស្រូវរបស់ពួកគាត់ត្រូវខូចខាត។
លោក ញឹម ស៊ត៖ «ប៉ះពាល់វាប៉ះពាល់ច្រើនមែនទែន ពីព្រោះម្នាក់ៗគេយកជីបណ្ដាក់ជីពីផ្សារមក ដើម្បីមកបាចស្រូវ។ ឥឡូវស្រូវងាប់អស់ បានអីសងគេ? គ្នាជំពាក់រឹតតែជំពាក់ថែមទៀត។ តើអត់អាចមានប្រព័ន្ធទឹក ដើម្បីអាចយកមកប្រើប្រាស់បានទេ? កន្លែងនេះបើគេយកប្រឡាយមក គឺអាចបាន គឺពីស្ទឹងក្រចាប់ មកដើមពោធិ៍នេះ។ ហើយគម្រោងថាយកពីស្ទឹងមកបុកដើមពោធិ៍ទ្វារនេះ ធ្វើបានតិចដែរហ្នឹង ពីដើមអំពិលមក គឺធ្វើពីខែប្រាំពីរ គឺបានប្រហែលជា ២០០ម៉ែត្រ។ ២០០ម៉ែត្រក៏អត់ត្រូវស្តង់ដារ ស្មើបាតស្ទឹងដែរ គឺបានជម្រៅមួយម៉ែត្រកន្លះ ទទឹងលើ ៦ម៉ែត្រ។ មូលហេតុបានជាគេមិនធ្វើបង្ហើយទៅ? កាលហ្នឹងគេប្រាប់ខ្ញុំថាមិនឱ្យហួសពីខែប្រាំ ឬខែបួនទេ តែដឹងម៉េចស្ទះយ៉ាងម៉េច បានទើបតែខែប្រាំពីរបានគេមកធ្វើ ប្រហែលជាថ្ងៃទី១០ បានគេមកធ្វើទទួលហ្នឹងធ្វើទទួលហ្នឹងភ្លៀងប៉ុន្មានថ្ងៃហ្នឹងទៅ គេដកគ្រឿងចក្រទៅវិញអស់ទៅ»។
«ប៉ះពាល់វាប៉ះពាល់ច្រើនមែនទែន ពីព្រោះម្នាក់ៗគេយកជីបណ្ដាក់ជីពីផ្សារមក ដើម្បីមកបាចស្រូវ។ ឥឡូវស្រូវងាប់អស់ បានអីសងគេ? គ្នាជំពាក់រឹតតែជំពាក់ថែមទៀត។ តើអត់អាចមានប្រព័ន្ធទឹក ដើម្បីអាចយកមកប្រើប្រាស់បានទេ? កន្លែងនេះបើគេយកប្រឡាយមក គឺអាចបាន គឺពីស្ទឹងក្រចាប់ មកដើមពោធិ៍នេះ។ ហើយគម្រោងថាយកពីស្ទឹងមកបុកដើមពោធិ៍ទ្វារនេះ ធ្វើបានតិចដែរហ្នឹង ពីដើមអំពិលមក គឺធ្វើពីខែប្រាំពីរ គឺបានប្រហែលជា ២០០ម៉ែត្រ។ ២០០ម៉ែត្រក៏អត់ត្រូវស្តង់ដារ ស្មើបាតស្ទឹងដែរ គឺបានជម្រៅមួយម៉ែត្រកន្លះ ទទឹងលើ ៦ម៉ែត្រ។ មូលហេតុបានជាគេមិនធ្វើបង្ហើយទៅ? កាលហ្នឹងគេប្រាប់ខ្ញុំថាមិនឱ្យហួសពីខែប្រាំ ឬខែបួនទេ តែដឹងម៉េចស្ទះយ៉ាងម៉េច បានទើបតែខែប្រាំពីរបានគេមកធ្វើ ប្រហែលជាថ្ងៃទី១០ បានគេមកធ្វើទទួលហ្នឹងធ្វើទទួលហ្នឹងភ្លៀងប៉ុន្មានថ្ងៃហ្នឹងទៅ គេដកគ្រឿងចក្រទៅវិញអស់ទៅ»។
លោកបន្តថា រដូវវស្សាជិតនឹងផុតទៅហើយ ដោយមិនមានភ្លៀងធ្លាក់ចំវាលស្រែរបស់ពួកគាត់សោះ ចុះទម្រាំរដូវប្រាំងដែលជិតនឹងចូលមកក្នុងពេលឆាប់ៗនេះ តើនឹងអាចមានភ្លៀងដោយរបៀបណា?
ប្រភពដដែលបន្ថែមថា ដោយសារតែស្រូវត្រូវប្រឈមការខូចខាត ទើបធ្វើឱ្យពលរដ្ឋនៅក្នុងភូមិនាំគ្នាចំណាកស្រុកស្ទើរតែអស់ ពិសេសយុវជន ដើម្បីទៅស្វែងរកប្រាក់ខ្លះគ្រាន់មកដោះបំណុលគេ៖ «ខាងរដ្ឋាភិបាលអាជ្ញាធរហ្នឹងជួយៗ ធ្វើម៉េចក្រែងបានស្រូវពូជខ្លះស្រូវអី ក្រែងពួកគាត់អាចធ្វើស្រូវប្រាំងអី ព្រោះមានស្រូវប្រាំងខ្លះឆ្នាំហ្នឹង។ បាទ! ចាប់ផ្ដើមហើយស្រូវប្រាំងនៅខែមុខនេះខែ១២ ឬខែ១ហ្នឹង។ ចាប់ដំណើរការហើយស្រូវប្រាំងនោះ។ ធ្វើស្រូវប្រាំង ហើយអត់មានទឹកដដែល ធ្វើម៉េចទៅ? ស្រូវប្រាំងគេធ្វើទៅតាមមាត់ស្ទឹងនោះ និងនៅតាមវាលរ៉ូតបាទ គាត់អាចធ្វើបាន។ បាទ គាត់អាចធ្វើបាន! បើអត់ពូជទេ ធ្វើអីទៀតបើអស់ទាំងអស់អ៊ីចឹងហើយ។ បើទៅចងការអេស៊ីលីដា (Acleda Bank) ខ្លះក៏ជំពាក់គេក្រែលទៅៗបែបដោះស្រាយមិនចេញទេមើលទៅ»។
ក្រៅពីចង់បានស្រូវពូជខ្លះសម្រាប់ធ្វើស្រូវប្រាំងហើយ ពលរដ្ឋទាំងនោះចង់ឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីផ្នែកកសិកម្ម និងធនធានទឹក ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហាប្រឈមជូនពួកគាត់។
ដីស្រែរបស់ពលរដ្ឋដែលកំពុងរងផលប៉ះពាល់នោះ គឺមានចំនួនបីភូមិ គឺភូមិស្វាយព្រៃ ភូមិតាំងជ្រៃ និងភូមិពោធិ៍ស្ទាង ស្ថិតនៅក្នុងឃុំសណ្ដែក ដែលមានប្រជាពលរដ្ឋ ២.៤០៣គ្រួសារ។
ចំណែកមេឃុំសណ្ដែក លោក ហ៊ល ញ៉ុង មានប្រសាសន៍ថា ស្រូវវស្សារបស់ពលរដ្ឋនៅឃុំសណ្ដែក ទាំងមូល គឺមាន ៤.៩៤០ហិកតារ ក្នុងភូមិចំនួន៥ ក្នុងនោះស្រូវដែលជួបប្រទះគ្រោះរាំងស្ងួត គឺ ៣.៩៤៤ហិកតារ ស្មើនឹង ៨០ភាគរយនៃផ្ទៃដីសរុបដែលរងការខូចខាត គឺចំពោះភូមិចំនួនបី។ លោកបន្តថា ការខូចខាត ៨០ភាគរយនោះ គឺមាន ២០ ទៅ ៣០ភាគរយ គឺត្រូវខូចខាតទាំងស្រុង។ ដោយឡែកស្រូវដែលថយគុណភាពវិញ គឺមានប្រមាណ ៧០ភាគរយ។ តែយ៉ាងណា លោកថា លោកខិតខំប្រឹងប្រែងទាក់ទងជាមួយអាជ្ញាធរថ្នាក់លើ ដើម្បីចាត់វិធានការចំពោះបញ្ហានេះ។

លោក ហ៊ល ញ៉ុង៖ «ហើយចំពោះវិធានការខ្ញុំក៏បានរាយការណ៍ជូនតាមឋានានុក្រមនៃរដ្ឋបាលថ្នាក់ក្រោមជាតិហ្នឹងហើយ ក្នុងនោះក៏មានក្រសួងធនធានទឹក យើងក៏បានសហការជាមួយគាត់ហើយ ហើយគាត់នឹងត្រៀមផ្តល់ប្រេង។ តែវាលំបាកត្រង់ថា ប្រភពទឹកហ្នឹងវាតូចពេក។ បាទ! យើងមានប្រេងហើយ ប៉ុន្តែប្រភពទឹកវាតូច។ ហើយទីពីរទៀត ប្រឡាយដែលយើងបង្ហូរមកហ្នឹងដោយប្រឡាយយើងទើបធ្វើបាន ៥០ភាគរយទេ។ អ៊ីចឹងការស្រោចស្រពទោះយ៉ាងណាមានការលំបាកតិច ប៉ុន្តែយើងបានសហការ និងរាយការណ៍ជាបន្ត។ យើងនឹងគ្រោងចុះសង្គ្រោះតាមលទ្ធភាពដែលយើងអាចធ្វើទៅបានក្នុងពេលឆាប់នេះៗបងណា៎»។
លោកបន្ថែមថា ខាងប្រធានការិយាល័យធនធានទឹក នឹងអាចចុះពិនិត្យបញ្ហានេះក្នុងពេលឆាប់ៗ ដើម្បីស្វែងរកវិធីដោះស្រាយ ដើម្បីជួយសង្គ្រោះស្រូវដែលមិនទាន់ខូចខាតទាំងស្រុងនោះឱ្យទាន់ពេលវេលា។ លោកថា នៅពេលពលរដ្ឋជួបគ្រោះរាំងស្ងួត ធ្វើឱ្យពួកគាត់អាចប្រឈមនឹងការលំបាកមែន ប៉ុន្តែថ្មីៗនេះ ពួកគាត់អាចសម្រួលការលំបាកបានខ្លះ ដោយសារមានរោងចក្រឧស្សាហកម្មនៅក្បែរនោះ។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម លោក គឹម សាវឿន មានប្រសាសន៍ថា លោកទើបតែចុះទៅពិនិត្យនៅតំបន់នោះឃើញថា មានស្រែខ្លះមានទឹកតិច ហើយស្រែខ្លះដីទើបតែស្ងួត ប៉ុន្តែលោកមិនទាន់ទទួលដំណឹងថា មានការខូចខាតស្រូវស្រែនោះទេ។ យ៉ាងណា លោកថានឹងបញ្ជូនមន្ត្រីជំនាញចុះទៅត្រួតពិនិត្យតំបន់នោះម្តងទៀត ដើម្បីរកវិធីដោះស្រាយតាមដំណាក់កាលៗ។
លោក គឹម សាវឿន៖ «ទីមួយខាងខ្ញុំនឹងអន្តរាគមន៍ជាមួយខាងធនធានទឹក។ ស្នើធនធានទឹកឱ្យសហការ ប្រសិនបើមានប្រភពជិតហ្នឹងបង។ ខាងធនធានទឹកនឹងមានវិធានការ យើងនឹងទាក់ទងគ្នា ព្រោះយើងទាំងពីរហ្នឹងត្រូវការទាក់ទងគ្នាអត់ដាច់ទេ។ ទីពីរ យើងមានប្រេងអន្តរាគមន៍សម្រាប់កសិករដែលគាត់មានអណ្ដូងនៅតាមវាលស្រែណា៎! យើងមានប្រេងដែលអាចបូមបាន ហើយយើងក៏មានម៉ាស៊ីនតូចៗមួយចំនួន ដែលអាចជួយគាត់បាននៅពេលទីទាល់ណាបង។ អាការងារហ្នឹងយើងបានត្រៀមលក្ខណៈរួចរាល់ហើយជាមួយឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមអភិបាលខេត្ត លោកតែងតែផ្តល់អនុសាសន៍ ហើយគាត់តែងតែលើកទឹកចិត្តក្នុងការងារគាំទ្រ។ អ៊ីចឹងបានត្រៀមលក្ខណៈមុនទឹកជំនន់ទៀតបង»។
លោកបន្ថែមថា ស្របពេលដែលអាជ្ញាធរកំពុងចាត់វិធានការចំពោះបញ្ហានេះ ជាការប្រសើរ ប្រជាពលរដ្ឋគប្បីរក្សាទុកស្រូវស្រែទាំងនោះសិន ពីព្រោះរដូវវស្សាពុំទាន់ផុតនៅឡើយ។ ហើយម្យ៉ាង អាជ្ញាធរកំពុងរកមធ្យោបាយដើម្បីយកមេទឹក ឬប្រភពទឹកពីតំបន់ផ្សេងទៅស្រោចស្រពលើស្រូវស្រែរបស់ពួកគាត់ទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
