សម្រែក​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី កក្រើក​ឡើង​វិញ ខណៈ​ជិត​ដល់​ខួប ៥ឆ្នាំ

0:00 / 0:00

ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី និង​ប្រជាពលរដ្ឋ ​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ​ឲ្យបាន​ពេញលេញ ​និង​តម្លា​ភាព។ ការ​អំពាវនាវ​នេះ ​ធ្វើ​ឡើង​ខណៈ​ជិត​ដល់​ថ្ងៃ​ខួប ៥ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ​ខែ​កក្កដា​ខាង​មុខ។

សម្រែក​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ចាប់​ផ្ដើម​កក្រើក​ឡើង​វិញ ​ខណៈ​ជិតដល់​ថ្ងៃ​ខួប ៥ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​រូប​លោក។ ប្រជាពលរដ្ឋ​មួយ​ចំនួន នាំ​គ្នា​ចែកចាយ​រូប​ថត និង​រូបភាព​វីដេអូ​របស់​បណ្ឌិត កែម ឡី កាល​នៅ​មានជីវិត​ ព្រមទាំង​ទស្សនៈ​របស់​លោក​ជា​បណ្ដើរៗ ឡើង​វិញ ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (face​book) ដើម្បី​​រំលឹក​វីរភាព​និង​រំលឹក​គុណ​ ព្រម​ទាំង​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​វីរបុរស​របស់​ជាតិ​ខ្មែរ​ទាំង​មូល។

មន្ត្រី​ជាន់​ខ្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) ​លោក ម៉ា ចិត្រា ​ដែល​បង្ហោះ​រូប​បណ្ឌិត​ កែម ឡី​ ជា​ញឹកញាប់​ លើក​ឡើង​ថា ​ឃាតកម្ម​លើ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ដែល​ប្រជាពលរដ្ឋ​គោរព​យ៉ាង​ជ្រាលជ្រៅ​រូប​នេះ គឺ​ជា​រឿង​សោកស្ដាយ​ និង​ក្រៀមក្រំ​យ៉ាង​ខ្លាំង​បំផុត​ ទោះ​បី​ជា​ពេល វេលា​កន្លង​ផុត​ទៅ ៥ឆ្នាំ​ហើយ​ក្ដី។ លោក ម៉ា ចិត្រា កត់​សម្គាល់​ថា ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​នរណា​ហ៊ាន​និយាយ​ការ​ពិត ដូច​បណ្ឌិត ​កែម ឡី ​នោះ​ទេ។ សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ ​បន្ត​ទាមទារ​ឲ្យ​តុលាការ​រក​យុត្តិធម៌ ​​និង​បង្ហាញ​ភស្តុតាង​ឲ្យបាន​ច្បាស់លាស់​ ដើម្បី​ឲ្យ​សាធារណជន​អស់ចិត្ត៖ « ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ឲ្យ​គាត់​ហើយ​អ្វី​ដែល​ផ្ដោត​សំខាន់​នោះ ខ្ញុំ​ចង់​ឲ្យ​តុលាការ បង្ហាញ​វីដេអូ​កាមេរ៉ា​ដែល​នៅ​ក្នុង​ម៉ាត​នោះ​ឲ្យ​សាធារណជន បាន​ឃើញ​ឲ្យ​ច្បាស់​ថា អ្នក​ណា​ឲ្យ​ប្រាកដ ​ព្រោះ​វីដេអូ​ដែល​បែក​ធ្លាយ ឬ​បង្ហាញ​កន្លង​មក​នេះ យើង​មើល​ទៅ​ដូចជា​វីដេអូ​មិន​ច្បាស់​លាស់ »

ស្រដៀង​គ្នា​នេះ ​ព្រះសង្ឃ​មួយ​អង្គ​ដែល​តែង​ឈឺ​ឆ្អាល​បញ្ហា​សង្គម ​នយោបាយ​ និង​ធនធាន​ធម្មជាតិ ​គឺ​ព្រះតេជ​ព្រះគុណ​ បូរ បេត ​មាន​ថេរ​ដីកា​ថា យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ​របស់​លោក​ នៅ​ឆ្ងាយ​ដូច​ជើង​មេឃ ​ដោយសារ​រយៈ​ពេល ៥ឆ្នាំ​មក​នេះ​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី មិនទាន់​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ អាជ្ញាធរ​បែរជា​ធ្វើ​ទុក្ខបុកម្នេញ​ និង​ចាប់ខ្លួន​អ្នក​ទាមទារ​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ទៅ​វិញ។ ព្រះតេជ​ព្រះគុណ ​យល់ថា ​មូលហេតុ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អាច​បំបែក​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ ​ប្រហែលជា​ឃាតក​ពិត​ និង​អ្នក​បញ្ជា​ពី​ក្រោយខ្នង ​មានអំណាច​និង​ឥទ្ធិ​ពល​លើ​អ្នក​អនុវត្ត​ច្បាប់ ដូច្នេះ​ហើយ​សំណុំរឿង​នេះ អាច​នឹង​ត្រូវ​កប់​ចោល​ដូច​សំណុំរឿង​ឃាតកម្ម​លើ​បុគ្គល​ល្បីៗ និង​អ្នក​ស្នេហា​ជាតិ​ផ្សេងៗ ទៀត​ដែរ៖ « ប្រហែលជា​មិន​អាច​នឹង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត​ កែម ឡី ​បានទេ ​ដរាបណា​នៅ​មាន​មេ​ដឹក​នាំ​នៅ​ក្រាញ​អំណាច​កំពុងតែ​ឈរជើង​នៅ​ក្នុង​សង្គម​ យ៉ាង​រឹងមាំ​បែបនេះ​ សូម្បីតែ​មាន​ព្រះសង្ឃ មាន​យុវជន និង​មាន​អង្គការ​សង្គម​ស៊ីវិល តែង​នាំ​គ្នា​ធ្វើ​បុណ្យខួប និង​ទាមទារ​យុត្តិធម៌​ជា​រៀងរាល់​ឆ្នាំ​ក្តី ក៏​អ្នក​ចូលរួម​ធ្វើ​ទាំង​អស់នោះ ​តែងតែ​មាន​បញ្ហា មាន​អាត្មា មាន​យុវជន​ ត្រូវ​បាន​ចាប់ខ្លួន​ ហើយ​អាត្មាភាព​ត្រូវ បាន​ភៀស​ព្រះ​កាយ​មក​នៅ​ក្រៅ​ប្រទេស » ​​

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ។ ការ​បាញ់​ប្រហារ​នេះ ​កើត​ឡើង​ក្រោយ​ពី​អ្នក​វិភាគ​រូប​នេះ​បាន​ផ្តល់​ការ​អធិប្បាយ​ដល់​បណ្ដាញ​ព័ត៌មាន​អំពី​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លាតត្រដាង​នៅ​ក្នុង​របាយ​ការណ៍​​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីតណេស (Global Witness)។ សំណុំ​រឿង​ឃាត​កម្ម​ដ៏​កក្រើក​នេះ ​តុលាការ​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ផ្អែក​តាម​ចម្លើយ​សារភាព​របស់​បុរស​រូប​នោះ​ដែល​ថា​ គាត់​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី ដោយ​សារ​​លោក កែម ឡី​ មិន​ព្រម​សង​ប្រាក់​ជំពាក់​ចំនួន​៣.០០០​ដុល្លារ។ ប៉ុន្តែ​ក្រុម​គ្រួសារ​លោក កែម ឡី និង​សូម្បី​តែ​ក្រុម​គ្រួសារ​របស់​លោក អឿត អាង ​មិន​ជឿ​ថា ជា​ការណ៍​ពិត​នោះ​ទេ​ ព្រោះ​លោក អឿត អាង គឺ​ជា​មនុស្ស​ក្រីក្រ​រស់​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​សៀម​រាប​ មិនដែល​ស្គាល់​គ្នា និង​គ្មាន​លុយ​ឯណា​ឲ្យ​លោក កែម ឡី ខ្ចី​នោះ​ទេ។ក្រោយ​មាន​ការ​រិះគន់​ខ្លាំងៗ ពី​សាធារណជន តុលាការ​ក្រុង​ភ្នំពេញ​បានសម្រេច​បំបែក​សំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់ទោស ​ក៏ប៉ុន្តែ​តុលាការ​​មិន​បាន​ផ្តល់​ព័ត៌មាន​ស្ដីពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​ទី​ពីរ​នេះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

បង​ស្រី​បង្កើត​របស់​បណ្ឌិត កែម ឡី គឺ​លោកស្រី កែម ថាវី រៀបរាប់​ទាំង​ក្ដុកក្ដួល​ថា រហូត​មកដល់​ពេល​នេះ ក្រុម​គ្រួសារ​របស់​លោកស្រី មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញ​លេញ​នោះ​ទេ​ ប៉ុន្តែ​លោក​ស្រី ទាល់​តម្រិះ​មិន​ដឹង​និយាយ​បែប​ណា និង​ទាមទារ​យុត្តិ​ធម៌​តាម​​វិធី​ណា​នោះ​ទេ​ ខណៈ​អាជ្ញាធរ​រក្សា​ភាព​ស្ងៀមស្ងាត់​មិនដែល​ផ្តល់​ដំណឹង​ពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​នេះ​ឡើយ៖ « សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ទេ រឿង ជួប សម្លាប់ នេះ ខ្ញុំ​គិត​ថា មិន​មែន​ជា​អ្នក​សម្លាប់​ទេ ហើយ​ក៏​មិន​មែន​ម្នាក់​ឯង​ធ្វើ​កើត​ដែរ។ នៅ​ក្នុង​ចិត្ត​យើង ​គ្រាន់​តែ​គិត​អ៊ីចឹង ប៉ុន្តែ​យើង​មិន​ដឹង​ថា ​ធ្វើ​ម៉េច។ វា​មិន​ដែល​មនុស្ស​មិនដែល​ស្គាល់​គ្នា​ផង ​មក​សម្លាប់​មនុស្ស​មួយ​ទាំង​មូល​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ ហើយ​គាត់ (ជួប សម្លាប់) នៅ​ទី​ជនបទ ​គាត់​មិនទាំង​ស្គាល់​ភ្នំពេញ​នេះ​ម៉េច​ផង។និយាយ​រួម ប្អូន​ខ្ញុំ​មិន​មាន​ធ្វើអ្វី​ដល់​ថ្នាក់​គេ​សម្លាប់​គាត់​ទេ មិន​ដែល​ធ្វើ​ឲ្យ​អ្នក​ណា​ខឹង ​អ្នកណា​ស្អប់​គាត់​ទេ។ នៅ​សុខៗ ស្រាប់​តែ​លេច​ឈ្មោះ ជួប សម្លាប់ ហ្នឹង​មក សម្លាប់​ប្អូន​ខ្ញុំ។ ខ្ញុំ​ស្ដាយៗ ហួស​និយាយ។ បើ​សិន​ណា​ប្អូន​ខ្ញុំ​រស់​ឡើង​វិញ ​ហើយ​គេ​សម្លាប់​ខ្ញុំ គឺ​ខ្ញុំ​សុខ​ចិត្ត​ស្លាប់។ មកដល់​ថ្ងៃនេះ ខ្ញុំ​ឆ្អែតៗ មិន​ដឹង​ប៉ុន្មាន​ជាតិ​ទៀត​ទើប​បាត់​ការ​ឈឺ​ចាប់​នេះ»។

លោកស្រី​ កែម ថាវី បន្ត​ថា រយៈ​ពេល ៥ឆ្នាំ​មក​នេះ លោកស្រី ​មិនដែល​រំសាយ​ការ​ឈឺ​ចាប់ និង​ការ​នឹក​រលឹក​ដល់​ប្អូន​ប្រុស​ម្ដង​ណា​នោះ​ទេ ហើយ​តែងតែ​គិត​ថា ប្អូនប្រុស​នៅ​មាន​ជីវិត​នៅឡើយ។ លោកស្រី​ថា ការ​បាត់បង់​លោក កែម ឡី ស្មើនឹង​ការ​បាត់​ពន្លឺ​ដ៏​សំ​ខាន់​មួយ​នៅ​ក្នុង​ក្រុម​គ្រួសារ ​ព្រោះ​កាល​នៅ​មាន​ជីវិត ​លោក​ តែង​ជួយ​ផ្តល់​យោបល់​ល្អៗ បងប្អូន​សាច់​ញាតិ៖ « បើ​ប្អូន​ខ្ញុំ​មាន​កំហុស ខ្ញុំ​មិន​សូវ​សោក​ស្តាយ​ទេ ធ្វើ​ម៉េច​គាត់​ធ្វើ​ខុស ប៉ុន្តែ​គាត់​គ្មាន​កំហុស​អី​ទាល់​តែ​សោះ មិន​គួរ​គេ​បាញ់​សម្លាប់។ មុន​គាត់​ស្លាប់​មិន​ដឹង​ជា​ប្អូន​ខ្ញុំ​ឈឺចាប់​យ៉ាង​ណា​ទេ ព្រោះ​ខ្ញុំ​បាន​ទៅ​ដល់​ម៉ាត (MART) ខ្ញុំ​ឃើញ​ប្អូន​ខ្ញុំ​ហូរ​ឈាម​បាច​ពេញ​ហ្នុង។ ខ្ញុំ​នៅ​តែ​ឈឺចាប់ ​គ្មាន​ថ្ងៃ​ណា​ដែល​បំភ្លេច​បាន​ទេ »

ទាក់ទង​រឿង​នេះ អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​និង​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី គឺ​លោក សេង លាង និង​អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ព្រមទាំង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ​លោក ឆាយ គឹមខឿន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

រីឯ​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា វិញ លោក​បដិសេធ​ឆ្លើយ​តប​ជាមួយ​អាស៊ី​សេរី ដោយ​អះអាង​ថា លោក​មិនបាន​ដឹង​សំណុំរឿង​នេះ​ទេ ក្រោម​ហេតុផល​ថា លោក​ទើប​ចូល​កាន់​តំណែង​បាន​រយៈពេល​ពីរ​ឆ្នាំ៖ « អើ..ខ្ញុំ​អត់​ដឹង​បញ្ហា​អស់​ហ្នឹង​ទេ សុំ​សួរ​ទៅ​ខាង​អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​ករណី​ហ្នឹង ហើយ​ខ្ញុំ​មក​កាន់​ការងារ​នេះ ​ទើបតែ​មក​កាន់​ដែរ ព្រោះ​ករណី​នេះ​វា​យូរ​ហើយ»។

កន្លងមក​ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ រួម​ទាំង​ស្ថានទូត​អាមេរិក​ផង ​បាន​អំពាវ​នាវ​ដូច​ប្រជា​ពលរដ្ឋ​ទូទៅ​ដែរ ឲ្យ​អាជ្ញាធរ​វែក​មុខ​ចាប់​ជន​ដៃដល់​ពិតប្រាកដ​ និង​អ្នក​ពាក់​ព័ន្ធ ​ជាពិសេស អ្នក​បញ្ជា​ពីក្រោយ​ខ្នង​ យក​មក​កាត់ទោស​តាម​ច្បាប់។ ក្រុម​អង្គការ​ទាំងនេះ​ អះអាង​ថា ដើម្បី​ឱ្យ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី អាច​ជឿ​ទុក​ចិត្ត​បាន​ អាជ្ញាធរ​កម្ពុជា​ត្រូវ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​​ឯករាជ្យ​មួយ ​ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សហប្រជាជាតិ និង​អ្នក​ជំនាញ​ឯករាជ្យ។​ប៉ុន្តែ​អាជ្ញាធរ​របប​លោក ហ៊ុន សែន​ បដិសេធ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​​ឯករាជ្យ​នេះ​ឡើង។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ​លោក ​យល់ឃើញ​ដូច​សាធារណជន​ដែរ​ថា អាជ្ញាធរ​នៅ​មិន​ទាន់​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ​ហើយ​ដំណើរការ​ស៊ើបអង្កេត​កន្លងមក មាន​ភាព​មិន ប្រក្រតី​ជាច្រើន ​និង​មិនទាន់​អាច​ទទួល​យក​បាន​នៅឡើយ។ លោក​ ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​តុលាការ ​ត្រូវ​មាន​ចំណាត់​ការ​ច្បាស់លាស់​ក្នុង​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ​នេះ ​ដើម្បីឲ្យ​សាធារណជន​មាន​ទំនុក​ចិត្ត៖ « ក្នុង​ករណី​នេះ យើង​ឃើញ​ហើយ បើ​យើង​ពិនិត្យមើល​ជុំវិញ​បរិវេណ​នៅ​ក្នុង​កន្លែង​កើតហេតុ​ ឬក៏​ក្រៅ​កន្លែង​កើតហេតុ​ សុទ្ធតែ​មាន​កាមេរ៉ា​ទាំង​អស់​ហើយ​ជន​ដែល​ប្រព្រឹត្ត​ហ្នឹង ចាប់​បាន​ទៅ​ទៀត ​នៅតែ​មិន​អាច​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ទៅ​ទៀត ដូច្នេះ​ហើយ​បាន​ជា​យើង​យល់​ថា វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​អ្នក​អនុវត្ត ​ជា​ជាង​ដែល​ថា សមត្ថភាព​របស់​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ទាំងអស់​ហ្នឹង »

កន្លងមក​ ភរិយា​របស់​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​ចោទ​ប្រកាន់​ត្រង់ៗ តាម​ហ្វេសប៊ុក​របស់​គាត់ និង​ចេញ​ជា​សេចក្ដី​ថ្លែង​ការណ៍​ថា គ្រួសារ​របស់​លោក ហ៊ុន សែន ​និង​របប​លោក ហ៊ុន សែន គឺ​ជា​អ្នក​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​ស្វាមី​លោកស្រី ​ដូច្នេះ​ហើយ​ទើប​អ្នក​ផ្ដួចផ្ដើម​គំនិត អ្នក​ផ្តល់​មធ្យោបាយ និង​ជន​ដៃ​ដល់​ពិត​ប្រាកដ បន្ត​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់។

ក្រៅពី​ការ​ទាមទារ​យុត្តិធម៌​នេះ ​ក្រុម​គ្រួសារ​របស់​បណ្ឌិត កែម ឡី និង​អ្នក​គោរព​ស្រឡាញ់​រូបលោក ​ក៏​គ្រោង​ធ្វើ​ពិធីបុណ្យ​រំលឹកខួប៥ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែកក្កដា ​ខាង​មុខ​នេះ​ដែរ​ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក។​បងស្រី​របស់​បណ្ឌិត កែម ឡី គឺ​លោកស្រី កែម ថាវី អះអាង​ថា ទោះ​បី​ជា​ក្រុម​គ្រួសារ​ខ្វះ​ថវិកា​បែប​ណា​ក្តី ក៏​លោកស្រី​ នឹង​រៀបចំ​ពិធីបុណ្យ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទីតាំង​តម្កល់សព​ ដែល​ស្ថិត​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ។ ប៉ុន្តែ​អ្វី​ដែល​លោកស្រី​ ព្រួយ​បារម្ភ​នៅ​ពេល​ដល់​ថ្ងៃ​រៀបចំ​ពិធី​បុណ្យ​ខួប​ម្តងៗ នោះ គឺ​អាជ្ញាធរ​តែងតែ​រារាំង និង​រំខាន​ការ​ប្រារព្ធ​ពិធី​បុណ្យ ទោះបីជា​ពុំ​មាន​ជំងឺ​កូវីដ-១៩​រាតត្បាត​ក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។