ប្រជាពលរដ្ឋរាប់ពាន់នាក់រស់នៅក្នុងតំបន់អង្គរខេត្តសៀមរាប នៅរក្សាប្រពៃណីចាប់ត្រីក្នុងបឹងបុរាណមួយកន្លែង ដើម្បីបង្ហាញពីការសាមគ្គីភាព និងទំនាក់ទំនងល្អក្នុងសហគមន៍។
អ្នកភូមិថា ប្រពៃណីចាប់ត្រីឡើងមាឃ ឬឡើងអ្នកតាធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសជូនដូនតា និងរំលឹកគុណបុព្វបុរសខ្មែរ។
បើគេធ្វើដំណើរទៅទិសខាងកើតតាមផ្លូវលេខ៦០ ចម្ងាយជាង ២០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប គេនឹងប្រទះឃើញបឹងធម្មជាតិមួយដែលអ្នកស្រុកហៅថា បឹងបង្កោង។ គឺនៅទីនោះហើយដែលជារៀងរាល់ឆ្នាំឱ្យតែដល់ដើមខែមាឃ អ្នកភូមិរាប់ពាន់នាក់តែងចុះបឹងដណ្តើមគ្នាចាប់ត្រី ដោយប្រើឧបករណ៍នេសាទបុរាណ។
ឆ្នាំនេះគេសង្កេតឃើញថា អ្នកភូមិក្មេងចាស់ ប្រុសស្រី ក្រោកពីព្រឹកព្រលឹមស្រាងៗ ក្នុងដៃប្រដាប់ទៅដោយសំណាញ់ អង្រុត ឈ្នាង និងទ្រុងឬជាល បានមកជួបជុំគ្នាចុះចាប់ត្រី តាមទម្លាប់ប្រពៃណីអមជាមួយការបាញ់កាំជ្រួចធ្វើជាសញ្ញាចាប់ផ្តើម។ «»
អ្នកភូមិទាំងនោះ រស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគងតែងតែងប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតាជារៀងរាល់ឆ្នាំ នៅដើមខែមាឃ ឬក្នុងខែកុម្ភៈ។
អ្នកស្រុកអង្គររាប់ពាន់នាក់នៅព្រឹកថ្ងៃទី១១ កុម្ភៈ បានរួមគ្នាចុះចាប់ត្រីក្នុងបឹងធ្វើជាម្ហូបអាហារ និងចង្ហាន់ប្រគេនព្រះសង្ឃ សម្រាប់ថ្ងៃពិធីឡើងមាឃ ឬឡើងអ្នកតា ដែលពួកគាត់ចាត់ទុកថា ជាទំនៀមទម្លាប់បន្សល់តាំងពីដូនតា។
ពលរដ្ឋចូលរួមចាប់ត្រីក្នុងបឹង លោក កង វុធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ១២ កុម្ភៈថា ប្រពៃណីនេះអ្នកភូមិពូនភ្នំស្រូវ ដើម្បីថ្វាយអ្នកតាម្ចាស់ទឹកដី និងរំលឹកគុណគោក្របី ដែលកសិករប្រើប្រាស់សម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិត។
លោកថា ត្រីដែលអ្នកភូមិនេសាទបាន និងយកទៅធ្វើម្ហូបអាហារតាមគ្រួសាររៀងៗខ្លួន ក៏ប៉ុន្តែត្រីដែលចាប់ក្នុងសម្រាស់ ក្នុងបឹងនេះចំនួនរាប់រយគីឡូក្រាម ពួកគាត់នឹងយកប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ពិធីបុណ្យឡើងអ្នកតា ឬឡើងមាឃ។
លោក កង វុធ៖ «មិនពិបាកទិញត្រីសាច់ទេ។ គេធ្លាប់ឡើងពីដូនតាមក ចាស់ពីដើមមក យើងច្រូតកាត់រួច យកស្រូវមកពួនភ្នំស្រូវ ទៅថ្វាយម្ចាស់ទឹកដី។ គោក្របីដែលយើងប្រើវា យើងសងគុណវា»។
ពិធីនេះមានការចូលរួមដោយអាជ្ញាធរមូលដ្ឋានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ថតរូបភាពបង្ហោះវីដេអូ តាមបណ្ដាញសង្គមហ្វេសបុក (Facebook) បង្ហាញពីទិដ្ឋភាពនេសាទត្រីរបស់អ្នកស្រុកអង្គរ។
ក្រោយពីចាប់ត្រីក្នុងបឹងរួច មនុស្សក្មេងចាស់ប្រុសស្រីជាច្រើននាក់ បានអង្គុយជួបជុំគ្នាទទួលទានអាហាររួមគ្នា នៅជុំវិញបឹងនេះយ៉ាងសប្បាយរីករាយ។ ពិធីនេះអ្នកភូមិតែងតែប្រារព្ធជារៀងរាល់ឆ្នាំ បន្ទាប់ពីបញ្ចប់ការងារច្រូតកាត់ និងដាក់ស្រូវក្នុងជង្រុករួចរាល់។
ពលរដ្ឋម្នាក់ទៀតរស់នៅក្នុងភូមិបង្កោងលោក លីវ សាត ពន្យល់ថា ពិធីនេះធ្វើឡើងដើម្បីសុំសេចក្តីសុខចម្រើន ធ្វើកសិកម្មបានផលច្រើន ពីអ្នកតាម្ចាស់ទឹកដី និងបង្ហាញពីសាមគ្គីភាពល្អ តាមបណ្តាំរបស់ដូនតាខ្មែរ។
លោកបន្ថែមថា ត្រីដែលចាប់បានក្នុងបឹង ពួកគាត់នឹងប្រារព្ធពិធីបុណ្យសែនអ្នកតា ដើម្បីដាស់ស្មារតីឱ្យអ្នកស្រុកអង្គររំលឹកគុណបុព្វបុរសដែលពលីជីវិត ការពារទឹកដីមាតុភូមិ។ «»
ម្យ៉ាងទៀតរំលឹកគុណដល់អ្នកដឹកនាំពីបុព្វបុរសយើងបន្សល់ទុក កូនចៅជំនាន់ក្រោយ។
បឹងបង្កោង ឋិតក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានទំហំសរុបជាង ៤ ហិកតារអមដោយព្រៃឈើព័ទ្ធជុំវិញ។ បឹងនេះគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាដែលអ្នកភូមិអភិរក្សត្រីរួមគ្នាទុកមិនអនុញ្ញាតឱ្យនេសាទផ្តេសផ្តាសនោះទេ ដោយទុកសម្រាប់តែធ្វើពិធីចាប់ត្រីរួមគ្នាក្នុងឱកាសបុណ្យឡើងមាឃ ឬឡើងអ្នកតាតែប៉ុណ្ណោះ។
ជុំវិញរឿងនេះ អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង ថ្លែងក្នុងពិធីចាប់ត្រីនោះថា ពិធីនេះជា វប្បធម៌ប្រពៃណីខ្មែរ ដែលកប់ជ្រៅ មិនសូវមានអ្នកដឹង ហើយបន្តធ្វើឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ភ្ញៀវទេសចរឱ្យជ្រាបពីតម្លៃប្រពៃណីទំនៀមទម្លាប់ខ្មែរ។
លោកថា ពិធីបុណ្យនេះមានសារៈសំខាន់សម្រាប់ពលរដ្ឋមូលដ្ឋាន បង្ហាញពីការទំនាក់ទំនងល្អក្នុងសហគមន៍។
លោក សូរ ប្លាតុង៖ «ក្រៅពីប្រាង្គប្រាសាទយើងមានវប្បធម៌រូបិយ និងអរូបិយច្រើនមែនទែន ប៉ុន្តែវប្បធម៌ទាំងអស់នេះ កប់ក្នុងស្រទាប់បងប្អូនមហាជន មិនបានផ្សព្វផ្សាយនៅឡើយទេ។ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិថ្មី នៅថ្ងៃខាងមុខ យើងគាស់រំលើងវប្បធម៌រស់យើង ដើម្បីបង្ហាញភ្ញៀវជាតិនិងអន្តរជាតិ។ ប្រាសាទរបស់យើង អច្ឆរិយខ្លាំងណាស់ តែវប្បធម៌ប្រពៃណី រឹតតែអច្ឆរិយខ្លាំងជាងហ្នឹងទៀត»។
អ្នកស្រុកអង្គរចាត់ទុកបឹងបង្កោង ជាប្រភពទឹកយ៉ាងសំខាន់ សម្រាប់គោក្របី និងស្រោចស្រពស្រូវកសិកម្មតាំងពីបុរាណកាលមក។
បឹងបុរាណនេះហ៊ុមព័ទ្ធដោយដើមឈើខៀវស្រងាត់ មានទេសភាពស្រស់បំព្រង ដែលអ្នកស្រុកចាត់ទុកថា ជាកន្លែងគោរពបូជាអារក្សអ្នកតា ពូកែស័ក្តិសិទ្ធិ។
បច្ចុប្បន្នបឹងនេះ គោករាក់ដោយអន្លើ ក៏ប៉ុន្តែអ្នកភូមិបានស្នើឱ្យអាជ្ញាធរជីកស្ដារលក្ខណៈធម្មជាតិ ដោយមានការចូលរួមពិភាក្សាគ្នាជាមួយប្រជាសហគមន៍ និងអាជ្ញាធរជាតិអប្សរា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។