កូដករ៦នាក់​ដាក់​លិខិត​ស្នើ​ទៅ​តុលាការ​ឱ្យ​ពន្យល់​ពី​លក្ខខណ្ឌ​ដាក់ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ

ដោយ សុជីវី
2023.01.09
Share on WhatsApp
Share on WhatsApp
កូដករ៦នាក់​ដាក់​លិខិត​ស្នើ​ទៅ​តុលាការ​ឱ្យ​ពន្យល់​ពី​លក្ខខណ្ឌ​ដាក់ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ កូដករណាហ្គាវើលដ៍ (NagaWorld) បន្តការតវ៉ា​ឱ្យដោះលែង​កញ្ញា ឈឹម ស៊ីថរ កាលពីថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣.jpg
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

តំណាង​កូដករ​ណាហ្គាវើលដ៍៦នាក់ រួមមាន លោកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត និង​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ​ភ្នំពេញ​ឱ្យ​ពន្យល់ពី​លក្ខខណ្ឌ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ នៅថ្ងៃទី០៩ ខែមករា​នេះ។ ពួកគាត់​អះអាង​ថា មូល​ហេតុ​ដែល​ពួកគាត់​ដាក់​លិខិត​ស្នើ​សុំ​នេះ ដោយ​សារ​ពួក​គាត់​បារម្ភ​ពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ដោយ​ខ្លាច​ត្រួវ​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​ដូច​កញ្ញា ឈឹម ស៊ីថរ បន្ត​ទៀត។ ជាមួយគ្នា​នេះ មាន​ក្រុម​កូដករ​ក្រុមហ៊ុនណាហ្គាវើលដ៍​ប្រមាណ៥០​បាន​លើក​គ្នា​មក​ផ្ដល់​កម្លាំង​ចិត្ត​ដល់​តំណាង​របស់​ពួកគេ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ។

អនុប្រធានសហជីព​ប្រចាំ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ គឺ កញ្ញា ឈឹម សុខន ​ប្រាប់​វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៩ ខែមករា ថា មូល​ហេតុ​ដែល​ពួកគេ​ដាក់​លិខិត​ស្នើ​សុំ​ទៅ​តុលាការ​នេះ ដោយ​សារ​កន្លង​មក​ពួកគាត់​មិន​ទទួល​បាន​ដីកា ឬ​ក៏​ការ​ណែនាំ ពី​បម្រាប​របស់​តុលាការ​នោះ​ទេ។ដូច្នេះ​ហើយ​ទើប ពួកគាត់​ព្រួយបារម្ភ​ពី​សុខ​សុវត្ថិភាព​ខ្លាច​ថ្ងៃណាមួយ​ចេញ​ទៅ​ក្រៅ​ប្រទេស​ហើយ​ត្រូវ​តុលាការ​ចាប់​ខ្លួន។

កញ្ញា បន្ត​ថា ចាប់​តាំង​ពី​ពួកគាត់​ទទួល​ដំណឹង​ពី​ការ​សម្រេច​ដីកា​ស្នើសុំ​បញ្ជូន​សំណុំ​រឿង​ទៅ​ជំនុំជម្រះ​មក​ពួកគាត់​មិន​បាន​ទទួល​ព័ត៌មាន​ពី​បម្រាប​របស់​តុលាការ​នេះ​ទេ៖

«និយាយ​ទៅ​សម្រាប់​បម្រាប​ដែល​ចេញ​ពី​តុលាការ​ហ្នឹង​មាន​សារ​សំខាន់​សម្រាប់​ពួកខ្ញុំ​ទាំងអស់​គ្នា​ណាស់​ពី​ព្រោះ​អី​បម្រាប​ហ្នឹង​បញ្ជាក់​ប្រាប់​ពី​ការ​ហាមឃាត់​របស់​តុលាការ​ដើម្បី​ឱ្យ​ពួកខ្ញុំ​ជា​អ្នក​ដែល​ត្រូវ​ចោទ​ហ្នឹង​ឱ្យ​វា​ដឹង​ថា​ខ្លួន​ឯង​ស្ថិត​ក្នុង​បម្រាប​អី​ខ្លះ​អ៊ីចឹង​ពេល​យើង​មុន​នឹង​ធ្វើ​អី​យើង​ឆែក​មើល​អ៎​បម្រាប​នេះ​អានេះ​យើង​ស្ថិត​ក្នុង​បម្រាប​ហើយ​យើង​មិន​អាច​ធ្វើ​បាន​ទេ បើ​កាលណា​យើង​ល្មើស​ធ្វើ​គេ​នឹង​ចាប់​យើង​ដាក់​ពន្ធនាគារ​អ៊ីចឹង​ជាដើម អ៊ីចឹង​ពួកខ្ញុំ​ប្រាកដ​ជា​ចង់​ដឹង​ហើយ​ថា​បម្រាប​ហ្នឹង​មាន​អី​ខ្លះ​វា​មាន​សារសំខាន់​សម្រាប់​ពួក​ខ្ញុំ​ណាស់»

កញ្ញា ឈឹម សុខន ស្នើ​ឱ្យ​តុលា​ការ​ និង​ក្រសួង​ពាក់ព័ន្ធ​បង្ហាញ​ពី​បម្រាប​ដែល​ហាមឃាត់​ដល់​ពួកគាត់​មិន​ឱ្យ​ពួកគាត់​បាន​អនុវត្ត​ស្រប​តាម​នីតិវិធី​របស់​តុលាការ ហើយ​កញ្ញា សង្ឃឹម​ថា​តុលា​ការ​នឹង​ឆ្លើយ​តប​ទៅ​តាម​ការ​ស្នើ​សុំ​នេះ។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំខ្លួន និង​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស​ភ្លាមៗ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយ​ពេល កញ្ញា​ត្រឡប់​មក​ពី​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី ។ដោយឡែក​កូដករ​ប្រមាណ១០នាក់​ត្រូវ​បាន​ក្រុមហ៊ុន​ប្ដឹង​ពី​បទ​រំលោភ​លើ​លំនៅឋាន​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​នៅ​ពេល​ពួកគាត់​ចេញ​តវ៉ា​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

វិវាទ​ការងារ​របស់​ក្រុម​កូដករ​និង​ក្រុមហ៊ុន ណាហ្គាវើលដ៍​នេះ​បាន​​អូស​បន្លាយ​ពេល​ជាង១ឆ្នាំ​មក​ហើយ ក្រោយ​ក្រុម​ហ៊ុន​បញ្ឈប់​បុគ្គលិក​ក្រោម​ហេតុ​ផល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយ​សារ​ជំងឺ​កូវីត១៩(COVID 19) ប៉ុន្តែ​កម្មករ អះអាង​ថា ក្រុមហ៊ុន មាន​ចេតនា​រំលាយ​សហជីព​ឯករាជ្យ​ទៅ​វិញ​ទេ ពីព្រោះ​ក្រុមហ៊ុន​នៅ​តែ​ចំណេញ​ច្រើន​គួរសម​ក្នុង​អំឡុង​ពេល​ដែល​មាន​វិបត្តិ​រាលដាល​ជំងឺកូវីដ ១៩(COVID-19)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។