Opens in new windowប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ព្រួយបារម្ភចំពោះការជំពាក់បំណុលធនាគារ។ ក្តីបារម្ភនេះ បន្ទាប់ពីតម្លៃផលិតផលជ័រកៅស៊ូរបស់ពួកគាត់ កាន់តែធ្លាក់ថ្លៃទៅៗ ហើយដើមទុនដែលចំណាយលើដំណាំមួយនេះ ភាគច្រើនពលរដ្ឋបានខ្ចីបុលពីគ្រឹះស្ថានហិរញ្ញវត្ថុ។ តើមានកត្តាអ្វីខ្លះ ដែលនាំឲ្យតម្លៃកៅស៊ូចុះថោក?
ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ មិនបានដឹងច្បាស់ទេថា ហេតុអ្វីបានជាតម្លៃជ័រកៅស៊ូនាពេលបច្ចុប្បន្ន កាន់តែធ្លាក់ចុះ ប៉ុន្តែពួកគាត់យល់ថា អាចបណ្ដាលមកពីប្រទេសកម្ពុជា មានទីផ្សារចង្អៀត ពោលគឺជ័រកៅស៊ូរបស់ពលរដ្ឋលក់ឲ្យទីផ្សារវៀតណាម តែមួយ។
ពលរដ្ឋនៅឃុំដា ស្រុកមេមត់ លោក ម៉ៅ គង់ ឲ្យដឹងថា ប៉ុន្មានឆ្នាំមកនេះ តម្លៃជ័រកៅស៊ូកាន់តែចុះថោកទៅៗ។ លោកថា កាលពីឆ្នាំមុនៗ ពលរដ្ឋអាចលក់ជ័រកៅស៊ូចន្លោះពី ៥.០០០រៀលទៅ ៨.០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំ២០១៥ នេះវិញ គឺធ្លាក់តម្លៃមកនៅត្រឹម ១.៦០០រៀល ទៅ ១.៧០០រៀលក្នុងមួយគីឡូក្រាមសម្រាប់ជ័រថ្មីៗ៖ «អូ! បងឥឡូវហ្នឹង ខ្ញុំចង់តែវ័ណ្ឌក ហើយកាលពីនៅមុនជ័រថ្លៃ ដល់ពេលយកលុយគេ ត្រូវបង់លុយគេមិនគ្រប់ផង»។
ដំណាំកៅស៊ូជាដំណាំប្រើរយៈពេលវែង ដោយកសិករត្រូវចំណាយពេលដាំពី ៦ឆ្នាំទៅ ៨ឆ្នាំ ទើបទទួលផលបាន។ ដោយឡែកក្នុងរយៈពេលកៅស៊ូមិនទាន់ឲ្យផល កសិករត្រូវមើលថែទាំកូនកៅស៊ូ និងដីឲ្យស្អាតគ្រប់ពេល ប៉ុន្តែកសិករខ្លះឆ្លៀតដាំដំណាំផ្សេងៗតាមជួរដើមកៅស៊ូ។ ប្រជាពលរដ្ឋមួយចំនួន ត្រូវខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីធ្វើជាដើមទុនដាំកៅស៊ូ ហើយស្របពេលតម្លៃជ័រកៅស៊ូចុះថោក គឺធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។
ពលរដ្ឋមួយរូបទៀត អ្នកស្រី ឈឹម សុគន្ធ ឲ្យដឹងថា អ្នកស្រីមានចម្ការកៅស៊ូប្រមាណ ៨ហិកតារ ហើយនៅពេលតម្លៃកៅស៊ូធ្លាក់ចុះ ធ្វើឲ្យអ្នកភូមិជាច្រើន រួមទាំងអ្នកស្រីផង សម្រេចកាប់ដើមកៅស៊ូចោលខ្លះ ព្រោះមិនអាចទប់ទល់ការចំណាយបាន ម្យ៉ាងដើម្បីយកដីទៅដាំដំឡូង ឬម្រេចវិញ គ្រាន់ស្ដារដើមបានខ្លះ និងត្រូវការប្រាក់សងទៅធនាគារផង៖ «ចម្ការច្រើនណាស់បងអើយ! ហើយឥឡូវនេះពិបាកដល់ហើយ កៅស៊ូចុះថោក។ អ៊ីចឹងខ្ញុំនិយាយមិនចេញហ្មងហ្នឹង។ ជំពាក់ធនាគារផងអីផង»។
មិនខុសគ្នានេះ ប្រជាពលរដ្ឋនៅឃុំទឹកជ្រៅ ស្រុកតំបែរ លោក ម៉ៅ មេន មានប្រសាសន៍ថា តម្លៃជ័រកៅស៊ូធ្លាក់ចុះ អាចដោយសារតែកសិករមានទីផ្សារតែប្រទេសវៀតណាម មួយ។ លោកបន្តថា ប្រសិនបើប្រទេសកម្ពុជា មានរោងចក្រកែច្នៃ ឬមានទីផ្សារនាំចេញច្រើន គឺអាចធ្វើឲ្យកសិករមានជីវភាពប្រសើរ ព្រោះជ័រកៅស៊ូអាចមានតម្លៃខ្ពស់៖ «កាលពីមុន តម្លៃជ័រ គឺសមរម្យដែរ ដល់ឥឡូវមកឆ្នាំហ្នឹង ជ័រវាចុះថ្លៃមែនទែន ធ្លាក់ថ្លៃជាងពាក់កណ្ដាល។ អ៊ីចឹងធ្វើឲ្យពលរដ្ឋពិបាកចិត្ត»។
លោកបន្ថែមទៀតថា ស្របពេលកៅស៊ូធ្លាក់ថ្លៃ តម្លៃជួលកម្មករក៏ឡើង ហើយតម្លៃទំនិញទីផ្សារឡើងគ្មានឈប់ឈរ រហូតធ្វើឲ្យកសិករខ្លះរកតែប្រាក់ជួលកម្មករមិនបាន និងខ្លះសម្រេចទុកដើមកៅស៊ូចោលតែម្តង។

ជាមួយគ្នានេះ ឈ្មួញទិញជ័រកៅស៊ូនៅស្រុកតំបែរ សុំមិនបញ្ចេញឈ្មោះនិយាយថា លោកមិនបានដឹងថា គេទិញជ័រពីមុនតម្លៃយ៉ាងណាទេ? ព្រោះលោកទើបតែទិញឆ្នាំនេះ ប៉ុន្តែលោកថា តម្លៃជ័របច្ចុប្បន្ន គឺធ្វើឲ្យកសិករជាច្រើន ត្អូញត្អែរជាខ្លាំង។ លោកថា ពេលយកជ័រកៅស៊ូទៅលក់ឲ្យវៀតណាម គឺឮជនជាតិវៀតណាម និយាយថា ការធ្លាក់ថ្លៃនោះដោយសារតែតម្លៃ និងតម្រូវការទីផ្សារអន្តរជាតិធ្លាក់ចុះ។ ដូចនេះលោកយល់ថា ជ័រកៅស៊ូធ្លាក់ថ្លៃពេលនេះ មិនមែនព្រោះតែវៀតណាម ជាអ្នកកំណត់ឡើយ៖ «ខ្ញុំមិនដឹងដែរ ប៉ុន្តែកាលខ្ញុំយកទៅយួន យួនថាគេត្រូវយកទៅឥណ្ឌា ហើយយកទៅចិន»។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីដើមឆ្នាំ២០១៥ សមាជិករដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយជូនទៅប្រធានរដ្ឋសភា លោក ហេង សំរិន ដោយស្នើឲ្យជួយអន្តរាគមន៍រកទីផ្សារលក់ផលិតផលកសិកម្មជូនប្រជាពលរដ្ឋខ្មែរ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ប្រជាកសិករនៅជួបបញ្ហានេះដដែល។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា មានប្រសាសន៍នៅថ្ងៃទី៥ តុលា ថា ចំនួននាំចេញ គឺខាងក្រសួងនៅមិនទាន់ដឹងច្បាស់ទេ ព្រោះគេមិនទាន់បូកសរុបរបាយការណ៍ ៩ខែដើមឆ្នាំ២០១៥។ ចំណែកការធ្លាក់ថ្លៃវិញ លោក កែន រដ្ឋា ក៏មិនទាន់ដឹងច្បាស់ដែរ ដោយលោកប្រាប់ថា មានមន្ត្រីជំនាញផ្សេងទៀតកាន់ផ្នែកនេះ ប៉ុន្តែលោកឲ្យដឹងថា អាចពាក់ព័ន្ធទីផ្សារក្រៅប្រទេស ឬតម្រូវការអន្តរជាតិប្រែប្រួល។
ទាក់ទិនបញ្ហានេះ នាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថាអង្គការសេដាក (CEDAC) លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា បញ្ហាធ្លាក់ថ្លៃ គឺពិតពាក់ព័ន្ធនឹងទីផ្សារអន្តរជាតិមែន ព្រោះប្រទេសកម្ពុជា មិនមានរោងចក្រកែច្នៃដោយខ្លួនឯង ពោលគឺពឹងផ្អែកលើការនាំចេញស្ទើរទាំងស្រុង។ មិនតែប៉ុណ្ណោះ លោកថា សូម្បីតែកសិករប្រទេសថៃ ក៏ជួបបញ្ហាដូចកសិករខ្មែរដែរ។ លោកបន្តថា តម្លៃដំណាំកសិឧស្សាហកម្មចុះថោក គឺពិតជាប៉ះពាល់ដល់ប្រជាកសិករ៖ «វាទាមទារឲ្យមានដំណោះស្រាយ ដោយជជែកគ្នា។ ឧទាហរណ៍ ក្នុងចំណោមអ្នកដាំជាទូទៅត្រូវមានក្រុម ឬសមាគម ដើម្បីអាចជជែកគ្នាជាមួយតំណាងរាជរដ្ឋាភិបាល»។
មន្ត្រីជំនាញផ្នែកកសិកម្មដដែល លោក យ៉ង សាំងកុមារ បញ្ជាក់ថា ដើម្បីដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ អាជ្ញាធរត្រូវសិក្សា និងប្រមូលព័ត៌មានពីកសិករឲ្យបានច្បាស់លាស់ ថាតើមានកសិករប៉ុន្មានគ្រួសារ ដែលដាំដំណាំនេះ ហើយប៉ុន្មានគ្រួសារដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ និងមធ្យម? ចុងក្រោយ រដ្ឋាភិបាលមានតួនាទីដោះស្រាយនូវផលប៉ះពាល់ទាំងនោះទៅតាមភាពជាក់ស្តែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
