រដ្ឋាភិបាល​​បញ្ឈប់​មិន​ឲ្យ​យក​លុយ​​​​ពី​អ្នក​ធ្វើ​ដំណើរ​​លើ​ផ្លូវ​ជាតិ​លេខ​៤

ដោយ ម៉ម មុនីរតន៍
2016.01.13
បញ្ជរ​យក​ប្រាក់ ផ្លូវ​ជាតិ​លេខ៤ ៨៥៥ បញ្ជរ​យក​ប្រាក់​ទី១ របស់​ក្រុមហ៊ុន​ អេ.ហ្សិត ​អ៊ីនវេសមេន (AZ Investment) នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤។ រូប​ថត​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៦។
RFA/Uon Chhin

ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ថា​ចាប់​ពី​ម៉ោង ១២:០០​នាទី​យប់​ថ្ងៃ​ទី​១៣ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែ​មករា អ្នក​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤ ទាំង​អស់​នឹង​ឈប់​បង់​ប្រាក់​រាល់​ពេល​ធ្វើ​ដំណើរ​ទៀត​ហើយ។ ប្រជាពលរដ្ឋ​សាទរ​ចំពោះ​ការ​សម្រេច​របស់​លោក ហ៊ុន សែន នេះ។

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន អេ.ហ្សិត អ៊ីនវេសមេន (AZ Investment) និយាយ​ថា ខាង​ក្រុមហ៊ុន​នឹង​បញ្ឈប់​រាល់​សកម្មភាព​ដូច​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល។

លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​ក្នុង​ពេល​ប្រជុំ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ មករា នៅ​វិមាន​រដ្ឋសភា។ ការ​អនុវត្ត​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​សភា មិន​ទាន់​ទាំង​បាន​ចប់​ស្រួលបួល​នៅ​ឡើយ​ផង ភ្លាម​នោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​មួយ​រំពេច​ដែរ​ថា រដ្ឋាភិបាល​សម្រេច​លុប​ចោល​គម្រោង​ទាំង​ស្រុង​របស់​ក្រុមហ៊ុន អេ.ហ្សិត នៅ​ម៉ោង ១២:០០​នាទី​យប់​ថ្ងៃ​ទី​១៣ មករា។ ការ​សម្រេច​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ គឺ​ដោយ​លោក​អះអាង​ថា បន្ទាប់​ពី​បាន​ទទួល​សារ​ពី​ប្រជាពលរដ្ឋ និង​បើក​ការ​ស៊ើប​អង្កេត​ទៅ​រក​ឃើញ​ថា ក្រុមហ៊ុន អេ.ហ្សិត នៅ​តែ​បំពាន​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា។ លោក​បន្ត​ថា «ទាក់ទង​ផ្លូវ​ជាតិ​លេខ​៤ តែ​ម្ដង។ ពិត​មែន​តែ​សេចក្ដី​សម្រេច​នេះ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា ក៏ប៉ុន្តែ​ក្នុង​ឋានៈ​ជា​ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល ខ្ញុំ​អាច​ប្រកាស​ជូន​ជា​មុន​ថា រាជ​រដ្ឋាភិបាល​នឹង​លុប​ចោល​នូវ​កិច្ចសន្យា​លើ​ផ្លូវ​ជាតិ​លេខ​៤ នេះ»

ការ​សម្រេច​បិទ​គម្រោង​របស់​ក្រុមហ៊ុន អេ.ហ្សិត និង​បញ្ឈប់​រាល់​ការ​បង់​លុយ​ទាំង​ស្រុង​ពី​អ្នក​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ នេះ បន្ទាប់​ពី​លោក សុន ឆ័យ តំណាងរាស្ត្រ​មក​ពី​គណបក្ស​ជំទាស់ បាន​ស្នើ​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លុប​ចោល​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន អេ.ហ្សិត ចេញ។

យ៉ាង​នេះ​ក្ដី​លោក ហ៊ុន សែន បញ្ជាក់​នៅ​ក្នុង​ពេល​សភា​កំពុង​ដំណើរការ​ប្រជុំ​នោះ​ថា ការ​សម្រេច​នៅ​ពេល​នេះ របស់​រដ្ឋាភិបាល​ពុំ​មែន​ជា​ការ​ធ្វើ​តាម​ការ​ចង់​បាន​របស់​គណបក្ស​ជំទាស់​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​នាយករដ្ឋមន្ត្រី​និយាយ​ថា ជា​រួម​រដ្ឋាភិបាល​បាន​ចេញ​គោលការណ៍ និង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​រួច​ទៅ​ហើយ ក្រោយ​ពី​ស៊ើប​អង្កេត​រួច។ លោក​បន្ត​ថា «ពិត​មែន​ហើយ​កាល​ពី​ព្រឹក​មិញ​នេះ ឯកឧត្ដម សុន ឆ័យ គាត់​ក៏​បាន​លើក ក៏ប៉ុន្តែ​រឿង​នេះ​វា​បាន​កើត​ឡើង​តាំង​ពី​ម្សិល ដោយសារ​តែ​ខ្ញុំ​បាន​ទទួល​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន មិន​បាន​អនុវត្ត​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៥ មករា»

នៅ​ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​១៣ ខែ​មករា ដំណាល​គ្នា​នឹង​បញ្ជា​បន្ថែម​ទៀត​របស់​លោក ហ៊ុន សែន នេះ​ដែរ គឺ​​រដ្ឋាភិបាល​​បាន​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន ទទួល​បន្ទុក​កិច្ចការ​នេះ ក្រោយ​ពី​លុប​ចោល​នូវ​កិច្ច​ព្រមព្រៀង​សម្បទាន​រវាង​​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន អេ.ហ្សិត។

ក្រុម​ហ៊ុន អេ.ហ្សិត របស់​លោក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ចាប់​វិនិយោគ​លើ​សេវាកម្ម​យក​កម្រៃ​ថែទាំ និង​ជួសជុល​ផ្លូវ​ជាតិ​លេខ​៤ ចាប់​ពី​ខែ​មីនា ឆ្នាំ​២០០១។ ក្នុង​ពេល​ក្រុមហ៊ុន​នេះ ចាប់​ផ្ដើម​ដំណើរការ​ជំហាន​ដំបូង កាល​ណោះ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤ ជាពិសេស​អ្នក​ប្រកប​របរ​រថយន្តឈ្នួល។

អ្នក​គ្រប់គ្រង​របស់​ក្រុមហ៊ុន អេ.ហ្សិត លោក ជួន វ៉ាន់ឌន បញ្ជាក់​ថា ភាគី​ក្រុមហ៊ុន​ពុំ​មាន​ប្រតិកម្ម​ណា​មួយ​ចំពោះ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ​ទេ។ លោក​បន្ត​ថា មាន​សម្ភារៈ​មួយ​ចំនួន​នឹង​ត្រូវ​ប្រគល់​ឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ ដូច​ជា​បញ្ជរ​បង់​ប្រាក់ និង​បង្រៀន​ពី​បច្ចេកទេស​ខ្លះៗ​ដល់​មន្ត្រី​ទទួល​បន្ទុក ក្រោយ​ក្រុមហ៊ុន​បញ្ឈប់​ដំណើរការ។ បន្ថែម​ពី​លើ​នេះ​ទៀត លោក ជួន វ៉ាន់ឌន បន្ត​ថា ចំណែក​ការដ្ឋាន​ខ្លះ​ដែល​មិន​ទាន់​ដំណើរការ​ចប់​រួចរាល់ ខាង​ក្រុមហ៊ុន​នឹង​បន្ត​ជួសជុល​ឲ្យ​ចប់​ទៅ​តាម​គម្រោង​របស់​ខ្លួន។ លោក​បន្ត​ថា «ក្នុង​ម៉ោង ១២ ហ្នឹង គឺ​តំណាង​ក្រសួង​សាធារណការ ​គាត់​ចុះ​ទៅ ដើម្បី​ទទួល​ថា​យើង​ពិត​ជា​ឈប់​ពី​រថយន្ត​មែន ដើម្បី​បញ្ជាក់​ពី​អនុសាសន៍​នៃ​ការ​ណែនាំ។ ទី​ពីរ គឺ​យើង​នឹង​ប្រគល់​ជូន​នូវ​ជញ្ជីង គឺ​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ដល់​ឲ្យ​ខាង​អ្នក​ជំនាញ ហើយ​យើង​ថា​នឹង​បណ្ដុះបណ្ដាល​គាត់​ក្នុង​រយៈពេល​ណា​មួយ»

បច្ចុប្បន្ន​ក្រុមហ៊ុន អេ.ហ្សិត មាន​បុគ្គលិក​ដែល​កំពុង​បម្រើការ ៤៥០​នាក់។ ក្រៅ​ពី​នេះ នៅ​មាន​បុគ្គលិក​បណ្ដែត​ចំនួន ២០០​នាក់​បន្ថែម​ទៀត។ ដើម្បី​អាច​ដំណើរការ​ទៅ​បាន​រាល់​ថ្ងៃ​ខាង​ក្រុមហ៊ុន​បាន​បែងចែក​ជា ២​វេន​សំខាន់។ ក្នុង​នោះ​ខាង​បញ្ជរ​បង់​ប្រាក់​ចំនួន ៤​វេន ហើយ​ក្នុង​មួយ​វេន ត្រូវ​ធ្វើ​ការ ៦​ម៉ោង។ ក្រុមហ៊ុន​ផ្សេង​ទៀត គឺ​ខាង​សំណង់។ លោក ជួន វ៉ាន់ឌន បញ្ជាក់​ថា ក្រុម​សំណង់​នេះ​គឺ​ត្រូវ​ប្រតិបត្តិការ​ជួសជុល និង​ថែទាំ​ផ្លូវ​ជា​ប្រចាំ។

បើ​ទោះ​ជា​បែប​ណា នេះ​ជា​លើក​ទី​៣ នៅ​ក្នុង​ពាក់កណ្ដាល​អាណត្តិ​របស់​លោក ហ៊ុន សែន ដែល​សម្រេច​លុប​ចោល​ការ​វិនិយោគ​លើ​សេវាកម្ម​យក​កម្រៃ និង​ថែទាំ​ផ្លូវ។ ជុំវិញ​សម្រេច​នេះ ត្រូវ​បាន​អ្នក​វិភាគ​យល់​ឃើញ​ថា នេះ​ជា​មធ្យោបាយ​ស្តា​ប្រជាប្រិយភាព​ឡើង​វិញ និង​ស្វះស្វែង​រក​ការ​គាំទ្រ បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​បាក់​ស្រុត ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។