អភិបាលខេត្តព្រះសីហនុ និងអង្គភាពរដ្ឋាករទឹក អះអាងថា បញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ នៅទីប្រជុំជនក្រុងព្រះសីហនុ ទំនងជាលែងជាបញ្ហាចោទទៀតហើយ ព្រោះពេលនេះអ្នកបច្ចេកទេសអង្គភាពរដ្ឋាករទឹកខេត្តនេះ បានតភ្ជាប់បណ្ដាញចែកចាយទឹកមានទំហំទុយយោធំ បានមួយចំនួន និងដាក់ឲ្យដំណើរការចែកចាយទឹកវិញហើយ។
បញ្ហាខ្វះខាតទឹកប្រាស់នេះ អភិបាលខេត្តព្រះសីហនុ ក៏បានសុំអភ័យទោសពីប្រជាពលរដ្ឋ ដែលក្នុងប៉ុន្មានខែមកនេះ មិនមានទឹកស្អាតប្រើប្រាស់ឲ្យបានគ្រប់ចំនួន។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអះអាងថា កំពុងជំរុញដល់អង្គភាពរដ្ឋាករទឹកខេត្តនេះ និងមន្ត្រីជំនាញពាក់ព័ន្ធ ឲ្យពន្លឿនតភ្ជាប់បណ្ដាញចែកចាយទឹកស្អាត ផ្ដល់ជូនប្រជាពលរដ្ឋអាចប្រើប្រាស់ឲ្យបានគ្រប់ចំនួនឡើងវិញ។
លោកបន្តថា បច្ចុប្បន្ននេះអ្នកបច្ចេកទេសអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធកំពុងតភ្ជាប់បណ្ដាញទឹកមេ មានទុយយោទឹកមានទំហំធំ ចេញពីតំបន់ក្បាលឆាយ ឆ្ពោះទៅកាន់ស្ថានីយអាងស្តុកទឹកនៅតំបន់វត្តលើ ស្ថិតក្នុងក្រុងព្រះសីហនុរួចរាល់ជាស្ថាពរហើយ៖ «ឥឡូវនេះយើងកំពុងតែប្រឹងប្រែងខ្លាំងណាស់រឿងទឹកនេះ ហើយការផលិតទឹកស្អាត ផ្ដល់ជូនប្រជាពលរដ្ឋប្រើប្រាស់ គឺទឹកមិនខ្វះទេនៅខេត្តព្រះសីហនុ។ ប៉ុន្តែបញ្ហានាពេលបច្ចុប្បន្ននេះ គឺបញ្ហាទុយយោចែកចាយទឹក មានទំហំតូច តែពេលនេះអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ ក៏ដូចជា រដ្ឋបាលខេត្តកំពុងតែជំរុញឲ្យតភ្ជាប់បណ្ដាញចែកចាយមានទំហំទុយយោ។ រឿងបញ្ហាទឹកនេះ ដល់ពេលអ្នកបច្ចេកទេសតភ្ជាប់ទុយយោធំរួចហើយ គឺមិនមានបញ្ហាចែកចាយទឹកជូនពលរដ្ឋប្រើប្រាស់ទៀតទេ ព្រោះការផលិតទឹកមានមិនខ្វះទេនៅខេត្តព្រះសីហនុ » ។
ទាក់ទិនបញ្ហានេះប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ លោក ផន រតនៈ បានឲ្យដឹងថា បន្ទាប់ពីបណ្ដាញចែកចាយទឹកបំពាក់ដោយទុយយោទឹកមានទំហំធំ បានដាក់ឲ្យប្រើប្រាស់នៅដើមខែមករា ឆ្នាំ២០១៩ នេះរួចមក គឺអាងស្តុកទឹកមានទីតាំងនៅចំណុចវត្តលើ ក្នុងក្រុងព្រះសីហនុ គឺមានចំនួន២អាង ដែលអាចផ្ទុកទឹកបាន ១.០០០ ម៉ែត្រគីប សម្រាប់បង្ហូរទឹកទម្លាក់ទៅកាន់ទីប្រជុំជន ក្នុងក្រុងព្រះសីហនុ។
លោកអះអាងថា រាល់ថ្ងៃនេះ ការផ្តត់ផ្គង់ទឹកសម្រាប់តម្រូវការប្រើប្រាស់នៅទូទាំងក្រុងព្រះសីហនុ មួយផ្នែក គឺពឹងផ្អែកទៅលើការផលិតទឹកស្អាត របស់ក្រុមហ៊ុន អានកូ មានទីតាំងនៅតំបន់ក្បាលឆាយ។ ដូច្នេះតម្រូវការទឹកប្រើប្រាស់គ្រប់ចំនួន ឬខ្វះទឹកប្រាស់ គឺប្រភពផ្គត់ផ្គង់ទឹកស្អាតធំ គឺចែកចាយមកពីក្រុមហ៊ុន អានកូ ជាអ្នកផ្ដល់ជូន។
បើទោះជាយ៉ាងនេះក្ដី លោកនៅតែព្រួយបារម្ភចំពោះបញ្ហាកង្វះទឹកស្អាត ប្រសិនបើក្រុមហ៊ុន អានកូ មិនទម្លាក់ទឹក ឲ្យបានគ្រប់ចំនួនទេ៖ «ការងារហ្នឹងទី១ដង្ហើយនៅលើក្រុមហ៊ុនអានកូ ហើយរដ្ឋាករទឹកខេត្តព្រះសីហនុជាអ្នកដក។ ខ្ញុំនិយាយថា ដង្ហើមនៅលើគេមានន័យថា ទឹកនៅលើគេ វ៉ាននៅលើគេ និងអ្វីៗ គ្រប់បែបយ៉ាងទៀត ក៏នៅលើក្រុមហ៊ុន អានកូ ដែរ។ ហើយខាងយើងចាំទទួលជាវទាំងដុំ ហើយក្នុងករណីដែលក្រុមហ៊ុន អានកូ ពង្វាងទឹកដុំមិនផ្ដល់ឲ្យមករដ្ឋាករទឹកយើងទាំងដុំ គឺមានបញ្ហាហើយ កង្វះទឹកប្រើប្រាស់នៅក្រុងព្រះសីហនុនោះ។ ការខ្វះទឹកស្អាតប្រើប្រាស់នៅក្រុងព្រះសីហនុ គឺមិនមែនរដ្ឋាករទឹកខេត្តព្រះសីហនុជាអ្នកបង្កើតឧបសគ្គនោះទេ ប៉ុន្តែបើក្រុមហ៊ុន អានកូ គាត់ចង់បង្កើតឧបសគ្គលើបញ្ហាចែកចាយទឹកនេះ គឺនឹងមានឧបសគ្គកើតឡើងភ្លាម ក្នុងលក្ខខណ្ឌនេះ។ ប៉ុន្តែបញ្ហានេះ យើងមិនហ៊ានឆ្លើយដាក់ក្រុមហ៊ុន អានកូ ទាំងស្រុងនោះទេ ប៉ុន្តែស្ថានភាពហ្នឹងវាអាចទៅជាអ៊ីចឹង » ។
លោក ផន រតនៈ ឲ្យដឹងទៀតថា តម្រូវការប្រើប្រាស់ទឹកនៅទូទាំងក្រុងព្រះសីហនុ មានចំនួនជិត ៤ម៉ឺនម៉ែត្រគីប ហើយចំពោះការផលិតទឹកស្អាត របស់រដ្ឋាករទឹកខេត្តនេះ មានចំនួនជិត ២ម៉ឺនម៉ែត្រគីប ហើយសល់ពីនេះអង្គភាពទិញបន្តបន្តពីក្រុមហ៊ុន អានកូ។
លោកបន្តថា កង្វះខាតទឹកស្អាតប្រើប្រាស់ នៅក្នុងក្រុងព្រះសីហនុ រាល់ថ្ងៃនេះ គឺបណ្ដាលមកពីបំពង់ទុយយោចាស់ៗ មានទំហំតូច និងបែកធ្លាយច្រើនកន្លែង ដែលជាដើមហេតុធ្វើឲ្យកម្លាំងទឹកបញ្ជូនចេញខ្សោយ និងមិនមានទឹកគ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ៖ រតន៖ «តម្រូវការទឹកប្រើប្រាស់ នៅក្នុងក្រុងព្រះសីហនុរាល់ថ្ងៃនេះ គឺត្រូវការទឹកស្អាតចំនួន ៣ម៉ឺន ៨ ពាន់ម៉ែត្រគីប។ ប៉ុន្តែទឹកដែលផ្គត់ផ្គង់រាល់ថ្ងៃនេះ មានចំនួនចន្លោះពី ២ម៉ឺន ៧ពាន់ ទៅ ២ម៉ឺន ៩ពាន់ម៉ែត្រគីប ហើយទឹកដែលបូមយកមកស្តុកក្នុងអាងមានការកើនឡើងបន្តនាពេលនេះ គឺមានចំនួនដល់ ២ម៉ឺន ៩ពាន់ម៉ែត្រគីប ហើយបើគិតពីការខ្វះខាតទឹកវិញ គឺនៅខ្វះប្រហែល ១ពាន់ម៉ែត្រគីប ឬ១ម៉ឺន ១ពាន់ម៉ែត្រគីបទៀតទេ នឹងគ្រប់ចំនួនហើយ។ ជាធម្មតាអង្គភាពរដ្ឋាករទឹកខេត្តយើង នៅបម្រើសេវាកម្មជូនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដាក់ចេញ គឺនៅជួយបម្រើសេវាជូនប្រជាពលរដ្ឋជាប្រចាំ»។
ទោះជាបែបនេះក្តី ប្រជាពលរដ្ឋមួយចំនួនរស់នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ បានរិះគន់រដ្ឋបាលខេត្តព្រះសីហនុ និងអង្គភាពរដ្ឋាករទឹកខេត្តនេះ ដែលមិនអាចផ្គត់ផ្គង់ទឹកចែកចាយប្រើប្រាស់ឲ្យបានគ្រប់គ្រាន់នៅក្នុងប៉ុន្មានខែមកនេះ។
ក្រុមប្រជាពលរដ្ឋរស់នៅសង្កាត់លេខ១ សង្កាត់លេខ២ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានឲ្យដឹងថា ដោយសារតែមូលដ្ឋាននេះខ្វះទឹកប្រើប្រាស់អូសបន្លាយពេលប្រមាណ ៦ខែមកនេះ ជំរុញឲ្យប្រជាពលរដ្ឋភាគច្រើន រស់នៅមូលដ្ឋាននេះ ចាប់ផ្ដើមបុកអណ្ដូង ឬខួងអណ្ដូង ដើម្បីយកទឹកប្រើប្រាស់។ ប៉ុន្តែយ៉ាងណាក៏ដោយពេលនេះ ប្រជាពលរដ្ឋទទួលស្គាល់ថា ទឹកបានចាប់ផ្ដើមបើកចេញ យកមកប្រើប្រាស់ឡើងវិញ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០១៩ នេះ៖ «គេបុកអណ្ដូងទឹកច្រើនណាស់ប្រជាពលរដ្ឋរស់នៅម្ដុំសង្កាត់ខ្ញុំរស់នៅនេះ គឺនាំគ្នាបុកអណ្ដូងស្ទើរតែគ្រប់ផ្ទះអស់ហើយ ព្រោះដោយសារទឹកនៅម្ដុំខ្ញុំរស់នៅសង្កាត់លេខ២ និងសង្កាត់លេខ២ នេះដាច់ទឹកខ្លាំងពេក។ ប៉ុន្តែពេលនេះទឹកបានចេញវិញហើយក្នុងប៉ុន្មានថ្ងៃមកនេះ » ។
យ៉ាងនេះក្តី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ អះអាងថា កំពុងជំរុញដល់អ្នកបច្ចេកទេសអង្គភាពរដ្ឋាករទឹកខេត្តនេះ ឲ្យបង្កើនសកម្មភាពចុះតបណ្ដាញមេ ដើម្បីចែកចាយទឹកស្អាត ឲ្យបានច្រើន ដោយប្ដូរពីទុយយោចែកចាយទឹកមានទំហំតូច ផ្លាស់ទៅដាក់ទុយយោមានទំហំធំជំនួសវិញ ឲ្យបានឆាប់បំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
