ក្រុមគ្រួសារបណ្ឌិត កែម ឡី និងប្រជាពលរដ្ឋ អំពាវនាវជាថ្មីម្ដងទៀតដល់អាជ្ញាធររដ្ឋាភិបាល ស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ឲ្យបានពេញលេញ និងតម្លាភាព។ ការអំពាវនាវនេះ ធ្វើឡើងខណៈជិតដល់ថ្ងៃខួប ៥ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដាខាងមុខ។
សម្រែកទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី ចាប់ផ្ដើមកក្រើកឡើងវិញ ខណៈជិតដល់ថ្ងៃខួប ៥ឆ្នាំនៃការបាញ់សម្លាប់រូបលោក។ ប្រជាពលរដ្ឋមួយចំនួន នាំគ្នាចែកចាយរូបថត និងរូបភាពវីដេអូរបស់បណ្ឌិត កែម ឡី កាលនៅមានជីវិត ព្រមទាំងទស្សនៈរបស់លោកជាបណ្ដើរៗ ឡើងវិញ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ដើម្បីរំលឹកវីរភាពនិងរំលឹកគុណ ព្រមទាំងទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដែលពួកគាត់ចាត់ទុកថា ជាវីរបុរសរបស់ជាតិខ្មែរទាំងមូល។
មន្ត្រីជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ម៉ា ចិត្រា ដែលបង្ហោះរូបបណ្ឌិត កែម ឡី ជាញឹកញាប់ លើកឡើងថា ឃាតកម្មលើអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនយោបាយដែលប្រជាពលរដ្ឋគោរពយ៉ាងជ្រាលជ្រៅរូបនេះ គឺជារឿងសោកស្ដាយ និងក្រៀមក្រំយ៉ាងខ្លាំងបំផុត ទោះបីជាពេល វេលាកន្លងផុតទៅ ៥ឆ្នាំហើយក្ដី។ លោក ម៉ា ចិត្រា កត់សម្គាល់ថា ក្នុងពេលបច្ចុប្បន្ននេះមិនទាន់មាននរណាហ៊ាននិយាយការពិត ដូចបណ្ឌិត កែម ឡី នោះទេ។ សកម្មជនការពារបរិស្ថានរូបនេះ បន្តទាមទារឲ្យតុលាការរកយុត្តិធម៌ និងបង្ហាញភស្តុតាងឲ្យបានច្បាស់លាស់ ដើម្បីឲ្យសាធារណជនអស់ចិត្ត៖ « ខ្ញុំនៅតែចង់ឲ្យរដ្ឋាភិបាលរកយុត្តិធម៌ឲ្យគាត់ហើយអ្វីដែលផ្ដោតសំខាន់នោះ ខ្ញុំចង់ឲ្យតុលាការ បង្ហាញវីដេអូកាមេរ៉ាដែលនៅក្នុងម៉ាតនោះឲ្យសាធារណជន បានឃើញឲ្យច្បាស់ថា អ្នកណាឲ្យប្រាកដ ព្រោះវីដេអូដែលបែកធ្លាយ ឬបង្ហាញកន្លងមកនេះ យើងមើលទៅដូចជាវីដេអូមិនច្បាស់លាស់ » ។
ស្រដៀងគ្នានេះ ព្រះសង្ឃមួយអង្គដែលតែងឈឺឆ្អាលបញ្ហាសង្គម នយោបាយ និងធនធានធម្មជាតិ គឺព្រះតេជព្រះគុណ បូរ បេត មានថេរដីកាថា យុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក នៅឆ្ងាយដូចជើងមេឃ ដោយសាររយៈពេល ៥ឆ្នាំមកនេះឃាតកពិត និងអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី មិនទាន់ត្រូវបានយកមកផ្ដន្ទាទោសតាមច្បាប់នោះទេ ផ្ទុយទៅវិញ អាជ្ញាធរបែរជាធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួនអ្នកទាមទារយុត្តិធម៌ជូនជនរងគ្រោះទៅវិញ។ ព្រះតេជព្រះគុណ យល់ថា មូលហេតុដែលអាជ្ញាធរពាក់ព័ន្ធមិនអាចបំបែកសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី នេះ ប្រហែលជាឃាតកពិត និងអ្នកបញ្ជាពីក្រោយខ្នង មានអំណាចនិងឥទ្ធិពលលើអ្នកអនុវត្តច្បាប់ ដូច្នេះហើយសំណុំរឿងនេះ អាចនឹងត្រូវកប់ចោលដូចសំណុំរឿងឃាតកម្មលើបុគ្គលល្បីៗ និងអ្នកស្នេហាជាតិផ្សេងៗ ទៀតដែរ៖ « ប្រហែលជាមិនអាចនឹងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី បានទេ ដរាបណានៅមានមេដឹកនាំនៅក្រាញអំណាចកំពុងតែឈរជើងនៅក្នុងសង្គម យ៉ាងរឹងមាំបែបនេះ សូម្បីតែមានព្រះសង្ឃ មានយុវជន និងមានអង្គការសង្គមស៊ីវិល តែងនាំគ្នាធ្វើបុណ្យខួប និងទាមទារយុត្តិធម៌ជារៀងរាល់ឆ្នាំក្តី ក៏អ្នកចូលរួមធ្វើទាំងអស់នោះ តែងតែមានបញ្ហា មានអាត្មា មានយុវជន ត្រូវបានចាប់ខ្លួន ហើយអាត្មាភាពត្រូវ បានភៀសព្រះកាយមកនៅក្រៅប្រទេស » ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ ការបាញ់ប្រហារនេះ កើតឡើងក្រោយពីអ្នកវិភាគរូបនេះបានផ្តល់ការអធិប្បាយដល់បណ្ដាញព័ត៌មានអំពីការកាន់កាប់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលាតត្រដាងនៅក្នុងរបាយការណ៍អង្គការឃ្លាំមើលពិភពលោក គ្លូបល វីតណេស (Global Witness)។ សំណុំរឿងឃាតកម្មដ៏កក្រើកនេះ តុលាការបានផ្ដន្ទាទោសបុរសម្នាក់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ផ្អែកតាមចម្លើយសារភាពរបស់បុរសរូបនោះដែលថា គាត់ជាអ្នកបាញ់សម្លាប់លោក កែម ឡី ដោយសារលោក កែម ឡី មិនព្រមសងប្រាក់ជំពាក់ចំនួន៣.០០០ដុល្លារ។ ប៉ុន្តែក្រុមគ្រួសារលោក កែម ឡី និងសូម្បីតែក្រុមគ្រួសាររបស់លោក អឿត អាង មិនជឿថា ជាការណ៍ពិតនោះទេ ព្រោះលោក អឿត អាង គឺជាមនុស្សក្រីក្ររស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាប មិនដែលស្គាល់គ្នា និងគ្មានលុយឯណាឲ្យលោក កែម ឡី ខ្ចីនោះទេ។ក្រោយមានការរិះគន់ខ្លាំងៗ ពីសាធារណជន តុលាការក្រុងភ្នំពេញបានសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោស ក៏ប៉ុន្តែតុលាការមិនបានផ្តល់ព័ត៌មានស្ដីពីការវិវឌ្ឍនៃសំណុំរឿងទីពីរនេះឡើយរហូតមកដល់ពេលនេះ។
បងស្រីបង្កើតរបស់បណ្ឌិត កែម ឡី គឺលោកស្រី កែម ថាវី រៀបរាប់ទាំងក្ដុកក្ដួលថា រហូតមកដល់ពេលនេះ ក្រុមគ្រួសាររបស់លោកស្រី មិនទាន់ទទួលបានយុត្តិធម៌ពេញលេញនោះទេ ប៉ុន្តែលោកស្រី ទាល់តម្រិះមិនដឹងនិយាយបែបណា និងទាមទារយុត្តិធម៌តាមវិធីណានោះទេ ខណៈអាជ្ញាធររក្សាភាពស្ងៀមស្ងាត់មិនដែលផ្តល់ដំណឹងពីការវិវឌ្ឍនៃសំណុំរឿងនេះឡើយ៖ « សម្រាប់ខ្លួនខ្ញុំផ្ទាល់ទេ រឿង ជួប សម្លាប់ នេះ ខ្ញុំគិតថា មិនមែនជាអ្នកសម្លាប់ទេ ហើយក៏មិនមែនម្នាក់ឯងធ្វើកើតដែរ។ នៅក្នុងចិត្តយើង គ្រាន់តែគិតអ៊ីចឹង ប៉ុន្តែយើងមិនដឹងថា ធ្វើម៉េច។ វាមិនដែលមនុស្សមិនដែលស្គាល់គ្នាផង មកសម្លាប់មនុស្សមួយទាំងមូលនៅកណ្ដាលទីក្រុងភ្នំពេញ ហើយគាត់ (ជួប សម្លាប់) នៅទីជនបទ គាត់មិនទាំងស្គាល់ភ្នំពេញនេះម៉េចផង។និយាយរួម ប្អូនខ្ញុំមិនមានធ្វើអ្វីដល់ថ្នាក់គេសម្លាប់គាត់ទេ មិនដែលធ្វើឲ្យអ្នកណាខឹង អ្នកណាស្អប់គាត់ទេ។ នៅសុខៗ ស្រាប់តែលេចឈ្មោះ ជួប សម្លាប់ ហ្នឹងមក សម្លាប់ប្អូនខ្ញុំ។ ខ្ញុំស្ដាយៗ ហួសនិយាយ។ បើសិនណាប្អូនខ្ញុំរស់ឡើងវិញ ហើយគេសម្លាប់ខ្ញុំ គឺខ្ញុំសុខចិត្តស្លាប់។ មកដល់ថ្ងៃនេះ ខ្ញុំឆ្អែតៗ មិនដឹងប៉ុន្មានជាតិទៀតទើបបាត់ការឈឺចាប់នេះ»។
លោកស្រី កែម ថាវី បន្តថា រយៈពេល ៥ឆ្នាំមកនេះ លោកស្រី មិនដែលរំសាយការឈឺចាប់ និងការនឹករលឹកដល់ប្អូនប្រុសម្ដងណានោះទេ ហើយតែងតែគិតថា ប្អូនប្រុសនៅមានជីវិតនៅឡើយ។ លោកស្រីថា ការបាត់បង់លោក កែម ឡី ស្មើនឹងការបាត់ពន្លឺដ៏សំខាន់មួយនៅក្នុងក្រុមគ្រួសារ ព្រោះកាលនៅមានជីវិត លោក តែងជួយផ្តល់យោបល់ល្អៗ បងប្អូនសាច់ញាតិ៖ « បើប្អូនខ្ញុំមានកំហុស ខ្ញុំមិនសូវសោកស្តាយទេ ធ្វើម៉េចគាត់ធ្វើខុស ប៉ុន្តែគាត់គ្មានកំហុសអីទាល់តែសោះ មិនគួរគេបាញ់សម្លាប់។ មុនគាត់ស្លាប់មិនដឹងជាប្អូនខ្ញុំឈឺចាប់យ៉ាងណាទេ ព្រោះខ្ញុំបានទៅដល់ម៉ាត (MART) ខ្ញុំឃើញប្អូនខ្ញុំហូរឈាមបាចពេញហ្នុង។ ខ្ញុំនៅតែឈឺចាប់ គ្មានថ្ងៃណាដែលបំភ្លេចបានទេ » ។
ទាក់ទងរឿងនេះ អាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបពីអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី គឺលោក សេង លាង និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ព្រមទាំងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
រីឯអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា វិញ លោកបដិសេធឆ្លើយតបជាមួយអាស៊ីសេរី ដោយអះអាងថា លោកមិនបានដឹងសំណុំរឿងនេះទេ ក្រោមហេតុផលថា លោកទើបចូលកាន់តំណែងបានរយៈពេលពីរឆ្នាំ៖ « អើ..ខ្ញុំអត់ដឹងបញ្ហាអស់ហ្នឹងទេ សុំសួរទៅខាងអគ្គស្នងការនគរបាលជាតិ ចំពោះករណីហ្នឹង ហើយខ្ញុំមកកាន់ការងារនេះ ទើបតែមកកាន់ដែរ ព្រោះករណីនេះវាយូរហើយ»។
កន្លងមក ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតអាមេរិកផង បានអំពាវនាវដូចប្រជាពលរដ្ឋទូទៅដែរ ឲ្យអាជ្ញាធរវែកមុខចាប់ជនដៃដល់ពិតប្រាកដ និងអ្នកពាក់ព័ន្ធ ជាពិសេស អ្នកបញ្ជាពីក្រោយខ្នង យកមកកាត់ទោសតាមច្បាប់។ ក្រុមអង្គការទាំងនេះ អះអាងថា ដើម្បីឱ្យការស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី អាចជឿទុកចិត្តបាន អាជ្ញាធរកម្ពុជាត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ និងអ្នកជំនាញឯករាជ្យ។ប៉ុន្តែអាជ្ញាធររបបលោក ហ៊ុន សែន បដិសេធបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យនេះឡើង។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោក យល់ឃើញដូចសាធារណជនដែរថា អាជ្ញាធរនៅមិនទាន់ផ្តល់យុត្តិធម៌ពិតប្រាកដនៅឡើយទេ ហើយដំណើរការស៊ើបអង្កេតកន្លងមក មានភាពមិន ប្រក្រតីជាច្រើន និងមិនទាន់អាចទទួលយកបាននៅឡើយ។ លោក ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសតុលាការ ត្រូវមានចំណាត់ការច្បាស់លាស់ក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី នេះ ដើម្បីឲ្យសាធារណជនមានទំនុកចិត្ត៖ « ក្នុងករណីនេះ យើងឃើញហើយ បើយើងពិនិត្យមើលជុំវិញបរិវេណនៅក្នុងកន្លែងកើតហេតុ ឬក៏ក្រៅកន្លែងកើតហេតុ សុទ្ធតែមានកាមេរ៉ាទាំងអស់ហើយជនដែលប្រព្រឹត្តហ្នឹង ចាប់បានទៅទៀត នៅតែមិនអាចរកឃើញអ្នកពាក់ព័ន្ធទៅទៀត ដូច្នេះហើយបានជាយើងយល់ថា វាអាស្រ័យទៅលើឆន្ទៈអ្នកអនុវត្ត ជាជាងដែលថា សមត្ថភាពរបស់មន្ត្រីដែលមានសមត្ថកិច្ចទាំងអស់ហ្នឹង » ។
កន្លងមក ភរិយារបស់បណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានចោទប្រកាន់ត្រង់ៗ តាមហ្វេសប៊ុករបស់គាត់ និងចេញជាសេចក្ដីថ្លែងការណ៍ថា គ្រួសាររបស់លោក ហ៊ុន សែន និងរបបលោក ហ៊ុន សែន គឺជាអ្នករៀបចំជាប្រព័ន្ធក្នុងការសម្លាប់ស្វាមីលោកស្រី ដូច្នេះហើយទើបអ្នកផ្ដួចផ្ដើមគំនិត អ្នកផ្តល់មធ្យោបាយ និងជនដៃដល់ពិតប្រាកដ បន្តរស់នៅក្រៅសំណាញ់ច្បាប់។
ក្រៅពីការទាមទារយុត្តិធម៌នេះ ក្រុមគ្រួសាររបស់បណ្ឌិត កែម ឡី និងអ្នកគោរពស្រឡាញ់រូបលោក ក៏គ្រោងធ្វើពិធីបុណ្យរំលឹកខួប៥ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះដែរ ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធរបស់លោក។បងស្រីរបស់បណ្ឌិត កែម ឡី គឺលោកស្រី កែម ថាវី អះអាងថា ទោះបីជាក្រុមគ្រួសារខ្វះថវិកាបែបណាក្តី ក៏លោកស្រី នឹងរៀបចំពិធីបុណ្យជារៀងរាល់ឆ្នាំនៅទីតាំងតម្កល់សព ដែលស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ប៉ុន្តែអ្វីដែលលោកស្រី ព្រួយបារម្ភនៅពេលដល់ថ្ងៃរៀបចំពិធីបុណ្យខួបម្តងៗ នោះ គឺអាជ្ញាធរតែងតែរារាំង និងរំខានការប្រារព្ធពិធីបុណ្យ ទោះបីជាពុំមានជំងឺកូវីដ-១៩រាតត្បាតក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
