ពលករខ្មែរមួយចំនួនបន្តជួបវិបត្តិប្រាក់ឈ្នួលមិនច្បាស់លាស់ដោយសារគ្មានការងារធ្វើត្រឹមត្រូវនៅក្នុងប្រទេសថៃ បណ្ដាលមកពីការរាតត្បាតជំងឺកូវីដ-១៩(Covid-19)។ ជាមួយគ្នានេះក៏មានពលករខ្លះទៀតកំពុងត្រៀមឆ្លងដែនវិលត្រឡប់ទៅរកការងារធ្វើនៅថៃវិញដែរ។ អ្នកឃ្លាំមើលសិទ្ធិការងារនៅក្រៅប្រទេស ជំរុញឲ្យរដ្ឋាភិបាលរកយន្តការដោះស្រាយវិបត្តិការងារក្នុងស្រុកឲ្យពលករ បើពុំដូច្នោះទេ ពួកគេនឹងនាំគ្នាលួចឆ្លងដែនទៅរកការងារនៅថៃទាំងប្រថុយ នៅក្រោយបុណ្យភ្ជុំបិណ្ឌរួច។
ទោះជាអត្រាការឆ្លងជំងឺកូវីដ-១៩(Covid-19)ក្នុងប្រទេសថៃបានថយចុះច្រើនក៏ពលករនៅតែបន្តជួបវិបត្តិការងារដដែល ដោយសាររោងចក្រ និងការដ្ឋានសំណង់មួយចំនួនបានក្ស័យធន។
ពលករម្នាក់ធ្វើការសំណង់នៅប្រទេសថៃលោក ព្រាប ធា ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២៨ ខែកញ្ញាថា ស្ថានភាពការងារនៅថៃនៅតែខ្សត់ ហើយការដ្ឋាន និងការបិទរោងចក្រ ក៏កាត់បន្ថយកម្មករលែងរើសចូលធ្វើការទៀតដែរ។ បច្ចុប្បន្នពលកររូបនេះ និងគ្រួសារនាំគ្នាដើររើសអេតចាយដើម្បីបានប្រាក់មួយថ្ងៃប្រហែលពីររយ (២០០) ទៅបីរយ (៣០០) បាត គឺក្រោម ១០ដុល្លារ គ្រាន់ដោះស្រាយជីវភាព។ ក្រៅពីការរកប្រាក់ផ្គត់ផ្គង់ប្រចាំថ្ងៃនេះហើយ ពលកររូបនេះក៏ត្រូវរកប្រាក់សងបំណុលធនាគារនៅកម្ពុជាផងដែរ។ លោក ព្រាប ធា បានខ្ចីប្រាក់ពីខ្មែរយកមកម៉ៅការសំណង់ខាតនៅថៃ ដូច្នេះលោកនឹងបន្តទ្រាំលំបាកនៅប្រទេសថៃ រហូតទាល់តែរកប្រាក់សងបំណុលធនាគារអស់ ទើបលោកហ៊ានត្រឡប់ទៅប្រទេសវិញ៖ «ដូចថា ( មាន ) ការងារធ្វើពីរបីថ្ងៃ អ៊ីចឹងទៅ បាត់មួយខែទៅណា។ ណាមួយដូចថាយើងហូបចុកអ្វីទៅ ហើយខ្វះខាតយើងដើររក។ និយាយឲ្យចំទៅពិបាកគ្រប់យ៉ាងបណ្ដោយ។ ខ្ញុំតាំងពីយកឈ្មោះថៃ បើកបញ្ជីមក គេបោកខ្ញុំអស់ពីរលានបាត ( ៦ម៉ឺនដុល្លារ ) ខ្ញុំទៅផ្ទះអត់កើតខ្មាសគេ ណាមួយខ្ញុំជំពាក់លុយអង្គការច្រើនពេក។ ចង់ទៅផ្ទះ ទៅប្រទេសអ្វីដែរ ប៉ុន្តែវាទៅអត់រួចណា។ ខ្វះលុយកាក់អ្វីធ្វើដំណើរតាមផ្លូវអ៊ីចឹងណា ហើយណាមួយទៅដល់ខ្មែរគេឃាំងសួរ ( ចត្តាឡីស័ក ) នៅខ្មែរដល់មួយខែជាងទៀតទៅ យើងពិបាកណា ពិបាកនៅកន្លែងឃាំងសួរ។ ដល់អ៊ីចឹងមានតែសម្ងំនៅហ្នឹងសិនទៅ»។
ស្ថានភាពការងារនៅថៃនឹងអាចងើបឡើងវិញនៅមួយរយៈទៀត ក្រោយពេលរដ្ឋាភិបាលថៃប្រកាសពីគម្រោងបិទបញ្ចប់វិធានការបិទខ្ទប់ ឬការរឹតបន្តឹងនានា ដោយសារអត្រាអ្នកឆ្លងជំងឺកូវីដ-១៩បានធ្លាក់ចុះវិញ មកក្រោមមួយម៉ឺន(១០.០០០)ក្នុងមួយថ្ងៃនៅចុងខែកញ្ញានេះ។
ពលករកំពុងធ្វើការនៅប្រទេសថៃម្នាក់ទៀតគឺលោក វ៉ាន់ នេត ឲ្យដឹងថា ពួកគាត់អាចឆ្លៀតដើរស៊ីឈ្នួលឱ្យជនជាតិថៃបានពីរទៅថ្ងៃ៣ក្នុងមួយសប្ដាហ៍។ លោកបន្តថា ពលករជាច្រើននាក់មិនចង់វិលត្រឡប់ទៅកម្ពុជាទេ ដោយសារបារម្ភគ្មានលទ្ធភាពរកលុយសងបំណុលធនាគារ នៅពេលលោកទៅដល់ស្រុកកំណើតវិញ។ពលកររូបនេះបន្តទៀតថា បងប្អូន និងមិត្តភក្ដិរបស់លោកដែលបានត្រឡប់ទៅកម្ពុជាវិញច្រើនខែមកនេះគ្មានការងារធ្វើនោះទេ ហើយពួកគេនឹងទៅរកការងារធ្វើនៅប្រទេសថៃវិញ ក្រោយពេលបុណ្យភ្ជុំបិណ្ឌរួច៖ « រួចភ្ជុំនេះលឺថាគេឡើងមកច្រើន។ តែមិនដឹងការងារគេរបៀបម្ដេចទេ ? យើងនៅខាងហ្នុង ( ខ្មែរ ) មិនដឹងបើកផ្លូវឲ្យចូលអត់។ វាមិនដឹងយ៉ាងណា ? ខាងណេះ ( ថៃ ) ក៏មិនដឹងគេបើកផ្លូវឲ្យចូលឬអត់ ? ប្រហែលជាចង់ឡើងមកច្រើន ព្រោះកម្មករយើងនៅខ្មែរអត់ការងារធ្វើ»។
បច្ចុប្បន្នពលករខ្មែរធ្វើការនៅប្រទេសថៃ មិនសូវត្រឡប់ទៅកម្ពុជាវិញទេ។ ផ្ទុយទៅវិញ ពលករដែលបានមកដល់កម្ពុជាវិញទេ កំពុងនាំគ្នាប្រថុយលួចឆ្លងដែនទៅរកការងារធ្វើក្នុងប្រទេសថៃវិញ។
អាជ្ញាធរថៃ មិនទាន់អនុញ្ញាតឲ្យពលករបរទេសវិលចូលប្រទេសថៃរកការងារធ្វើវិញទេ។ ការលួចឆ្លងដែនខុសច្បាប់នេះ ត្រូវប្រឈមគ្រោះថ្នាក់ ដូចជា ត្រូវដើរវៀងក្នុងព្រៃ ការហែលទឹកឆ្លងអូរព្រំដែន ឬជិះកូនទូកអ្នកនេសាទតាមផ្លូវសមុទ្រនិងត្រូវរត់ លូន ឬពួនក្នុងព្រៃ ដើម្បីគេចពីប៉ូលិសចាប់បញ្ចូលត្រឡប់ទៅវិញ។ ការឆ្លងដែនខុសច្បាប់នេះ ត្រូវចំណាយលុយជួលអ្នកនាំផ្លូវ ឬហៅថាមេខ្យល់ ក្នុងតម្លៃថ្លៃ ហើយប្រឈមនឹងទាហានឈុតខ្មៅថៃដេញបាញ់ជាដើម។
ពាក់ព័ន្ធនឹងស្ថានភាពពលករនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃលោក អ៊ូក សោភ័ណ្ឌ បានទេនៅថ្ងៃទី២៨ ខែកញ្ញានេះ។ តែយ៉ាងណា បណ្ដាញសង្គម(facebook)របស់ស្ថានទូតខ្មែរប្រចាំប្រទេសថៃចុះផ្សាយអត្ថបទខ្លីថា កាលពីថ្ងៃទី២៧ ខែកញ្ញា មន្ត្រីស្ថានទូតបានពិភាក្សាទ្វេភាគីរវាងកម្ពុជា-ថៃ ពីការលើកកម្ពស់សុខុមាលភាពពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ។
ទោះជាយ៉ាងណាសង្គមស៊ីវិលឃ្លាំមើលសិទ្ធិពលករនៅក្នុងប្រទេសថៃបារម្ភថា ប្រសិនបើរដ្ឋាភិបាលគ្មានដំណោះស្រាយការងារក្នុងស្រុកឆាប់រហ័សទេ ពលរដ្ឋនឹងប្រថុយលបឆ្លងដែនចូលថៃនៅក្រោយភ្ជុំបិណ្ឌនេះ។
មន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់អង្គការសង់ត្រាល់(CENTRAL)លោក លឹង សុផុន ឲ្យដឹងថា រាល់ឆ្នាំនៅក្រោយពេលបុណ្យទានម្ដងៗ ពលរដ្ឋតែងតែនាំគ្នាលួចឆ្លងដែនមករកការងារធ្វើនៅប្រទេសថៃ។ លោកជឿជាក់ថា នៅឆ្នាំនេះលំហូរលួចឆ្លងដែននៅក្រោយភ្ជុំបិណ្ឌអាចនឹងមានច្រើន។ លោកថា ការឆ្លងដែនបែបនេះ ប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងមុនៗ។ អ្នកឃ្លាំមើលរូបនេះ អំពាវនាវឲ្យរដ្ឋាភិបាលប្រញាប់ដោះស្រាយបញ្ហាការងារក្នុងស្រុកឲ្យពលរដ្ឋ និងស្នើសុំឲ្យស្ថានទូតខ្មែរប្រចាំប្រទេសថៃ បន្តការចែកស្បៀងអាហារឲ្យពលករបន្ថែមទៀត៖ «ពលករដែលគាត់ខ្វះខាត ឬក៏គាត់ទៅខ្មែរហើយ គាត់ត្រូវការត្រឡប់មកថៃវិញក៏អត់ទាន់ឃើញមានវិធានការ ( ខាង ) រដ្ឋាភិបាលខ្មែរ រដ្ឋាភិបាលថៃជួយដោះស្រាយដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ហ្នឹងមកជាលក្ខណៈស្របច្បាប់វិញក៏អត់ទាន់ឃើញមានដែរ។ តែឃើញបងប្អូនមកអ៊ីចឹង ឃើញតែចាប់ត្រឡប់ទៅវិញ។ មកហើយចាប់គ្នាត្រឡប់ទៅវិញអ៊ីចឹងណា»។
គិតចាប់តាំងពីខែមីនារហូតដល់ខែកក្កដា ពលករខ្មែរជាងមួយសែននាក់ (១០៣.០០០នាក់) បានវិលត្រឡប់ពីថៃមកកម្ពុជា។ ក្រុមអ្នកឃ្លាំមើលយល់ថា ក្នុងស្ថានភាពនេះ រដ្ឋាភិបាលគួរជួយផ្គត់ផ្គង់ផ្នែកជីវភាព និងត្រូវបង្កើនមុខរបរក្នុងវិស័យកសិកម្មក្នុងស្រុកឲ្យពលករធ្វើភ្លាមៗ ទើបអាចទប់ស្កាត់លំហូរពលរដ្ឋខ្មែរលួចឆ្លងដែនទៅរកការងារខុសច្បាប់ធ្វើនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។