ក្មេងៗ​នៅ​ខេត្តស្វាយរៀង​បោះបង់​ការសិក្សា​កាន់តែ​ច្រើន​ដោយសារ​គ្រួសារ​ជំពាក់​បំណុល​ធនាគារ

ដោយ យ៉ង ចាន់តារា
2023.12.01
ក្មេងៗ​នៅ​ខេត្តស្វាយរៀង​បោះបង់​ការសិក្សា​កាន់តែ​ច្រើន​ដោយសារ​គ្រួសារ​ជំពាក់​បំណុល​ធនាគារ អភិបាលខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល។
រូប៖ ក្រសួងមហាផ្ទៃ

ក្មេងៗ​នៅក្នុង​សហគមន៍​ដីធ្លី ខេត្តស្វាយរៀង​ប្រមាណ​៨០​ភាគរយ​បាន​បោះបង់​ការសិក្សា​នៅ​ត្រឹម​ថ្នាក់​ទី​៩ ដើម្បី​ជួយ​រកលុយ​ដោះបំណុល​និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​បញ្ហា​នេះ​ថា ជា​រឿង​គ្រោះថ្នាក់​ដល់​សង្គមជាតិ​នៅ​ថ្ងៃ​អនាគត ប្រសិនបើ​រដ្ឋាភិបាល​មិន​មាន​ដំណោះស្រាយ​ដល់​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ធនាគារ​ទេ​នោះ។

សហគមន៍​សាមគ្គី​រមាសហែក ស្ថិតនៅ​ឃុំ​អំពិល និង​ឃុំ​គរគី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ព្រួយបារម្ភ​ពី​អនាគត​កុមារ​នៅក្នុង​សហគមន៍ ដែល​បាន​នាំគ្នា​ឈប់​រៀន​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើការ​រក​ប្រាក់​ជួយ​គ្រួសារ ដែល​កំពុង​ជំពាក់​បំណុល​ធនាគារ ។ សហគមន៍​ថា មាន​សិស្សសាលា​ប្រមាណ​៨០​ភាគរយ បាន​បង្ខំចិត្ត​បោះបង់​ការសិក្សា​នៅ​ត្រឹម​ថ្នាក់​ទី​៩ ព្រោះ​គ្រួសារ​របស់​ពួកគេ ជំពាក់​បំណុល​កាន់តែ​ច្រើន ខណៈ​ជីវភាព​គ្រួសារ​ក៏​កំពុង​ជួប​ទុក​លំបាក​ខ្លាំង។

តំណាង​សហគមន៍​សាមគ្គី​រមាសហែក លោកស្រី ខៀវ សារុន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ជាង​៤​រយ​គ្រួសារ ក្នុង​នោះ​៩៥​ភាគរយ​ហើយ​ដែល​ជាប់ជំពាក់​បំណុល​ធនាគារ និង​ឯកជន។ លោកស្រី​ថា កត្តា​ទាំងនេះ​បាន​រុញច្រាន​ឲ្យ​ក្មេងៗ​នៅក្នុង​សហគមន៍​នាំគ្នា​ឈប់​រៀន ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ជួយ​ដោះ​បំណុល​ក្នុង​គ្រួសារ។

លោកស្រី ខៀវ សារុន៖ «ប្រហែលជា​ខ្ទង់​៧០​ទៅ​៨០​ភាគរយ​ហើយ ជាទូទៅ​ក្មេង​រៀន​ចប់​តែត្រឹម​ថ្នាក់​ទី​៩​ទេ អត់​អាច​បន្ត​ទៅ​ទៀត​បាន ភាគច្រើន​ក៏​គាត់​បោះបង់ចោល​នៅពេល​ហ្នឹង​ហ្មង ការបោះបង់​នៅតែ​មាន និយាយ​ទៅ​ឱ្យ​តែ​កូន​ធំ ខ្លះ​គ្រួសារ​គាត់​ដែល​គាត់​ខ្សោយ ហើយ​ជំពាក់​បំណុល​នៅ​ពេល​ដែល​កូន​ធំ​និយាយ​ទៅ​ឱ្យ​តែ​កូន​ធំ​គាត់​អត់​គិត​ពី​អាយុ​កូន​ប៉ុណ្ណាៗ អាយុ​ប៉ុណ្ណា​ទេ»

លោកស្រី ខៀវ សារុន បាន​ឲ្យ​ដឹង​ថា ប្រជា​សហគមន៍​ជំពាក់​បំណុល​ធនាគារ ចាប់ពី​២​ពាន់​ទៅ​២​ម៉ឺន​ដុល្លារ ក្នុង​នោះ​ពលរដ្ឋ​ខ្លះ​ខ្ចី​យក​មក​ធ្វើ​កសិកម្ម ព្យាបាល​ជំងឺ បង្កើត​មុខរបរ និង​មួយ​ចំនួន​ទៀត​យក​ទៅ​សាងសង់​ផ្ទះ​។ ក្នុង​ស្ថានភាព​បាត់បង់​ប្រាក់ចំណូល និង​រង​សម្ពាធ​ពី​ធនាគារ​នេះ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​មួយ​ចំនួន បាន​ធ្លាក់ខ្លួន​ទៅ​ខ្ចី​បំណុល​ឯកជន​ដែល​មាន​ការប្រាក់​ខ្ពស់​ដើម្បី​យក​ទៅ​សង​ធនាគារ ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់ខ្លួន​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ​បំណុល។

សមាជិក​សហគមន៍​សាមគ្គី​រមាសហែក លោកស្រី យឹម សារ៉ាន ឱ្យ​ដឹង​ថា កូន​របស់​លោកស្រី​ចំនួន​២​នាក់ ត្រូវ​បង្ខំចិត្ត​ឈប់​រៀន​នៅ​ត្រឹម​ថ្នាក់​ទី​៩ ដោយសារ​លោកស្រី​មិន​អាច​រក​ប្រាក់​បាន​គ្រប់គ្រាន់​ផ្គត់ផ្គង់​ឱ្យ​កូន​រៀន​បន្ត និង​មួយវិញទៀត ពួកគាត់​ចង់​ជួយ​រក​ប្រាក់​ដើម្បី​ដោះស្រាយ​បំណុល​កំពុង​មាន​នៅក្នុង​គ្រួសារ​សព្វថ្ងៃ​។ លោកស្រី​បន្ថែម​ថា បច្ចុប្បន្ន​កូន​របស់​លោក​ស្រី​ទាំង​២​នាក់​កំពុង​ធ្វើការ​ងារ​រោងចក្រ​មួយ​កន្លែង នៅ​ក្រុង​បាវិត។

លោកស្រី យឹម សារ៉ាន៖ «ជួប​ច្រើន ដល់​អត់​មាន​ទាំង​ដី​អត់​មាន​ទាំង​អ្វី ជំពាក់​គេ​ក៏​ជំពាក់​កូន​រៀន​អត់​មាន​ចប់​ទេ ឈប់​អស់​ដំឡើង​អាយុ​ទៅ​ធ្វើការ​រោងចក្រ​អស់ហើយ យើង​ខ្វះខាត​ច្រើន​យើង​អត់​លុយ​ឱ្យ​កូន​រៀន​យើង​គ្មាន​លទ្ធភាព​ឱ្យ​វា​រៀន ហើយ​អ៊ីចឹង​មានតែ​ឱ្យ​វា​ឈប់​ដំឡើង​អាយុ កូន​រកលុយ​មក​ជួយ​ដោះ​[​សងបំណុល​] នៅ​ពេល​ដែល​យើង​ជំពាក់​គេ​ច្រើន​ដែរ»

ទាក់ទិន​នឹង​បញ្ហា​បំណុល​ធនាគារ​នេះ​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើ​ការងារ​នៅ​ប្រទេស​ថៃ និង​សកម្មជន​គណបក្សប្រឆាំង ធ្លាប់​បាន​ប្រមូល​ផ្តុំគ្នា​សម្ដែង​មតិ និង​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឲ្យ​ជួយ​ពន្យារ​ពេល​សង​ប្រាក់​ត្រឡប់​វិញ រយៈពេល​១​ឆ្នាំ ដោយសារ​ពលរដ្ឋ​មិនអាច​រក​ប្រាក់​បាន​គ្រប់គ្រាន់​សង​ធនាគារ។

សហគមន៍​សាមគ្គី​រមាសហែក បាន​ធ្លាក់ខ្លួន​ជំពាក់​បំណុល​ធនាគារ​កាន់​តែ​ច្រើនឡើង ទើប​ធ្វើ​ឲ្យ​ពួកគេ​នាំគ្នា​កាត់​បន្ថយ​ម្ហូបអាហារ​ប្រចាំថ្ងៃ ព្រោះ​ពួកគេ​សន្សំ​ប្រាក់​ទាំងនោះ​ទុក​សង​ទៅ​សង​ធនាគារ​វិញ បើ​ទោះបី​ពួកគេ​ប្រឈមមុខ​នឹង​មាន​ជំងឺ​យ៉ាងណាក្ដី។

ទាក់ទង​នឹង​ក្មេង​បោះបង់​ការសិក្សា​វិញ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍សា និង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​៣០ វិច្ឆិកា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា បញ្ហា​សិស្ស​បោះបង់​ការសិក្សា​នេះ មិនមែន​មានតែ​សហគមន៍​សាមគ្គី​រមាសហែក​នេះនោះ​ទេ ពោល​គឺ​កំពុង​កើតមាន​ច្រើន​នៅ​ទូទាំង​ប្រទេស។ លោកស្រី​បន្ថែម​ថា បញ្ហា​ចម្បង​គឺ​បំណុល​នៅក្នុង​គ្រួសារ​មាន​ការ​កើនឡើង​ធ្វើ​ឲ្យ​សិស្សានុសិស្ស​បង្ខំចិត្ត​ឈប់​រៀន និង​ធ្វើ​ឲ្យ​សង្គម​ជួប​បញ្ហា​ប្រព័ន្ធ​អប់រំ នឹង​មិន​អាច​ឲ្យ​សង្គម​មួយ​នេះ​រីកចម្រើន​បាន​ឡើយ បើ​ទោះ​បី​រដ្ឋាភិបាល​មាន​គោលនយោបាយ​យ៉ាងណាក្ដី ប្រសិនបើ​មិន​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ឲ្យ​ល្អ​ប្រសើរ​នោះ។

លោកស្រី អ៊ុក ឆាយ៉ាវី៖ «ជា​ធម្មតា​ប្រទេស​មួយ​ដែល​មាន​ការអប់រំ​រីកចម្រើន​អ្នកចេះដឹង​ឡើង​ខ្ពស់​ប្រទេស​ហ្នឹង​គឺ​ប្រទេស​ដែល​អភិវឌ្ឍ​ហើយ ប្រទេស​ជឿនលឿន​ហើយ ប៉ុន្តែ​ប្រទេស​មួយ​ដែល​មាន​អត្រា​បោះបង់​ការសិក្សា​អ្នកចេះដឹង​អត់​មាន​បាន​ន័យ​ថា គឺជា​ប្រទេស​មួយ​ដែល​ធ្លាក់ចុះ​យ៉ាង​គំហុក»

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​រក​ដំណោះស្រាយ​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​នោះ​ទេ សិស្សសាលា​ជាច្រើន​ទៀត នឹង​បន្ត​បោះបង់​ការសិក្សា​ដើម្បី​ជួយ​រក​ប្រាក់​សងបំណុល​ធនាគារ​នៅក្នុង​គ្រួសារ។

ប្រជា​សហគមន៍​ដីធ្លី​សាមគ្គី​រមាសហែក មាន​ចំនួន​២​ឃុំ គឺ​ឃុំ​អំពិល និង​ឃុំ​គគីរ ស្ថិត​នៅ​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង មាន​ពលរដ្ឋ​ចំនួន​៤៤០​គ្រួសារ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អិន ខេ វី (NKV) ចាប់តាំងពី​ឆ្នាំ​២០១០ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ​ទំនាស់​ដីធ្លី​នៅ​មិនទាន់ មាន​ដំណោះស្រាយ​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។