មន្ត្រីជាន់ខ្ពស់ និងឧកញ៉ា សុំលោក ហ៊ុន សែន ឱ្យជួយរកយុត្តិធម៌ដោយមិនពឹងតុលាការ
2023.03.20

មួយរយៈពេលចុងក្រោយនេះបុគ្គលមានឥទ្ធិពលរួមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងឧកញ៉ាមានទ្រព្យសម្បត្តិច្រើនមួយចំនួន បានស្វែងរកការអន្តរាគមន៍រកយុត្តិធម៌ពីលោក ហ៊ុន សែន បន្តបន្ទាប់។មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិងអ្នកច្បាប់យល់ឃើញថា ប្រព័ន្ធតុលាការឬយន្តការច្បាប់ផ្សេងៗត្រូវធ្វើកំណែទម្រង់ព្រោះទាំងពលរដ្ឋសាមញ្ញនិងបុគ្គលមានឥទ្ធិពលមិនជឿលើស្ថាប័ននេះដែរ។
ក្នុងរយៈពេល ៤ឆ្នាំកន្លងទៅនេះ គ្រួសារអ្នកមានឥទ្ធិពលរួមទាំងមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាមានទ្រព្យសម្បត្តិច្រើនចំនួន ៥នាក់បានប្រកាសដោយបើកចំហសុំឱ្យលោក ហ៊ុន សែន ជួយស្វែងរកយុត្តិធម៌ឱ្យពួកគេដោយអ្នកខ្លះស្នើតាមលិខិត អ្នកខ្លះទៀតស្រែកទ្រហោរយំនៅតាមទីសាធារណៈ។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនបានចាប់អារម្មណ៍ករណី ២ គឺអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិលំហសមុទ្រលោកឧត្ដមនាវីឯក គ្រួច គីមថុន និងឧកញ៉ា ឃុនថាវង្ស ផងផាន់ ផ្សាយវីឌីអូតាមហ្វេសប៊ុកសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌ដោយថា ពួកគេរងការរំលោភបំពានពីអ្នកមានអំណាច។
ឧកញ៉ា ឃុនថាវង្ស ផងផាន់ ជនជាតិថៃសញ្ជាតិខ្មែរ និងប្រពន្ធរបស់លោកជាជនជាតិខ្មែរ គឺអ្នកស្រី ម៉ន ដានី បានផ្សាយនៅតាមហ្វេសប៊ុកប៉ុន្មានថ្ងៃជាប់គ្នាដោយយំស្រែកសុំឱ្យលោក ហ៊ុន សែន ជួយរកយុត្តិធម៌ ករណីអ្នកមានឥទ្ធិពលម្នាក់ទទួលលុយជាង ១២លានដុល្លារ ហើយមិនព្រមប្រគល់ដីឱ្យតាមការសន្យា។
ឧកញ៉ា ឃុនថាវង្ស ផងផាន់ និងអ្នកស្រី ម៉ន ដានី៖ «នេះម្ចាស់ដីនេះ ធ្វើបាបខាងគ្រួសារខ្ញុំខ្លាំង ធ្វើបាបបងប្អូនជាតិ។ ក្រដាសនេះគាត់អ្នកឱ្យខ្ញុំ ម្ចាស់ដីអ្នកចេញឱ្យខ្ញុំ។ គាត់ទទួលលុយខ្ញុំគ្រប់ ១២លានកន្លះ អានេះ គឺគាត់អ្នកចេញឱ្យខ្ញុំនៅក្នុងកុងត្រា ខ្ញុំកក់ ៣០ម៉ឺនហើយ ១ឆ្នាំក្រោយ ខ្ញុំឱ្យគាត់ ១២លាន ២០ម៉ឺនទៀត ឱ្យគ្រប់ ១២លានកន្លះ ដើម្បីឱ្យគាត់កាត់ឈ្មោះមកឱ្យខ្ញុំ»។
ការផ្សាយផ្ទាល់របស់ឧកញ៉ា ប៉ុន្មានថ្ងៃនេះរៀបរាប់តែទុក្ខលំបាកតែមិនបានបង្ហាញឈ្មោះ ដែលរំលោភបំពាននោះជាអ្នកណាទេ។ ប្រពន្ធរបស់ឧកញ៉ាដដែលរូបនេះបញ្ជាក់ថា ពួកគេទ្រាំលំបាកដោះស្រាយតាំងពីឆ្នាំ២០២០ រហូតដល់ទ្រាំលែងបាន ទើបសម្រេចផ្សាយដោយបើកចំហទាំងបារម្ភអំពីគ្រោះថ្នាក់ដល់ជីវិត។
អ្នកស្រី ម៉ន ដានី៖ «ពេលខ្លះលោកពុកអត់ដឹង ឥឡូវនេះលោកពុកដឹងហើយ តាមរយៈវីដេអូនេះ។ អ្វីដែលកូនស្នើសុំ គ្រាន់តែឱ្យម្ចាស់ដីបំពេញកាតព្វកិច្ចទិញលក់ កិច្ចសន្យាថ្ងៃទី១៤ ខែ១២ ឆ្នាំ២០២០ កូនសុំតែប៉ុណ្ណឹងទេ ពុក កូនអត់រំខានពុកទេ។ សុំឱ្យតែកូនចេញចូលកូនមានសុវត្ថិភាពកូនសុំតែប៉ុណ្ណឹងទេ ពុក! ព្រោះរាល់ថ្ងៃ កូនអត់មានសុវត្ថិភាពទេ អត់មានសុវត្ថិភាពទេ»។
ករណីមួយទៀតគឺនៅថ្ងៃទី១៨ ខែមីនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិលំហសមុទ្រ គឺលោក គ្រួច គីមថុន បានពាក់ឯកសណ្ឋានមេទាហានផ្កាយ៣ នៅលើស្មានិយាយបណ្ដើរ លើកដៃសំពះបណ្ដើរ ផ្សាយនៅលើហ្វេសប៊ុករបស់លោក។ លោកក៏បានយកវីឌីអូនោះផ្ញើបន្តទៅហ្វេសប៊ុកផេក (Page) លោក ហ៊ុន សែន សុំឱ្យជួយរកយុត្តិធម៌ ក្នុងករណីមន្ត្រីមានអំណាចមួយរូបបំពានយកដីរបស់លោក។
លោក គ្រួច គីមថុន៖ «ខ្ញុំធ្លាប់ជាមិត្តរួមអាវុធ រាប់អានគ្នារស់នៅជិតដិត ប៉ុន្តែ ខ្ញុំនឹកស្មានមិនដល់ថា ហេតុអ្វីចិត្តគាត់ រំលោភសាហាវបំពានបែបនេះមកលើរូបខ្ញុំបាទ។ ដូច្នេះ ខ្ញុំសង្ឃឹមថា សម្ដេចទាំង២ ជាទីគោរព នឹងជួយរកយុត្តិធម៌ឱ្យខ្ញុំបាទ ដោយសេចក្ដីគោរពពីចម្ងាយ»។
លោក គ្រូច គីមថុន ក៏ហាក់ភ័យខ្លាចក្នុងការផ្សាយទាមទាររកយុត្តិធម៌នេះដែរ ព្រោះក្រោយការផ្សាយតែប៉ុន្មានម៉ោងមានការចែករំលែករាប់ពាន់ លោកក៏លុបវីឌីអូនោះចេញ។
នៅក្នុងខែមករាឆ្នាំ២០២៣ សមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួនអ្នកស្រីឧកញ៉ា សៀង ចាន់ហេង មួយរយៈពេលខ្លីក្រោយពេលមានជម្លោះដីធ្លីទំហំជាង៥០ហិកតាជាមួយប្អូនស្រីលោក ហ៊ុន សែន ឈ្មោះ ហ៊ុន ប៊ុនធឿន។ ការដោះលែងអ្នកស្រីវិញ គឺក្រោយពេលដែលមានការសម្របសម្រួលពីលោក ហ៊ុន សែន ហើយដីជាង ៥០ហិកតារនោះ ត្រូវប្រគល់ឱ្យប្អូនស្រីរបស់លោក ហ៊ុន សែន។
នៅដើមឆ្នាំ២០២២ ឧកញ៉ា ឌួង ងៀប ក៏បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន ដែរ ដោយថ្លែងថា រូបលោករងការមួលបង្កាច់ចោទប្រកាន់ពីបទឆរបោករំលោភទំនុកចិត្ត។ ឧកញ៉ាដែលមានងារជាឧត្ដមសេនីយ៍ពាក់ផ្កាយ៣ រូបនេះ បញ្ជាក់ទៀតថា រូបលោកត្រូវចៅក្រម ២រូប នៅសាលាដំបូងរាជធានីភ្នំពេញគាបយកលុយលោកអស់ពីខ្លួន នៅពេលដែលហៅលោកទៅសាកសួរម្តងៗ។
កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ប្រពន្ធលោកឧកញ៉ា ថោង សារ៉ាត់ គឺអ្នកស្រី ទាវ ធីតា បាននាំគ្នាទៅតវ៉ានិងទ្រហោយំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទាររកយុត្តិធម៌ឱ្យប្ដីដោយបញ្ជាក់ថា ប្តីរបស់អ្នកស្រីមិនបានបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ទេ។ អ្នកស្រីថា បានរង់ចាំយុត្តិធម៌ ៤ឆ្នាំ អំឡុងពេលប្តីអ្នកស្រីជាប់ឃុំ។ ប៉ុន្តែ ពន្លឺយុត្តិធម៌គ្មានបង្ហាញរូបរាងទេ។ អ្នកស្រី ទាវ ធីតា ជាអ្នកសកម្មមួយរូបក្នុងការឃោសនាឱ្យគណបក្សប្រជាជនបានចោទសួរថា បើការឃុំខ្លួនទាំងអយុត្តិធម៌នេះជាកូនរបស់លោក ហ៊ុន សែន វិញ តើលោកមានអារម្មណ៍យ៉ាងណា?
អ្នកស្រី ទាវ ធីតា៖ «ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនមែនជាកូនរបស់សម្តេច ហ៊ុន សែន មិនមែនជាកូនរបស់ឯកឧត្ដមលោកជំទាវធំណាមួយទេ ខ្ញុំមិនមានជាប់សាច់ឈាមជាមួយតុលាការទេ ដូច្នេះហើយ ថ្ងៃនេះខ្ញុំទទួលអយុត្តិធម៌។ ខ្ញុំចង់សួរថា បើខ្ញុំជាកូនរបស់សម្ដេច ហ៊ុន សែន លោកពុក លោកពុកសម្ដេច ហ៊ុន សែន បើខ្ញុំជាកូនរបស់គាត់? តើអយុត្តិធម៌បែបនេះដែរមែនទេ ខ្ញុំចង់សួរ?»។
ឧកញ៉ា ថោង សារ៉ាត់ មុនពេលចាប់ខ្លួន លោកបានរត់គេចមួយរយៈ ហើយក៏បានផ្សព្វផ្សាយវីឌីអូយំស្រែកសុំឱ្យលោក ហ៊ុន សែន ជួយរកយុត្តិធម៌ឱ្យរូបលោក។ អំឡុងពេលដែលក្រុមគ្រួសារលោក ថោង សារ៉ាត់ ស្រែកយំរកយុត្តិធម៌នោះ គ្រួសារឧកញ៉ា អ៊ឹង ម៉េងជឺ ជាថៅកែក្រុមហ៊ុនលក់គ្រឿងសំណង់ និងជាថៅកែហាងពេជ្រ ដែលរងការបាញ់សម្លាប់នោះមិនហ៊ានតវ៉ាអីទាំងអស់។
អ្នកមានឥទ្ធិពលទាំង ៥រូបដែលមានទាំងលុយ និងអំណាចនេះ សុទ្ធតែជាអ្នកស្និទ្ធស្នាល និងគ្រួសារត្រកូល ហ៊ុន គឺតែងតែផ្សព្វផ្សាយរូបថតជាមួយលោក ហ៊ុន សែន ជាមួយលោក ហ៊ុន ម៉ាណែត ឬ រូបថតផ្សព្វផ្សាយឃោសនារកសំឡេងឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាជាដើម។
សាស្ត្រាចារ្យនិងជាអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ លោក ស៊ឹម វិបុល មានប្រសាសន៍ថា ករណីពលរដ្ឋរួមទាំងមនុស្សមានឥទ្ធិពលជួបរឿងអយុត្តិធម៌ស្វែងរកឱ្យលោក ហ៊ុន សែន ជួយនេះ ដោយសារតែពួកគេមិនមានជំនឿលើតុលាការហើយយល់ថាអ្វីៗ ទាំងអស់ គឺលោក ហ៊ុន សែន ជាអ្នកសម្រេច។
លោក ស៊ឹម វិបុល មើលឃើញថា ករណីប្រព័ន្ធយុត្តិធម៌ចុះខ្សោយនេះ ធ្វើឱ្យមនុស្សនៅក្នុងសង្គមរងគ្រោះ ហើយអ្នកវិនិយោគក៏មានការភ័យខ្លាចដែរ។
លោក សឹម វិបុល៖ «ធ្វើឱ្យមុខមាត់ តុលាការកម្ពុជាហ្នឹងបាត់ទំនុកចិត្តពីពលរដ្ឋនៅក្នុងស្រុកផង ហើយមិនត្រឹមតែប៉ុណ្ណឹងទេ អ្នកចង់រកស៊ីពីខាងក្រៅអីហ្នឹង ពីបរទេសមករកស៊ីវិនិយោគនៅស្រុកខ្មែរហ្នឹងគាត់ក៏មានអារម្មណ៍ថាមិនទុកចិត្តលើប្រព័ន្ធតុលាការដែរ»។
ជុំវិញរឿងនេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា នៅក្នុងសង្គមត្រូវតែពង្រឹងប្រព័ន្ធយុត្តិធម៌បើមិនដូច្នោះទេ នឹងកើតភាពច្របូកច្របល់ឡើងកាន់តែខ្លាំង។
លោក ស៊ឹង សែនករុណា៖ «អ៊ីចឹងបើនៅក្នុងសង្គមហ្នឹងមិនអាចអនុវត្តន៍ច្បាប់បានត្រឹមត្រូវទេ ច្បាស់ណាស់ ច្បាស់ជាក្លាយជាសង្គមមួយអនាធិបតេយ្យហើយ ច្បាប់វាគ្រាន់តែជាខ្លឹមសារមួយលើក្រដាសតែប៉ុណ្ណោះ គេនឹងយកភាពជាក់ស្ដែងនៃការអនុវត្តន៍ហើយច្បាស់ជារត់ទៅរកអ្នកមានឥទ្ធិពលមានតួនាទី មានអំណាចជួយដោះស្រាយ»។
វិទ្យុអាស៊ីសេរីបានទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
អង្គការគម្រោងយុត្តិធម៌ពិភពលោក (WPJ) ចេញរបាយការណ៍នៅឆ្នាំ២០២២ ចាត់ទុកកម្ពុជានៅក្នុងស្ថានភាពអាក្រក់ ស្ថិតនៅលេខ១៣៩ ក្នុងចំណោម ១៤០ប្រទេស គឺនៅលើប្រទេសវេណេហ្សូអេឡា (Venezuela) តែមួយគត់។
ការមិនទុកចិត្តប្រព័ន្ធតុលាការនេះ មិនមែនតែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងឧកញ៉ា ឬប្រជាពលរដ្ឋទូទៅទេ គឺសូម្បីតែគ្រួសារលោក ហ៊ុន សែន ក៏មិនទុកចិត្តដែរ។ កាលពីឆ្នាំ២០១៧ បងប្រុសបង្កើតរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន សាន បានចោទថា មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក ម៉ក់ ជីតូ បានបំពានយកដីរបស់លោកជាង ១០០ហិកតារនៅខេត្តបន្ទាយមានជ័យ។ ករណីនេះ លោក ហ៊ុន សាន មិនបានប្ដឹងទៅតុលាការទេ គឺស្នើសុំលោក ស ខេង ឱ្យជួយធ្វើអន្តរាគមន៍ដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។